33 C
Phnom Penh

សាលដីកា​​​ស្ថាពរ​​បង្ហាញថា  សាលាក្ដី​២៦០លាន​ដុល្លារ​​​​អាច​​​ទទួល​​​យក​​​បាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈលោកស្រី អានតា ហ្គីស្សេ (Anta Guisse) មេធាវីការពារក្ដីរបស់ ខៀវ សំផន ដើរចេញពីសាលសវនាការនៅសាលាក្ដីខ្មែរ ក្រហមកាលពីថ្ងៃពុធ លោកស្រីបានឃើញអ្វីម្យ៉ាងដែលលោកស្រីយល់ថាជានិមិត្តរូបនៃ គុណវិបត្តិដ៏ធំរបស់តុលាការនេះ។

អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីនេះទើបតែតម្កល់សាលក្រមផ្ដន្ទាទោសកូនក្ដីរបស់លោកស្រីឱ្យជាប់ពន្ធនាគារមួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប៉ុណ្ណោះ

ហើយលោកស្រី អានតា ហ្គីស្សេ បានឃើញចៅក្រមអង្គជំនុំជម្រះសាលាដំបូង ហ្សង់ម៉ាក ឡាវើញ (Jean-Marc Lavergne) ក្នុងចំណោមចៅក្រមដែលបានសម្រេចចោទប្រកាន់ពីខាងដើម ថើបថ្ពាល់របស់ចៅក្រមតុលាការកំពូលពីររូបតាម “ស្ទីលបារាំង”។

មេធាវីរបស់ ខៀវ សំផន និង នួន ជា បានទាញហេតុផលជាយូរមកហើយថា សាលាក្ដីនេះតែងតែជាកន្លែងអនុវត្តចេញសាលក្រមផ្ដន្ទាទោសជាជាងការផ្ដល់សវនាការយុត្តិធម៌សម្រាប់មេដឹកនាំខ្មែរក្រហម។

លោកស្រី អានតា ហ្គីស្សេ បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ឧទាហរណ៍ល្អបំផុតគឺថា ពេលខ្ញុំកំពុងដើរេចញពីសាលសវនាការកាលពីម្សិលមិញ ខ្ញុំបានឃើញចៅក្រម ឡាវើញ ផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅដល់សមភាគីអន្តរជាតិពីររូបរបស់គាត់នៃអង្គជំនុំជម្រះតុលាការកំពូល។ នោះវាសង្ខេបរួមទាំងអស់ពាក់ព័ន្ធនឹងតុលាការនេះ”។

ទោះបីជាក្នុងចិត្តរបស់មនុស្សជាច្រើនគ្មានមន្ទិលថា សាលក្រមផ្ដន្ទាទោសនេះ និងទោសជាប់ពន្ធនាគារមួយជីវិតនឹងត្រូវតម្កល់ទុកជាបានការក្ដី ក៏តុលាការកំពូលបានបង្ហាញថា សេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងលើសពីសេចក្ដីសម្រេចជាស្វ័យប្រវត្តិ ដោយបានកែប្រែបទចោទប្រកាន់ខ្លះ និងច្រានចោលសនិទានភាពផ្លូវច្បាប់មួយចំនួនដែលត្រូវលើកឡើង។

cam-photo-verdict_KHMERជាការកត់សម្គាល់ តុលាការកំពូលបានធ្វើមោឃកម្មការចោទប្រកាន់ពីបទសម្លាប់រង្គាលអំឡុងពេលជម្លៀសប្រជាជនទាំងបង្ខំចេញពីក្រុងភ្នំេពញ ក្នុងឆ្នាំ១៩៧៥ ដោយទាញហេតុផលថាខ្វះភ័ស្តុតាងបញ្ជាក់ពីចេតនា ហើយក៏បានធ្វើដូចគ្នាដែរចំពោះបទចោទប្រកាន់មួយទាក់ទិនការកាប់សម្លាប់ទាហាន លន់ នល់ នៅកន្លែងប្រហារជីវិតទួលពោធិ៍ជ្រៃ ដោយលើកឡើងថា គោលការណ៍របស់របបនេះមិនទទួលខុសត្រូវចំពោះការកាប់សម្លាប់ទាំងនោះឡើយ។

ថ្វីបើមានការកែប្រែទាំងនេះក្ដី ក៏លោកស្រី អានតា ហ្គីស្សេ មានប្រសាសន៍ថា លោកស្រីនៅតែយល់ថា ចៅក្រមបាន “ព្យាយាមអស់ពីលទ្ធភាពដើម្បីបិទបាំងកំហុស” របស់អង្គជំនុំជម្រះសាលាដំបូងដោយប្រើប្រាស់ករណីលើកលែងមួយចំនួនពាក់ព័ន្ធសេចក្ដីសម្រេចរបស់ខ្លួនដើម្បីតម្កល់ទ្រឹស្ដីច្បាប់ស្ដីពីការប្រព្រឹត្តឧក្រិដ្ឋកម្មរួមប្រឆាំង ខៀវ សំផន ដែលគេមើលឃើញថាជាប្រមុខរដ្ឋមានតែឈ្មោះដែលត្រូវគេដកហូតសិទ្ធិសម្រេចមួយចំនួនធំនៅក្នុងរបបនេះ។

លោកស្រីបានបន្តថា “សរុបមក ទោះបីជាមានការបំផ្លាញការសន្និដ្ឋានមួយចំនួនរបស់អង្គជំនុំជម្រះសាលាដំបូងដែលល្អសម្រាប់មុខមាត់របស់តុលាការនេះក្ដី ក៏សារដែលខ្ញុំបានឮពីអង្គជំនុំជម្រះតុលាការកំពូលទៅកាន់អង្គជំនុំជម្រះសាលាដំបូងគឺថា ’យើងបានខំអស់ពីសមត្ថភាពហើយដើម្បីទទួលបានលទ្ធផលល្អនៅពេលនេះ ព្យាយាមធ្វើឱ្យបានល្អជាងនេះនៅពេលអនាគត ប៉ុន្តែយើងត្រៀមខ្លួនការពារអ្នកទោះក្នុងករណីណាក៏ដោយ “។

តាមរយៈការចេញសេចក្ដីសម្រេចមួយរិះគន់ទិដ្ឋភាពមួយចំនួននៃសេចក្ដីសម្រេចខាងដើម តុលាការកំពូលបានផ្ដល់ភាពស្របច្បាប់ដល់លទ្ធផលនេះ នោះគឺសាលក្រមផ្ដន្ទាទោសស្ថាពរប្រឆាំងមេដឹកនាំខ្មែរក្រហម ដែលជាលើកដំបូងក្នុងរយៈពេលបួនទសវត្សរ៍មកនេះចាប់តាំងពីរបបនេះបានកាន់អំណាច និងចាប់ផ្ដើមការដឹកនាំដោយការបង្ហូរឈាមដែលបានធ្វើឱ្យប្រជាជនប្រមាណ១,៧លាននាក់បាត់បង់ជីវិតដោយសារភាពអត់ឃ្លាន ជំងឺ ទារុណកម្ម និងការកាប់សម្លាប់មក។

លោក ចន ឈូចចារី (John Ciorciari) ជាសាស្ត្រាចារ្យអាមេរិក ដែលបានសរសេរសៀវភៅយ៉ាងស៊ីជម្រៅអំពីសាលាក្ដីនេះមានប្រសាសន៍ថា “ច្បាស់ណាស់ថា នេះមិនមែនជាសេចក្ដីសម្រេចជាស្វ័យប្រវត្តិនោះទេ។ អង្គជំនុំជម្រះតុលាការកំពូលបានចូលរួមយ៉ាងម៉ឺងម៉ាត់នៅក្នុងការសម្អាងហេតុតាមផ្លូវច្បាប់ និងភ័ស្តុតាងដែលផ្ដល់ជាមូលដ្ឋានសម្រាប់អង្គជំនុំជម្រះសាលាដំបូងចេញសាលក្រម។ ឆន្ទៈរបស់វានៅក្នុងការកែតម្រូវបទចោទប្រកាន់មួយចំនួនបង្ហាញពីការប្ដេជ្ញាគោរពតាមគោលការណ៍ថា ឧក្រិដ្ឋកម្មនីមួយៗត្រូវតែមានការបញ្ជាក់លើសពីការសង្ស័យសមហេតុផល។ ក្នុងន័យនោះ សាលដីកាស្ថាពរមិនមែនត្រឹមតែជាការឈ្នះសម្រាប់អយ្យការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឈ្នះសម្រាប់សិទ្ធិរបស់មេធាវីការពារក្ដីផងដែរ”។

លោកលើកឡើងទៀតថា លោកជឿថា អង្គជំនុំជម្រះសាលាដំបូងនឹង ”យកចិត្តទុកដាក់ចំពោះស្ដង់ដារដែលត្រូវបានអនុវត្ត” ខណៈវាបន្តដំណាក់កាលទី២នៃសំណុំរឿង០០២ប្រឆាំង ខៀវ សំផន ដែលជាប្រមុខរដ្ឋខ្មែរក្រហម និង នួន ជា ដែលជាបងធំទី២ក្នុងរបបនេះបន្ទាប់ពី ប៉ុល ពត។

លោកស្រី សានណិន ធ័ររ៉េន (Shannon Torrens) ជាមេធាវីមួយរូបដែលកាលពីពេលថ្មីៗនេះបានចូលរួមចំណែកដល់ការនិពន្ធសៀវភៅមានចំណងជើងថា “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ៖ ការវាយតម្លៃអំពីការរួមចំណែករបស់វាដល់ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ” (The Extraordinary Chambers in the Courts of Cambodia: Assessing Their Contribution to International Criminal Law) បានគូសបញ្ជាក់ថា តាមរយៈការតម្កល់ការផ្ដន្ទាទោសនេះ តុលាការកំពូលបានជួយបង្ហាញថា ការចំណាយយ៉ាងច្រើនរបស់សាលាក្ដីដែលរហូតមកទល់ពេលនេះអស់ទឹកប្រាក់ប្រមាណ២៦០លានដុល្លារ គឺជាការសមហេតុផល។

លោកស្រីបានមានប្រសាសន៍ថា “អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនៅក្នុងសាលដីកាតុលាការកំពូលក្នុងសំណុំរឿង០០២/០១នាពេលបច្ចុប្បន្ន គឺថា ទោះបីជាមានការកែតម្រូវសេចក្តីសម្រេចមួយចំនួនរបស់អង្គចៅក្រមសាលាដំបូង និងមានការលើកឡើងពីកំហុសនៅក្នុងសាលក្រមរបស់សាលាដំបូងក៏ដោយ ក៏ការផ្តន្ទាទោសរបស់អង្គចៅក្រមសាលាដំបូងឲ្យ នួន ជា និង ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិតត្រូវបានតម្កល់ទុកជាបានការដែរ”។

លោកស្រី សានណិន ធ័ររ៉េន បានមានប្រសាសន៍បន្តថា “នេះឆ្លុះបញ្ចាំងថា សារៈសំខាន់នៃការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់ មួយជីវិតនៅសាលាក្តីនេះ ជាសញ្ញាថា ដំណើរ ការនីតិវិធីមានដំណើរការទៅមុខ ដែលបង្ហាញ ថាការចំណាយពេល និងហិរញ្ញវត្ថុរបស់សហគមន៍អន្តរជាតិនិងកម្ពុជាសមេហតុសមផល ប៉ុន្តែគ្មាននរណាទទួលស្គាល់ឡើយ”។

លោកស្រីបានប្រៀបធៀបសំណុំរឿងនេះទៅនឹងសំណុំរឿងរបស់ កាំង ហ្គេកអ៊ាវ ហៅ ឌុច ប្រធានមន្ទីរស២១ដែលទោសជាប់ពន្ធនាគារ៣៥ឆ្នាំរបស់គាត់ត្រូវអង្គជំនុំជម្រះតុលាការកំពូលកែប្រែក្នុងឆ្នាំ២០១២ក្នុងសំណុំរឿង០០១ បន្ទាប់ពីមានការប្រឆាំង ជំទាស់ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

លោកស្រីបានថ្លែងថា “អង្គជំនុំជម្រះតុលាការកំពូលបានផ្តន្ទាទោស ឌុច ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ជាទោសដែលគប្បីត្រូវទទួល។ ខ្ញុំគិតថា នេះបង្ហាញថា មានការជ្រៀតជ្រែកផ្នែកនយោបាយនៅសាលាក្តីនិងថាតើចៅក្រមមានបានពិចារណាអំពីសម្ពាធសាធារណជនដែរឬអត់សម្រាប់ការចោទប្រកាន់និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងការពិភាក្សាសម្រេចរបស់ពួកគេលើសំណុំរឿងទាំងនេះ”។

ទិដ្ឋភាពនៃសវនាការជំនុំជម្រះទោសមេដឹកនាំជាន់ខ្ពស់ពីររូបរបស់ខ្មែរក្រហម គឺ នួន ជា និង ខៀវ សំផន ។ មេដឹកនាំទាំងពីរត្រូវបានអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្តីចេញសាលដីកាស្ថាពរផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ទិដ្ឋភាពនៃសវនាការជំនុំជម្រះទោសមេដឹកនាំជាន់ខ្ពស់ពីររូបរបស់ខ្មែរក្រហម គឺ នួន ជា និង ខៀវ សំផន ។ មេដឹកនាំទាំងពីរត្រូវបានអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្តីចេញសាលដីកាស្ថាពរផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក វីកទ័រ កូប៉េ (Victor Koppe) មេធាវីការពារក្តីឲ្យ នួន ជា បានទទួលស្គាល់ថា សាលដីការបស់តុលាការកំពូលបានផ្តល់”ភាពស្របច្បាប់មួយចំនួន” ដល់សាលាក្តី។ លោកមិនជឿថា លទ្ធផលមិនមែនថាមិនអាចជៀសវាងបានទាល់តែសោះនោះទេ។

លោកបានមានប្រសាសន៍ថា “យ៉ាងណាមិញ ទីបំផុតវាមិនពាក់ព័ន្ធទេ ហើយជាសេចក្តី សម្រេចជាស្វ័យប្រវត្តិ។ នោះដោយសារវាបង្ហាញយ៉ាងច្បាស់ថា ទោះបីប្រហែលជាមានការកែតម្រូវមួយចំនួនលើបញ្ហាបច្ចេកទេសក៏ដោយ ក៏ទីបំផុតអាណត្តិពិតប្រាកដរបស់សាលក្តីនេះ គឺមិនមែនស្វែងរកការពិតទេ ប៉ុន្តែដើម្បីឲ្យបានឈានដល់ការចេញសាលដីកាផ្តន្ទាទោស និងផ្តល់ទោសជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់ នួន ជា និង ខៀវ សំផន”។

ប៉ុន្តែ លោកស្រី ម៉ារី ហ្គីរ៉ូដ (Marie Guiraud) ដែលជាមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ជាជនរងគ្រោះដែលបានចូលរួមដោយផ្ទាល់ក្នុងដំណើរការនីតិវិធីកាត់ក្តីនោះ បានលើកឡើងថា លោកស្រីជឿថា សាលដីការបស់តុលាការកំពូលជួយពង្រឹង ” ភាពគួរជឿទុកចិត្តបាន និងភាពស្របច្បាប់”របស់សាលាក្តីនេះ”។

លោកស្រីបានបន្ថែមថា ទោះបីជាមានការកែតម្រូវសេចក្តីសម្រេចមួយចំនួនក៏ដោយ ក៏ជនរងគ្រោះរាប់សិបនាក់ដែលលោកស្រីបានជួបបន្ទាប់ពីការប្រកាសសាលដីកានោះ មានការធូរស្បើយក្នុងអារម្មណ៍ដែរ ដែលបានឃើញសំណុំរឿងជាប្រវត្តិសាស្ត្រនេះឈានដល់ទីបញ្ចប់។

លោកស្រីបានលើកឡើងតាមរយៈអីុម៉េលមួយថា “ទោះបីជាមានការរង់ចាំក៏ដោយ ក៏ភាគីដើមបណ្តឹងរដ្ឋប្បវេណីយល់ដឹងអំពីសារសំខាន់នៃសិទ្ធិរបស់មេធាវីការពារក្តីក្នុងការដាក់ពាក្យបណ្តឹងសាទុក្ខដែរ”។

លោកស្រីបានបន្ថែមថា “យើងបានជួបភាគីដើមបណ្តឹងរដ្ឋប្បវេណី១០០នាក់កាលពីម្សិលមិញ បន្ទាប់ពីការប្រកាសសាលដីកា ហើយពួកគេបានបង្ហាញអារម្មណ៍ធូរស្រាលដែលបានឃើញសាលដីកាស្ថាពរ ដែលបញ្ជាក់ពីការចោទប្រកាន់ និងការផ្តន្ទាទោសឲ្យនួន ជា និង ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

ទោះជាយ៉ាងណា លោក ប៉ែន សឿន ភាគីដើមបណ្តឹងរដ្ឋប្បវេណីអាយុ៦១ឆ្នាំដែលជាជនរងគ្រោះនៃការបង្ខំឲ្យធ្វើការងារ និងការបង្ខំឲ្យរៀបការដោយរបបនេះនោះបានលើកឡើងថា ទោះបីជាសាលដីកានេះ ប្រហែលជាធ្វើឲ្យអ្នកដែលធ្វើការនៅសាលាក្តីពេញចិត្តក៏ដោយក្តី តែវាមិនបានផ្តល់ចម្លើយដ៏គួរជាទីពេញចិត្តចំពោះសំណួរសំខាន់បំផុតរបស់លោកដែលសួរថា ហេតុអ្វីបានជាមានការបាត់បង់ជីវិតយ៉ាងច្រើននៅក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ដែលខ្មែរក្រហមគ្រប់គ្រងប្រទេសទេ។

លោកបាននិយាយថា “ការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់ជនទាំងពីរនេះមិនបានផ្តល់យុត្តិធម៌មកឲ្យពួកយើងឡើយ ព្រោះដំណើរការនៅសាលាក្តីខ្មែរក្រហមរហូតមកទល់ពេលនេះផ្តល់ផលប្រយោជន៍ឲ្យតែស្ថាប័ននេះតែប៉ុណ្ណោះមិនមែនភាគីដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកនៅរស់រានមានជីវិតផ្សេងៗទៀតនោះឡើយ”។

លោកបានសួរថា “តើយើងដឹងដែរ ឬទេថា តើមូលហេតុពិតប្រាកដអ្វីដែលនាំឲ្យកើតមានបដិវត្តន៍ខ្មែរក្រហម ហើយថា តើហេតុអ្វីបានជាមានការសម្លាប់រង្គាល?”។

លោកបានបន្ថែមថា “វាមិនទាន់មានការបកស្រាយចេញពីមាត់ចុងចោទទាំងពីររូបនេះនៅឡើយទេ”៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស