34 C
Phnom Penh

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​អនុ​​​ម័ត​​​​​​ថវិកា​សម្រាប់​​​ឆ្នាំ​២០១៧ តែ​​​គណ​​​​​​បក្ស​​​ប្រឆាំង​​​​មិន​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានប្រើប្រាស់សំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភាដើម្បីអនុម័តសេចក្តីព្រៀងថវិកាជាតិសម្រាប់ឆ្នាំក្រោយកាលពីម្សិលមិញ ទោះបីជាមានការតវ៉ា និងការរិះគន់ពីគណបក្សសង្គ្រោះជាតិ ដែលតំណាងរាស្ត្ររបស់ខ្លួនបានជ្រើសរើសមិនបោះឆ្នោតដើម្បីជាការតវ៉ាក៏ដោយ។

ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៧ នឹងជួយបង្កើនខ្ទង់ចំណាយចំនួន១៥,៦ភាគរយបើធៀបនឹងឆ្នាំមុន ពោលគឺកើនជិតដល់៥ពាន់លានដុល្លារសម្រាប់ស្ទើរគ្រប់វិស័យទាំងអស់។ ខ្ទង់ចំណាយលើវិស័យការពារជាតិ និងសន្តិសុខនឹងកើនឡើងប្រហែល២០ភាគរយ ពោលគឺកើនឡើងដល់៨២៥លានដុល្លារ។ ខ្ទង់ចំណាយសម្រាប់វិស័យអប់រំនឹងកើនឡើង៣៥ភាគរយពោលគឺកើនឡើងដល់៦៨៥លានដុល្លារ។

លោក ជាម យៀប តំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា “ខ្ទង់ចំណាយសម្រាប់ថវិកាឆ្នាំ២០១៧គឺដើម្បីឆ្លើយតបទៅនឹងអាទិភាព និងសេចក្តីត្រូវការរបស់ក្រសួង និងស្ថាប័នផ្សេងៗដើម្បីសម្រេចគោលដៅគោលនយោ បាយរបស់ខ្លួន”។

ទោះជាយ៉ាងណា ដោយផ្តោតលើការតវ៉ាជាយូរមកហើយនោះលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានជំទាស់ថា អាទិភាពរបស់រដ្ឋាភិបាលនៅមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិនៅឡើយទេ។ លោកបានគូសបញ្ជាក់ ថា ប្រទេសជិតខាង ដូចជាប្រទេសថៃ និងប្រទេសវៀតណាម ជាដើមបានចំណាយលើវិស័យអប់រំច្រើនជាងប្រទេសកម្ពុជា ជាចំណែក នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ។

លោកបានមានប្រសាសន៍ថា “ខ្ទង់ចំណាយនេះមិនឆ្លើយតបចំពោះសេចក្តីត្រូវការនៃវិស័យអាទិភាពដូចជាវិស័យអប់រំ និងវិស័យសុខាភិបាលឡើយ ប៉ុន្តែ វិស័យការពារជាតិបន្តកើនឡើង”។

លោក ជាម យៀប បានពន្យល់ថា ថវិកាសម្រាប់ឆ្នាំក្រោយកើនឡើង ដោយសារមានការព្យាករណ៍ថា ចំណូលរដ្ឋាភិបាល នឹងកើនឡើង១៦,៧ភាគរយ ពោលគឺកើនឡើងដល់ប្រហែល៣,៩១ពាន់លានដុល្លារ ក្នុងនោះរួមមានការកើនឡើង២០,២ភាគរយក្នុងការប្រមូលពន្ធ ពោលគឺកើនឡើងដល់១,៤៨ពាន់លានដុល្លារ។

ទោះជាយ៉ាងណា ពេលថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីសម័យប្រជុំសភា លោក សុន ឆ័យ បានរអ៊ូរទាំអំពីចំនួនកម្ចីដែលរដ្ឋាភិបាលបានខ្ចីដើម្បីជួយគាំទ្រដល់ផែនការចំណាយរបស់ខ្លួន។

cam-photo-front-channaលោកបានមានប្រសាសន៍ថា “យើងមើល ឃើញថា ខ្ទង់ចំណាយ គឺជិត៥ពាន់លានដុល្លារប៉ុន្តែ ខ្ទង់ចំណាយនេះពឹងផ្អែកលើកម្ចីជិត១ពាន់លានដុល្លារទៅហើយ ហេតុដូច្នេះវានៅមិនទាន់មានតុល្យភាពនៅឡើយទេ”។

លោកបានបន្ទោសផ្នែកនៃឱនភាពនេះ លើការមិនបានប្រមូលថ្លៃឈ្នួលដីរបស់រដ្ឋាភិបាលដែលក្រុមហ៊ុនទទួលបានសិទ្ធិគ្រប់គ្រងដីសម្បទានជាច្រើន និងក្រុមហ៊ុនឯកជនដែលបានជួលដីក្នុងទំហំជាច្រើនហិកតាដើម្បីដាំដុះដំណាំបានជំពាក់។

លោកបានមានប្រសាសន៍ថា “ទោះបីជាឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានអះអាងថា មានដីសម្បទានសេដ្ឋកិច្ចទំហំ១.០៩០.០០០ហិកតាក៏ដោយ តែពន្ធលើដីក្នុងទំហំ១.០៩០.០០០ហិកតា នេះប្រមូលមិនបានត្រឹមត្រូវទេ។ មានការឃុបឃិតដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនដែលទទួលបានដីសម្បទានរំលោភកិច្ចសន្យារបស់ខ្លួន និងលក់ដីសម្បទាននេះ ឬបន្តការកាប់បំផ្លាញព្រៃឈើ”។

ការកាប់រាននៅក្នុង និងជុំវិញតំបន់ដីសម្បទាន ដែលជារឿយៗស្ថិតនៅក្នុងតំបន់ព្រៃការពារនោះ បានធ្វើឲ្យប្រទេសកម្ពុជា ជាប់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាបាត់បង់ព្រៃឈើខ្ពស់បំផុតក្នុងពិភពលោក ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ឈើភាគច្រើនត្រូវបានដឹកជញ្ជូនចេញទៅប្រទេសចិន និងវៀតណាម។

អំឡុងសម័យប្រជុំសភាកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្រុមហ៊ុនទទួលបានសម្បទានបានបង់ឲ្យរដ្ឋាភិបាល១០ដុល្លារក្នុងមួយហិកតានៅពេលចាប់ផ្តើម ហើយក្រោយពេល៥ឆ្នាំ ៥ដុល្លារបន្ថែមសម្រាប់រាល់ដីមួយហិកតា ដែលពួកគេបានកាប់ត្រាយព្រៃចេញ។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានមានយោបល់ជំទាស់នឹងរដ្ឋមន្ត្រី ដោយអះអាងថា លោកបានដឹងថា ក្នុងខេត្តស្ទឹងត្រែងតែមួយគត់មានសម្បទាន១២កន្លែង ដែលនៅជំពាក់រដ្ឋាភិបាលនូវថ្លៃជួលហួសពេលកំណត់ត្រូវបង់សរុប១១លានដុល្លារ។

លោកក៏បានលើកឡើងនូវការពិត ដែលទិន្នន័យគយវៀតណាមបង្ហាញការនាំចូលឈើតម្លៃជាង១០០លានដុល្លារពីប្រទេសកម្ពុជារហូតមកទល់ឆ្នាំនេះ បើទោះជាមានបម្រាមទាំងស្រុងដែលប្រទេសកម្ពុជាបានដាក់លើការនាំចេញឈើទៅប្រទេសវៀតណាមកាលពីខែមករា ក៏ដោយ។

លោក អូន ព័ន្ធមុនីរ័ត្ន បានស៊កសម្តីថា ប្រទេសកម្ពុជាមិនមានសិទ្ធិសួរប្រទេសវៀតណាមរកតួលេខគយរបស់ប្រទេសនេះទេ និងបានស្នើឲ្យលោក ឆៃអ៊ាង ចែករំលែកទិន្នន័យនោះ ប្រសិនបើលោកមាន។ តួលេខនោះត្រូវបានប្រមូលដោយអង្គការក្រៅរដ្ឋាភិបាលអាមេរិក Forest Trends និងបានរាយការណ៍ក្នុងព័ត៌មានក្នុងស្រុក។

ឆ្លើយតបទៅនឹងកង្វល់របស់គណបក្សប្រឆាំងដែរ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិបាលក៏កំពុងធ្វើការលើគម្រោងប្រាក់រ៉ឺត្រែតសម្រាប់បុគ្គលិកវិស័យឯកជន ទៅជាមួយគម្រោងដែលមានស្រាប់សម្រាប់មន្ត្រីរាជការស៊ីវិល។

អវត្តមានគួរឲ្យកត់សម្គាល់ពីប្រជុំនោះ គឺលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។

កាលពីសប្តាហ៍មុន គណបក្សសង្គ្រោះជាតិបាននិយាយថា លោក កឹម សុខា មានគម្រោងចូលរួមសម័យប្រជុំសភានេះ ដែលគណបក្សប្រឆាំងបាននិងកំពុងធ្វើពហិការ ចាប់តាំងពីនគរបាលបានព្យាយាមចាប់ខ្លួនលោកកាលពីខែឧសភាមក ដោយសារមិនបានឆ្លើយតបនឹងបង្គាប់របស់តុលាការឲ្យចូលខ្លួន ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ចរកម្មពាក់ព័ន្ធនឹងស្រីកំណាន់ដែលគេចោទថាជារបស់លោក។

តាំងពីពេលនោះមកលោក កឹម សុខា ត្រូវបានផ្តន្ទាទោសព្រោះមិនអើពើនឹងបង្គាប់ នោះ និងកាត់ទោសឲ្យជាប់ពន្ធនាគារ៥ខែ។ លោកនៅតែសម្ងំនៅក្នុងទីស្នាក់ការគណបក្ស ដោយខ្លាចមានការប៉ុនប៉ងចាប់ខ្លួនទៀត ខណៈដែលលោកកំពុងប្តឹងឧទ្ធរណ៍។

កាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា អនុប្រធានបក្សរូបនេះបានសម្រេចមិនចូលប្រជុំ ពីព្រោះ “ដំណោះស្រាយនយោបាយ”ដែលគណបក្សប្រឆាំងសង្ឃឹមថា នឹងសម្រេចជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសំណុំរឿងតុលាការប្រឆាំងរូបលោកនិងតំណាងរាស្ត្រផ្សេងទៀត ព្រមទាំងអ្នកគាំទ្របក្ស ត្រូវគេទម្លាក់ចោលនោះ មិនទាន់មានលេចជារូបរាងនៅឡើយ។

លោក យឹម សុវណ្ណ បានមានប្រសាសន៍បន្ថែមទៀតថា “គាត់ចង់បានដំណោះស្រាយនេះ។ ប៉ុន្តែមិនមានដំណោះស្រាយពីភាគីម្ខាងទៀត”។

គណបក្សប្រជាជនកម្ពុជានិយាយថា ខ្លួនគ្មានសមត្ថភាពទម្លាក់ការចោទប្រកាន់ទាំងនេះទេ បើទោះជាខ្លួនចង់ក៏ដោយ ប៉ុន្តែ គណ បក្សនេះធ្លាប់បានធ្វើដូច្នេះជាច្រើនលើករួចមកហើយក្នុងពេលកន្លងមក ជាថ្នូរនឹងសម្បទានពីបក្សប្រឆាំង៕ ស៊ុយឈាង និង និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស