27.5 C
Phnom Penh

អ្នក​​​ដែល​​​ដំអក់​​​​​​ទៅ​​​ក្រោយ​​​គេ​​​ទទួល​​​បាន​​​ការ​​​ពន្យារ​​​ពេល​​​មួយ​​​ថ្ងៃ​​​សម្រាប់​​​ការ​​​ចុះឈ្មោះ​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅឯសាលាសង្កាត់ដែលមានមនុស្សយ៉ាង ច្រើនមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយមានអ្នកចុះឈ្មោះបោះឆ្នោតនៅ នាទីចុងក្រោយយ៉ាងច្រើនបានមកប្រមូលផ្តុំគ្នានៅទ្វារខាងមុខនោះ អ្នកដែលរង់ចាំនៅក្នុងជួរបាននិយាយត្អូញត្អែរដដែលៗថា “ខ្ញុំរវល់”។

ថ្ងៃម្សិលមិញ ត្រូវជាថ្ងៃចុងក្រោយសម្រាប់ ការចុះឈ្មោះបោះឆ្នោត មុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ ប៉ុន្តែ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលយល់ស្របថា នៅមានអ្នកមិនទាន់បានចុះឈ្មោះច្រើននោះ បានប្រកាសថា ការចុះឈ្មោះនឹងបន្តមួយថ្ងៃទៀតនៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស។

នៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យដែលនៅមានមនុស្សច្រើនមិនទាន់បានមកចុះឈ្មោះបោះឆ្នោតនោះ មានប្រជាពលរដ្ឋយ៉ាងច្រើនប្រញាប់ប្រញាល់មកកាន់សាលាឃុំ-សង្កាត់ នេះបើយោង តាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.។

នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញនួន រាម អាយុ៤២ឆ្នាំ ដែលជាមេការនៅហាងខារ៉ាអូខេមួយកន្លែងបានសំដែងទឹកមុខរវល់ខ្លាំង ពេលត្រូវបានសួរថា ហេតុអ្វីបានជារង់ចាំរហូតដល់ថ្ងៃចុងក្រោយទើបមកចុះឈ្មោះបោះឆ្នោត។

មេការរូបនេះបាននិយាយនៅសាលាសង្កាត់ទន្លេបាសាក់ថា “ខ្ញុំដឹងថាថ្ងៃនេះជាថ្ងៃចុងក្រោយសម្រាប់ការចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅថ្ងៃមុនៗកន្លងមកនេះ ខ្ញុំរវល់”។

នារីម្នាក់កំពុងអង្គុយថតរូបពេលចុះឈ្មោះបោះឆ្នោតនៅការិយាល័យក្នុងសាលាសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នារីម្នាក់កំពុងអង្គុយថតរូបពេលចុះឈ្មោះបោះឆ្នោតនៅការិយាល័យក្នុងសាលាសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អំឡុងនាទីចុងក្រោយដ៏មមាញឹក លោកតេក ហីុ អ្នកគ្រប់គ្រងការបោះឆ្នោតនៅសាលាសង្កាត់នេះបានឆ្លើយសំណួរដែលមើលទៅមិនចេះចប់មិនចេះហើយរបស់ប្រជាពលរដ្ឋដែលបានមកដល់ដោយគ្មានឯកសារចាំបាច់។

លោកបានលើកឡើងថា ដំណើរការចំណាយពេលត្រឹមតែ “២នាទី” ប៉ុណ្ណោះប្រសិន បើពលរដ្ឋយកលិខិតស្នាមដែលតម្រូវឲ្យមានមកជាមួយ។ ប៉ុន្តែ ពលរដ្ឋជាច្រើនមានអត្តសញ្ញាណប័ណ្ណដែលចុះអាសយដ្ឋាននៅខាងក្រៅសង្កាត់នេះ ឬក៏គ្មានភ័ស្តុតាងបញ្ជាក់ទីលំនៅ។

អ្នករកស៊ីម្នាក់ឈ្មោះ ឯម សុវណ្ណារិទ្ធ អាយុ៤៧ឆ្នាំដែលមកកន្លែងនេះដោយមានត្រឹមតែលិខិតឆ្លងដែននោះ ត្រូវបានឲ្យត្រឡប់ទៅវិញ។ លោកបាននិយាយថា “វាស្មុគស្មាញពេកហើយ។ ខ្ញុំមិនពេញចិត្តទេ។សង្ឃឹមថា ថ្ងៃស្អែកខ្ញុំនឹងនាំប្រពន្ធកូនរបស់ខ្ញុំមកធ្វើជាសាក្សី”។

អៀត ជាវួច អាយុ៤១ឆ្នាំ បានរង់ចាំអស់រយៈពេល២ម៉ោងក្នុងចំណោមមនុស្សជាច្រើនមុនពេលអ្នកស្រីទីបំផុតអាចចុះឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធ

កុំព្យូទ័រថ្មី ប៉ុន្តែ បានលើកឡើងថា អ្នកស្រីរីករាយដែលត្រឡប់ទៅផ្ទះវិញដោយមានបង្កាន់ ដៃចុះឈ្មោះទៅជាមួយ។

អ្នកស្រីបាននិយាយថា”ខ្ញុំមិនអាចនិយាយថា ចំណាយពេលយូរពេកទេ ព្រោះខ្ញុំមកនៅថ្ងៃចុងក្រោយទៅហើយ។ ខ្ញុំដឹងថា ថ្ងៃចុងក្រោយប្រាកដជាមានមនុស្សច្រើន”។

លោក តេក ហីុ បានលើកឡើងទៀតថា ថ្ងៃដំបូង និងថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេលបីខែគឺជាថ្ងៃដែលរវល់បំផុត។ លោកបានដកដង្ហើមធំ ពេលត្រៀមខ្លួនសម្រាប់ថ្ងៃចុងក្រោយដែលមានមនុស្សយ៉ាងច្រើននេះថា “ថ្ងៃនេះជាថ្ងៃដ៏រវល់”។

cam-front-channaលោក ហង្ស ពុទ្ធា បានលើកឡើងបន្តថា នឹងមិនមានការពន្យារពេលបន្ថែមទៀតទេ ដោយសារការចំណាយ និងការគ្រោងចេញបញ្ជីឈ្មោះបោះឆ្នោតបណ្តោះអាសន្ននៅថ្ងៃទី៣ខែមករា ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលស្នើសុំពេលវេលាបន្ថែមសម្រាប់តំបន់ដែលមានមនុស្សចេញមកចុះឈ្មោះយឺតនោះ បានស្នើសុំម្តងទៀតឲ្យពន្យារពេល១សប្តាហ៍ កុំពន្យារពេលត្រឹមតែ១ថ្ងៃ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា នៅមានមនុស្សជាច្រើនមិនទាន់ចុះឈ្មោះ។ ១ថ្ងៃមិនគ្រប់គ្រាន់ទេ”។

ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានលើកឡើងថា រដ្ឋាភិបាលនឹងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់គ.ជ.ប.នោះឡើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំ គិតថា វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គ.ជ.ប.។គ.ជ.ប.ចង់ឲ្យមានមនុស្សមកចុះឈ្មោះច្រើនតាមដែលអាចធ្វើទៅបាន”។

យុទ្ធនាការចុះឈ្មោះបោះឆ្នោតរយៈពេលបីខែគឺជាការព្យាយាមមួយដើម្បីបង្កើតបញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធឌីជីថលដ៏ស្អាតស្អំដោយចាប់ផ្តើមពីចំណុចសូន្យ បន្ទាប់ពីមានការតវ៉ាអំពីការបាត់ឈ្មោះ ការជាន់ឈ្មោះ និងឈ្មោះ”ខ្មោច” បន្ទាប់ពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។យោងតាមគ.ជ.ប. ពលរដ្ឋប្រហែល៧,៨លាននាក់ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត៩,៧លាននាក់បានមកចុះឈ្មោះរួចហើយបើគិតត្រឹមថ្ងៃច័ន្ទ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស