នគរបាលបាននិយាយកាលពីម្សិលមិញថា ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ដែលត្រូវបានគេចាប់រំលោភ និងឃុំខ្លួនក្នុងបន្ទប់ជួលនៅក្រុងភ្នំពេញកាលពីយប់ថ្ងៃសៅរ៍ ត្រូវបានម្ចាស់ផ្ទះជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ។
យោងតាមលោក អីុវ ឈុនផេង អធិការរងនគរបាលខណ្ឌ ក្មេងស្រីនោះបានចេញពីផ្ទះរបស់នាងនៅខេត្តកណ្តាលមកក្រុងភ្នំពេញដើម្បីជួបម្តាយរបស់នាង ហើយនៅពេលនោះនាងបានជួបអ្នករត់ម៉ូតូឌុបអាយុ៣៤ឆ្នាំ ឈ្មោះ ឈុង សំឆាយ។
លោកបាននិយាយថា “ជនសង្ស័យបានល្បួងឲ្យជនរងគ្រោះទៅតាមខ្លួន នៅពេលខ្លួនបានជួបនាងនៅតាមផ្លូវតែម្នាក់ឯង និងបានសន្យាថានឹងជួយនាងរកម្តាយឲ្យឃើញ”។ លោកបាននិយាយបន្ថែមថា ក្មេងស្រីនេះមិនមានលេខទូរស័ព្ទរបស់ម្តាយនាង ឬព័ត៌មានទាក់ទងផ្សេងទៀតទេ។
នៅពេលនោះ អ្នករត់ម៉ូតូឌុបបានដឹកជនរងគ្រោះទៅបន្ទប់មួយ ដែលគាត់បានជួលរយៈពេលពីរថ្ងៃ នៅប្លុកផ្ទះល្វែងក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោក ឈុនផេង បាននិយាយថា “ជននេះបានរំលោភជនរងគ្រោះបីដងក្នុងបន្ទប់ដែលខ្លួនបានជួលនៅថ្ងៃដំបូង”។
ដោយជាប់ក្នុងបន្ទប់តែម្នាក់ឯងនាព្រឹកថ្ងៃអាទិត្យ ជនរងគ្រោះបានស្រែកហៅស្ត្រីម្នាក់ដែលដើរកាត់ពីក្រោម ដែលចៃដន្យស្ត្រីនោះគឺជាម្ចាស់ផ្ទះ។ គាត់បានប្តឹងទៅអាជ្ញាធរមូលដ្ឋាន ដែលបានជួយសង្គ្រោះក្មេងស្រីនេះ។
លោកអធិការរងនគរបាលខណ្ឌបាននិយាយថា “នាងមានសំណាងនិងជាក្មេងស្រីឆ្លាត។ វាគាប់ជួនដែលស្ត្រីដើរកាត់តាមបន្ទប់របស់នាងជាម្ចាស់ផ្ទះ”។
លោកបាននិយាយថា “យើងបានចាត់វិធានការកាលពីថ្ងៃអាទិត្យ បន្ទាប់ពីយើងបានទទួលបណ្តឹងពីម្ចាស់ផ្ទះជួល ហើយយើងបានឃាត់ខ្លួននិងសាកសួរជនសង្ស័យ រហូតដល់យើងទទួលបានលទ្ធផល [ពីការពិនិត្យវេជ្ជសាស្ត្រ] ដែលបង្ហាញថា ជនរងគ្រោះត្រូវបានគេរំលោភមែន”។ លោកអធិការរងរូបនេះបាននិយាយបន្ថែមថា នគរបាលបានរៀបចំបញ្ជូនជនសង្ស័យទៅតុលាការនៅថ្ងៃនេះ។
យោងតាមលោក ឈុនផេង ឲ្យដឹងថា ក្មេងស្រីនេះកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាក្នុងខណ្ឌនេះ ខណៈដែលនគរបាលប្រឹងប្រែងព្យាយាមរកម្តាយរបស់នាង។
លោក ទូច គឹមសុង មេប៉ុស្តិ៍ឫស្សីកែវ បាននិយាយថា វាប្លែកដែលទទួលបានការសហការពីម្ចាស់ផ្ទះ។
លោកបាននិយាយថា “មិនសូវមានទេដែលម្ចាស់ផ្ទះរាយការណ៍មកយើង។ ពីព្រោះពួកគេមិនចង់ឲ្យយើងចូលអគារផ្ទះល្វែងរបស់ពួកគេទេ”៕ និត