31 C
Phnom Penh

គ្រូបង្វឹក​ក្រុមជម្រើ​ស​ជាតិ​កម្ពុជា​គំរាម​តាម​ហ្វេសប៊ុកលាលែង​ពី​តួនាទី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលដឹកនាំរបស់លោក លី តេហ៊ុន គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ហាក់ដូចជាមិនទាន់ប្រាកដប្រជានៅឡើយកាលពីម្សិលមិញ បន្ទាប់ពីលោកបានគំរាមលាលែងពីតួនាទីតាមទំព័រហ្វេសប៊ុកដោយខឹងសម្បានឹងក្រុមកីឡាកររបស់ខ្លួនបន្ទាប់ពីការបរាជ័យមិនបានឡើងទៅកាន់ជុំបន្ទាប់នៃពានរង្វាន់ AFF Suzuki Cup ប្រចាំតំបន់។

នៅក្នុងសារបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ លោក លី បានចោទក្រុមកីឡាករថា មិនស្ដាប់ការណែនាំអំពីយុទ្ធសាស្ត្ររបស់លោក ហើយលោកបានគំរាមលាលែងពីតួនាទីនៅពេលកិច្ចសន្យារបស់លោកបញ្ចប់នៅខែធ្នូ។

លោក លី បានសរសេរជាភាសាអង់គ្លេសថា ”ខ្ញុំប្រហែលជាលាលែងពីតួនាទីជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាហើយ ពីព្រោះកីឡាករទាំងអស់មិនស្ដាប់តាមអ្វីដែលខ្ញុំបានប្រាប់ដល់ពួកគេឡើយ។ ពួកគេមិនធ្វើតាមអ្វីដែលខ្ញុំបានប្រាប់ឡើយ។ ពួកគេតែងតែធ្វើកំហុសដដែលៗ ហើយមិនព្រមកែកំហុសទាំងនោះ”។

cam-photo-tae-hoonលោកបានបន្ថែមថា ”កិច្ចសន្យារបស់ខ្ញុំជាមួយសហព័ន្ធបាល់ទាត់កម្ពុជានឹងបញ្ចប់នៅខែធ្នូ ប៉ុន្តែប្រសិនបើសហព័ន្ធបាល់ទាត់កម្ពុជាចង់បន្តកិច្ចសន្យាជាមួយខ្ញុំ ប្រហែលជាខ្ញុំនឹងមិនបន្តជាមួយសហព័ន្ធបាល់ទាត់កម្ពុជាទៀតឡើយ”។

គិតត្រឹមថ្ងៃម្សិលមិញ លោក លី បានប្ដូរសារដំបូងរបស់លោកដែលត្រូវបានគេចែករំលែកព្រោងព្រាត ហើយទទួលបានសារគាំទ្រជាច្រើនពីអ្នកគាំទ្រ មកជានិយាយសម្រាល អំពាវនាវឱ្យកីឡាករទាំងអស់ ”កែនូវទម្លាប់អាក្រក់របស់ខ្លួន”វិញ។

នៅពេលទាក់ទងតាមទូរស័ព្ទ លោក លី បានប្រកាន់តាមការលើកឡើងរបស់លោក ហើយបាននិយាយថា កីឡាករទាំងអស់ធ្វើមិនទាន់បានគ្រប់គ្រាន់ក្នុងការរក្សាសុខភាពរាងកាយរបស់ខ្លួនឱ្យមាំមួន។

លោកបានបន្ថែមថា “នេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ ពីព្រោះយើងមិនបានត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះឡើយ។ កីឡាករទាំងអស់មិនបានរក្សាស្ថានភាពរបស់ខ្លួនទេ…ហើយខ្ញុំបានពន្យល់ប្រាប់កីឡាករទាំងអស់ច្រើនលើកច្រើនសារយៈពេលច្រើនឆ្នាំមកហើយ។ ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះបញ្ហារបស់កីឡាករ ប៉ុន្តែខ្ញុំមិនដឹងថា អ្វីដែលខ្ញុំអាចធ្វើបន្ថែមទៀតនោះឡើយ”។

បើទោះជាមានការអស់ចិត្តពីសំណាក់គ្រូបង្រឹករូបនេះក៏ដោយ ក៏រឿងនេះកើតឡើងចំពេលដែលមានការឡើងជើងនាពេលបច្ចុប្បន្ននេះរបស់ក្រុមជម្រើសជាតិ។

បន្ទាប់ពីមានការខកចិត្តពចំពោះយុទ្ធនាការប្រកួតជម្រុះវើលខាប់ពីខែមិថុនាឆ្នាំមុនរហូតដល់ខែមីនា ដែលក្នុងនោះក្រុមជម្រើសជាតិបានចាញ់គ្រប់ការប្រកួត ដោយត្រូវគេស៊ុតបញ្ចូលទី២៧គ្រាប់  ហើយស៊ុតចូលគេវិញតែមួយគ្រាប់ប៉ុណ្ណោះ  នោះកម្ពុជាបានឡើងដល់ការប្រកួតពានរង្វាន់ AFF Suzuki Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៨មក បន្ទាប់ពីបានបំបាក់ក្រុម ឡាវ ព្រុយណេ និងទីម័រខាងកើតកាលពីខែមុនបានឡើងទៅកាន់វគ្គចែកពូល។

បន្ទាប់មកតៀតកម្ពុជាមានការខកចិត្តយ៉ាងខ្លាំងនៅក្នុងការប្រកួតជុំដំបូងរបស់ខ្លួនកាលពីដើមខែនេះ ដោយចាញ់ក្រុមម៉ាឡេស៊ីក្នុងពិន្ទុ២ទល់នឹង៣ បន្ទាប់មកបានបន្តចាញ់ក្រុមភូមា និងវៀតណាម។

កីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធមកពីក្រុមភ្នំពេញក្រោន បាននិយាយថា គាត់សង្ឃឹមថា គ្រូបង្វឹករូបនេះនឹងបន្តកិច្ចសន្យា ហើយបានបន្ទោសភាពមិនមានកម្លាំងពេញលេញទៅលើការមិនស៊ាំនឹងអាហារហូបចុកថ្មីនៅក្រៅប្រទេស។

កីឡាកររូបនេះបានបន្តថា “របបអាហារ មិនល្អឡើយ វាលំបាកហូបណាស់ទាំងពេលយើងទៅលេងនៅប្រទេសសិង្ហបុរី និងភូមា។ តាមគំនិតរបស់ខ្ញុំ ខ្ញុំចង់បានចុងភៅផ្ទាល់ខ្លួនរបស់យើង។ អាហារគឺសំខាន់ណាស់សម្រាប់កីឡាករ”។

លោក ម៉ៃ តុលា អ្នកនាំពាក្យសហព័ន្ធបាល់ទាល់កម្ពុជាបានមានប្រសាសន៍ថា មិនទាន់មានការពិភាក្សាជុំវិញកិច្ចសន្យារបស់លោក លី ឡើយ។

លោកបានថ្លែងថា “គ្រូបង្វឹករូបនេះបានចំណាយពេលច្រើនបំផុតជាមួយកីឡាករ ដូច្នេះហើយអាចមានកីឡាករមួយចំនួនធ្វើមិនបានល្អដូចលោករំពឹងទុក។ យើងគោរពសិទ្ធិរបស់លោកក្នុងការបញ្ចេញមតិ”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស