29 C
Phnom Penh

ស្រប​ពេលរដ្ឋាភិបាល​​គំរាម​បិទ​​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ ម្ចាស់ជំនួយ​នៅស្ងាត​់​ស្ងៀម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្មានការបង្ហាញកង្វល់ ឬការព្រួយបារម្ភជាសាធារណៈពីម្ចាស់ជំនួយអន្តរជាតិឡើយ ចាប់តាំងពីរដ្ឋាភិបាលបានគំរាមបិទការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាល ពីសប្តាហ៍មុនមក នៅក្នុងចំណាត់ការមួយដែលបង្ហាញពីភាពធ្ងន់ធ្ងរខ្លាំងនៅក្នុងទំនាក់ទំនងដែលកំពុងមានភាពតានតឹងស្រាប់។

ដោយរដ្ឋាភិបាលអះអាងថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានជ្រៀតជ្រែកម្តងហើយម្តងទៀតនៅក្នុងកិច្ចការអធិបតេយ្យរបស់ខ្លួនដោយលើកឡើងអំពីការបំពានសិទ្ធិមនុស្សនោះ ការិយាល័យនេះត្រូវបានទុកពេលកំណត់ត្រឹមថ្ងៃទី៣០ខែធ្នូឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានការរឹតបន្តឹងជាងមុនដើម្បីប្រតិបត្តិការនៅកម្ពុជា ឬបិទតែម្តង។

cam-un-folo-channaទោះបីជាសហគមន៍ការទូតមិនបានសំដែងកង្វល់របស់ខ្លួនជាសាធារណៈចំពោះស្ថានភាពនេះដែលនាំឲ្យម្ចាស់ជំនួយដឹងពីបុព្វហេតុសិទ្ធិមនុស្សនៅកម្ពុជាក៏ដោយ ក៏សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុនបានលើកឡើងនៅក្នុងសប្តាហ៍នេះថា វាមានសារៈសំខាន់ដែលការិយាល័យនេះនៅតែបន្តបើកទ្វារតទៅមុខទៀត។

លោក Andrea Giorgetta ប្រធានសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ីបានលើកឡើងថា ម្ចាស់ជំនួយទំនងជាប្រើយុទ្ធសាស្ត្រមិនតបត ហេតុដូច្នេះរដ្ឋាភិបាលមិនត្រូវបានបង្ខំឲ្យធ្លាក់ចូលក្នុងស្ថានភាពលំបាក ពេលចរចាអំពីអនុស្សរណៈនៃការយោគយល់គ្នា(MoU) ថ្មីជាមួយអង្គការសហប្រជាជាតិ។

ដោយពន្យល់ថា មានតែសម្ពាធបន្ថែមពីសាធារណជនទេដែលនឹងធ្វើឲ្យគណបក្សកាន់អំណាចមានមន្ទិលកាន់តែខ្លាំងឡើងអំពីការជ្រៀតជ្រែករបស់អន្តរជាតិនោះ លោកបានមានប្រសាសន៍ថា “វាប្រហែលជាថា ពួកគេមិនចង់ធ្វើឲ្យខ្លួនឯងបង្កស្ថានភាពឲ្យទៅជាអាក្រក់”។

លោកបានបន្ថែមថា “រដ្ឋាភិបាលនឹងមានអារម្មណ៍ដូចជា ខ្លួនស្ថិតក្រោមការគំរាមកំហែង ពីសហគមន៍អន្តរជាតិម្តងទៀត ហេតុដូច្នេះយើងគិតថា ពួកគេច្បាស់ជាបញ្ចេញប្រតិកម្មខ្លាំងៗបន្ថែមទៀត។ នេះនឹងនាំទៅរកស្ថានភាពដ៏អាក្រក់បើនិយាយពាក់ព័ន្ធនឹង MoU”។

លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ការប្តេជ្ញារបស់ប្លុកនេះចំពោះច្បាប់ពហុភាគីនិងអន្តរជាតិប្រកបដោយប្រសិទ្ធភាព” គឺជាសមាសធាតុដ៏សំខាន់នៃគោលនយោបាយក្រៅប្រទេសរបស់ខ្លួន ហើយថា អង្គការសហប្រជាជាតិសំខាន់ណាស់ក្នុងការធានាថា ប្រទេសជាសមាជិកត្រូវទទួលខុសត្រូវ។

លោកបានលើកឡើងតាមអីុម៉េលថា “ហេតុ ដូចនេះហើយ យើងសង្ឃឹមថា កិច្ចព្រមព្រៀង នឹងត្រូវបង្កើតឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និង OHCHR “។ ស្ថានទូតជប៉ុន និងអាមេរិកបានផ្តល់មតិយោបល់ស្រដៀងគ្នា។

លោក Jay Raman អ្នកនាំាពាក្យស្ថានទូតអាមេរិកបានលើកឡើងតាមអីុម៉េលថា “ការិយាល័យរបស់ UNOHCHRក្នុងប្រទេសកម្ពុជាកំពុងធ្វើកិច្ចការដ៏សំខាន់និងចាំបាច់។ វត្តមានបន្តរបស់ពួកគេឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញារបស់កម្ពុជាចំពោះសិទ្ធិមនុស្ស”។

លោក ឌុច ពិសិដ្ឋ ប្រធានផ្នែកតស៊ូមតិនៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា លោករំពឹងថា រដ្ឋាភិបាលបរទេស នឹងកាន់តែនិយាយឥតសំចៃ ប្រសិនបើបណ្តាញ ការទូតមិនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ។លោកបានថ្លែងថា “ខ្ញុំគិតថា ប្រហែលជាពួកគេនៅស្ងៀមរង់ចាំមើលសភាពការណ៍សិន។ ខ្ញុំគិតថាពួកគេនឹងមិននៅស្ងៀមយូរឡើយ”។

លោក ឌុច ពិសិដ្ឋ បានថ្លែងថា ស្ថានទូតបរទេសទំនងជាធ្វើការជាសម្ងាត់ ទាំងការពិភាក្សាជាមួយរដ្ឋាភិបាល និងក្នុងចំណោមពួកគេពីរបៀបដោះស្រាយស្ថានការណ៍។

លោកបានមានប្រសាសន៍ថា “ពួកគេនៅតែដើរតួនាទីដើម្បីធានាថា គោលការណ៍ទាំង នេះត្រូវបានគោរព”។ លោកបានបន្ថែមថា ទោះយ៉ាងណា ប្រសិទ្ធភាពនៃតួនាទីនោះកំពុងតែចុះអន់ថយដោយការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលទៅលើប្រទេស ចិន ដែលមានការចាប់អារម្មណ៍តិចតួចលើសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា៕

ស៊ុយឈាង និង សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស