34.8 C
Phnom Penh

UN ជំរុញឲ្យ​​​ប្រុង​​​ប្រយ័ត្ន​២៥ឆ្នាំបន្ទាប់​ពី​​​រក​​​ឃើញ​​​ករណី​ឆ្លង​​​មេរោគ​​​អេដស៍​​​ដំបូង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ UNAIDS បានលើកឡើងកាលពីម្សិលមិញថា ២៥ឆ្នាំបន្ទាប់ពីករណីឆ្លងមេរោគអេដស៍ដំបូងត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជា ប្រទេសនេះកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់គោលដៅលុបបំបាត់ករណីឆ្លងថ្មីត្រឹមឆ្នាំ២០២៥ប្រសិនបើនៅតែមានការប្រុងប្រយ័ត្នក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។

លោកស្រី Marie-Odile Emond ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ដៃគូរួមភេទជាក្រុមងាយឆ្លងមេរោគអេដស៍បំផុត។ ស្ត្រីរកស៊ីផ្លូវភេទ ក្រុមបុរសស្រឡាញ់បុរស និងអ្នកប្រើប្រាស់គ្រឿងញៀនបង្កការគំរាមកំហែងខ្លាំងបំផុតចំពោះលទ្ធផលវិជ្ជមាននៅក្នុងការប្រឆាំងមេរោគនេះ។

ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍នៅកម្ពុជាត្រូវបានចាត់ទុកថា ជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ បន្ទាប់ពីការខិតខំប្រឹង ប្រែងរួមគ្នារវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបាននាំមកនូវការធ្លាក់ចុះនៃករណីការឆ្លងមេរោគអេដស៍ថ្មីពី២៣.០០០ករណីដែលជាករណីឆ្លងខ្ពស់បំផុតក្នុងឆ្នាំ១៩៩៥មកនៅមិនដល់១.០០០ករណីកាលពីឆ្នាំមុន។

cam-photo-un-aid-channaរបាយការណ៍ពិភពលោកស្តីអំពីជំងឺអេដស៍ចេញនៅក្នុងប្រទេសណាមីប៊ី ដោយអង្គការUNAIDS កាលពីថ្ងៃច័ន្ទបានរកឃើញថា ដៃគូរួមភេទរបស់ស្ត្រីរកស៊ីផ្លូវភេទ អ្នកប្រើប្រាស់ថ្នាំញៀន និងក្រុមបុរសដែលរួមភេទជាមួយបុរសដូចគ្នាកំពុងតែស្ថិតក្នុងស្ថានភាពប្រឈម”កាន់តែខ្លាំងឡើងៗ”។

លោកស្រីEmond បានមានប្រសាសន៍ទាក់ទិននឹងអ្នកដែលងាយឆ្លងជំងឺអេដស៍បំផុតថា “តាមពិតពេលពួកគេរួមភេទដោយមិនបានការពារជាមួយដៃគូណាមួយនោះ ករណីប្រឈមក្នុងការឆ្លងមេរោគអេដស៍គឺខ្ពស់ខ្លាំងណាស់”។

លោកស្រីបានបន្ថែមថា ការគាំទ្រការទប់ស្កាត់ក្នុងពេលបច្ចុប្បន្ន និងការខិតខំប្រឹងប្រែងព្យាបាលក្នុងចំណោមក្រុមមនុស្សទាំងនេះមានសារៈសំខាន់ក្នុងការទប់កុំឲ្យមេរោគនេះឆ្លងរាលដាល។

លោកស្រី Emond បានលើកឡើងទៀតថា ពេលមនុស្សម្នាក់ដែលឆ្លងមេរោគអេដស៍ កំពុងទទួលការព្យាបាលនោះ “សូម្បីរួមភេទដោយមិនបានការពារជាមួយមនុស្សម្នាក់នេះក៏ដោយក្តី តែករណីឆ្លងទំនងជាតិចតួចណាស់”។

លោកស្រី កែវ ថា អគ្គលេខាធិការបណ្តាញស្ត្រីរួបរួមគ្នាដែលតស៊ូមតិសម្រាប់ស្ត្រីរកស៊ីផ្លូវភេទបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំក្រុមមនុស្សងាយរងគ្រោះអំពីកត្តាប្រឈមនៃការឆ្លង បានធ្វើឲ្យករណីឆ្លងថ្មីថយចុះគួរឲ្យកត់សម្គាល់។

លោកស្រីបានថ្លែងថា “ប្រសិនបើពួកគេមិនយល់ដឹងអំពី [កត្តាប្រឈម] ទេ ករណីឆ្លងមេរោគអេដស៍នឹងកើនឡើងមិនខាន មិនមែនថយចុះឡើយ។យើងមិនទាន់រំពឹងថា អាចលុបបំបាត់មេរោគអេដស៍បាននៅឡើយ ទេ។យើងនៅមានមេរោគនេះនៅឡើយនៅកម្ពុជា”។

កាលពីខែកុម្ភៈ ក្រសួងសុខាភិបាលបានពន្យារគោលដៅលុបបំបាត់ករណីឆ្លងមេរោគអេដស៍ថ្មី  ដែលមានតិចជាង៣០០ករណីត្រូវបានរកឃើញជារៀងរាល់ឆ្នាំ ពីឆ្នាំ២០២០ទៅឆ្នាំ២០២៥វិញ។

អង្គការ UNAIDS ប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរ៧៣.០០០នាក់កំពុងរស់នៅជាមួយមេរោគអេដស៍ ប៉ុន្តែ ថាក្នុងចំណោមពួកគេ មាន១៥.០០០នាក់នៅមិនទាន់ត្រូវបានបញ្ជាក់ដោយបុគ្គលិកសុខាភិបាលសាធារណៈនៅឡើយទេ។

ដោយមានបញ្ហាបន្ទុចបង្អាក់នឹងលទ្ធផលវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងមេរោគអេដស៍ នោះ មានអ្នកភូមិជាង២៧០នាក់ដែលរស់នៅតំបន់ជនបទក្នុងខេត្តបាត់ដំបងត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគអេដស៍កាលពីចុងឆ្នាំ២០១៤។ គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ត្រូវបានរកឃើញថា ជាអ្នកធ្វើឲ្យកើតមានការផ្ទុះនេះដោយសារបានប្រើម្ជុល និងស៊ឺរាំងដដែលៗក្នុងការព្យាបាលអ្នកជំងឺមួយំនួន ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំកាលពីឆ្នាំមុន។

លោក ទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍បានលើកឡើងកាលពីម្សិលមិញថា មនុស្ស២០នាក់ក្នុងឃុំរកា ដែលស្ថិតក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍យ៉ាងច្រើននេះបានស្លាប់តាំងពីពេលនោះមកម្លេ៉ះ ប៉ុន្តែថា អ្នកផ្សេងៗទៀតកំពុងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។

លោកបានមានប្រសាសន៍ថា “ឥឡូវនេះស្ថានភាពស្ថិតក្នុងសភាពប្រសើរ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឆន ភារុណ)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស