38.1 C
Phnom Penh

សាលា​ក្ដី​​ចេញ​សាល​​​ដីកា​ស្ថាពរ​ផ្ដន្ទាទោស​​ ខៀវ សំផន ​​​និង​ នួន​ ជា ​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ភ្នែកសម្លឹងទៅមុខក្នុងទឹកមុខយ៉ាងមាំ មេដឹកនាំខ្មែរក្រហម នួន ជា និង ខៀវ សំផន បានក្លាយជាមេដឹកនាំជាន់ខ្ពស់ដំបូងក្នុងរបបនេះដែលត្រូវបានផ្ដន្ទា ទោសជាស្ថាពរចំពោះតួនាទីរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មប្រព្រឹត្តអំឡុងរបប ប៉ុល ពត ដ៏រន្ធត់តក់ស្លុតក្នុងទសវត្សរ៍ឆ្នាំ១៩៧០។

បន្ទាប់ពីត្រូវអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) សម្រេចឲ្យជាប់ពិរុទ្ធភាពកាលពីខែសីហា ឆ្នាំ២០១៤ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងដំណាក់កាលដំបូងនៃសំណុំ រឿងប្រឆាំងពួកគេ ក្រុមមេធាវីការពារក្ដីបានដាក់បណ្ដឹងសាទុក្ខយ៉ាងវែងអន្លាយ ហើយតាមផ្លូវច្បាប់សន្មតថា មេដឹកនាំខ្មែរក្រហមទាំងពីរនៅតែគ្មានទោសរហូតទាល់តែអង្គជំនុំជម្រះតុលាការកំពូលចេញសាលដីកា។

cam-photo-eccc-frontនួន ជា អាយុ៩០ឆ្នាំ ដែលជាបងធំទី២របស់ ប៉ុល ពត និង ខៀវ សំផន អាយុ៨៥ឆ្នាំ ដែលជាប្រមុខរដ្ឋក្នុងរបបនេះ បានព្យាយាមស្វះស្វែងឲ្យកែប្រែសាលក្រមនេះ និងការសម្រេចឱ្យរួចខ្លួនទាំងស្រុង។ ខៀវ សំផន ក៏បានស្នើសុំឱ្យកាត់បន្ថយទោសរបស់គាត់ដែរ ប្រសិនបើបណ្ដឹងសាទុក្ខរបស់គាត់ជំទាស់សាលក្រមនេះត្រូវបានច្រានចោល។

ខណៈអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីបានតម្កល់សាលក្រមផ្ដន្ទាទោសពួកគេទាំងពីរឱ្យជាប់ពន្ធនាគារមួយជីវិត វាក៏បានលុបចោលដែរនូវសេចក្ដីសម្រេចជាច្រើនធ្វើឡើងដោយអង្គជំនុំជម្រះសាលាដំបូងនៅក្នុងសេចក្ដីសម្រេចបឋមរបស់ខ្លួន ក្នុងនោះួមមានបទចោទប្រកាន់ជាច្រើនផងដែរ។

នៅចុងបញ្ចប់ តុលាការកំពូលបានសន្និដ្ឋានថា “ទ្រង់ទ្រាយដ៏ធំនៃឧក្រិដ្ឋកម្ម ការខ្វះខាតទាំងស្រុងនូវការគិតគូរពីជោគវាសនារបស់ប្រជាជនកម្ពុជា និងតួនាទីដ៏សំខាន់របស់ជនជាប់ចោទ” មានន័យថា “ការដាក់ទោសមួយជីវិតសម្រាប់ជនជាប់ចោទម្នាក់ៗគឺសមរម្យហើយ”។

ភាគច្រើននៃសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងត្រូវបានតម្កល់ទុកជាបានការ  ជាពិសេសការចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលរួមមាន ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងទង្វើអមនុស្សធម៌ផ្សេងៗទៀតពាក់ព័ន្ធការជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ  បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ទីក្រុងក្នុងឆ្នាំ១៩៧៥។ ដំណាក់កាលពី២នៃសំណុំរឿងនេះដែលអតីតមេដឹកនាំទាំងពីរកំពុងឡើងសវនាការជំនុំជម្រះពីបទឧក្រិដ្ឋកម្មផ្សេងៗទៀត រួមមានទាំងអំពើប្រល័យពូជសាសន៍ផងនោះ កំពុងតែបន្ត។

ចៅក្រម គង់ ស្រុីម មានប្រសាសន៍ថា អង្គជំនុំជម្រះសាលាដំបូងមិនត្រឹមត្រូវឡើយនៅក្នុងការសម្រេចរបស់ខ្លួនថា ឧក្រិដ្ឋកម្មនៃការសម្លាប់រង្គាលត្រូវបានប្រព្រឹត្តអំឡុងពេលជម្លៀសប្រជាជនរាប់សែននាក់ដោយបង្ខំឱ្យចេញពីក្រុងភ្នំពេញ  ពីព្រោះគ្មានភ័ស្តុតាងច្បាស់លាស់បង្ហាញពីចេតនាផ្ទាល់នោះទេ។ លោកបន្តថា  ”ដោយសារភាពមិនរឹងមាំនៃភ័ស្តុតាងនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង  មិនអាចធ្វើការប៉ាន់ស្មានថាការកាប់សម្លាប់បានកើតឡើងទ្រង់ទ្រាយធំបានទេ”។

ការចោទប្រកាន់ពីបទកាប់សម្លាប់រង្គាលពាក់ព័ន្ធដំណាក់កាលពី២នៃការជម្លៀសប្រជាជនក៏ត្រូវបានលុបចោលដែរដោយហេតុផលរួមមានថា “សេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងមិនអាចប៉ាន់ស្មានដឹងឡើយថា ជនល្មើសប្រព្រឹត្តដោយចេតនាផ្ទាល់ដើម្បីសម្លាប់ក្នុងទ្រង់ទ្រាយធំ”។

ថ្វីបើមានការបញ្ជាក់ថា ទាហាន និងមន្ត្រីយ៉ាងហោចណាស់២៥០នាក់មកពីសាធារណរដ្ឋខ្មែរដែលគាំទ្រដោយសហរដ្ឋអាមេរិក ត្រូវបានកាប់សម្លាប់នៅទួលពោធិ៍ជ្រៃ នៅចុងខែមេសា ឆ្នាំ១៩៧៥ ក៏គេបានរកឃើញថា គ្មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាអតីតរបបនេះមានគោលការណ៍តម្រូវឲ្យសម្លាប់ទាហានទាំងអស់នោះទេ។

អង្គហេតុដែល “ភ័ស្តុតាងភាគច្រើនមានសេចក្ដីបំភ្លឺក្រៅតុលាការដែលគេចាត់ថា “មានតម្លៃជាភ័ស្តុតាងទាប” រួមជាមួយការមិនបានពិចារណារបស់អង្គជំនុំជម្រះសាលាដំបូងអំពីភ័ស្តុតាង “ដែលបណ្តាលឱ្យមានមន្ទិលថាគោលការណ៍ឲ្យកាប់សម្លាប់” បាននាំឲ្យមានការប្រែសេចក្តីសម្រេចនេះ។

លោកចៅក្រមមានប្រសាសន៍ថា “អាស្រ័យហេតុនេះ មិនអាចឲ្យជនជាប់ចោទទទួលខុសត្រូវបទព្រហ្មទណ្ឌពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តនៅទួលពោធិ៍ជ្រៃនោះទេ”។

សាលដីកានេះក៏បានរិះគន់អង្គជំនុំជម្រះសាលាដំបូងទាក់ទិនសេចក្ដីសម្រេចដែលត្រូវបានតម្កល់ទុកជាបានការ ក្នុងនោះរួមមានការមិនបានកោះហៅលោក ហេង សំរិន ប្រធានរដ្ឋសភាដែលជាអតីតទាហានឋានៈកណ្ដាលរបស់ខ្មែរក្រហមឲ្យឡើងផ្ដល់សក្ខីកម្មផងដែរ។ ទោះជាយ៉ាងណា ចៅក្រម គង់ ស្រុីម ថ្លែងថា ការអះអាងដោយក្រុមមេធាវីការពារក្ដីថាការមិនបានកោះហៅលោក ហេង សំរិន និងលោក អ៊ុក ប៊ុនឈឿន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បណ្ដាលឱ្យមាន ”លទ្ធផលមិនត្រឹមត្រូវទាំងស្រុងនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ” នោះ មិនត្រូវបានធ្វើឡើងទេ។

នួន ជា និង ខៀវ សំផន ស្តាប់សវនាការជំនុំជម្រះទោសរបស់ខ្លួនកាលពីម្សិលមិញ នៅសាលាក្តីខ្មែរក្រហម។ សាលាក្តីបានចេញសាលដីកាផ្តន្ទាទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងពីរឲ្យជាប់ពន្ធនាគារមួយជីវិត។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នួន ជា និង ខៀវ សំផន ស្តាប់សវនាការជំនុំជម្រះទោសរបស់ខ្លួនកាលពីម្សិលមិញ នៅសាលាក្តីខ្មែរក្រហម។ សាលាក្តីបានចេញសាលដីកាផ្តន្ទាទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងពីរឲ្យជាប់ពន្ធនាគារមួយជីវិត។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លើកឡើងពីហេតុផលរបស់តុលាការក្រោយចេញសាលដីកានេះ លោក ដេវីដ ស្កេហ្វឺ (David Scheffer) អ្នកជំនាញពិសេសរបស់អង្គការសហប្រជាជាតិលើបញ្ហាសាលាក្ដីបានសរសើរសេចក្ដីសន្និដ្ឋានក្នុងសំណុំរឿងនេះ ហើយបានប្រៀបធៀបវាទៅនឹងសវនាការនៅក្នុងទីក្រុងនូរ៉េមបឺក (Nuremberg) ដែលបានចោទប្រកាន់ពួកណាស៊ីជាន់ខ្ពស់ពីបទឧក្រិដ្ឋកម្មមិនយូរប៉ុន្មានបន្ទាប់ពីសង្គ្រាមលោកលើកទី២។

លោកថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ដំណាក់កាលពី១របស់តុលាការនេះពិតជាដូចនៅនូរ៉េមបឺក ខ្លាំងណាស់ ហើយនឹងមាននូរ៉េមបឺកទី២ នៅពេលសាលក្រមស្ថាពរក្នុងដំណាក់កាលពី២នៃសំណុំរឿងប្រឆាំង ខៀវ សំផន និង នួន ជា ចេញនៅពេលខាងមុខ”។

លោកមានប្រសាសន៍ទៀតថា បណ្ដាមេដឹកនាំនៃក្រុមរដ្ឋអុិស្លាម (ISIS) រួមជាមួយប្រទេសផ្សេងៗទៀតដូចជាកូរ៉េខាងជើង និងហ្វីលីពីនជាដើមគួរតែដឹងថា “ទីបំផុត ដៃដ៏វែងនៃយុុត្តិធម៌អន្តរជាតិអាចនឹងច្បាមចាប់ពួកគេបាន”។

លោក នីកូឡាស គូមចៀន (Nicholas Koumjian) សហព្រះរាជអាជ្ញាអន្តរជាតិក៏បានលើកឡើងផងដែរថា ការបើកសវនាការ លើសំណុំរឿង នួន ជា និង ខៀវ សំផនគឺ “ពិតជាការបើកសវនាការដ៏មានសារៈសំខាន់បំផុត បើគិតចាប់តាំងពីក្រុង នូរ៉េមបឺក មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក”។

ទោះជាយ៉ាងណា លោកបានទទួលស្គាល់ ថា លោកមានការខកចិត្តចំពោះការសម្រេចកែប្រែសេចក្តីសម្រេចសំខាន់ៗមួយចំនួននៅក្នុងសំណុំរឿងេនះ។

លោក នីកូឡាស គូមចៀន បានមានប្រសាសន៍ថា “ស្រដៀងការបោះឆ្នោតដែរ ជូនកាលអ្នកប្រហែលជាមិនពេញចិត្តចំពោះ លទ្ធផលនោះទេ ប៉ុន្តែ ប្រសិនបើអ្នកជឿជាក់ លើនីតិរដ្ឋអ៊ីចឹងអ្នកទទួលយកថា ស្ថាប័ននីមួយៗឯករាជ ហើយពួកគេប្រហែលជាឈានដល់លទ្ធផលមួយដែលគ្មានគណបក្សណាមួយពេញចិត្ត១០០ភាគរយនោះឡើយ”។

លោកបានមានប្រសាសន៍បន្ថែមថា  “ខណៈខ្ញុំប្រហែលជាមិនឯកភាពនឹងសេចក្តីលម្អិតទាំងអស់នេះ ខ្ញុំគិតថាលទ្ធផលចុងក្រោយ  និងការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងនេះគឺអយុត្តិធម៌”។

ថ្វីបើសំដែងការគាំទ្រចំពោះការកែប្រែសេចក្តីសម្រេចមួយចំនួនក៏ដោយ ក៏មេធាវីការពារក្តីនៅតែរិះគន់យ៉ាងខ្លាំងដែរចំពោះដំណើរការបណ្តឹងសាទុក្ខ និងសាលាក្តីនិយាយ ជារួម ក្រោយការប្រកាសសាលដីកា។

លោកស្រី អានតា ហ្គីស្សេ (Anta Guisse)  ស្មាក្តីអន្តរជាតិការពារក្តីឲ្យ ខៀវ សំផន មានប្រសាសន៍ថា “ខ្ញុំនឹងចាប់ផ្តើមដោយនិយាយថា យើងសម្លឹងមើលអគារនៃសាលាក្តីនេះក្នុងថ្ងៃនេះ”។ លោកស្រីបានបន្ថែមថា “ទ្វារបានលាបពណ៌ឡើងវិញ យើងបានធ្វើឲ្យសាលាក្តីនេះស្អាត អ៊ីចឹងមនុស្សម្នាអាចមកទីនេះដោយមានសម្លៀកបំពាក់ស្អាតបាតដើម្បីចូលរួមស្តាប់ការប្រកាសនេះ ហេតុដូច្នេះយើងអាចតាមដានសាលដីកាបណ្តឹងសាទុក្ខប៉ុន្តែយើងចង់និយាយថា យើងបានមើលឃើញថា យុត្តិធម៌នេះជាយុត្តិធម៌ដែលមានការកែខៃ”។

លោកស្រី អានតា ហ្គីស្សេ បានលើកឡើងទៀតថា ការកែប្រែសេចក្តីសម្រេចមិនសូវមានភាពខុសប្លែកទេ ព្រោះការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតត្រូវបានតម្កល់។

លោកស្រីបានថ្លែងថា “ប្រជាពលរដ្ឋនឹងនិយាយថា ទាំងនេះគ្រាន់តែពាក្យសម្តីនៃការការពារដ៏ជួរចត់ប៉ុណ្ណោះ ប៉ុន្តែ ធាតុពិតមិនអ៊ីចឹងទេ យើងជាមេធាវី ហើយបញ្ហាផ្លូវច្បាប់ជាបញ្ហាសំខាន់”។

លោក វីកទ័រ កូប៉េ (Victor Koppe) មេធាវីការពារក្តីអន្តរជាតិរបស់ នួន ជា បានលើកឡើងថា លោក “មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង” ដោយសារតែការកែប្រែការផ្តន្ទាទោសនេះហើយថា លោកគិតថា វាអាចនឹងមានផលប៉ះពាល់លើដំណាក់កាលទីពីរនៃសំណុំរឿង០០២ដែលចុងចោទមានវ័យចាស់ជរាទាំងពីររូបនេះកំពុងស្ថិតក្នុងដំណើរការបើកសវនាការជុំវិញបទឧក្រិដ្ឋជាច្រើន រួមមានដូចជាបទប្រល័យពូជសាសន៍ជាដើម។

លោកបានមានប្រសាសន៍ថា “ការតវ៉ាមួយក្នុងចំណោមការតវ៉ាសំខាន់ៗរបស់យើងនៅក្នុងសំណុំរឿង០០២/០១និងជាពិសេសក្នុងសំណុំរឿង០០២/០២ គឺថា ស្តង់ដារនៃការទទួលយកភ័ស្តុតាងស្តីពីហេតុការណ៍ជាក់លាក់ នៅទាបខ្លាំងណាស់”។

cam-photo-verdict_jumpលោកបានមានប្រសាសន៍បន្តថា “ឥឡូវ កត្តានេះ ជាឧបសគ្គដ៏ធំ ដែលខ្ញុំជឿថា អាចមានផលប៉ះពាល់ខ្លាំងលើដំណើរការនៅក្នុងសំណុំរឿង០០២/0២ ជាពិសេសបទចោទប្រកាន់ប្រល័យពូជសាសន៍ ព្រោះភ័ស្តុតាងមិនល្អិតល្អន់ និងមិនផ្អែកលើការពិត។ ខ្ញុំគិតថា ការផ្តន្ទាទោសនេះមិនមានការពេញចិត្តចំពោះបញ្ហាហ្នឹងទេ”។

ពេលសួរថាតើ លោកមានការផ្លាស់ប្តូរចិត្តចំពោះការលើកឡើងរបស់លោកនៅក្នុងវីដេអូមួយកាលពីសប្តាហ៍មុនដែលហៅបណ្តឹងសាទុក្ខនេះថា “មិនពាក់ព័ន្ធ” នោះដែរឬទេលោក វីកទ័រ កូប៉េ បានលើកឡើងថា គំនិតរបស់លោកប្រែក្លាយមកជា “រាងស្រាល បន្តិច”។

លោកបានមានប្រសាសន៍ថា “បញ្ហានៅត្រង់ថា តើវានឹងមានផលប៉ះពាល់អ្វីលើចៅក្រមនៅក្នុងអង្គជំនុំជម្រះសាលាដំបូង?ខ្ញុំធ្លាប់បានលើកឡើងជាច្រើនដងរួចមកហើយថា ពួកគេមានភាពលម្អៀងខ្លាំង ហើយអសមត្ថភាព”។

លោកបានបន្តថា “តើពួកគេនឹងយកចិត្តទុកដាក់នឹងអ្វីដែលអង្គជំនុំជម្រះតុលាការកំពូលបានលើកឡើងដែរ ឬទេ? នោះមានន័យថា អ្វីៗមានការផ្លាស់ប្តូរទាំងស្រុង”៕ សុខុម និង ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស