ទូទទេមួយចំនួននៃរថភ្លើងដឹកទំនិញបានរអិលធ្លាក់ផ្លូវកាលពីព្រឹកម្សិលមិញ ខណៈកំពុងធ្វើដំណើរពីក្រុងព្រះសីហនុ មកកាន់ផែស្ងួតក្នុងរាជធានីភ្នំពេញ មកដល់ចំណុចភូមិសាស្ត្រខេត្តកណ្ដាល នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន Royal Railways ដែលជាប្រតិបត្តិករសេវារថភ្លើងនេះ។
លោក អ៊ុំ សុភា មេភូមិអង្គខ្លើ និយាយថា គ្រោះថ្នាក់ដែលបានកើតឡើងចម្ងាយ៥០ម៉ែត្រពីភូមិនេះក្នុងស្រុកកណ្តាលស្ទឹង នៅម៉ោងប្រហែល៤និង៣០នាទីទៀបភ្លឺ មិនបានបង្កឲ្យរងរបួសទេ ប៉ុន្តែបានធ្វើឱ្យអ្នកស្រុកភិតភ័យដែលព្រួយបារម្ភជាយូរមកហើយចំពោះសុវត្ថិភាពសត្វពាហនៈ និងអាយុជីវិតផ្ទាល់ខ្លួនរបស់ពួកគាត់។
រូបថតកន្លែងកើតហេតុដែលសាព័ត៌មានក្នុងស្រុកបានចុះផ្សាយ បង្ហាញពីទូរថភ្លើងរអិលធ្លាក់ផ្លូវចូលប្រឡាយជាប់វាលស្រែក្បែរនោះ។
លោក អ៊ុំ សុភា និយាយទៀតថា “ពួកគាត់ព្រួយបារម្ភខ្លាចការឆ្លងផ្លូវដោយសារគ្មានអ្នកយាមនៅទីនោះ”។ នៅក្នុងសហគមន៍នេះធ្លាប់មានគ្រោះថ្នាក់រថភ្លើងមួយចំនួនកើតឡើងរួចមកហើយ ហើយបានលើកឡើងអំពីគ្រោះថ្នាក់មួយដែលបានកើតឡើងកាលពីខែមេសាក្នុងស្រុកកណ្ដាលស្ទឹង ដែលរថភ្លើងបានបុករថយន្តលុចស៊ីសមួយគ្រឿងបណ្ដាលឱ្យមនុស្សពីរនាក់រងរបួសធ្ងន់។
នៅក្នុងករណីនោះ រថភ្លើងបានបុកបុរសម្នាក់ដែលកំពុងបើកបររថយន្តដឹកប្រពន្ធ និងកូនៗបួននាក់របស់គាត់ទៅវត្ត។អធិការនគរបាលស្រុកនេះបានបន្ទោសអ្នកបើករថយន្តលុចស៊ីស ហើយមានប្រសាសន៍ថា រថភ្លើងតែងតែចុចស៊ីផ្លេ មុនពេលទៅដល់ចំណុចគោលដៅនីមួយៗ។
លោក អ៊ុំ សុភា និយាយថា ក្រោយករណីរថភ្លើងធ្លាក់ផ្លូវកាលពីម្សិលមិញ អ្នកភូមិបានរកឃើញផ្លូវរថភ្លើងបាត់ប្រវែងមួយម៉ែត្រ។ លោកប៉ាន់ស្មានថា គ្រោះថ្នាក់នេះប្រហែលជាកើតឡើងដោយសារតែចន្លោះផ្លូវបាត់នោះ។
វាជាលើកទី១ហើយដែលរថភ្លើងធ្លាក់ផ្លូវចាប់តាំងពីសេវារថភ្លើងដឹកអ្នកដំណើរនេះបានចាប់ផ្ដើមឡើងវិញពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុកាលពីដើមឆ្នាំនេះ។
លោក ចន ឃ្វីរី (John Guiry) នាយកប្រតិបត្តិក្រុមហ៊ុន Royal Railways ដែលគ្រាន់តែលើកឡើងថាទូរថភ្លើងចំនួនប្រាំពីរធ្លាក់ផ្លូវ បានចាត់ទុកករណីនេះជា”ឧប្បត្តិហេតុដ៏តូច” មួយ ហើយថា ក្រុមហ៊ុនបានឱ្យបុគ្គលិកជំនាញដែល “ទទួលបានការបណ្ដុះបណ្ដាលថ្នាក់អន្តរជាតិ និងមានបទពិសោធន៍” ត្រួតពិនិត្យប្រចាំថ្ងៃ។
លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ក្រុមហ៊ុន Royal Railways កំពុងស្ថិតក្នុងដំណើរការសណ្តោង និងបង្ហាប់ដើម្បីបង្កើនសុវត្ថិភាពរបស់ផ្លូវ”។លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនមិនព្រួយបារម្ភចំពោះសុវត្ថិភាពនៃអ្នកដំណើររបស់ក្រុមហ៊ុន Royal Railways នោះទេ ដោយលើកឡើងថា ខ្លួននឹងឈប់ដំណើរការរថភ្លើង ប្រសិនបើវាគ្មានសុវត្ថិភាព”៕ សុខុម