ភរិយារបស់លោក ថោង សារ៉ាត់ អតីតឧត្តមសេនីយ៍យោធាអបយសបានផ្តល់សក្ខីកម្មនៅថ្ងៃសុក្រថា ប្តីរបស់អ្នកស្រីមិនមានជម្លោះជំនួញជាមួយឧកញ៉ាសំណង់ អ៊ឹង ម៉េងជឺ ដែលត្រូវគេធ្វើឃាតនៅឯហាងលក់ផ្លែឈើមួយកន្លែងក្នុងក្រុងភ្នំពេញក្នុងឆ្នាំ២០១៤ទេ។
អ្នកស្រី ទាវ ធីតា បានប្រាប់តុលាការក្រុងភ្នំពេញថា ប្តីរបស់អ្នកស្រីមិនបានចាកចេញពីផ្ទះទេនៅថ្ងៃមានឃាតកម្ម ដែលព្រះរាជអាជ្ញាបាននិយាយថា លោកបានបញ្ជាអង្គរក្សលោកឲ្យប្រព្រឹត្តទាក់ទងនឹងការចោទថាមានជម្លោះជំនួញ។
អ្នកស្រីបាននិយាយថា “ខ្ញុំឈឺ បន្ទាប់មកខ្ញុំវិលមកផ្ទះវិញ ហើយនៅជាមួយប្តីខ្ញុំ”។
សួរដោយចៅក្រមជនុំជម្រះ តុប ឈុនហេង អ្នកស្រី ធីតាបាននិយាយថា ប្តីរបស់អ្នកស្រីមានកាំភ្លើងពីរដើម ដែលអង្គរក្សរបស់លោកកាន់ពេលថ្ងៃ ហើយបន្ទាប់មកដាក់ចូលទូដែកវិញនៅពេលល្ងាច។
ចៅក្រម ឈុនហេងបានសួរថា “តើប្តីអ្នកស្រីមានលិខិតកាន់អាវុធឬទេ?”
អ្នកស្រី ធីតាបានឆ្លើយថា “ខ្ញុំមិនដឹងទេ”។
អ្នកស្រីបានបដិសេធថា ប្តីអ្នកស្រីមិនមានទំនាក់ទំនងជាមួយលោក ម៉េងជឺ ដែលត្រូវឃាតករបាញ់ចំ៦គ្រាប់ទេ ក្នុងពេលដែលលោកចុះពីរថយន្តឡុចស៊ីស SUV របស់លោកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយនិយាយថា “មានរយៈពេល១១ឆ្នាំហើយដែលខ្ញុំនៅជាមួយប្តីខ្ញុំ ហើយគាត់មិនដែលនិយាយទាក់ទងនឹងឧកញ៉ា អ៊ឹង ម៉េងជឺ ទេ ហើយគាត់ក៏មិនដែលស្គាល់គ្នាពីមុនដែរ”។
ចៅក្រមបានសួរអ្នកស្រី ធីតាថា “តើអ្នកស្រីអាចបញ្ជាក់ថា ឧកញ៉ា ថោង សារ៉ាត់មិនមានជម្លោះជំនួញជាមួយអ្នកដទៃយ៉ាងម៉េច?”
អ្នកស្រីបានឆ្លើយថា “គាត់មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ។ តើមានជម្លោះកើតឡើងយ៉ាងម៉េច? តាមធម្មតា យើងមានបញ្ហាជាមួយអតិថិជន ឬអ្នកជិតខាងប៉ុណ្ណោះ”។
យោងតាមនគរបាល អង្គរក្សឈ្មោះ លី សៅ និងសៀង វាសនាបានបើកទៅកាន់ហាងលក់ផ្លែឈើ ដែលនៅទីនោះ លោក វាសនាបានបាញ់អ៊ឹង ម៉េងជឺ។ លោក វាសនា ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន បាននិយាយទទូចថា លោកគ្មានកំហុសទេ ចំណែកឯ លី សៅ បានស្លាប់ដោយសាររលាកស្រោមខួរក្បាលកាលពីខែមិថុនា។អង្គរក្សបីនាក់ទៀតគឺ កូយ ចាន់ថុល មាស សម្បត្តិ និងជុន ចិត្រា ត្រូវបានចោទប្រកាន់ពីបទសមគំនិត ក្រោយពីនគរបាលបាននិយាយថា ពួកគេបានសារភាពថាចាំមើលផ្លូវ។
លោក សារ៉ាត់ មិនមានវត្តមានក្នុងសវនាការទេ ដោយសារតែបញ្ហាសុខភាព។
សវនាការនឹងបន្តនៅថ្ងៃសុក្រ៕