26 C
Phnom Penh

យុវជន​​​​​​​​​​​​ងាក​​​មក​​​ផលិត​ភាពយន្ត​​​​​​​ដើម្បី​ប្រឆាំង​ការ​បៀតបៀន​ផ្លូវ​ភេទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គុយនៅតុកាច់ជ្រុងបន្ទប់ដែលមានសភាពងងឹត អ្នកវិទ្យាសាស្ត្រម្នាក់បានចាក់វត្ថុរាវ ពណ៌ភ្លឺចាំងចេញពីកូនដបមួយចូលកែវមួយទៀត។ យកដៃអេះក្បាល គាត់បានបន្ថែមធាតុផ្សំមួយទៀត ប៉ុន្តែការពិសោធរបស់គាត់មិនទទួលបានផ្លែផ្កានោះទេ គឺគាត់នៅតែរកមិនឃើញរូបមន្តបញ្ឈប់ការបៀតបៀនផ្លូវភេទ។

នេះគឺជាឈុតចាប់ផ្ដើមនៃខ្សែភាពយន្តខ្នាតខ្លីមានចំណងជើងថា “រូបមន្តបញ្ឈប់ការបៀតបៀនផ្លូវភេទ” (The Formula to Stop Sexual Harassment) របស់យុវជន វី មករា វ័យ១៩ឆ្នាំដែលបានឈ្នះពានរង្វាន់ផលិតករឆ្នើមអាយុក្រោម២០ឆ្នាំក្នុងកម្មវិធី “ហេតុអ្វីបញ្ឈប់” (Why Stop Short Film Competition)្។ តួអង្គអ្នកវិទ្យាសាស្ត្រឡប់ៗរបស់ វី មករា ដឹងថា ឱសថទិព្វមិនអាចបញ្ឈប់ការបៀតបៀនផ្លូវភេទបានឡើយ នៅពេលទេពារក្សមួយអង្គបង្ហាញខ្លួន និងផ្ដល់ដំណោះស្រាយជាក់ស្ដែងមួយចំនួន។

ទេពារក្សនោះនិយាយថា”កុំប្រើពាក្យសម្ដីឌឺដងស្នេហា កុំប៉ះពាល់ដៃជើងស្ត្រីភេទ កុំប្រើទឹកមុខស្រើបស្រាលដាក់ស្ត្រីភេទ និងទង្វើមួយចំនួនទៀតដែលធ្វើឲ្យស្ត្រីភេទមានការខ្មាសអៀន។ អ្នកមិនចាំបាច់ស្វែងរករូបមន្តទេ គ្រាន់តែបញ្ឈប់សកម្មភាពទាំងនេះបានហើយ”។

រៀបចំឡើងដោយ CARE Cambodia ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងភាពក្រីក្រលើពិភពលោកដែលផ្ដោតលើបញ្ហារបស់ស្ត្រី ការប្រកួតនេះបានទាក់ទាញយុវជនក្មេងៗឱ្យងាកមកផលិតខ្សែភាពយន្តខ្នាតខ្លីដែលមានរយៈពេលពី១ទៅ៥នាទីផ្ដោតលើបញ្ហាបៀតបៀនផ្លូវភេទ។ រាត្រីប្រគល់ពានរង្វាន់ និងការចាក់បញ្ចាំងខ្សែភាពយន្តដែលជាប់ត្រូវប្រកួតផ្ដាច់ព្រ័ត្រចំនួន១៦រឿង បានធ្វើឡើងកាលពីយប់ថ្ងៃសុក្រ ស្របពេលថ្ងៃដំបូងនៃយុទ្ធនាការប្រចាំឆ្នាំរបស់ U.N. Women ឈ្មោះថា “១៦ ថ្ងៃនៃសកម្មភាពប្រឆាំងអំពើហិង្សាយេនឌ័រ” (16 Days of Activism Against Gender-Based Violence) នៅរោងភាពយន្ត Major Cineplex នៃផ្សារទំនើបអុីអន។

យុវជន វណ្ណ ស៊ីបារ៉ូ ដែលផលិតករភាពយន្តរបស់ខ្លួនមានឈ្មោះហៅក្រៅថា ស្តេហ្វិន រ៉ូវ (Stephen Row) បានឈ្នះក្រុមអាយុលើសពី២០ឆ្នាំសម្រាប់ខ្សែភាពយន្តរបស់ខ្លួនមានចំណងជើងថា “អត្តឃាត” (One Touch) ស្ដីអំពីបុរសមួយក្រុមដែលដឹងថាក្មេងស្រីម្នាក់ដែលពួកគេបៀតបៀនផ្លូវភេទ បានធ្វើអត្តឃាត។ ឈុតមួយស្ដីពីបុរសម្នាក់ក្នុងចំណោមនោះស្រមៃឃើញខ្លួនឯងជាប់ខ្នោះ នៅពេលបុរសនោះស្ដាប់ឮព័ត៌មានតាមវិទ្យុនៅហាងកាហ្វេមួយកន្លែង បញ្ចប់ឃ្លីបដ៏រំភើបដែលមានរយៈពេល៥នាទីនេះ។

យុវជនរូបនេះបាននិយាយកាលពីថ្ងៃសុក្រថា ”គ្មានអ្នកណាអាចនិយាយអំពីវាឱ្យមានឥទ្ធិពលជាងបុរសៗនោះទេ ដោយសារតែស្ត្រីខ្មាសមិនហ៊ាននិយាយរឿងនេះ ហើយក្នុងករណីនេះខ្ញុំយល់ថា វាជាការល្អបំផុតសម្រាប់បុរសៗបង្កើតការយល់ដឹង”។

ពានរង្វាន់ខ្សែភាពយន្តល្អបំផុតបានទៅលើយុវជន ខាន់ ខាវ អាយុ១៨ឆ្នាំសម្រាប់ខ្សែភាពយន្តរឿង “លីអូប្រាំពីរពណ៌” (7 Colors Underwear) ដែលផ្ដោតលើក្មេងស្រីវិទ្យាល័យរៀនពូកែម្នាក់ដែលត្រូវគេបៀតបៀនផ្លូវភេទតាមបណ្ដាញទំនាក់ទំនងសង្គម។ នាងរងភាពអាម៉ាស់យ៉ាងខ្លាំងដល់ថ្នាក់ឈប់រៀនបោះបង់ក្ដីសុបិនរបស់នាងដែលចង់ក្លាយជាមេធាវី។

លោកស្រី សារ៉ា ដេនប៊ី (Sara Denby) ជាមន្ត្រីយុទ្ធនាការមួយរូបនៅអង្គការ CARE ទទួលបន្ទុកអំពើហិង្សាយេនឌ័រ មានប្រសាសន៍ថា បុរសៗត្រូវតែចូលរួមកិច្ចប្រឹងប្រែងដោះស្រាយការបៀតបៀនផ្លូវភេទ។ លោកស្រីបានបន្តថា ”ពួកគេគឺជាផ្នែកដ៏ធំមួយនៃបញ្ហា ដូច្នេះពួកគេត្រូវតែក្លាយជាផ្នែកនៃដំណោះស្រាយ។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការឱ្យពួកគេចូលរួម”។

cam-photo-filmsកាលពីដើមឆ្នាំនេះ អង្គការនេះបានសម្ភាសបុរសៗជាច្រើនដូចជា សិស្សវិទ្យាល័យ និស្សិតសកលវិទ្យាល័យ អ្នករត់រ៉ឺម៉កម៉ូតូកង់បី និងភ្ញៀវនៅតាមបៀរហ្គាដិន បារ ក្លឹបរាត្រី និងហាងខារា៉ាអូខេជាដើមដើម្បីស្វែងយល់ថា តើពួកគេដឹងអ្វីខ្លះអំពីការបៀតបៀនផ្លូវភេទ និងថាតើពួកគេបញ្ចេញទស្សនៈយល់ឃើញបែបណាចំពោះបញ្ហានេះ។

លោកស្រីបានលើកឡើងទៀតថា ការឆ្លុះបញ្ចាំងដ៏សំខាន់ពីការពិភាក្សាទាំងនោះគឺថា បុរសមួយចំនួនមើលមិនឃើញបញ្ហាឡើយទាក់ទិនការបៀតបៀនផ្លូវភេទ ដោយបង្ហាញកង្វះយល់ចិត្តស្ត្រីដែលទទួលរងគ្រោះដោយសារវា។ “ចម្លើយលាតត្រដាងគឺថា ដរាបណាបុរសៗមិនយល់ពីមូលហេតុវាក្លាយជាបញ្ហា និងធ្វើឱ្យស្ត្រីមានអារម្មណ៍បែបណាទេនោះ វានឹងមិនបញ្ឈប់ឡើយ”។

ចេញពីក្រុមពិភាក្សាទាំងនេះ ការប្រកួតប្រជែងខ្សែភាពយន្តនេះក៏បានចាប់ផ្ដើមឡើង។ កាលពីខែសីហា កម្មវិធីសម្ដែងតាមផ្លូវបែបអប់រំដែលរៀបចំឡើងដោយ GMB Films បានចុះទៅតាមសាលាប្រមាណ៥០ និងជួបជាមួយក្រុមយុវជនទូទាំងប្រទេសកម្ពុជា។

លោកស្រី សារ៉ា ដេនប៊ី មានប្រសាសន៍ថា “ការសន្ទនាដែលចេញពីវា មិនថាពួកគេផលិតខ្សែភាពយន្តឬក៏អត់នោះទេ គឺមានឥទ្ធិពល និងក្ដីរំភើបយ៉ាងខ្លាំង”។ លោកស្រីបានបន្ថែមថា សម្រាប់យុវជនជាច្រើនដែលបានចូលរួមពាក់ព័ន្ធ វាជាលើកដំបូងហើយដែលពួកគេចែករំលែកបទពិសោធន៍របស់ខ្លួនដែលធ្លាប់ត្រូវគេបៀតបៀនផ្លូវភេទ។ “[កាលពីមុន]  ពួកគេមិននិយាយអំពីវាទេដោយសារតែថា ‘សិច’។ សិចត្រូវគេចាត់ទុកជាប្រធានបទគួរឱ្យខ្មាសអៀន”។

ខ្សែភាពយន្តដែលត្រូវប្រកួតផ្ដាច់ព្រ័ត្រទាំងអស់មាននៅក្នុងបណ្ដាញយូធ្យូប និងគេហទំព័ររបស់អង្គការ CARE ដែលសាធារណជនអាចបោះឆ្នោតគាំទ្របានសម្រាប់ការទទួលពានរង្វាន់តាមការជ្រើសរើសរបស់ទស្សនិកជន ហើយលទ្ធផលឈ្នះចាញ់នឹងត្រូវប្រកាសចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។ លោកស្រី សារ៉ា ដេនប៊ី ថ្លែងថា ពេលនេះកំពុងមានការចរចាជាមួយក្រសួងអប់រំដែលបានគាំទ្រការប្រកួតប្រជែងនេះ ដើម្បីបញ្ចូលខ្សែភាពយន្តទាំងនេះទៅក្នុងកម្មវិធីសិក្សារបស់សាលាមានស្តង់ដារ។

កញ្ញា ថេង បញ្ញា អាយុ២២ឆ្នាំ ជាផលិតករស្រីតែម្នាក់គត់ដែលជាប់មកដល់វគ្គផ្ដាច់ព្រ័ត្រនិយាយថា កញ្ញាសង្ឃឹមថា ខ្សែភាពយន្តរបស់ខ្លួនមានចំណងជើងថា “ឧត្ដម” (Oudom) ស្ដីពីបុរសវ័យក្មេងម្នាក់ទទួលដំបូន្មានជីវិតពីឪពុករបស់ខ្លួនដែលបានចែកឋានទៅតាមរយៈសំបុត្ររំជួលចិត្តមួយច្បាប់ បញ្ជូនសារយ៉ាងច្បាស់អំពីផលវិបាកនៃការបៀតបៀនផ្លូវភេទលើស្ត្រី។

កញ្ញាបានលើកឡើងទៀតថា “យើងត្រូវមានអារម្មណ៍សុវត្ថិភាពអាចបញ្ចេញយោបល់ខ្លួនឯងបាន។ យើងគួរតែអាចស្លៀកពាក់បែបណាក៏បានតាមដែលយើងចង់ មិនថាសិចស៊ីឬក៏អត់ ដោយគ្មានការភ័យខ្លាចការវិនិច្ឆ័យ ឬក៏បៀតបៀនពីបុរសៗ។ យើងគួរតែអាចចេញក្រៅបាននៅពេលយប់ និងមិនខ្លាចរងការវាយប្រហារ យើងគួរតែអាចចូលទៅបណ្តាញអុីនធឺណិតបានដោយគ្មានការភ័យខ្លាចត្រូវគេវាយប្រហារពាក្យសម្ដី ឬក៏សម្លុតធ្វើបាប”៕ សុខុម (រាយការណ៍បន្ថែមដោយ ហង្ស សុគន្ធា)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស