31 C
Phnom Penh

សមាជិកព្រឹទ្ធសភា​គេចខ្លួន​រង់​ចាំ​​កិច្ច​ព្រម​ព្រៀង​នយោបាយ ទើប​ចូល​​ប្រទេស​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងកិច្ចសម្ភាសមួយពីប្រទេសបារាំង កាលពីម្សិលមិញ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាដែលកំពុងរត់គេចខ្លួនបានអះអាងថា លោកស្រីត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយក្នុងប្រទេសស៊ុយអែត ហើយបានមានប្រសាសន៍ថា លោកស្រីនឹងមិនត្រឡប់មមកប្រទេសកម្ពុជាវិញទេរហូតដល់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សប្រឆាំងសម្រេចបានកិច្ចព្រមព្រៀងដែលបញ្ឈប់ការផ្តន្ទាទោស”នយោបាយ” លើរូបលោកស្រី និងសហសេវិករបស់លោកស្រី។

cam-photo-thak-lany_KHMERលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានផ្តន្ទាទោសកំបាំងមុខកាលពីសប្តាហ៍មុនពីបទបរិហារកេរ្តិ៍ និងញុះញង់ជុំវិញវីដេអូឃ្លីបដែលទំនងជាបង្ហាញ ថា លោកស្រីចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានបញ្ជាឱ្យមានការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយមួយរូបកាលពីថ្ងៃទី១០ ខែកក្កដា។ លោកស្រីត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ជាតំណាងរាស្រ្តគណបក្សប្រឆាំងទី៥ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងឆ្នាំកន្លងមក។

គណបក្ស និងមេធាវីរបស់សមាជិកព្រឹទ្ធសភារូបនេះរក្សាការសម្ងាត់ពីកន្លែងលាក់ខ្លួនរបស់លោកស្រីចាប់តាំងពីលេចឮព័ត៌មានថាមានការដាក់ពាក្យបណ្តឹងកាលពីដើមខែសីហា។ លោក ឈុន ប៊ុនសាន ស្វាមីរបស់លោកស្រី ទីបំផុតបានបង្ហើបឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី ថាក់ ឡានី បានភៀសខ្លួនទៅប្រទេសស៊ុយអែត។ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់ប្រទេសនេះបានអះអាងថា លោកស្រីត្រូវបានផ្តល់ការស្នាក់នៅកាលពីថ្ងៃទី២ ខែកញ្ញា។

នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោកស្រី ថាក់ ឡានី បានប្រកាន់តាមការអះអាងរបស់លោកស្រីថា វីដេអូឃ្លីបដែលគេប្រើដើម្បីផ្តន្ទាទោសលោកស្រីនោះ ត្រូវបានកាត់ត។

លោកស្រី បានមានប្រសាសន៍ថា “ការផ្តន្ទាទោសរបស់តុលាការមិនយុត្តិធម៌ទាល់តែសោះ ពីព្រោះខ្ញុំមិនបាននិយាយថា លោក ហ៊ុន សែន សម្លាប់លោក កែម ឡី ទេ។ ពួកគេបានថតសំឡេងទុក ហើយយកមកកាត់ត ពីព្រោះខ្ញុំមិនបាននិយាយដូចនោះឡើយ”។

“ខ្ញុំបានទៅប្រទេស ស៊ុយអែត ព្រោះខ្ញុំមិនចង់ប្រឈមការផ្តន្ទា ទោស ពីព្រោះតុលាការ មិនយុត្តិធម៌ទេ ហើយខ្ញុំមិនជឿថា តុលាការអាចផ្តល់យុត្តិធម៌ដល់ខ្ញុំឡើយ”។

លោកស្រី ថាក់ ឡានី បានមានប្រសាសន៍ថា លោកស្រីបានចាកចេញពីប្រទេសកម្ពុជាតាមច្រកព្រំដែនប៉ោយប៉ែតមុនពេលលោកស្រីដឹងថា លោកស្រីត្រូវបានប្តឹងនៅពេលលោកស្រីធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីព្យាបាលជំងឺ។ លោកស្រីបានថ្លែងថា នៅពេលលោកស្រីស្ថិតក្នុងប្រទេសថៃ ហើយបានឮពីពាក្យបណ្តឹងនោះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងមូលដ្ឋានបានរៀបចំឱ្យលោកស្រីធ្វើដំណើរទៅប្រទេសស៊ុយអែត។ (អង្គការសហប្រជាជាតិបានបដិសេធមិនបញ្ជាក់អះអាង ឬបដិសេធថា ជាប់ ឬមិនជាប់ពាក់ព័ន្ធឡើយ ដោយលើកឡើងពីគោលនយោបាយរបស់ទីភ្នាក់នេះ)។

សមាជិកព្រឹទ្ធសភារូបនេះបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាបានធ្វើការវាយប្រហារតាមផ្លូវច្បាប់ដែលមានលក្ខណៈនយោបាយទៅលើគណបក្សប្រឆាំង។

លោកស្រីបានមានប្រសាសន៍ថា “ពួកគេកំពុងគំរាមកំហែងគណបក្សប្រឆាំងនៅមុនការបោះឆ្នោត ពីព្រោះឥឡូវនេះ ប្រជាពលរដ្ឋដឹងថានរណាត្រូវ នរណាខុស។ នៅពេលគណបក្សទាំងពីរធ្វើកិច្ចព្រមព្រៀងជាមួយគ្នា ហើយស្ថានភាពនយោបាយនឹងនរជាថ្មីម្តងទៀត ខ្ញុំនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញ”។

សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះជាមួយនឹងសាលក្រមកាលពីសប្តាហ៍មុន។ ប៉ុន្តែក្រសួងមហាផ្ទៃលើកឡើងថា ខ្លួនមានការចាប់អារម្មណ៍តិចតួចក្នុងការស្វែងរកការធ្វើបត្យាប័នលោកស្រីពីបរទេស ខណៈប្រទេសស៊ុយអែតទំនងជាមិនអនុវត្តតាម។

លោកស្រី ថាក់ ឡានី បានមានប្រសាសន៍ថា បច្ចុប្បន្នលោកស្រីស្ថិតក្នុងប្រទេសបារាំង ហើយបានធ្វើដំណើរទៅប្រទេសកាណាដា និង អូស្ត្រាលី ដោយមានបេសកម្មផ្សព្វផ្សាយគោលនយោបាយបក្សប្រឆាំង ដល់ប្រជាពលរដ្ឋកម្ពុជារស់នៅក្រៅប្រទេស។

ខណៈស្ថិតក្នុងប្រទេសបារាំង លោកស្រីបានថ្លែងថា លោកស្រីក៏បានជួបជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិផងដែរ។ មេដឹកនាំគណបក្សប្រឆាំងរូបនេះដែលមានសញ្ជាតិពីរគឺបារាំង និងកម្ពុជានោះ ប្រឈមបណ្តឹងជាច្រើនពីរដ្ឋាភិបាលកម្ពុជា ហើយលោកបាននិងកំពុងរស់នៅក្នុងភាពនិរទេសខ្លួនចាប់តាំងពីឆ្នាំមុនមក។

សមាជិកព្រឹទ្ធសភារូបនេះមានសារចុងក្រោយមួយផ្ញើត្រឡប់ទៅកាន់ជនរួមជាតិរបស់លោកស្រីនៅក្នុងប្រទេសកំណើតវិញ។ លោកស្រីបានមានប្រសាសន៍ថា “សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត”។ការចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយនៅសល់ពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចប់ហើយ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស