30 C
Phnom Penh

នៅ​ឆ្នាំ​២០១៥​​ កម្ពុជា​មាន​អតិរេក​ថវិកា​​ចំនួន​៤០០​លាន​ដុល្លារ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកសារផ្លូវការបង្ហាញថា ប្រទេសកម្ពុជាមានអតិរេកថវិកាចំនួន៤០០លានដុល្លារកាលពីឆ្នាំមុន ស្របពេល “ការធ្វើផែនការថវិកា និងការអនុវត្តមិនបានល្អ” និង”ការអនុវត្តគម្រោងមិនបានល្អ”។

សេចក្ដីព្រាងច្បាប់ស្ដីពីការចំណាយថវិកាឆ្នាំ២០១៥បង្ហាញថា ពន្ធប្រមូលបានយ៉ាងច្រើនលើសការរំពឹងទុកដោយកើនឡើង១៦ភាគរយធៀបនឹងឆ្នាំ២០១៤ បានបង្កើនប្រាក់ចំណូលរហូតដល់ទៅប្រមាណ៤ពាន់លានដុល្លារ ខណៈការចំណាយកើនដល់៣,៦១ពាន់លានដុល្លារ។ ទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាងច្បាប់នេះកាលពីខែមុន ដោយបញ្ជូនវាទៅរដ្ឋសភាសម្រាប់ការពិនិត្យផ្ទៀងផ្ទាត់។

យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុអមជាមួយសេចក្ដីព្រាងច្បាប់នេះ លើកឡើងថា “អតិរេកថវិកាផ្ដល់ឱ្យរាជរដ្ឋាភិបាលនូវលទ្ធភាពសន្សំទុក និងបង្កើនធនធានបម្រុងដើម្បីគាំទ្រដល់ការអនុវត្តរបស់វិស័យអាទិភាពនានា  និងដើម្បីឆ្លើយតបហានិភ័យណាមួយ”។

cam-photo-budgetឯកសារនេះក៏បានសង្កត់ធ្ងន់ពីបន្ទុកបំណុលរបស់កម្ពុជាផងដែរ។ រដ្ឋាភិបាលបានខ្ចីឥណទានជិត៧៧៦លានដុល្លារក្នុងឆ្នាំ២០១៥ សម្រាប់ទូទាត់ការចំណាយលើសខ្ទង់ជិត៨៣លានដុល្លារ។

ក្រសួងបានបញ្ចេញទស្សនៈវិជ្ជមានសម្រាប់ឆ្នាំនោះ ដោយសរសើរបរិយាកាសនយោបាយស្ថិរភាពដែលធ្វើឱ្យការវិនិយោគបរទេសកើនឡើង និងការពេញចិត្តគួរឱ្យកត់សម្គាល់ក្នុងចំណោមមន្ត្រីរាជការ។

សេចក្ដីថ្លែងការណ៍ដដែលគូសបញ្ជាក់ថា “កំណែទម្រង់បើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលមានលក្ខណៈឆាប់រហ័ស និងពេញលេញរួមជាមួយការដំឡើងប្រាក់បៀវត្សរ៍ ក៏បានរួមចំណែកដល់ការជំរុញលើកទឹកចិត្តឱ្យពួកគេបំពេញការងាររបស់ខ្លួនផងដែរ”។

លោក ឡាយ សុខឃាង អនុប្រធាននាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ហើយមន្ត្រីផ្សេងៗទៀតមិនអាចទាក់ទងបានឡើយ។

ទោះជាយ៉ាងណា  នៅក្នុងការវាយតម្លៃម៉ាក្រូសេដ្ឋកិច្ចពាក់កណ្ដាលឆ្នាំរបស់ខ្លួនទូទាំងប្រទេស ក្រសួងមិនសូវសរសើរប៉ុន្មានឡើយចំពោះដំណើរការថវិកានេះដែលកាលពីពេលថ្មីៗបានជាប់ចំណាត់ថ្នាក់ជាដំណើរការមួយដែលមានតម្លាភាពតិចបំផុតរបស់ពិភពលោក។

ការវាយតម្លៃដែលបានចេញផ្សាយកាលពីខែសីហានេះលើកឡើងថា “គេដឹងកាន់តែច្រើនឡើងថា ការចំណាយចរន្តគ្មានប្រសិទ្ធភាព ការធ្វើផែនការថវិកា និងការអនុវត្តមិនបានល្អ និងការរៀបចំមិនស្របគ្នារវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួម  និងក្របខ័ណ្ឌគោលនយោបាយរបស់ប្រទេស គឺជាកត្តាសំខាន់ៗមួយចំនួនដែលធ្វើឱ្យធ្លាក់ចុះប្រសិទ្ធភាពចំណាយចរន្តរបស់រដ្ឋាភិបាល។ ស្រដៀងគ្នានេះដែរ ការរៀបចំគម្រោងមិនបានល្អ ការអនុវត្តគម្រោងមិនបានល្អ និងកង្វះការយកចិត្តទុកដាក់លើការថែទាំហេដ្ឋារចនាសម្ព័ន្ធនៅពេលស្ថាបនារួចរាល់ បានធ្វើឱ្យប៉ះពាល់ដល់កម្មវិធីវិនិយោគ និងគម្រោងសាធារណៈភាគច្រើន។ មានចំណុចជាច្រើនដែលត្រូវកែលម្អក្នុងចំណុចស្ទើរតែទាំងអស់ខាងលើដើម្បីឲ្យប្រសិទ្ធភាពវិនិយោគសាធារណៈកាន់តែប្រសើរឡើង”។

សេចក្ដីព្រាងច្បាប់នេះមិនបានផ្ដល់សេចក្ដីលម្អិតស្ដីពីរបៀបរដ្ឋាភិបាលថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋានចំណាយថវិការបស់ខ្លួនឡើយ ហើយព័ត៌មានដែលសង្គមស៊ីវិល និងក្រុមប្រឆាំងបានត្អូញត្អែរចង់បានជាច្រើនឆ្នាំមកហើយ គឺស្ទើរតែមិនអាចរកបាន។

លោកស្រី គឹម ណៃ នាយកគម្រោងនៅអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល

(NGO Forum) ដែលតាមដានដំណើរការថវិកា និងអ្នកតស៊ូមតិដើម្បីបង្កើនតម្លាភាពបានមានប្រសាសន៍ថា “យើងមិនអាចទទួលបានព័ត៌មានលម្អិតទេ។ យើងអាចទទួលបានតែចំនួនសរុបប៉ុណ្ណោះ”។

លោកស្រីបានបន្តថា ក្រសួងចេញផ្សាយរបាយការណ៍មួយចំនួនក្នុងគេហទំព័ររបស់ខ្លួនបញ្ជាក់ពីចំនួនទឹកប្រាក់ដែលក្រសួងនានាចំណាយ ប៉ុន្តែមិនមែនជាការវាយតម្លៃដែលមានលក្ខណៈលម្អិតឡើយ។ លោកស្រីថ្លែងថា “ឯកសារថវិកាទាំងអស់គួរតែផ្សព្វផ្សាយជាសាធារណៈ” ហើយការបញ្ចេញឯកសារជាប្រចាំគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ។

លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកក៏មិនដឹងពីព័ត៌មានស្ដីពីការចំណាយរបស់ក្រសួងដែរ។ “យើងសុំតែរហូត ប៉ុន្តែខ្ញុំមិនប្រាកដថាគេនឹងឱ្យយើងនោះទេ”៕ សុខុម

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស