28 C
Phnom Penh

នួន ជា​​​និយាយ​​​ពី​​​ជន​​​ក្បត់​​​នៅ​​​ភូមិភាគ​​​​​​ពាយព្យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការខ្មែរក្រហមបាននិយាយថា ក្នុងឆ្នាំ១៩៧៧ នួន ជា បានថ្លែងទៅកាន់មនុស្សរាប់រយនាក់ដែលបានផ្លាស់ទីលំនៅពីភូមិភាគពាយព្យ ដើម្បីប្រាប់ពួកគេថា ពួកគេត្រូវរួចជីវិតពីមេដឹកនាំក្បត់នៅទីនោះដែលមានផែនការសម្លាប់ពួកគេ។

ភាគីរដ្ឋប្បវេណីដែលបង្ហាញឈ្មោះថា  2-TCCP-223 ដោយសារតែមានតួនាទីរបស់លោកក្នុងការស៊ើបអង្កេតបន្តទៀតកំពុងផ្តល់សក្ខីកម្មក្នុងផ្នែកសំខាន់ដែលផ្តោតលើតួនាទីនៃជនជាប់ចោទគឺ “បងធំទីពីរ” នួន ជា និងខៀវ សំផន ប្រមុខរដ្ឋ ក្នុងបទឧក្រិដ្ឋដែលប្រព្រឹត្តក្នុងអំឡុងពេលសម័យខ្មែរក្រហម។

នួន ជា
នួន ជា

លោកបានប្រាប់តុលាការពីរបៀបដែលលោកបានរស់នៅជាមួយ នួន ជា ក្នុងក្រុងភ្នំពេញជាកុមារ មុននឹងធ្វើការងារផ្សេងៗឲ្យជនកម្មុយនីស្តជ្រុលនិយម ដែលរួមទាំងនាំភ្ញៀវក្នុងស្រុកនិងបរទេសទៅអង្គរវត្ត។

ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ១៩៧៧ លោកបាននិយាយថា លោកត្រូវគេចោទថាជា”បណ្តាញក្បត់”នៅក្នុងភូមិភាគពាយព្យ ហើយត្រូវបានបញ្ជូនទៅស្នាក់នៅសាកលវិទ្យាល័យភ្នំពេញ។

បន្ទាប់ពីការប្រជុំដែលគេចាក់បញ្ចាំងកុនបង្ហាញពី”វីរភាពប្រជាជនខ្មែរ”ឲ្យមនុស្សរាប់រយនាក់មើល នួន ជា បាននិយាយពីហេតុអ្វីបានជាប្រជាជនមកពីភូមិភាគពាយព្យត្រូវបានផ្លាស់ប្តូរទីលំនៅទៅរដ្ឋធានី។

ភាគីរដ្ឋប្បវេណីបាននិយាយថា “គាត់បាននិយាយថា បក្សបាននាំយើងមកភ្នំពេញ ដើម្បីឲ្យរួចជីវិតពីជនក្បត់ទាំងនោះនៅតាមតំបន់ផ្សេងៗ ដោយសារតែអ្នកនៅតាមតំបន់ទាំងនោះមានផែនការធ្វើទុក្ខបុកម្នេញ និងសម្លាប់យើង”។

ភូមិភាគពាយព្យជាចំណុចសំខាន់របស់ក្រុមការពារក្តី នួន ជា ដោយមេធាវីគាត់លើកឡើងថា មេដឹកនាំខ្លួនគឺ រស់ ញឹម ជាមេដឹកនាំដ៏មានឥទ្ធិពល ដែលបានប្រើសិទ្ធិស្វយ័តដ៏ច្រើនដែលថា ថ្នាក់ដឹកនាំបក្សមានការគ្រប់គ្រងតិចតួច។ អយ្យការបដិសេធចោលការអះអាងបែបនេះ ដោយលើកឡើងថា ខ្មែរក្រហមមានរចនាសម្ព័ន្ធឋានានុក្រមតឹងរ៉ឹងដែលគ្រប់គ្រងប្រទេសទាំងមូល។

ភាគីរដ្ឋប្បវេណីបាននិយាយថា ពូរបស់គាត់ឈ្មោះ សាយ ជាប្រធានការិយាល័យខ្មែរក្រហមប្រចាំខេត្តបាត់ដំបងត្រូវគេបោសសម្អាត ក្រោយពីនួន ជា បានចោទគាត់ថាជាជនក្បត់។

សួរថាតើលោកគិតថា នួន ជា ពិតជាប៉ុនប៉ងការពារជនស៊ីវិលនិងកម្មាភិបាលភូមិភាគពាយព្យពីមេដឹកនាំកាប់សម្លាប់យ៉ាងណានោះ ភាគីរដ្ឋប្បវេណីបាននិយាយថា លោកមិនដឹងទេ “ពីព្រោះអ្វីដែលគាត់បាននិយាយ និងព្រឹត្តការណ៍ពិតប្រាកដមិនស៊ីសង្វាក់គ្នាទេ”។

លោកបាននិយាយថា “ក្នុងអំឡុងពេលបោសសម្អាត គេប្រើពាក្យថា ‘បញ្ជូនទៅរៀនសូត្រ’ ប៉ុន្តែអ្នកដែលគេបញ្ជូនទៅរៀនសូត្រត្រូវបាត់ខ្លួន ហើយមិនដែលឃើញមកវិញទេ”។

លោកបាននិយាយថា “ការបោសសម្អាតកើតឡើងបន្តបន្ទាប់។ អ្នកដែលបោសសម្អាតអ្នកដទៃ ចុងបញ្ចប់ត្រូវបោសសម្អាតដោយអ្នកផ្សេងទៀត ហើយនោះដែលធ្វើឲ្យរបបនេះដួលរលំ”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស