ក្រសួងមហាផ្ទៃកាលពីថ្ងៃអាទិត្យបានចោទជនបរទេសមិនបញ្ជាក់ឈ្មោះថា “រត់ពន្ធ”អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាបក្សប្រឆាំងទៅកាន់ប្រទេសស៊ុយអែត ប៉ុន្តែបាននិយាយថា វានឹងឥតប្រយោជន៍ក្នុងការសុំឲ្យក្រុងស្តុកខុល ដើម្បីបញ្ជូនអ្នកស្រីត្រឡប់មកវិញ។
អ្នកស្រី ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានភៀសខ្លួនពីប្រទេសកម្ពុជាភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងអ្នកស្រីក្នុងខែកក្កដាទាក់ទងនឹងការថ្លែងមួយដែលតាមការចោទប្រកាន់ អ្នកស្រីបានចោទលោកនាយករដ្ឋមន្ត្រីថាបានបញ្ជាឲ្យមានការធ្វើឃាតកាលពីថ្ងៃទី១០ ខែកក្កដាលើលោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព។

តុលាការក្រុងភ្នំពេញបានកាត់ឲ្យអ្នកស្រីជាប់ទោសកំបាំងមុខពីបទបរិហារកេរ្តិ៍និងញុះញង់កាលពីថ្ងៃព្រហស្បតិ៍ ហើយផ្តន្ទាទោសអ្នកស្រីឲ្យជាប់ពន្ធនាគារ១៨ខែ។
បន្ទាប់ពីការប្រកាសសាលក្រមកាលពីថ្ងៃព្រហស្បតិ៍ ប្តីរបស់អ្នកស្រី ឡានី គឺលោក ឈុន ប៊ុនសាន បាននិយាយថា អង្គការសហប្រជាជាតិបានជួយនាំប្រពន្ធរបស់លោកឲ្យចាកចេញពីប្រទេស ហើយថា អ្នកស្រីបានទទួលសិទ្ធិជ្រកកោននយោបាយក្នុងប្រទេសស៊ុយអែត។ ទីភ្នាក់ងារទេសន្តរប្រវេសន៍ប្រទេសស៊ុយអែត ដែលដោះស្រាយសំណើសុំសិទ្ធិជ្រកកោនបាននិយាយថា អ្នកស្រី ឡានីបានទទួលការអនុញ្ញាតឲ្យស្នាក់នៅអចិន្ត្រៃយ៍កាលពីថ្ងៃទី២ ខែកញ្ញា ប៉ុន្តែបានបដិសេធមិនពិភាក្សាអំពីករណីរបស់អ្នកស្រីបន្តទៀតទេ។
ទោះបីជាទោសជាប់ពន្ធនាគារត្រូវបន្តដោយដីកាចាប់ខ្លួនក៏ដោយ ក៏លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃអាទិត្យថា កម្ពុជាមិនទំនងជាស្នើឲ្យប្រទេសស៊ុយអែតធ្វើបត្យាប័នសមាជិកព្រឹទ្ធសភានោះទេ។
លោកបាននិយាយពីសំណើសុំធ្វើបត្យាប័នថា “វាឥតប្រយោជន៍ទេ។ បើយើងសុំបញ្ជូនមកវិញ ប្រហែលប្រជាជនគេមិនធ្វើតាមសំណើយើងទេ”។
លោកបាននិយាយបន្ថែមថា “អ្វីដែលសំខាន់ គឺយើងកាត់ឲ្យគាត់ជាប់ទោសនៅក្នុងប្រទេស។ គាត់មកពេលណា ឯដីកាចាប់ខ្លួននៅមានសុពលភាពនៅឡើយ”។
ប៉ុន្មានថ្ងៃក្រោយពីដាក់ពាក្យបណ្តឹង លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានឮថា អ្នកស្រី ឡានីមានគម្រោងចាកចេញពីកម្ពុជា ហើយក៏បានព្រមានជាសាធារណៈថា អ្នកស្រីនឹងត្រូវចាប់ខ្លួន ប្រសិនបើអ្នកស្រីព្យាយាមចាកចេញពីប្រទេស។
វានៅមិនទាន់ច្បាស់ពិតប្រាកដថាតើសមាជិកព្រឹទ្ធសភារូបនោះបានចាកចេញពីប្រទេសតាមវិធីណាទេ។ការិយាល័យនៅក្រុងបាងកករបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនមិនបានបញ្ជាក់ ឬក៏បដិសេធថា ខ្លួនបានជួយទេ ដោយលើកឡើងពីគោលនយោបាយទីភ្នាក់ងារដែលហាមប្រាមមិនឲ្យធ្វើអត្ថាធិប្បាយអំពីករណីបុគ្គលម្នាក់ៗទេ។
នាយឧត្តមសនីយ៍ សុភ័ក បានបដិសេធមិនប្រាប់ឈ្មោះអង្គការសហប្រជាជាតិទេ ប៉ុន្តែបានចោទ “ស្ថាប័នបរទេស” ថាបានរត់ពន្ធអ្នកស្រីចេញពីកម្ពុជា។
លោកបាននិយាយថា “គាត់ត្រូវបានរត់ពន្ធដោយស្ថាប័នខ្លះ។ វាជាករណីជួញដូរ”។
ប្រទេសកម្ពុជាកាលពីមុនបានស្នើសុំនគរបាលអាំងទែប៉ូលចេញនិវេទន៍ក្រហមអន្តរជាតិសម្រាប់ឧក្រិដ្ឋជនណាដែលបានគេចខ្លួនពីប្រទេស ហើយដែលរដ្ឋាភិបាលចង់ឲ្យចាប់ខ្លួនបញ្ជូនមកវិញ។
ប៉ុន្តែលោក ភោគ កុលកុមារបាននិយាយកាលពីថ្ងៃអាទិត្យថា លោកមិនបានដឹងពីគម្រោងណាមួយ ដើម្បីសុំឲ្យចេញនិវេទន៍ក្រហមសម្រាប់អ្នកស្រី ឡានី ទេ។
អ្នកស្រី ឡានី ត្រូវបានកាត់ឲ្យជាប់ទោសដោយផ្អែកលើវីដេអូឃ្លីបដែលអះអាងបង្ហាញថា អ្នកស្រីចោទលោកនាយករដ្ឋមន្ត្រីថាបញ្ជាឲ្យធ្វើឃាតលោក កែម ឡី ក្នុងការថ្លែងទៅកាន់អ្នកគាំទ្របក្សនៅក្នុងខេត្តរតនគីរី។
សមាជិកព្រឹទ្ធសភារូបនេះបានបដិសេធថាមិនបានចោទបែបហ្នឹងទេ ហើយអះអាងថា ខ្សែអាត់សំឡេងនោះត្រូវគេកែ។
អ្នកស្រី គឺជាតំណាងរាស្ត្របក្សប្រឆាំងទីប្រាំហើយដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដោយតុលាការកម្ពុជាកាលពីឆ្នាំកន្លងទៅ ចំពោះអ្វីដែលទាំងអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកបានចាត់ទុកការវាយប្រហារផ្លូវច្បាប់ទៅលើអ្នករិះគន់រដ្ឋាភិបាលថាជារឿងនយោបាយ នៅមុនការបោះឆ្នោតដ៏សំខាន់៕ (រាយការណ៍បន្ថែមដោយឃួន ណារីម)