26 C
Phnom Penh

តុលាការកំពូលបើកសវនាការសំណើសុំដោះលែងមន្ត្រីអាដហុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារមួយរូបបានផ្តល់សក្ខីកម្មចំពោះមុខតុលាការកំពូលកាលពីម្សិលមិញ អំឡុងមានការបើកសវនាការលើសំណើសុំនៅក្រៅឃុំថា ស្រីកំណាន់ដែលគេចោទថា ជារបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនោះ បាននិយាយប្រាប់មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកថា នាងគ្មានស្នេហាលួចលាក់នោះទេ ហើយថា ខ្សែអាត់សំឡេងមិនសមរម្យដែលគេអះអាងថារវាងនាងនិងលោក កឹម សុខា មិនមែនជាសំឡេងរបស់នាងឡើយ។

កាលពីចុងខែកុម្ភៈ ទំព័រហ្វេសប៊ុកអនាមិកមួួយបានបង្ហោះខ្សែអាត់សំឡេងជាច្រើនដោយលាតត្រដាងរឿងដែលលោក កឹម សុខា ិយាយអំពីបញ្ហាផ្លូវភេទជាមួយកញ្ញា ខុម ចាន់តារាទី អាយុ២៥ឆ្នាំ ជាអ្នកធ្វើសក់ធ្វើក្រចកនៅហាងកាត់សក់មួយកន្លែងក្នុងរាជធានីភ្នំពេញ។

ការសើុបអង្កេតជុំវិញខ្សែអាត់សំឡេងទាំងនេះបានឈានដល់មានការចាប់ខ្លួនមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៤រូប ព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ពីបទសូកប៉ាន់កញ្ញា ខុម ចាន់តារាទី ឲ្យបដិសេធរឿងស្នេហាលួចលាក់ ពេលត្រូវបានអាជ្ញាធរសាកសួរ។ លោក កឹម សុខា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ ដោយសារមិនបានបង្ហាញខ្លួននៅតុលាការសម្រាប់ការសាកសួរជុំវិញសំណុំរឿងនេះ។

cam-photo-adhocនៅក្នុងការបើកសវនាការជាសាធារណៈលើកដំបូងលើសំណុំរឿងនេះនៅឯតុលាការ កំពូលក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រមមួួយក្រុមមានគ្នាចំនួន៥រូបបានសាកសួរចុងចោទចំនួន៥នាក់ម្តងម្នាក់ៗអំពីសំណើ សុំនៅក្រៅឃុំរបស់ពួកគេ។

លោក ណៃ វង់ដា មន្ត្រីសិទ្ធិមនុស្សមួយរូបក្នុងចំណោមមន្ត្រីសិទ្ធិមនុស្សទាំង៤រូបនេះបានលើកឡើងថា “ខុម ចាន់តារាទី បានបញ្ជាក់ថា នាងមិនមានរឿងស្នេហាលួចលាក់ជាមួយឯកឧត្តម កឹម សុខា ទេ”។

លោក ណៃ វង់ដា បានផ្តល់សក្ខីកម្មថា តាមអ្វីដែលលោកបានដឹង ខ្សែអាត់សំឡេងទាំងនេះដែលត្រូវបានបង្ហោះនៅលើអីុនធឺណិតគឺសុទ្ធតែជាការប្រឌិត ដោយលើកឡើងថា កញ្ញាខុម ចាន់តារាទី “បាននិយាយថា វាមិនមែនជាសំឡេងរបស់នាងទេ ហើយវាត្រូវបានគេកាត់ត”។

លោក យី សុខសាន្ត មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកម្នាក់ទៀតបានបដិសេធចំពោះការចោទប្រកាន់ពីបទសូកប៉ាន់។

លោកបានមានប្រសាសន៍ថា “ពេលក្រសួងមហាផ្ទៃបានកោះហៅនាងមកសាកសួរ កញ្ញា ខុម ចាន់តារាទី មានការភ័យខ្លាច។ នាងបានសុំឲ្យអាដហុកជួយ ហេតុដូច្នេះទើបយើងជួយនាង”។

នៅក្នុងសំណើសុំនៅក្រៅឃុំ លោក យី សុខសាន្ត បានសង្កត់ធ្ងន់ថា លោកមានជំងឺហើយគួរតែបានចាកចេញពីពន្ធនាគារទៅបម្រើសង្គមវិញទើបប្រសើរ។

សំណំុរឿងនេះបានធ្វើឲ្យចុងចោទជាប់ពន្ធនាគារអស់រយៈពេល២១០ថ្ងៃមកហើយគិតមកដល់ថ្ងៃនេះ។ លោក យី សុខសាន្ត បានបន្តថា ការដោះលែងពួកគាត់នឹងជាការផ្សព្វផ្សាយជាសាធារណៈដ៏ល្អប្រសើរមួយសម្រាប់គណបក្សកាន់អំណាច។ លោកបានគូសបញ្ជាក់ថា សហគមន៍អន្តរជាតិបាន “រិះគន់ថ្នាក់ដឹកនាំកម្ពុជាថា បានរំលោភបំពានមន្ត្រីសិទ្ធិមនុស្ស”។

លោក នី សុខា ដែលជាចុងចោទម្នាក់ទៀតមកពីសមាគមសិទ្ធិមនុស្សអាដហុកដែរនោះបានលើកឡើងថា ការឃុំខ្លួនពួកលោកបានបង្កឲ្យកើតមាន “ភាពចលាចលនៅក្នុងសង្គម ឧទាហរណ៍ដូចជាមានយុទ្ធនាការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅជាដើម” ហើយលោកបានលើកឡើងថា ការដោះលែងពួកលោក នឹងបញ្ចប់បញ្ហានេះ។

សេចក្តីសម្រេចលើសំណើសុំនៅក្រៅឃុំនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស