28.4 C
Phnom Penh

កិច្ចប្រឹង​​​ប្រែង​​​ចុះ​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដ៏​​​សំខាន់​​​​​​ចប់​​​នៅ​​​ថ្ងៃ​​​នេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល៣ខែនៃការចុះឈ្មោះអ្នកបោះឆ្នោតដ៏សំខាន់នឹងបញ្ចប់ថ្ងៃនេះ ដោយមានពលរដ្ឋប្រហែល៧,៧លាននាក់បានចុះឈ្មោះថ្មីៗនេះចូលក្នុងទិន្នន័យអ្នកបោះឆ្នោតជាឌីជីថល ដោយត្រួសត្រាយផ្លូវសម្រាប់សវនកម្មដោយឯករាជ្យលើបញ្ជីឈ្មោះ ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ និងការបញ្ចុះបញ្ចូលថ្មីៗនេះសុំឲ្យកម្មករដែលរស់នៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោត មុននឹងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨។

កិច្ចប្រឹងប្រែងដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា មានទំហំធំជាងយុទ្ធនាការចុះឈ្មោះបោះឆ្នោតកាលពីមុនៗដែលធ្វើឡើងសម្រាប់ការបោះឆ្នោតកន្លងមកថ្មីៗនេះ។ ក្នុងឆ្នាំ២០១១ មុននឹងការបោះឆ្នោតឃុំសង្កាត់ មានអ្នកបោះឆ្នោតថ្មីចំនួនប្រហែល ៩០០.០០០នាក់បានចុះឈ្មោះ ដោយបន្ថែមទៅក្នុងបញ្ជីដែលបានធ្វើឡើងបីបួនឆ្នាំកន្លងមក។

បញ្ជីនោះមានអ្នកបោះឆ្នោតចំនួន៩,២លាននាក់ ពោលគឺ១,៥លាននាក់ច្រើនជាងបញ្ជីថ្មី ប៉ុន្តែក៏មានឈ្មោះបួនភាគរយច្រើនជាងអ្នកមានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេសនៅពេលនោះ ដែលរួមមានឈ្មោះស្ទួន និងឈ្មោះខ្មោចរាប់ម៉ឺននាក់ ដោយគ្មានអ្នកបោះឆ្នោតទេ។

ជាលទ្ធផល គេបានរិះគន់ជាទូទៅថាជាឫសគល់នៃភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៣ ដែលបានឈ្នះដោយប្រកៀកប្រកិតដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាច ហើយបានជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយថា មានការចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាច”បានបន្លំឈ្មោះពី១,២លានដល់១,៣លានឈ្មោះ”។ នៅពេលនេះ លោកបាននិយាយថា “យើងប្រើបច្ចេកវិទ្យាទំនើប គឺវាមិនអាចមានឈ្មោះស្ទួន ខុសឈ្មោះ ឬបាត់ឈ្មោះទេ។ អ៊ីចឹង ខ្ញុំគិតថា វាប្រសើរជាងបញ្ជីអ្នកបោះឆ្នោតពីមុនៗដែលយើងបានចុះសរសេរដោយដៃ”។

លោក ឥសាន បាននិយាយថា បញ្ជីថ្មីនឹងរួមចំណែកក្នុងការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅពីរឆ្នាំខាងមុខនេះ។

លោកបាននិយាយថា “យើងមិនអាចវិនិច្ឆ័យការបោះឆ្នោតបានទេ លុះត្រាតែក្រោយការបោះឆ្នោត ទើបយើងអាចវាយតម្លៃបាន ប៉ុន្តែយើងមានសុទិដ្ឋិនិយមថា ការចុះឈ្មោះអ្នកបោះឆ្នោតមានសុក្រឹតភាព”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានយល់ស្របថា បញ្ជីថ្មីនឹងទំនងជាមានសុក្រឹតភាពជាងបញ្ជីអ្នកបោះឆ្នោតមុនៗ ប៉ុន្តែរំលឹកថា វាគ្រាន់តែជាផ្នែកមួយនៃការធានានូវការបោះឆ្នោតដោយត្រឹមត្រូវប៉ុណ្ណោះ។

លោក សុវណ្ណ បាននិយាយថា មានអ្នកមានសិទ្ធិបោះឆ្នោតប្រហែល២លាននាក់ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតសរុប៩,៧លាននាក់មិនបានចុះឈ្មោះ ដែលរួមទាំងពលករចំណាកស្រុកជាង១លាននាក់ដែលកំពុងរស់នៅក្រៅប្រទេស។

លោកបាននិយាយថា លើសពីនេះទៀត ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ពោលគឺតុលាការបានអនុវត្តឥតក្រែង និងដាក់ពន្ធនាគារទៅលើអ្នកនយោបាយនិងសកម្មជនជាច្រើននាក់ គឺបានបន្ទច់បង្អាក់នយោបាយក្នុងប្រទេស។

លោកបាននិយាយថា “ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវមិនគ្រាន់តែអំពីបញ្ជីឈ្មោះអ្នកបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែជាឧទាហរណ៍លើបរិយាកាសនយោបាយដែរ។ បើមេដឹកនាំបក្សប្រឆាំងមិនអាចចូលរួមដោយពេញលេញក្នុងសកម្មភាពនយោបាយ ហើយមានការចោទប្រកាន់ ការធ្វើនិរទេស និងការដាក់ពន្ធនាគារ តើការបោះឆ្នោតអាចសេរីនិងត្រឹមត្រូវយ៉ាងម៉េចទៅ?”

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលបាននិយាយថា ជំហានមួយក្នុងបណ្តាជំហានបន្ទាប់ទៀតត្រូវធ្វើសវនកម្មលើបញ្ជីអ្នកបោះឆ្នោត ដែលគ្រោងនឹងចេញឲ្យដឹងជាបណ្តោះអាសន្នក្នុងខែមករា ដោយអនុញ្ញាតឲ្យក្រុមខាងក្រៅនិងមនុស្សម្នាក់ៗផ្ទៀងផ្ទាត់ឈ្មោះនឹងមនុស្សពិតប្រាកដ។

លោក បញ្ញា បាននិយាយថា “បើមានកំហុសច្រើន វានឹងប៉ះពាល់ដល់ការបោះឆ្នោត។ អ៊ីចឹង យើងត្រូវពិនិត្យមើល”។ លោក បញ្ញា បាននិយាយថា អង្គការនេះក៏នឹងបញ្ចុះបញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងរាស្ត្រស្នើសុំឲ្យមានសិទ្ធិបោះឆ្នោតចំពោះពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស ក៏ដូចជាព្រះសង្ឃនិងអ្នកទោសដែលកំពុងជាប់ឃុំ ប៉ុន្តែមិនទាន់កាត់ឲ្យជាប់ទោសនៅឡើយ ជាក្រុមពីរបន្ថែមទៀតដែលគេមិនយកចិត្តទុកដាក់ក្នុងអំឡុងពេលការចុះឈ្មោះនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស