កាលពីព្រឹកម្សិលមិញ រដ្ឋសភាបានអនុម័តសេចក្ដីព្រាងច្បាប់មួយជាឯកច្ឆន្ទ ដោយផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ហើយរង់ចាំឲ្យព្រឹទ្ធសភាប្រថាប់ត្រាអនុម័ត និងព្រះមហាក្សត្រឡាយព្រះហស្តលើសេចក្ដីព្រាងច្បាប់នេះ មុនពេលកម្ពុជា ចូលរួមជាមួយ១១២ប្រទេសផ្សេងទៀតនៅក្នុងការអនុម័តកិច្ចព្រមព្រៀងនេះ។
តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន៤០រូបបានឆ្លៀតឱកាសអំឡុងពេលពិភាក្សាដេញដោលស្ដីពីការប្រែប្រួលអាកាសធាតុដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលត្រៀមថវិកាសម្រាប់សកម្មភាពពាក់ព័ន្ធព្រៃឈើ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា “យើងបោះឆ្នោតគាំទ្រច្បាប់នេះដោយសារតែយើងយល់ថា វាមានសារៈសំខាន់ក្នុងការការពារព្រៃឈើរបស់យើង”។
ក្នុងចំណោមវិធានការដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកំពុងជំរុញ គឺការបិទព្រំដែនវៀតណាមទាំងស្រុងមិនឲ្យមានការនាំចេញឈើ ដើម្បីទប់ស្កាត់ការជួញដូរឈើខុសច្បាប់ ជាចំណាត់ការមួយដែលរដ្ឋាភិបាលបានសន្យាធ្វើ ប៉ុន្តែរហូតមកទល់ពេលនេះមិនបានអនុវត្តឲ្យមានប្រសិទ្ធភាពឡើយ។ គណបក្សប្រឆាំងក៏ចង់ឱ្យរដ្ឋផ្តល់មូលនិធិជួយដល់ការល្បាតក្នុងសហគមន៍ព្រៃឡង់ ជាព្រៃទំនាបសេសសល់ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងបណ្ដាអង្គការបរិស្ថានដែលធ្វើការងារការពារព្រៃឈើផងដែរ។
លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ”ទាំងរដ្ឋាភិបាលទាំងសង្គមស៊ីវិលគួរតែធ្វើការជាមួយគ្នាជាធ្លង់មួយដើម្បីការពារព្រៃឈើ។ ពេលនោះយើងនឹងអាចទប់ស្កាត់បញ្ហានេះបាន”។
កាលពីដើមឆ្នាំនេះ កាសែត The Washington Post បានចុះផ្សាយថា ព្រៃឈើគឺជាសមាសភាគមួយដែលគេមើលរំលងភាគច្រើននៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ដែលមានគោលដៅរក្សាការកើនឡើងកម្រិតសីតុណ្ហភាពពិភពលោកបណ្តាលមកពីការប្រែប្រួលអាកាសធាតុឱ្យស្ថិតនៅក្រោម២ភាគរយ។
ផ្អែកទៅលើការសិក្សាស្រាវជ្រាវមួយក្នុងព្រឹត្តិបត្រ Nature Climate Change ដែលនិយាយថាការបញ្ឈប់បញ្ហានេះអាចកាត់បន្ថយបានរហូតដល់ទៅ១ភាគ៣នៃការបញ្ចេញកាបូនសរុប ការចុះផ្សាយនេះបានគូសបញ្ជាក់ថា ការកាប់បំផ្លាញ និងភាពសឹករេចរឹលព្រៃឈើតំបន់ត្រូពិករួមចំណែក៨ភាគរយនៃការបញ្ចេញ កាបូនចំនួន១៥ភាគរយទូទាំងពិភពលោក។
លោក អ៊ាង សុផល្លែត អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា ប្រទេសកម្ពុជា បានត្រៀមផែនការសកម្មភាពមួយសម្រាប់កាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួន ហើយជឿថា ការប្រែប្រួលអាកាសធាតុជាការគំរាមកំហែងរបស់ពិភពលោក។ ប៉ុន្តែលោកបានបន្ទោសវាដោយម៉ឺងម៉ាត់ទៅលើបណ្តាប្រទេសផ្សេង។
លោកលើកឡើងថា “ជាក់ស្ដែងសម្រាប់កម្ពុជា យើងបានជួបប្រទះគ្រោះរាំងស្ងួត ការធ្លាក់ភ្លៀងមិនទៀងទាត់តាមរដូវ។ ប៉ុន្តែបញ្ហាទាំងអស់នេះមិនមែនចេញពីកម្ពុជាទេ វាចេញពីប្រទេសផ្សេងៗ”។
លោកបានបន្តថា ផ្នែកសំខាន់បំផុតនៃការផ្ដល់សច្ចាប័នរបស់កម្ពុជា លើកិច្ចព្រមព្រៀងនេះគឺការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុងសហការជាមួយបណ្តាប្រទេសផ្សេងដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក។ ទាក់ទិនការកាប់បំផ្លាញព្រៃឈើ លោកបានគូសបញ្ជាក់ថា “យើងបានបញ្ចប់ការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំហើយនៅកម្ពុជា”។
មន្ត្រីផ្សេងៗទៀតនៅក្រសួងបរិស្ថានក៏បានអះអាងដូចគ្នានេះដែរចាប់តាំងពីក្រុមការងារពិសេសត្រូវបានបង្កើតឡើងដើម្បីបង្ក្រាបការកាប់ឈើខុសច្បាប់នៅភាគឦសានដែលមានស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ទោះជាយ៉ាងណា ក្នុងមួយខែៗឈើមានតម្លៃរាប់លានដុល្លារនៅតែបន្តនាំចូលទៅប្រទេសវៀតណាម ថ្វីបើមានបម្រាមលើការនាំចេញបែបនេះចាប់តាំងពីខែមករាមកក្ដី។
ពីឆ្នាំ២០០០ដល់ឆ្នាំ២០១២ កម្ពុជា បានស្ថិតក្នុងចំណោមប្រទេសដែលមានកម្រិតកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតក្នុងពិភពលោក នេះបើយោងតាមទិន្នន័យវិភាគដោយសកលវិទ្យាល័យម៉ារីលែន (University of Maryland)។ យោងតាមអង្គការក្លូប៊លវីតណេស (Global Witness) ដែលជាអង្គការបរិស្ថានបានឱ្យដឹងថា ការកាប់ឈើខុសច្បាប់បានធ្វើឱ្យក្រុមអ្នកកាន់អំណាចនៅក្នុងប្រទេសមានបានយ៉ាងខ្លាំង មួយអន្លើដោយសារមានការចូលរួមពីកងទ័ព នគរបាល និងមន្ត្រីផ្សេងៗទៀត។
ទស្សនៈរបស់លោក អ៊ាង សុផល្លែត ដែលយល់ថា អាទិភាពប្រែប្រួលអាកាសធាតុរបស់កម្ពុជា គួរតែផ្ដោតលើវិធីឱ្យប្រទេសអាចបន្សាំខ្លួន និងអភិវឌ្ឍបាន ខណៈកម្រិតទឹក និងសីតុណ្ហភាពកើតឡើងជាជាងការកាត់បន្ថយកម្រិតបរិមាណបញ្ចេញកាបូនផ្ទាល់ខ្លួននោះ
ត្រូវបានមន្ត្រីបរិស្ថានផ្សេងៗទៀតលើកឡើងដូចគ្នានៅក្នុងកិច្ចប្រជុំថ្នាក់ពិភពលោកកាលពីពេលថ្មីៗនេះ។
យោងតាមទិន្នន័យឆ្នាំ២០១០របស់ធនាគារពិភពលោកបង្ហាញថា ការបញ្ចេញកាបូនក្នុងមនុស្សម្នាក់ៗនៅកម្ពុជា គឺតិចជាង៦ដងបើប្រៀបធៀបទៅវៀតណាម និងតិចជាង៥០ដងបើប្រៀបធៀបទៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា រដ្ឋាភិបាលមានគម្រោងធ្វើឱ្យកម្ពុជា កាន់តែមានពណ៌បៃតង។ លោកគូសបញ្ជាក់ថា “យើងកំពុងធ្វើផែនការដើម្បីឲ្យទីក្រុងមួយដើរដោយថាមពលពន្លឺព្រះអាទិត្យទាំងស្រុង។ កែប ឬក៏កំពត”។
លោកបានបន្តថា ការដាំព្រៃឈើឡើងវិញក៏ទំនងជាធ្វើឡើងដែរ។ “យើងកំពុងធ្វើការជាមួយឧទ្យានុរក្ស ជាមួយរដ្ឋាភិបាលចិន”។ នៅពេលចុចសួរថាតើថវិកាសម្រាប់ទីក្រុងដែលដើរដោយថាមពលពន្លឺព្រះអាទិត្យនឹងបានមកពីណា លោក អ៊ាង សុផល្លែត ឆ្លើយថា “ខ្ញុំមិនដឹងទេបញ្ហានេះ។ វាលម្អិតពេក ខ្ញុំមិនដឹងទេ”។
នៅឯសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះស្ដីពីការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដែលរៀបចំឡើងដោយ National Adaptation Plans Global Network លោក ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានបម្រែបម្រួលអាកាសធាតុនៃក្រសួងបរិស្ថានមានប្រសាសន៍ថា ក្ដីបារម្ភទាក់ទិនថវិកាកំពុងមានការពិភាក្សាគ្នានៅឡើយ។ លោកថ្លែងថា ប្រទេសកម្ពុជា មានថវិកាតិចតួចហួសពីអ្វីដែលយើងត្រូវការសម្រាប់គាំទ្រដល់មន្ត្រីនៃកម្មវិធីសកម្មភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ លោកបញ្ជាក់ថា “ថវិការដ្ឋមានកម្រិត យើងកំពុងព្យាយាមស្វែងរកការគាំទ្រ”៕ សុខុម