34 C
Phnom Penh

មាន​​​គម្រោង​​​​​​សាងសង់​​​​​​អាងពិព័រណ៍ចិញ្ចឹម​​​ត្រី​​​ក្រោម​​​ទឹក​​​​​​តម្លៃ​​​១០០​​​លាន​​​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលចង់សាងសង់អាងពិព័រណ៍ចិញ្ចឹមត្រីក្រោមទឹកតម្លៃ១០០លានដុល្លារតាមទន្លេធំៗមួយរបស់ប្រទេសកម្ពុជា ហើយកំពុងងាកទៅរកប្រទេសជប៉ុនឲ្យចេញប្រាក់ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីការពារបរិស្ថាននិងទាក់ទាញទេសចរ។

ក្នុងការបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសគម្រោងនេះ ដែលលោកបានមានប្រសាសន៍ថា ត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំនៅឯអគារការិយាល័យរបស់លោកជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yamada Sohiko ជាស្ថាបត្យករនិងជាអ្នករៀបចំគម្រោងអភិវឌ្ឍ។

ការបង្ហោះនោះបាននិយាយថា “អាងពិព័រណ៍ត្រីនេះ គឺមិនត្រឹមតែទាក់ទាញទេសចរណ៍ទេ គឺនឹងផ្តល់ឱកាសឲ្យប្រជាជាតិទាំងក្នុងតំបន់ និងអន្តរជាតិអាចមកសិក្សាស្រាវជ្រាវពូជត្រី ការភ្ញាស់ និងថែរក្សាពូជត្រីទឹកសាបនៅកម្ពុជាផងដែរ។ ការបង្ហោះបាននិយាយថា មជ្ឈមណ្ឌលនេះក៏អភិវឌ្ឈនិងចែកចាយវិធីសាស្ត្រសម្រាប់សហគមន៍នេសាទក្នុងការចិញ្ចឹមប្រភេទត្រីខុសៗគ្នា និងមានសុខភាពល្អដែរ។

ការបង្ហោះបាននិយាយថា “យើងរំពឹងថា អាងពិព័រណ៍ត្រីទឹកសាបនៅកម្ពុជាអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន” បន្ទាប់ពីប្រាសាទអង្គរវត្តដែលស្ថិតក្នុងចំណោមកន្លែងទាក់ទាញទេសចរនៅកម្ពុជា។

លោក ហ៊ុន សែន បានអំពាវនាវឲ្យបង្កើតគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឲ្យ”សិក្សាអំពីទីតាំង និងផលប៉ះពាល់នានាឲ្យបានច្បាស់លាស់ ដើម្បីជំរុញគម្រោងខាងលើនេះ ឲ្យចេញជារូបរាងប្រកបដោយជោគជ័យដែលជាមរតកសម្រាប់កម្ពុជា និងប្រជាជាតិអាស៊ានទាំងមូល”។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលនឹងត្រូវការដីប្រហែល១០ទៅ២០ហិកតាតាមដងទន្លេមេគង្គ ឬទន្លេសាប ឬកន្លែងដែលវាប្រសព្វគ្នា ដើម្បីសាងសង់អាងត្រីពិព័រណ៍ ដែលនឹងបញ្ជាក់ពីពូជត្រីទន្លេចម្រុះនៅក្នុងប្រទេស។

លោក សាខុន បាននិយាយថា លោក Fumiaki ដំបូងឡើយបានលើកឡើងពីគំនិតនេះប្រាប់លោកប្រហែល៤ខែមុន ដោយស្នើថា អាងនេះស្ថិតក្នុងជ្រោយចង្វា ក្នុងក្រុងភ្នំពេញនៅពីមុខសណ្ឋាគារសុខា។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានរៀបរាប់ពីអាងពិព័រណ៍ចិញ្ចឹមត្រីក្រោមទឹកថាត្រូវកសាងឡើងស្ទើរតែពីកញ្ចក់ទាំងអស់ ដែលទេសចរ និងអ្នកស្រាវជ្រាវនឹងអាចចូលដល់តាមទ្វារក្រោមដី។ ទោះជាយ៉ាងក្តី លោករដ្ឋមន្ត្រីបានប្រយ័ត្នប្រយែងនឹងហានិភ័យនៃការសាងសង់អាងបែបហ្នឹងនៅត្រង់កន្លែងដែលមានទន្លេធំៗនៅក្នុងប្រទេសប្រសព្វមុខគ្នា។

លោកបាននិយាយថា “ខ្ញុំឃើញថា ទីតាំងគឺមានលក្ខណៈស្មុគ្រស្មាញ ព្រោះ…គម្រោងអាចប៉ះពាល់ចរន្តទឹក ដែលមានន័យថា ទឹកអាចហូរយឺតពីទន្លេសាប ហើយបន្ទាប់មកកម្ពស់ទឹកទន្លេសាបអាចទាប”។

លោក សាខុន បាននិយាយថា ការប្រឈមមួយទៀតនឹងត្រូវសម្អាតទឹកនៅជុំវិញអាងពិព័រណ៍ចញ្ចឹមត្រី។ លោកបានមានប្រសាសន៍ថា “លុយត្រូវការច្រើនណាស់ ដើម្បីសម្អាតទឹកនៃដីល្បាប់ ដែលខ្ពស់ណាស់ទៅហើយ”។

ភាពស្មុគ្រស្មាញផ្នែកបរិស្ថានគួបផ្សំជាមួយរយៈពេលរង់ចាំដ៏យូរ ដើម្បីទទួលបានថវិកាអាចមានន័យថា ពី៤ទៅ១០ឆ្នាំទៀត ទើបការសាងសង់អាងពិព័រណ៍ចិញ្ចឹមត្រីចាប់ផ្តើម។ លោកបាននិយាយថា ” ទោះជាយ៉ាងនេះក្តី ប្រសិនបើរដ្ឋាភិបាលជប៉ុនពិតជាប្តេជ្ញាចិត្តជួយយើង ខ្ញុំគិតថា វានឹងត្រូវការយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីចាប់ផ្តើមគម្រោង”។

ចំពោះជំនួយ១០០លានដុល្លារដែលប្រទេសកម្ពុជាសង្ឃឹមថានឹងទទួលបាន លោកបាននិយាយថា “តាមបទពិសោធខ្ញុំ វាមិនងាយស្រួលទេ ក្នុងការស្នើសុំជំនួយពីប្រទេសជប៉ុន”។

លោក រ៉ូស ស៊ីនក្លៃ នាយកកម្មវិធីសមាគមអភិរក្សសត្វព្រៃបាននិយាយថា លោកមិនបានដឹងពីគម្រោងនេះទេ ប៉ុន្តែថា ការធ្វើអ្វីមួយដែលរួមចំណែកក្នុងការបង្កើនការយល់ដឹងពីសត្វសមុទ្ទចម្រុះក្នុងប្រទេសនឹងជាជំហានវិជ្ជមាន។

លោកបាននិយាយថា “ត្រីទឹកសាបនៅកម្ពុជាអស្ចារ្យណាស់ ពោលគឺវាមានបរិស្ថានជីវៈចម្រុះច្រើនបំផុតនៅលើផែនដីនេះ។ ការបើកអាងពិព័រណ៍ដែលពលរដ្ឋខ្មែរ និងអ្នកផ្សេងទៀតអាចមកសិក្សាអំពី….ជីវៈចម្រុះសំបូរបែបនៅទីនេះតាមពិតទៅជារឿងល្អ”៕ (រាយការណ៍បន្ថែមដោយ Hannah Hawkins)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស