27 C
Phnom Penh

រដ្ឋាភិបាល​​​កម្ពុជា​​​ និង វៀតណាម​​​មាន​​​គម្រោង​​​​​​ស្នើសុំ​​​ឲ្យ​​​បារាំង​​​គូស​​​ផែន​​​ទី​​​ថ្មី​​​​​​សម្រាប់​​​ព្រំដែន​​​ប្រទេស​​​​​​ទាំង​​​ពីរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសកម្ពុជានិងប្រទេសវៀតណាមមានផែនការសុំឱ្យប្រទេសបារាំងធ្វើផែនទីថ្មី ដែលរដ្ឋាភិបាលទាំងពីរបាននិងកំពុងប្រើដើម្បីកំណត់ព្រំដែនរបស់ខ្លួនដែលមានជម្លោះ យូរមកហើយ ដោយធ្វើឱ្យមានការសង្ស័យថ្មីលើកិច្ចការដែលបានធ្វើហើយជាមួយផែនទីកំពុងប្រើបច្ចុប្បន្ន។

រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាតម្រូវឱ្យប្រើផែនទីបោនខ្នាត១/១០០.០០០ ដើម្បីកំណត់ព្រំដែន ជាស្ថានភាពនយោបាយដ៏គ្រោះថ្នាក់ ដែលបានធ្វើឱ្យតំណាងរាស្ត្របក្សប្រឆាំងពីររូបជាប់ពន្ធនាគារយ៉ាងយូរក្នុងពេលពីរបីខែកន្លងមកនេះ។

ក្នុងសុន្ទរកថាមួយកាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា រដ្ឋាភិបាលជាការពិតបានកំណត់ព្រំដែនដោយប្រើផែនទីខ្នាត១/៥០.០០០ ដែលប្រទេសកម្ពុជាបានបង្កើតជាមួយប្រទេសវៀតណាម ផ្អែកលើផែនទីបោន ប៉ុន្តែបានប្រើវិធី UTM ទំនើបជាង។

ឥឡូវនេះ ប្រទេសកម្ពុជាចង់ឱ្យប្រទេសបារាំងធ្វើផែនទីខ្នាត១/៥០.០០០របស់ខ្លួនផ្ទាល់ គឺខ្នាតដូចគ្នានឹងផែនទី UTM សព្វថ្ងៃ សម្រាប់ប្រទេសជិតខាងទាំងពីរប្រើប្រាស់។

លោកនាយករដ្ឋមន្ត្រីបានប្រកាសសេចក្ដីសម្រេចនេះក្នុងការបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំមួយជាមួយសមភាគីវៀតណាមរបស់លោក គឺលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នៅក្រុងសៀមរាបនៅថ្ងៃនោះ។

ការបង្ហោះនោះមានខ្លឹមសារថា “ពាក់ព័ន្ធនឹងកិច្ចការព្រំដែននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការធ្វើលិខិតរួមគ្នាស្នើទៅកាន់ប្រទេសបារាំងដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំងមកជួយធ្វើផែនទី គឺផ្ទេរពីផែនទី ពីខ្នាត១លើ១០០ពាន់ មក១លើ៥០ពាន់វិញ”។

ការបង្ហោះនោះបានបន្ថែមថា លោកនាយករដ្ឋមន្ត្រីបានចាត់តាំងលោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស ពង្រាងឯកសារជាមួយភាគីវៀតណាមដើម្បីរៀបចំលិខិតស្នាមផ្លូវការ។

ការបង្ហោះដដែលមិនបានពន្យល់អំពីមូលហេតុដែលប្រទេសទាំងពីរធ្វើសំណើនៅពេលនេះទេ ក្រោយពីការប្រើផែនទី UTM របស់ខ្លួនផ្ទាល់អស់រយៈពេលជាច្រើនឆ្នាំ។

លោក វីសាឡូ មិនអាចទាក់ទងបានទេ។ លោក វ៉ា គឹមហុង សហប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-វៀតណាម ហើយដែលពាក់ព័ន្ធយ៉ាងខ្លាំងក្នុងភាពចម្រូងចម្រាសទាក់ទិននឹងផែនទី បានបង្វែរសំណួរត្រឡប់ទៅក្រសួងការបរទេសវិញ។អ្នកនាំពាក្យម្នាក់នៅក្រសួងនេះមិនបានឆ្លើយតបទៅនឹងសំណើសុំការពន្យល់ទេ។

ស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញបាននិយាយថា ខ្លួនគ្មានការអត្ថាធិប្បាយលើបញ្ហានេះទេ។

ក្នុងសុន្ទរកថារបស់លោកកាលពីឆ្នាំមុន លោក ហ៊ុន សែន បានបញ្ជាក់ថា ផែនទី UTM របស់ខ្លួនត្រូវបានថតចម្លងយ៉ាងប្រុងប្រយ័ត្នពីផែនទីបោន និងធ្វើតាមរដ្ឋធម្មនុញ្ ពីព្រោះវាជាផ្នែកនៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ជាមួយប្រទេសវៀតណាម ដែលអនុម័តដោយសភាជាតិ និងឡាយព្រះហស្ថដោយព្រះមហាក្សត្រ។ ប៉ុន្តែសន្ធិសញ្ញាបំពេញបន្ថែមនេះបានផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាខុសច្បាប់ ពីព្រោះវាត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដែលប្រទេសវៀតណាមកាន់កាប់ប្រទេសកម្ពុជាមួយទសវត្សរ៍។

ជាយូរមកហើយដែលគណបក្សសង្គ្រោះជាតិបានបង្កឲ្យមានការព្រួយបារម្ភថា រដ្ឋាភិបាលប្រគល់ដីមួយផ្នែកធំតាមបណ្ដោយព្រំដែនទៅឱ្យវៀតណាមក្រោមឥទ្ធិពលនៃដំណើរការកំណត់ព្រំដែនស្មុគស្មាញ ជាការចោទប្រកាន់ដែលរដ្ឋាភិបាលបានចាត់ទុកថាជារឿងដ៏រសើប។

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានហៅការប្រើផែនទី UTM របស់រដ្ឋាភិបាលថាមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ត្រូវបានផ្ដន្ទាទោសពីបទញុះញង់នៅដើមឆ្នាំនេះ និងកាត់ទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំកន្លះ។ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំនៅដើមខែនេះពីបទញុះញង់ និងក្លែងឯកសារចំពោះការអះអាងថាមានសន្ធិសញ្ញាមួយដែលបង្ហាញថា រដ្ឋាភិបាលនាទសវត្សរ៍ឆ្នាំ១៩៨០ចង់រម្លាយព្រំដែនរបស់ប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ ថ្លែងតាមទូរស័ព្ទកាលពីម្សិលមិញពីប្រទេសបារាំងដែលលោកកំពុងរស់នៅនិរទេស បាននិយាយថា សំណើរបស់រដ្ឋាភិបាលសុំជំនួយពីប្រទេសបារាំងជាការទទួលស្គាល់ថា ផែនទីដែលខ្លួនកំពុងប្រើប្រាស់មិនល្អគ្រប់គ្រាន់ទេ ហើយមុខជាមានកំហុស។

លោកបាននិយាយថា “ប្រសិនបើព្យាយាមស្វែងយល់ នឹងឃើញថា នេះជាការសារភាព។ ពួកគេទទួលស្គាល់ទាំងស្រុងថា អ្វីដែលគណបក្សប្រឆាំងបានលើកឡើង…អ្វីដែលតំណាងរាស្ត្របក្សប្រឆាំងលើកឡើង គឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ នោះបញ្ជាក់ថាពួកគេនិយាយត្រូវ”។

លោក សម រង្ស៊ី បាននិយាយថា ផែនទីខ្នាត១/៥០.០០០ដែលគូសដោយក្រុមអ្នកជំនាញបារាំង ប្រាកដជានឹងធ្វើឱ្យកិច្ចការរបស់រដ្ឋាភិបាលប្រសើរឡើង។

លោកបាននិយាយថា “ខ្ញុំស្វាគមន៍សេចក្ដីសម្រេចនេះ ពីព្រោះព័ត៌មាននិងការបញ្ជាក់បន្ថែមណាមួយនឹងមានប្រយោជន៍ក្នុងការកំណត់ព្រំដែនត្រឹមត្រូវ”។

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំង ជាអ្នករិះគន់ម្នាក់ក្នុងចំណោមអ្នករិះគន់សំខាន់ៗរបស់គណបក្សនេះលើការកំណត់ព្រំដែនរបស់រដ្ឋាភិបាល បានយល់ស្របថា ការងាករបស់រដ្ឋាភិបាលទៅរកប្រទេសបារាំងរកផែនទីថ្មី បានសន្និដ្ឋានថា ខ្លួនទទួលស្គាល់បញ្ហាដែលបង្ហាញឲ្យឃើញដោយគណបក្សប្រឆាំង។

លោកនិយាយថា “ផែនទីខ្នាត១/៥០.០០០នៅចម្រូងចម្រាសនៅឡើយ មានន័យថា វាមិនមានកុងសង់ស៊ីសជាតិទេ ដូច្នេះពួកគេចង់យកផែនទីដែលរក្សាទុកដោយអង្គការសហប្រជាជាតិ ហើយឲ្យក្រុមបច្ចេកទេសបារាំងបញ្ជូនមក”។

ប្រសិនបើការប្ដូរនេះត្រឹមត្រូវតាមបច្ចេកទេស ហើយអាចរក្សាប្រយោជន៍ជាតិ សូមសរសើរ”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស