35 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ស្នើ​​​​​​​​​ឲ្យ​​​ពលរដ្ឋ​​​ចំណាក​​​ស្រុក​​​​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយរយៈពេលនៃការចុះឈ្មោះបោះឆ្នោតស្ទើរតែចប់សម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយនេះ គណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្របានចាប់ផ្តើមបញ្ចុះបញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីផ្តល់សិទ្ធិឲ្យពលរដ្ឋខ្មែរជាង១លាននាក់ដែលកំពុងធ្វើការនៅក្រៅប្រទេស មុននឹងការបោះឆ្នោតជាតិនាឆ្នាំ២០១៨។

ថ្លែងក្រោយពីការជួបជាមួយមេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបាននិយាយពីពលករចំណាកស្រុកដែលនៅមិនទាន់ចុះឈ្មោះនៅឡើយថា “ចំណុចសំខាន់បំផុតគឺថា វាហួសពេលហើយសម្រាប់ពួកគាត់”។

លោកបាននិយាយថា “ប៉ុន្តែសម្រាប់ការបោះឆ្នោតជាតិក្នុងពេលអនាគត យើងសូមស្នើឲ្យ គ.ជ.ប ពិចារណាធ្វើវិសោធនកម្មច្បាប់ និងនីតិវិធី ដើម្បីបើកផ្លូវឲ្យពលករចំណាកស្រុកជាង១,១លាននាក់ដែលកំពុងធ្វើការនៅក្រៅប្រទេស ដើម្បីអាចចុះឈ្មោះនិងបោះឆ្នោតផង”។

ច្បាប់បោះឆ្នោតតម្រូវឲ្យអ្នកមានសិទ្ធិបោះឆ្នោតចុះឈ្មោះ និងបោះឆ្នោតនៅក្នុងឃុំសង្កាត់រស់នៅរបស់គេ ឬកន្លែងដែលគេធ្វើការ ដែលមានន័យថា ពលរដ្ឋកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេស ត្រូវវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ ក្នុងអំឡុងពេលចុះឈ្មោះរយៈពេល៣ខែ ដើម្បីបញ្ចូលក្នុងបញ្ជីអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មី។ គ.ជ.បបានរារាំងសំណើម្តងហើយម្តងទៀតរបស់គណបក្សសង្គ្រោះជាតិឲ្យបង្កើតការិយាល័យចុះឈ្មោះចល័តនៅតាមព្រំដែន ឬនៅឯស្ថានទូតខ្មែរនៅក្រៅប្រទេស ក្នុងគោលបំណងសម្រួលការចូលរួមឲ្យបានទូលំទូលាយក្នុងការបោះឆ្នោត។

តាមលោក សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក៏បានស្នើសុំឲ្យ គ.ជ.ប ពន្យារពេលនៃការចុះឈ្មោះអ្នកបោះឆ្នោតបីថ្ងៃទៀតលើថ្ងៃផុតកំណត់នៅថ្ងៃអង្គារនៅក្នុងឃុំសង្កាត់មួយចំនួន រួមទាំងឃុំណាដែលមានអ្នកមានសិទ្ធិបោះឆ្នោតមកចុះឈ្មោះតិចជាងពាក់កណ្តាល។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាននិយាយថា គណៈកម្មាធិការនឹងពិចារណាសំណើពន្យារពេលសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត ដោយផ្អែកលើស្ថានភាពថវិការបស់ខ្លួន សមត្ថភាពបច្ចេកទេស និងផ្លូវច្បាប់។ ប៉ុន្តែលោកបាននិយាយថា ច្បាប់នឹងអាចត្រូវធ្វើវិសោធនកម្ម ដើម្បីអនុម័តសំណើផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិ។

លោកបាននិយាយថា ” គ.ជ.ប មិនអាចធ្វើបានទេ ប៉ុន្តែត្រូវធ្វើវិសោធនកម្មច្បាប់សិន”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយថា គណបក្សប្រឆាំងគួរចំណាយពេលវេលារបស់ខ្លួនផ្តល់យោបល់ក្នុងសភា ជាជាងផ្តល់ផ្ទាល់ដល់ គ.ជ.ប។

លោកបាននិយាយថា ” គ.ជ.ប មិនមានសិទ្ធិធ្វើវិសោធនកម្មច្បាប់បានទេ។គឺគណបក្សសង្គ្រោះជាតិដែលត្រូវស្វែងរកសមាជិកពីរភាគបីនៃសភា ដើម្បីស្នើសុំធ្វើវិសោធនកម្មច្បាប់”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស