កម្ពុជាកំពុងមានសន្តិភាព ដែលជារឿយៗលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រាប់ក្រុមអ្នកគាំទ្ររបស់លោក។
លោកនាយករដ្ឋមន្ត្រីបានអួតក្នុងសុន្ទរកថាកាលពីខែតុលាដែលអបអរសាទររយៈពេល២០ឆ្នាំនៃសន្តិភាពនៅក្នុងអតីតតំបន់ការពារខ្មែរក្រហមនៅខេត្តប៉ៃលិនថា “យើងប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ឲ្យក្លាយជាទីផ្សារ”។
អ៊ីចឹង ហេតុអ្វីក៏រដ្ឋាភិបាលបន្តបញ្ចូលប្រាក់កាន់តែច្រើនឡើងទៅក្នុងយោធា ដោយមានថវិកាប្រចាំឆ្នាំរបស់ក្រសួងការពារជាតិកើនឡើងពី៧៥,៧លានដុល្លារក្នុងឆ្នាំ២០០៦ដល់៤៦៤លានដុល្លារនៅឆ្នាំក្រោយ?
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារថា “ការចំណាយមិនឆ្លើយតបនឹងសេចក្តីត្រូវការនៃវិស័យអាទិភាពទេ ដូចជាការអប់រំនិងសុខភាព ប៉ុន្តែវិស័យការពារជាតិនៅតែកើនឡើង”។
រដ្ឋាភិបាលនិយាយថា ការកើនឡើងគឺចាំបាច់ ដើម្បីចំណាយលើប្រាក់សោធននិវត្តន៍កាន់តែកើនឡើង និងចំណាយលើប្រាក់បៀវត្សរ៍សម្រាប់យោធា។ អ្នកវិភាគនិយាយថា គណបក្សប្រជាជនកម្ពុជាចង់ឲ្យក្រុមអ្នកគាំទ្រប្រដាប់ដោយអាវុធច្រើនបំផុតមានការសប្បាយចិត្ត ហើយនិយាយថា វិធានការបែបនេះក៏ពង្រឹងសន្តិសុខព្រំដែនជាមួយប្រទេសថៃ ហើយក៏រារាំងការគំរាមក្នុងប្រទេសដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបាននិយាយថា “យើងមិនចំណាយច្រើនលើសព្វាវុធទេ”។ លោកបាននិយាយថា ផ្ទុយទៅវិញ ថវិកាភាគច្រើនចូល”ទៅក្នុងប្រាក់បៀវត្សរ៍ ក៏ដូចជាសុខុមាលភាពសង្គមរបស់ក្រុមគ្រួសារទាហាន”។
លោកបាននិយាយបន្ថែមថា “វាមិនមានន័យថា មន្ត្រីចូលនិវត្តន៍ ហើយអ្នកមិនបើកប្រាក់ខែឲ្យពួកគេនោះទេ”។
ការផ្តល់ហិរញ្ញវត្ថុដល់យោធា និងនគរបាលជារឿយៗប្រើពាក់កណ្តាលនៃថវិកាជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងពេលដែលរដ្ឋាភិបាលត្រូវបង្ក្រាបខ្មែរក្រហម។
តាមលោក ផូល ឆាមបឺ ជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃ ដែលផ្តោតលើទំនាក់ទំនងស៊ីវិលយោធានៅក្នុងតំបន់ឲ្យដឹងថា ការចំណាយបានចាប់ផ្តើមចុះថយពីចុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់មានការប៉ះទង្គិចគ្នាតាមព្រំដែននាឆ្នាំ២០០៩ជាមួយប្រទេសថៃទាក់ទងនឹងប្រាសាទព្រះវិហារ បានបង្កឲ្យមានកំណើនក្នុងការចំណាយដែលនៅតែបន្តរហូតដល់ថ្ងៃនេះ។
លោកបានសរសេរក្នុងសារអ៊ីម៉ែលថា “ទោះបីជាគេគិតថា ឆ្នាំ២០១១ជាឆ្នាំចុងក្រោយនៃភាពតានតឹងធំៗជាមួយប្រទេសថៃក៏ដោយ ក៏ថវិកាសម្រាប់ក្រសួងការពារជាតិនិងមហាផ្ទៃបានបន្តកើនឡើង។ ទោះបីមានការបង្ហាញកិច្ចសហការជាមួយរបបយោធាពេលបច្ចុប្បន្ននៅក្នុងប្រទេសថៃក៏ដោយ ក៏ហ៊ុន សែនមិនជឿទុកចិត្តទាំងស្រុងដែរ”។
តាមលោក ខាល ថេយឺ អ្នកជំនាញអាស៊ីអាគ្នេយ៍នៅសាលាបណ្ឌិតសភាកងទ័ពការពារជាតិអូស្ត្រាលីក្នុងក្រុងកង់បេរាឲ្យដឹងថា សម្ភារយោធាដែលបានមកក្រោយពីឆ្នាំ២០០៩របស់ប្រទេសកម្ពុជា ពោលគឺរថពាសដែក រថក្រោះ និងកាំភ្លើងធំធុនស្រាល មានលក្ខណៈស្របគ្នានឹងប្រភេទកងទ័ពដែលនឹងមានប្រយោជន៍សម្រាប់ប៉ះទង្គិចគ្នាតាមព្រំដែនតូចតាច។
លោកបាននិយាយថា “កម្ពុជានឹងអាចលូតឡើងដល់កន្លែងជាក់លាក់ណាមួយ។ ទាំងអស់នេះនឹងពិបាកចាប់គោលដៅដោយ”កាំភ្លើងធំថៃ”ក្នុងការប្រយុទ្ធគ្នាតូចៗ។ កម្លាំងបែបហ្នឹងក៏អាចប្រើ “ដើម្បីបង្ក្រាបការបះបោរផ្ទៃក្នុង” ដែរ ឬក៏ជា”ការបង្ហាញកម្លាំង”ចំពោះប្រជាជនដែលជ្រួលច្រាល់”ដែរ។
ប៉ុន្តែនៅទីបញ្ចប់ ប្រសិនបើអ្នកជាប្រទេសមួយដោយមានឥទ្ធិពលតិចតួចរបស់កម្ពុជា លោក ថេយឺ បាននិយាយថា “អ្នកមិនអាចលេងជាមួយប្រទេសធំបានទេ។ អ៊ីចឹង អ្នកត្រូវព្យាយាមពឹងប្រទេសមួយ ដូចជាប្រទេសចិនជាអ្នកគាំទ្រ”។
តាមលោក ចន ហ្គ្រេវ៉ាត អ្នកវិភាគឧស្សាហកម្មថ្នាក់តំបន់នៅឯទស្សនាវដ្តីការពារជាតិនិងសន្តិសុខ IHS Jane ឲ្យដឹងថា ដោយមានសព្វាវុធដ៏ច្រើនដែលទទួលបានពីក្រុងប៉េកាំងដោយមិនបញ្ចូលក្នុងកំណត់ត្រាហិរញ្ញវត្ថុជាផ្លូវការនោះ ដំណើរការនេះកំពុងតែធ្វើឡើង។
លោកបាននិយាយថា “ហេតុផលដែលកម្ពុជាមិនចំណាយច្រើនលើលទ្ធកម្ម គឺថា ខ្លួនទទួលបានសម្ភារភាគច្រើនពីប្រទេសចិន”។
លោកបាននិយាយថា “ទោះបីជា “សេចក្តីពិស្តារអំពីរឿងនេះមានតិចតួចស្តួចស្តើងក៏ដោយ” ក៏សម្ភារជាធម្មតាត្រូវបានទិញដោយប្រើកម្ចីការប្រាក់ទាប ឬជាអំណោយក្នុងកិច្ចសហការដែលរួមមានការបណ្តុះបណ្តាល ការសម្របសម្រួលភស្តុភារ និងការគាំទ្រផ្នែកបច្ចេកទេសផ្សេងទៀត”។
ដោយមានថវិកាការពារជាតិតិចបំផុតនៅក្នុងតំបន់ លោក ហ្គ្រេវ៉ាត បាននិយាយថា វាមានន័យថា ប្រទេសកម្ពុជាបានចំណាយប្រាក់ច្រើន ដើម្បីតាមឲ្យទាន់និងធ្វើឲ្យទាហានរបស់ខ្លួនសប្បាយចិត្ត។
លោកបាននិយាយថា “មានគំនិតថា …ការចំណាយផ្នែកយោធា គឺជាផ្នែកសំខាន់នៃថវិកា ព្រោះវាផ្តល់ឲ្យ ហ៊ុន សែន នូវការគាំទ្រយោធារបស់លោក។ នោះមិនមែនជារឿងខុសពីធម្មតាទេ។ យើងយល់ថា មេដឹកនាំនយោបាយត្រូវការការគាំទ្រផ្នែកយោធា”។
តាមលោក ឆាមបឺ នៃសាកលវិទ្យាល័យ ឈៀងម៉ៃ ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្លាំងថ្នាក់លើនិងថ្នាក់ក្រោមអាចបង្ហាញថាមានសារៈសំខាន់នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោកបាននិយាយថា “ទំនងណាស់ វាចាំបាច់សម្រាប់គណបក្សកាន់អំណាច ដើម្បីធ្វើឲ្យប្រាកដថា ក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៨ មន្ត្រីសន្តិសុខអាចទុកចិត្តឲ្យឈរខាងគណបក្សប្រជាជនកម្ពុជា ដោយមិនគិតពីលទ្ធផលបោះឆ្នោតឡើយ”។
ប៉ុន្តែលោក ស៊ីផាន បានទាត់ចោលគំនិតដែលថា រដ្ឋាភិបាលកំពុងផ្គាប់ផ្គុនទាហានដើម្បីបន្តកាន់អំណាចរបស់ខ្លួននោះ។
លោកបាននិយាយថា “តើគេគាំទ្រគណបក្សប្រជាជន១០០ភាគរយឬ? ខ្ញុំមិនគិតថាដូច្នេះទេ”៕