ប្រជាពលរដ្ឋកម្ពុជាប្រមាណ២លាននាក់ដែលគ្រប់អាយុបោះឆ្នោត នឹងមិនបានចុះឈ្មោះបោះឆ្នោតនោះទេនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ។ ហើយខណៈអ្នកសង្កេតការណ៍ជាច្រើនយល់ថា ស្ថានភាពនេះមិនល្អ និងថែមទាំងមិនស្របតាមលទ្ធិប្រជាធិបតេយ្យទៀតនោះ ពួកគេយល់ស្របថា គ្មានដំណោះស្រាយដែលងាយស្រួលឡើយ។
ដោយនៅសល់តែមួយសប្តាហ៍គត់នៅក្នុងការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានធ្វើសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋជិត៧,៤លាននាក់បានចុះឈ្មោះគិតរហូតមកទល់ថ្ងៃអាទិត្យក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតចំនួន៩,៧លាននាក់ ហើយអ្នកដែលមិនទាន់បានចុះឈ្មោះមានចំនួន២,៣លាននាក់។
ហើយទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានក្រើនរំឭកប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតអំឡុងសុន្ទរកថារបស់លោកកាលពីពេលថ្មីៗនេះក្តី ក៏គោលនយោបាយរបស់រដ្ឋាភិបាលលោកបានធ្វើឲ្យអ្នកបោះឆ្នោតជិត១ភាគ៤ត្រូវបាត់បង់សិទ្ធិបោះឆ្នោត។
ដោយចំនួននៃការចុះឈ្មោះប្រចាំថ្ងៃថយចុះដោយសារមានអ្នកទៅចុះឈ្មោះតិចតួច បណ្តាអ្នកឃ្លាំមើលនៅទូទាំងប្រទេសលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនដែលអាចចុះឈ្មោះបាន បានចុះឈ្មោះរួចទៅហើយ។អ្នកបោះឆ្នោតនៅសល់ដែលទាំងមន្ត្រីគណបក្សកាន់អំណាច និងមន្ត្រីគណបក្សប្រឆាំងនិយាយថា មានចំនួនជាង២លាននាក់ ភាគច្រើនទំនងជាពលករចំណាកស្រុកដែលរស់នៅក្រៅប្រទេស។
តាមច្បាប់បោះឆ្នោតរបស់កម្ពុជា ពលករទាំងនោះត្រូវវិលត្រឡប់មកកាន់ស្រុកកំណើតនៅតាមឃុំសង្កាត់របស់ខ្លួនវិញអំឡុងរយៈពេលចុះឈ្មោះបោះឆ្នោតដើម្បីចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មី។ការធ្វើបែបនេះមិនងាយស្រួលឡើយសម្រាប់ពលករភាគច្រើនហើយមានន័យថា មួយភាគធំនៃយុវជនដែលគ្រប់អាយុធ្វើការ នឹងមិនបានបោះឆ្នោតឡើយ។
លោក អីុចាល់ ស៊ូព្រីយ៉ាឌី (Ichal Supriadi) នាយកប្រតិបត្តិបណ្តាញសង្កេតការណ៍បោះឆ្នោតដោយសេរីនៅអាស៊ីហៅកាត់ Anfrel ជាអង្គការឃ្លាំមើលការបោះឆ្នោតថ្នាក់តំបន់បានមានប្រសាសន៍ថា “ពលរដ្ឋគ្រប់រូបសមនឹងទទួលបានសិទ្ធិបោះឆ្នោតមិនថា ពួកគេនៅកន្លែងណាឡើយ”។
លោកបានលើកឡើងទៀតថា “ប្រទេសកាន់តែច្រើនកំពុងចាប់ផ្តើមផ្តល់សិទ្ធិបោះឆ្នោតដល់ពលរដ្ឋរបស់ខ្លួនដែលរស់នៅបរទេស” ហើយប្រទេសដែលបន្តមិនរាប់បញ្ចូលពួកគេកំពុងតែរារាំងសិទ្ធិរបស់ពលរដ្ឋខ្លួន។លោកគូសបញ្ជាក់ថា “ពួកគេកំពុងតែដកសិទ្ធិរបស់ពលរដ្ឋខ្លួន”។
លោកថ្លែងថា ទោះជាយ៉ាងណា ការអនុញ្ញាតឲ្យពលរដ្ឋបោះឆ្នោតពីបរទេសមានការលំបាកយ៉ាងខ្លាំងសម្រាប់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ ខណៈបណ្តាប្រទេសដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រលេសស្តេ បានបោះជំហានទៅរកដំណោះស្រាយដោយអន្លើនោះ ប្រទេសផ្សេងៗទៀតដូចជាភូមា និងឥណ្ឌាជាដើមស្ទើរតែមិនអាចតាមដានពលរដ្ឋរបស់ខ្លួនដែលធ្វើចំណាកស្រុកនៅបរទេសផង កុំថាឡើយរកវិធីឲ្យពួកគេបោះឆ្នោតនោះ។
លោកស្រី ម៊ែរឌីត វ៉ាយស៍ (Meredith Weiss) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ State University of New York ក្នុងទីក្រុងអលបឺនី (Albany) បានមានប្រសាសន៍ថា កំណត់ត្រាសម្រាប់ការបោះឆ្នោតនៅបរទេសចម្រុះគ្នាសូម្បីក្នុងចំណោមបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿននៅអាស៊ីអាគ្នេយ៍ក្តី។
លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ប្រទេសម៉ាឡេស៊ីពិតជាបានបង្កលក្ខណៈងាយស្រួលបន្តិចសម្រាប់ពលរដ្ឋនៅបរទេស (លើកលែងតែក្នុងបណ្តាប្រទេសជិតខាង) បោះឆ្នោតគិតរហូតមកទល់ការបោះឆ្នោតចុងក្រោយ ប៉ុន្តែ នៅតែមានបញ្ហា ដូច្នេះសូម្បីមានការឆ្លើយតបយ៉ាងស្វាហាប់ក្តី ក៏សំឡេងឆ្នោតទាំងនោះមានឥទ្ធិពលតិចតួចបំផុត”។
នៅក្នុងប្រទេសឥណ្ឌូណេស៊ី សន្លឹកឆ្នោតនៅបរទេសទាំងអស់រាប់សម្រាប់តែសង្កាត់មួយនៅក្នុងរដ្ឋធានីហ្សាការតាប៉ុណ្ណោះ ដូច្នេះវាមាននៅតែកន្លែងនោះ ប៉ុន្តែ នៅកន្លែងផ្សេងគ្មាននោះទេ”។
ប្រទេសហ្វីលីពីនប្រហែលជាករណីលើកលែង។លោក រ៉ាម៉ុន កាស៊ីប៉ល (Ramon Casiple) នាយកប្រតិបត្តិវិទ្យាស្ថានដើម្បីកំណែទម្រង់នយោបាយ និងបោះឆ្នោត (Institute for Political and Electoral Reform) របស់ប្រទេសហ្វីលីពីនបានមានប្រសាសន៍ថា ប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌូទើតេ បានកៀរគរសំឡេងឆ្នោតនៅបរទេសរហូតទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ។
លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ចំនួនអ្នកបោះឆ្នោតគឺច្រើនណាស់ ពី៦ទៅ៧លាននាក់បើប្រៀបធៀបទៅនឹងអ្នកបោះឆ្នោតសរុប៥៦លាននាក់ក្នុងប្រទេស។សមាជិកគ្រួសាររបស់ពួកគេនៅក្នុងប្រទេសដែលអាចបោះឆ្នោតបានមានចំនួនច្រើនជាងនេះប្រហែល២ដង” ដោយលោកពន្យល់ថា ពលករនៅបរទេសមានឥទ្ធិពលខ្លាំងលើក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសដោយសារតែពួកគេផ្ញើប្រាក់មកស្រុកជាទៀងទាត់។
លោកបានគូសបញ្ជាក់ថា “ប្រសិនបើមានការរៀបចំ ពួកគេជាកត្តាដ៏សំខាន់មួយនៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន និងសូម្បីការបោះឆ្នោតជាតិនៅក្នុងប្រទេសហ្វីលីពីនក្តី។ ប្រធានាធិបតី ឌូទើតេ បានគ្រប់គ្រង និងប្រើប្រាស់សក្ដានុពលនេះនៅក្នុងការបោះឆ្នោតលើកចុងក្រោយកាលពីខែឧសភា ឆ្នាំ២០១៦ហើយ [ពលករហ្វីលីពីននៅបរទេស] នៅតាមបណ្តាញទំនាក់ទំនងសង្គមគឺជាមូលដ្ឋានគាំទ្រដ៏សំខាន់មួយសម្រាប់ជ័យជម្នះរបស់គាត់”។
លោកមានប្រសាសន៍ថា ស្ថានភាពនៅកម្ពុជាដែលគ្មានបទប្បញ្ញត្តិដើម្បីជួយពលករនៅបរទេសឲ្យបោះឆ្នោត គឺ “ពិតជា” មិនអាចទទួលយកបាន ប៉ុន្តែ លោកទទួលស្គាល់ថា ដំណោះស្រាយណាមួយនឹងមានភាពស្មុគស្មាញច្រើន។
ការបោះឆ្នោតនៅបរទេសអាចនឹងត្រូវប្រើប្រាស់ដើម្បីបន្លំការបោះឆ្នោត ខណៈជាញឹកញាប់ច្បាប់ក្នុងស្រុកនៅក្នុងប្រទេសមួយចំនួនរារាំងការបោះឆ្នោត និងការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ លោកលើកឡើងថា ជាឧទាហរណ៍នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត “អ្នកត្រូវការការអនុញ្ញាត(ជាធម្មតាត្រូវបានបដិសេធ) សម្រាប់សកម្មភាពបោះឆ្នោតនៅខាងក្រៅស្ថានទូតនិងស្ថានកុងស៊ុល”។
លោក អីុចាល់ ស៊ូព្រីយ៉ាឌី ដែលមកពីអង្គការ Anfrel បានយល់ស្របតាម ដោយលើកឡើងថា ការឃ្លាំមើលសន្លឹកឆ្នោតនៅបរទេស គឺជាសមាសធាតុដ៏សំខាន់បំផុតនៃកំណែទម្រង់ដែលអាចកើតមាន ហើយភ័ស្តុភារក៏អាចមានការលំបាកខ្លាំងផងដែរសម្រាប់មន្ត្រីបោះឆ្នោត។
លោកបានបន្តថា លើសពីនេះទៅទៀតកំណែទម្រង់នៅកម្ពុជាស្ថិតនៅលើ “ឆន្ទៈនយោបាយ”ដោយសារតែវិធានបោះឆ្នោតនៅក្នុងប្រទេសនេះត្រូវបានតាក់តែងទៅជាច្បាប់ដែលមានការឆ្លងកាត់សភា។ “នោះជាតួនាទីរបស់សង្គមស៊ីវិលជាតិ និងអន្តរជាតិដែលត្រូវព្យាយាមបើកចិត្តរបស់បក្សកាន់អំណាច”។
ទោះជាយ៉ាងណា លទ្ធភាពដែលគណបក្សប្រជាជនកម្ពុជាកែប្រែផែនការទាក់ទិនបញ្ហាពលករចំណាកស្រុកពីបរទេសហាក់មានស្តួចស្តើង ដោយសារតែរដ្ឋាភិបាលបានច្រានចោលសូម្បីសំណើតូចតាចបំផុតទាក់ទិននឹងបញ្ហានេះ ដូចជាការបង្កើតការិយាល័យបោះឆ្នោតបន្ថែមនៅតាមបណ្តោយព្រំដែនកម្ពុជាថៃជាដើម។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍ថា ក្តីរំពឹងនៃការផ្តល់សិទ្ធិបោះឆ្នោតដល់ពលករចំណាកស្រុកគឺជា “មហន្តរាយសម្រាប់គណបក្សប្រជាជនកម្ពុជាដែលប្រាកដជាខ្លាចស្លាប់”។
លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដឹងថា ពលករចំណាកស្រុកលើសលុបមិនចូលចិត្តខ្លួនដោយសារចាប់ពីមូលហេតុទី១ ពួកគាត់មិនអាចរកការងារបានធ្វើនៅក្នុងប្រទេសបាន ហើយជាញឹកញាប់ត្រូវធ្វើចំណាកស្រុកក្នុងស្ថានភាពគួរឲ្យឈឺចាប់។ចំណែកឯប្រជាពលរដ្ឋកម្ពុជាចំនួន១លាននាក់ទៀតដែលរស់នៅបរទេសជាអចិន្ត្រៃយ៍ ពួកគាត់មើលឃើញពីវិធីប្រជាធិបតេយ្យ និងភាពរុងរឿងដើរទៅជាមួយគ្នាដែលផ្ទុយពីប្រព័ន្ធដឹកនាំរបស់គណបក្សប្រជាជននៅក្នុងប្រទេសកម្ពុជាដែលអំពើផ្តាច់ការ និងភាពក្រីក្រដើរទៅទន្ទឹមគ្នា។ នៅពេលអ្នកបានដឹងពីសេរីភាព អ្នកនឹងមិនព្រមបោះបង់វាចោលនោះទេ ហើយអ្នកថែមទាំងត្រៀមខ្លួនតស៊ូប្រយុទ្ធដើម្បីវាទៀតផង”។
នៅពេលសួរថា តើរដ្ឋាភិបាលនៅមានវិធានការបន្ថែមទៀតដើម្បីផ្តល់សិទ្ធិដល់អ្នកបោះឆ្នោតនៅបរទេស ឬយ៉ាងណានោះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឆ្លើយថា អាទិភាពគឺការគោរពតាមច្បាប់បច្ចុប្បន្ន និងធានាថា គ្មានការចោទប្រកាន់អំពីភាពមិនប្រក្រតីនានាក្នុងការចុះឈ្មោះ។
លោកមានប្រសាសន៍ថា “សម្រាប់បញ្ជីចុះឈ្មោះបោះឆ្នោតថ្មី យើងត្រូវធ្វើវាដោយប្រុងប្រយ័ត្ន ព្រោះយើងត្រូវមានតម្លាភាពនិងគណនេយ្យភាពដើម្បីចៀសវាងការចោទប្រកាន់។ ឧទាហរណ៍អ្នកខ្លះធ្លាប់ចោទប្រកាន់យើងថា លួចបន្លំសន្លឹកឆ្នោតជាង១លាន។ ដូច្នេះយើងក៏ចង់ឲ្យពលករចំណាកស្រុកត្រឡប់មកចុះឈ្មោះបោះឆ្នោតវិញដែរ។ ប៉ុន្តែ យើងត្រូវធ្វើទៅតាមច្បាប់”៕ សុខុម