28 C
Phnom Penh

ព័ត៌មាន​ផ្សាយ​ពី​ថៅកែ​ក្រុម​​ហ៊ុន​ Huawei ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ប៉ុន្តែ​​បាត់​ពី​គេហទំព័រ​​ទៅ​​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមនគរបាលបានឲ្យដឹងថា លោក ខេវិន វ៉េង (Kevin Weng ) មន្ត្រីជាន់ខ្ពស់នៅក្រុមហ៊ុនហ័រវ័យ (Huawei) ដែលជាក្រុមហ៊ុនតេឡេខុមខ្្នាតយក្សរបស់ចិន បានធ្វើឲ្យខ្ទេចរ៉ឺម៉កម៉ូតូចំនួនបីគ្រឿង និងម៉ូតូមួយគ្រឿងក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រសប្តាហ៍មុនក្នុងរាជធានីភ្នំពេញ ហើយរូបថតដែលត្រូវបានបង្ហោះតាមអុីនធឺណិតបង្ហាញពីផ្នែកខាងមុខខាងស្ដាំនៃរថយន្តស្ព័រ BMW i8 របស់គាត់បានខូចខ្ទេច ហើយរ៉ឺម៉កកង់បីក៏ខ្ទេចដែរ។

ដូចការព្យាករទុកអ៊ីចឹង គឺព័ត៌មាននេះត្រូវបានចុះផ្សាយព្រោងព្រាតដោយបណ្តាសារព័ត៌មានជាភាសាខ្មែរ ហើយភាគច្រើនសេចក្តីរាយការណ៍ព័ត៌មានទាំងនោះដកស្រង់សម្ដីមន្ត្រីអានាមិកដែលរៀបរាប់ពីគ្រោះថ្នាក់ចរាចរណ៍មួយ ហើយអ្នកបើកបរព្យាយាមបើករត់ពីកន្លែងកើតហេតុ។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមក ដំណឹងនេះក៏បានបាត់ពីគេហទំព័រជាច្រើនក្នុងចំណោមគេហទំព័រនានា។

និពន្ធនាយកគេហទំព័រដែលបានលុបរឿងនោះចោល ឬក៏បដិេសធមិនលុបចេញ បានបន្ទោសការបាត់នេះថាបណ្ដាលមកពីកំហុសបច្ចេកទេស ឬមិនអាចទាក់ទងបាន។ ទោះជាយ៉ាងណា ម្ចាស់របស់ Expatriate Online Forum បានលើកឡើងថា លោកបានបដិសេធការផ្តល់លុយ១០០ដុល្លារដើម្បីលុបចោលដំណើររឿងចំពោះការបុកគ្នានេះ។

លោក ជឹម ឌីណា មន្ត្រីនគរបាលចរាចរខណ្ឌចំការមនបានបញ្ជាក់ពីព័ត៌មានលម្អិតស្ដីពីការបុកគ្នានេះ ហើយលោក ខេវិន វ៉េង ត្រូវបានសាកសួរតាមរយៈអ្នកបកប្រែភាសា

ចិន។ លោកបានបន្តថា លោក ខេវិន វ៉េង បានបង្កឱ្យបុរសបីនាក់រងរបួស  នៅពេលរថយន្តរបស់គាត់បុកចំរ៉ឺម៉កម៉ូតូកង់បីបីគ្រឿង និងម៉ូតូមួយគ្រឿង។នៅម៉ោង៣និង៣០នាទីឈានចូលព្រឹកថ្ងៃពុធ។

លោកបានលើកឡើងបន្តថា “គាត់បើកបរក្រោមឥទ្ធិពលស្រវឹង ហើយគាត់មិនបានឈប់នៅកន្លែងកើតហេតុទេ” ហើយថា អ្នកបើកបររ៉ឺម៉កម៉ូតូកង់បី ម៉ូតូ និងអ្នកបើករថយន្តបានបើកដេញតាមលោក ខេវិន វ៉េង ខណៈពេលគាត់ព្យាយាមបើករត់ពីកន្លែងកើតហេតុ។

លោកបានបញ្ជាក់ថា ការដេញតាមបានឈប់នៅត្រង់ចំណុចច្រកចូលអគារអាផាតមិនដែលគាត់រស់នៅ ហើយនគរបាលបានចាប់ខ្លួនគាត់នៅនឹងកន្លែង។ លោកថ្លែងថា អ្នកដែលរងរបួសទាំងនោះត្រូវបានផ្តល់សំណងជំងឺចិត្តអស់ហើយសម្រាប់ការរងរបួសរបស់ពួកគេ ចំណែកឯលោក ខេវិន វ៉េង ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់។

លោក ឡេង រតនា ប្រធានការិយាល័យនគរបាលចរាចរណ៍ខណ្ឌបានមានប្រសាសន៍ថា ករណីនេះត្រូវបានដោះស្រាយតាមរយៈកិច្ចសន្យាដែលរួមមានការផ្តល់សំណងជំងឺចិត្ត និងអ្នករងរបួសសន្យាមិនដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ថាប្រាក់សំណងមានចំនួនប៉ុន្មានទេ។

ការព្យាយាមទាក់ទងទៅលោក ខេវិន វ៉េង អគ្គនាយករងក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា និងប្រទេសឡាវ តាមរយៈបុគ្គលិកនៅក្រុមហ៊ុន Huawei មិនបានសម្រេចនោះទេ។

គេហទំព័រព័ត៌មាននានាដែលបានលុបចោលការចុះផ្សាយបឋមរបស់ខ្លួនអំពីគ្រោះថ្នាក់ចរាចរណ៍នេះរួមមានគេហទំព័រ Fresh News ដែលគាំទ្ររដ្ឋាភិបាល ព្រមទាំងកាសែតនគរវត្ត Khmer Read និង CamNews និង Khmer Note ជាដើម។

លោក ហាក់ យ៉ាត អ្នកគ្រប់គ្រងគេហទំព័ររបស់កាសែតនគរវត្តបានថ្លែងថា លោកគ្រាន់តែធ្វើតាមការណែនាំពីថៅកែរបស់គាត់ប៉ុណ្ណោះ នៅពេលគាត់ប្រាប់ឲ្យលុបចោលរឿងនេះ។ គាត់បានលើកឡើងទៀត ថា ”ខ្ញុំធ្វើការនៅទីនេះ ដូច្នេះបើគេប្រាប់ឲ្យខ្ញុំ

ធ្វើអ្វី ខ្ញុំនឹងធ្វើតាម។ ខ្ញុំមិនបានសួរថាហេតុផលអ្វីនោះទេ”។

លោក ចែត សារឿន និពន្ធនាយករងកាសែតនគរវត្ត បាននិយាយថា វាជារឿងចាស់ដែលប្រហែលត្រូវលុបចេញពីទំព័រព័ត៌មានៗរបស់គេហទំព័រ។

លោក លឹម ជាវុត្ថា នាយកប្រតិបត្តិគេហទំព័រ Fresh News បានបដិសេធថា អត្ថបទព័ត៌មាននោះមិនត្រូវបានលុបចេញទេ ថ្វីបើតំណភ្ជាប់រឿងដំបូងត្រូវដាច់ និងគ្មានការចុះផ្សាយផ្សេងអំពីគ្រោះថ្នាក់នេះបង្ហោះលើគេហទំព័រនេះក្តី។

លោកបាននិយាយថា “យើងមិនបានដករឿងនោះចេញទេ។ ខ្ញុំសសង្ស័យថា ប្រហែលជាបញ្ហាបច្ចេកទេសរបស់អ្នកទេ”។

លោក ហ៊ាង សំនួន និពន្ធនាយកគេហទំព័រ Khmer Note បានបដិសេធស្រដៀងគ្នាថាមិនបានដករឿងនោះចេញទេ និងបាននិយាយថា គេហទំព័រមិនបានលុបរឿងចេញទេ បន្ទាប់ពីការចុះផ្សាយវា។

លោកនិយាយថា “ខ្ញុំមិនបានដកព័ត៌មាននោះចេញទេ។ វានៅមានដដែលហ្នឹង។ ខ្ញុំមិនដឹងថា វាមើលមិនឃើញទេ…រហូតដល់អ្នកប្រាប់ ទើបខ្ញុំដឹង”។

និពន្ធនាយក និងនាយកប្រតិបត្តិទាំងអស់សុទ្ធតែបានបដិសេធមិនទទួលប្រាក់ ឬក៏ទទួលយកប្រាក់ជាថ្នូរនឹងការលុបរឿងនោះចោល ដែលបានក្លាយជាប្រធានបទនៃការពិភាក្សាតាមវេទិកាអីុនធឺណិត Khmer440 និង Cambodia Expats Online នោះទេ។

លោក ដានីញ៉ែល ម៉ាកខេវីលី ដែលគ្រប់គ្រងក្រុមហ៊ុន Cambodia Expats Online (CEO) បានមានប្រសាសន៍ថា បន្ទាប់ពីការមើលឃើញរឿងនោះចុះផ្សាយនៅតាមគេហទំព័រព័ត៌មានខ្មែរជាច្រើន និងការសម្រេចថាពិតជាលោក វ៉េង មែន វេទិកាបានបង្ហោះអត្ថបទមួយតាមអីុនធឺណិតអមដោយការបង្ហោះហ្វេសប៊ុកផង។

លោក ម៉ាកខេវីលី បាននិយាយក្នុងសារអីុម៉េលថា “បន្ទាប់មកនៅថ្ងៃទី២៥ខែវិច្ឆិកា (ថ្ងៃសុក្រ) គឺពីរថ្ងៃក្រោយពីយើងបានចេញផ្សាយអត្ថបទអំពីលោក វ៉េង យើងបានទទួលសារមួយពី រដ្ឋា ចេវ (គណនីហ្វេសប៊ុកតាមមើលដូចជាពិត និងនិយាយថា គេជាអ្នកគ្រប់គ្រងគណនីនៅក្រុមហ៊ុន Marketing Solutions Asia Ltd) លើទំព័រហ្វេសប៊ុកស៊ីអីុអូរបស់យើង ប្រាប់យើងថា ‘សួស្តី ខ្ញុំចង់សួររកលេខទំនាក់ទំនងរបស់អ្នកសម្រាប់ការផ្សាយពាណិជ្ជកម្ម?’ “

នៅពេលផ្ញើលេខរបស់លោក  លោក ម៉ាកខេវីលី បាននិយាយថា លោកបានទទួលការហៅទូរស័ព្ទមួយដែលមានសំឡេងដូចបុរសខ្មែរដែលស្នើឲ្យលោកដកអត្ថបទនោះចេញ ដោយលើកហេតុផលថា វារំលោភលើឯកជនភាពរបស់លោក វ៉េង និងផ្តល់ប្រាក់១០០ដុល្លារ ប្រសិនបើលោកព្រមធ្វើតាម។

លោកនិយាយថា ”ខ្ញុំចង់ពិភាក្សាជាមួយគាត់ថែមទៀតដើម្បីឲ្យដឹងថា ពួកគេព្រមផ្តល់ប្រាក់ប៉ុន្មាន។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរបន្តិចក្នុងការបង្ហាញមុខ នៅពេលខ្ញុំពិចារណាហ្មត់ចត់អំពីការយកប្រាក់ដើម្បីដកចេញអ្វីមួយ ដែលយើងមិនដែលធ្វើសោះ”៕ សុខុម និង និត (រាយការណ៍បន្ថែមដោយ Colin Meyn)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស