29 C
Phnom Penh

បក្ស​​ប្រឆាំង​​ស្ដាយ​ដែល​ពលករ​​ចំណាក​ស្រុក​​បាត់​ឱកាស​​​​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងការខ្នះខ្នែងចុងក្រោយរបស់ខ្លួនសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត ដែលពេលកំណត់ត្រូវផុតនៅត្រឹមថ្ងៃអង្គារ គណបក្សសង្គ្រោះជាតិកំពុងសោកស្ដាយចំពោះការគ្មានសិទ្ធិបោះឆ្នោតរបស់ពលករដែលរស់នៅក្រៅប្រទេស ដោយនិយាយថា ការគាំទ្ររបស់ពួកគេនឹងមានឥទ្ធិពលសម្រាប់បក្សប្រឆាំង។

គណបក្សនេះបានបន្ទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថាមិនបានធ្វើការខិតខំណាមួយដើម្បីបង្កលក្ខណៈងាយស្រួលជាងនេះដល់ពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេសក្នុងការទទួលបានសិទ្ធិបោះឆ្នោតទេ ហើយតំណាងរាស្ត្រជាន់ខ្ពស់ម្នាក់ក៏បានស្ដាយក្រោយដែរដែលគណបក្សសង្គ្រោះជាតិមិនបានជំរុញឱ្យខ្លាំងជាងនេះដើម្បីបានបែបនេះ អំឡុងពេលចរចាាក់ទិននឹងច្បាប់បោះឆ្នោតថ្មីនេះ។

លោកស្រី មូរ សុខហួរ ប្រធានគណៈកម្មការកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិបាននិយាយក្នុងអុីម៉េលនៅក្នុងសប្ដាហ៍នេះថា “គ.ជ.ប. និយាយឲ្យចំទៅ មិនបានព្យាយាមឱ្យមានការបត់បែនតាមកាលៈទេសៈទេ។ ពួកគេចេះតែយោងទៅតាមច្បាប់បោះឆ្នោត ប៉ុន្តែនីតិវិធីអាចបត់បែនច្រើន  និងធ្វើការជុំវិញច្បាប់នេះ។ ពួកគេបានធ្វើសម្រាប់យោធា ដែលមានទីតាំងនៅក្រៅស្រុកកំណើតរបស់ខ្លួន”។

ប្រឈមនឹងលទ្ធភាពនៃការបាត់បង់អ្នកបោះឆ្នោតដល់ទៅ២លាននាក់ លោកស្រី មូរ សុខហួរ បាននិយាយថា លោកស្រីសោកស្ដាយដែលគណបក្សរបស់លោកស្រីមិនបានប្រឹងប្រែងខ្លាំងជាងនេះ ដើម្បីបើកច្រកសម្រាប់អ្នកបោះឆ្នោតចំណាកស្រុក ក្នុងច្បាប់ដែលចរចាជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច  បន្ទាប់ពីការតវ៉ាប្រឆាំងដ៏ធំទាក់ទិននឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣។

cam-photo-votingលោកស្រីបាននិយាយថា “អំឡុងការចរចា យើងឆាប់ទទួលយកការព្រមព្រៀងរបស់គណបក្សប្រជាជនកម្ពុជាពេក។ ឥឡូវយើងត្រូវទទួលរងផលវិបាកទាំងនេះ។ សង្ឃឹមថានឹងមាន  ពេលចុះឈ្មោះមួយលើកទៀតសម្រាប់ឆ្នាំ២០១៨”។

ជាផ្នែកមួយនៃកំណែទម្រង់ការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបង្កើត គ.ជ.ប.ថ្មី ដែលមានសមាជិកបួនរូបជ្រើសរើសដោយគណបក្សនីមួយៗ និងសមាជិកអព្យាក្រឹតទី៩ម្នាក់ គឺលោក ហង្ស ពុទ្ធា ដែលក៏ជាអ្នកនាំពាក្យរបស់គណៈកម្មាធិការេនះដែរនោះ។ ការបង្កើតគណៈកម្មាធិការនេះ  គឺសំដៅធានាអព្យាក្រឹតភាពក្នុងការបោះឆ្នោតនៅពេលខាងមុខ។

កាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសុំ គ.ជ.ប. ពន្យារពេលការចុះឈ្មោះបោះឆ្នោត។

លោក យឹម សុវណ្ណ បាននិយាយនៅទីស្នាក់ការកណ្ដាលរបស់គណបក្សលោកកាលពីម្សិលមិញដោយបន្ទរការអំពាវនាវថ្មីៗដោយសហការីរបស់លោកថា “សូមពន្យារ[ពេលកំណត់]ការចុះឈ្មោះអ្នកបោះឆ្នោតនៅកន្លែងមួយចំនួន”។

ក្នុងខេត្តពីរនៅភាគខាងលិចជាប់ព្រំដែនថៃ គឺខេត្តបាត់ដំបងនិងបន្ទាយមានជ័យ មានតែ៦៦ភាគរយនៃអ្នកបោះឆ្នោតដែលមានសិទ្ធិប៉ុណ្ណោះ បានចុះឈ្មោះ ដែលទំនងជាការឆ្លុះបញ្ចាំងឲ្យឃើញថា មានអ្នកស្រុកក្នុងចំនួនយ៉ាងច្រើននៅទីនោះ បានឆ្លងព្រំដែនទៅធ្វើការ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. បាននិយាយថា មូលហេតុមួយដែលនំាឲ្យមានការចេញមកចុះឈ្មោះតិចក្នុងខេត្តពីរនេះ គឺថាពលករចំណាកស្រុកមួយចំនួនបានត្រឡប់មកពីប្រទេសថៃដើម្បីចុះឈ្មោះហើយ ប៉ុន្តែត្រូវបានបដិសេធ ព្រោះខ្វះឯកសារត្រឹមត្រូវ។

លោក ពុទ្ធា បាននិយាយថា “អ្នកខ្លះមិនមានឯកសារគ្រប់គ្រាន់ទេ ដូច្នេះមន្ត្រីរៀបចំការបោះឆ្នោតនិងអាជ្ញាធរមូលដ្ឋានមិនអាចអនុញ្ញាតឱ្យពួកគេចុះឈ្មោះបានឡើយ”។ លោកបាននិយាយបន្ថែមថា សេចក្ដីសម្រេចណាមួយទាក់ទិននឹងការពន្យារពេលកំណត់ចុះឈ្មោះបោះឆ្នោត អាចកើតមានឡើងទៅបាន ទាល់តែពេលកំណត់កន្លងផុតសិន។

ដើម្បីដោះស្រាយបញ្ហាពលករចំណាកស្រុករាប់សែននាក់ដែលគ្មានសិទ្ធិបោះឆ្នោត គណបក្សសង្គ្រោះជាតិបានស្នើឱ្យបង្កើតការិយាល័យបោះឆ្នោតនៅតាមបណ្ដោយព្រំដែនថៃ ក៏ដូចជានៅតាមស្ថានទូតក្នុងប្រទេសផ្សេងទៀត ដែលមានក្រុមការងារខ្មែរគ្រប់គ្រាន់ ដូចជានៅប្រទេសម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូងជាដើម។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រមាណថា ចំនួនអ្នកបោះឆ្នោតដែលធ្វើការនៅក្រៅប្រទេសមាន១,៥លាននាក់ និងបាននិយាយថា ក្រុមនេះអាចផ្ដល់ដល់ទៅ១៨អាសនៈសម្រាប់បក្សប្រឆាំងក្នុងរដ្ឋសភាដែលមាន១២៥អាសនៈ ពេលដែលការបោះឆ្នោតជាតិគ្រោងធ្វើនៅខែកក្កដា ឆ្នាំ២០១៨។

លោកបាននិយាយក្នុងអុីម៉េលមួយថា “បន្ទាប់ពីការបោះឆ្នោតជាតិចុងក្រោយនៅឆ្នាំ២០១៣ បើទោះជាមានភាពមិនប្រក្រតីច្រើនបានផ្តល់ផលប្រយោជន៍ដល់ពួកគេក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា (មាន៦៨អាសនៈ) នាំមុខគណបក្សសង្គ្រោះជាតិ (៥៥អាសនៈ) ត្រឹមតែ១៣អាសនៈប៉ុណ្ណោះ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធថា  មិនមាននរណាមានបណងបន្ទុចបង្អាក់ដើម្បីរារាំងប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសមិនឱ្យបោះឆ្នោតទេ។

លោកបាននិយាយថា ”វាជាគំនិតរបស់ពួកគេដែលនិយាយថា វាជារឿងចំណេញនយោបាយ ប៉ុន្តែវាមិនមែនថាមនុស្ស១០០ភាគរយនៅក្រៅប្រទេសបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិទេ។ គេចេះតែនិយាយឱ្យល្អមើល”។

លោកបាននិយាយបន្ថែមថា ក្រុមមន្ត្រីគណបក្សកាន់អំណាចនៅគ្រប់លំដាប់ថ្នាក់បានប្រឹងប្រែងជំរុញប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះ ប៉ុន្តែលោកបានបន្ថែមថា ការប្រឹងប្រែងរបស់ពួកគេគឺនៅក្នុងរង្វង់ច្បាប់បោះឆ្នោត។

លោកបន្ថែមថា ”យើងមិនអាចបង្កើតការិយាល័យចុះឈ្មោះណាមួយនៅតាមព្រំដែនទេ ពីព្រោះវាខុសនឹងច្បាប់”៕ មានិត

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស