អ្នកកាប់ឈើខុសច្បាប់នៅក្នុងប្រទេសនេះ អាចនឹងមានសត្រូវថ្មីដ៏មានឥទ្ធិពលក្នុងពេលឆាប់ៗ នោះគឺផ្កាយរណបចំនួនពីររបស់អង្គការណាសា ដែលចាប់អារម្មណ៍ខ្លាំងលើអ្វីដែលពួកគេកំពុងធ្វើស្រេចតែចិត្ត។
អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យម៉ារីលែន (University of Maryland) នៅសហរដ្ឋអាមេរិកបានលើកឡើងថា ប្រព័ន្ធបង្កើតថ្មីនេះដែលចាប់យកសញ្ញានៃការបាត់បង់ព្រៃឈើពីទីអវកាសបានទាន់ពេលវេលា និងមានភាពច្បាស់ជាងមុននោះ អាចនឹងឃ្លាំមើលប្រទេសកម្ពុជាចាប់ពីដើមឆ្នាំក្រោយទៅ។
ដោយទាញយកទិន្នន័យពីផ្កាយរណបរបស់រដ្ឋាភិបាលដែលក្រឡឹងពិភពលោករាល់៨ថ្ងៃម្ដង ហើយយកវាមកវិភាគតាមវិធីសាស្ត្ររបស់ខ្លួនផ្ទាល់នោះ មន្ទីរពិសោធន៍វិភាគផ្ទៃដីិភពលោកនិងការរកឃើញ (GLAD) របស់សាកលវិទ្យាល័យនេះបាននិងកំពុងផ្ដល់ដំណឹងអំពីការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកុងហ្គោ ឥណ្ឌូណេស៊ី និងប្រទេសប៉េរូចាប់តាំងពីខែមីនាមក។ ចាប់តាំងពីពេលនោះមក ពួកគេបានបន្ថែមប្រទេសប្រេស៊ីល ហើយប្រទេសអ៊ូហ្គង់ដានឹងត្រូវបានបន្ថែមក្នុងពេលឆាប់ៗ។
កាលពីសប្ដាហ៍មុន លោក Matthew Hansen ដែលជួយបង្កើតប្រព័ន្ធរបស់សាកលវិទ្យាល័យនេះលើកឡើងថា លោកសង្ឃឹមថា នឹងអាចដាក់កម្មវិធីផ្ដល់ដំណឹងនេះឱ្យមានដំណើរការនៅកម្ពុជានៅរដូវរំហើយដោយឥតគិតថ្លៃ ហើយសាធារណជនអាចទាញយកមកប្រើបាន។ នរណាដែលភ្ជាប់អុីនធឺណិតនឹងអាចជ្រើសរើសផ្នែកមួយនៃប្រទេសនេះដើម្បីតាមដានបាន ហើយបង្កើតគណនីដើម្បីទាញយកកម្មវិធីផ្ដល់ដំណឹងេនះនៅពេលវាត្រូវបានបញ្ចេញឱ្យប្រើ។
សាកលវិទ្យាល័យនេះបានសហការជាមួយវិទ្យាស្ថានធនធានពិភពលោក (World Resources Institute) ក្នុងការបង្កើតនិងផ្សាយកម្មវិធីនេះផ្តល់ដំណឹងនេះនៅលើគេហទំព័ររបស់អង្គការឃ្លាំមើលព្រៃឈើសាកល(Global Forest Watch)របស់ខ្លួន។
លោកស្រី Mikaela Weisse អ្នកវិភាគផ្នែកស្រាវជ្រាវសម្រាប់អង្គការឃ្លាំមើលព្រៃឈើតាមអុីនធឺណិតនេះបានមានប្រសាសន៍ថា ” មួយរយៈនេះ យើងបាននិងកំពុងពិភាក្សាព័ត៌មានទាន់ពេលវេលា នៅឯអង្គការឃ្លាំមើលព្រៃឈើសាកល ប៉ុន្តែនេះទើបតែជាលើកដំបូងទេដែលយើងគិតថា ដូចជាការពិត”។
លោកស្រីបានបន្ថែមថា “យើងសង្ឃឹមថា កម្មវិធីផ្ដល់ដំណឹងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយឲ្យមានសកម្មភាពបន្ទាន់នៅក្នុងការឆ្លើយតបចំពោះការកាប់បំផ្លាញព្រៃឈើ។ នោះអាចជាឧទ្យានុរក្សដែលធ្វើការល្បាតតាមទីតាំងដែលកម្មវិធីនេះជូនដំណឹង អ្នកកាសែតដែលសរសេរពាក់ព័ន្ធតំបន់ថ្មីដែលមានការកាប់បំផ្លាញព្រៃឈើ ក្រុមសហគមន៍ដែលចងក្រងឯកសារអំពីការទន្ទ្រានដីរបស់ពួកគាត់។ល។ តាមពិត គោលដៅចុងក្រោយគឺដើម្បីកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ”។
សាកលវិទ្យាល័យនេះបាននិងកំពុងប្រើប្រាស់ទិន្នន័យពីផ្កាយរណប Landsat 7 និង Landsat 8 របស់អង្គការណាសាប៉ុន្មានឆ្នាំរួចមកហើយ ដើម្បីបង្កើតផែនទីស្ដីពីការប្រែប្រួលព្រៃឈើប្រចាំឆ្នាំនៅលើភពផែនដីទាំងមូល។ ផែនទីទាំងនោះបង្ហាញថា ចាប់តាំងពីពេលផ្លាស់សតវត្សរ៍ចាស់ចូលសតវត្សរ៍ថ្មីមក ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសមានអត្រាបាត់បង់ព្រៃឈើខ្ពស់បំផុតនៅលើពិភពលោក។
ប្រព័ន្ធនេះដែលនឹងផ្ដល់ព័ត៌មានថ្មីៗស្ដីពីការប្រែប្រួលគម្របព្រៃឈើជូនអ្នកប្រើប្រាស់ស្ទើរតែប្រចាំសប្ដាហ៍នោះ មានព្រំដែនកំណត់របស់វា។
ផ្កាយរណបត្រូវការមេឃស្រឡះល្អក្នុងការចាប់រូបភាពនៅភពផែនដី ហើយពពកអាចជាឧបសគ្គ នេះជាបញ្ហាសាមញ្ញទៅហើយនៅក្នុងតំបន់ត្រូពិក។ហើយដោយសារប្រព័ន្ធនេះវាស់ស្ទង់អំពីគម្របព្រៃឈើនោះ តំបន់មានការកាប់បំផ្លាញព្រៃឈើដែលទុកគម្របព្រៃឈើឱ្យនៅក្រាស់នោះ អាចគេចផុតពីការចាប់បាននៃប្រព័ន្ធនេះ។
អ្នកសិក្សាស្រាវជ្រាវសង្ឃឹមថា ឧទ្យានុរក្ស និងក្រុមសហគមន៍នឹងតាមដានតំបន់ព្រៃឈើ មុនពេលអ្នកកាប់ឈើបំផ្លិចបំផ្លាញព្រៃហើយចាកចេញទៅ ប៉ុន្តែពួកគាត់ទំនងជាជួបការលំបាកក្នុងការភ្ជាប់អុីនធឺណិតដែលពួកគាត់ត្រូវការជាចាំបាច់ ដើម្បីប្រើប្រាស់កម្មវិធីផ្ដល់ដំណឹងនេះនៅក្នុងតំបន់ដាច់ស្រយាល។ លោកស្រី Weisse បានលើកឡើងថា ក្រុមអ្នកបង្កើតកម្មវិធីកំពុងធ្វើការដើម្បីបង្កើតកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា អ្នកឃ្លាំមើលព្រៃឈើ (Forest Watchers) ដែលនឹងជួយអ្នកប្រើប្រាស់អាចទទួលបានការផ្ដល់ដំណឹងពេលគ្មានអុីនធឺណិត។
លើសពីនេះទៅទៀត ភាពច្បាស់នៃរូបភាពដែលប្រព័ន្ធនេះបានបង្កើតឡើងបង្ហាញឱ្យឃើញពីភាពរីកចម្រើនយ៉ាងខ្លាំងនៃប្រព័ន្ធផ្ដល់ដំណឹងទាន់ពេលវេលាភាគច្រើនផ្សេងៗទៀត ដែលចាប់រូបភាពដោយគ្របដណ្ដប់ផ្ទៃ២៥០ម៉ែត្រក្នុងមួយជ្រុងៗ។ កម្មវិធីផ្ដល់ដំណឹង GLAD គ្របដណ្ដប់ផ្ទៃ៣០ម៉ែត្រក្នុងមួយជ្រុង។ នេះវាប្រហែលជាខុសគ្នារវាងទីលានបាល់ទាត់ចំនួន១០ និងទីលានបាល់បោះចំនួនពីរ។
នេះនៅមិនទាន់ល្អគ្រប់គ្រាន់ដើម្បីចាប់រូបភាពស្ដីពីការបាត់បង់ព្រៃឈើមួយចំនួននៅឡើយទេ។ ប៉ុន្តែវាអាចចាប់បានផ្លូវកាប់ឈើថ្មីដែលចូលទៅក្នុងព្រៃក្រាស់ ជាសញ្ញាដែលបង្ហាញថាអាចមានការកាប់បំផ្លាញព្រៃឈើបន្ថែមទៀត។
លោកស្រី Weisse បានលើកឡើងទៀតថា គិតមកទល់ពេលនេះ ប្រព័ន្ធនេះទទួលបានជោគជ័យភាគច្រើនរួចមកហើយក្នុងប្រទេសប៉េរូ ដែលរដ្ឋាភិបាល និងដៃគូអង្គការមិនមែនរដ្ឋាភិបាលប្រើប្រាស់កម្មវិធីផ្ដល់ដំណឹងនេះជាប្រចាំ។
លោកស្រីមានប្រសាសន៍ថា “អត្ថប្រយោជន៍ទាំងនោះ រាប់ចាប់ពីការជួយសហគមន៍ក្រីក្រឃ្លាំមើលតាមដានព្រៃរបស់ខ្លួនរហូតដល់ការសរសេរអត្ថបទអំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងពេលថ្មីៗ និងការរាយការណ៍ប្រចាំខែជូនទីភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់អំពីការប្រែប្រួលព្រៃឈើដែលកម្មវិធីនេះចាប់បាន”។
កាលពីខែមីនា ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា រូបភាពទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងប្រទេសប៉េរូដើម្បីតាមដានអ្នករុករករ៉ែមាសខុសច្បាប់ដែលកាប់រានព្រៃសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ រដ្ឋាភិបាលនៃប្រទេសនេះបានសម្រុកចូលហើយបិទប្រតិបត្តិការរុករករ៉ែខុសច្បាប់នេះតែម្តង។
អង្គការឃ្លាំមើលព្រៃឈើសាកលសង្ឃឹមថា ព្រៃសេសសល់ខ្លះនៅតំបន់អាម៉ាហ្សូន តំបន់កុងហ្គោ និងតំបន់អាស៊ីអាគ្នេយ៍នៅដាច់ពីគេនឹងគ្របដណ្តប់ដោយកម្មវិធីផ្តល់ដំណឹងក្នុងរយៈពេលពីរបីខែក្រោយនេះ សង្ឃឹមថាវានឹងគ្របដណ្តប់កន្លែងផ្សេងៗក្រៅពីទីនោះ។
លោកស្រី Weisse បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាករណីគួរឲ្យចាប់អារម្មណ៍ មួយពីព្រោះមានការប្រែប្រួលច្រើនបន្តកើតមាននៅក្នុងព្រៃ សូម្បីក្នុងតំបន់ ការពារ និងមិនទាន់ហិនហោច ក៏ដោយ។ ខ្ញុំគិតថា នៅពេលរួចរាល់ កម្មវិធីផ្តល់ដំណឹងនេះអាចជួយដល់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលកត់ត្រាអំពីករណីកាប់បំផ្លាញព្រៃឈើខុសច្បាប់ ឬការកាប់បំផ្លាញព្រៃឈើដែលគេមិនចង់ឲ្យកើតមានបានទាន់ពេលវេលា”។
ជាការពិតកម្មវិធីផ្តល់ដំណឹងនេះនឹងជួយបានប្រសិនបើមាននរណាម្នាក់ស្ថិតនៅកន្លែងនោះផ្ទាល់បញ្ជាក់អះអាងថា ការកាប់ឈើខុសច្បាប់ ឬការកាប់ឈើដែលគេមិនចង់ឲ្យកើតមាន ពិតជាកើតឡើងពិតប្រាកដ ហើយត្រៀមរារាំងសកម្មភាពនោះ។
លោកស្រី Weisse បានថ្លែងថា “គំនិតនេះគឺសម្រាប់អ្នកប្រើប្រាស់ រាយការណ៍ ព័ត៌មានមកក្រៅឬកាត់បន្ថយ និងលុបបំបាត់ពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ប៉ុន្តែ ថា វាកាន់តែមានការលំបាកជាងមុននៅពេលដែលរដ្ឋាភិបាលមិនគាំទ្រ”។
លោក Jago Wadley អ្នកធ្វើយុទ្ធនាការជាន់ខ្ពស់នៅទីភ្នាក់ងារសើុបអង្កេតបរិស្ថានមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានតាមដានការជួញដូរឈើនៅក្នុងប្រទេសកម្ពុជាបានសំដែងការយល់ស្រប។
លោកបានមានប្រសាសន៍ថា “កម្មវិធីរបស់ខ្លួននឹងមានសារៈសំខាន់លុះត្រាតែមន្ត្រីអនុវត្តច្បាប់ផ្តល់ដំណឹងដែរ។ វាមានគ្រោះថ្នាក់ដែលទីភ្នាក់ងាររដ្ឋាភិបាលមិនស្វះស្វែងធ្វើវាឱ្យទៅជាមុខងារឃ្លាំមើលផ្លូវការរបស់ខ្លួន”។
លោក Wadley បានមានប្រសាសន៍ថា រដ្ឋាភិបាលមួយចំនួនទំនងជាចាត់ទុកកម្មវិធីផ្តល់ដំណឹងនេះថា ជាការរំលោភបំពានអធិបតេយ្យភាពជាតិរបស់ពួកគេ។
នេះគឺជាការលើកឡើងទូទៅនៅក្នុងប្រទេសកម្ពុជាដែលជារឿយៗរដ្ឋាភិបាលបានចោទអង្គការមិនមែនរដ្ឋាភិបាលដែលរិះគន់ថា បានរំលោភបំពានអធិបតេយ្យភាពរបស់ខ្លួន។ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានគំរាមបណ្តេញក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិចេញពីប្រទេសចំពោះការលើកឡើងថា ការមិនព្រមរបស់រដ្ឋាភិបាលឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមិនចូលប្រទេសវិញស្របតាមរដ្ឋធម្មនុញ្ញ។ រដ្ឋាភិបាលបានបណ្តេញអង្គការក្លូបលវីតណេស ជាអង្គការឃ្លាំមើលបរិស្ថានចេញពីប្រទេសចំពោះការលើកឡើងថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធក្នុងការកាប់ឈើខុសច្បាប់។
លោក Wadley បានមានប្រសាសន៍ថា “ពួកគេត្រូវទទួលស្គាល់ថា បច្ចេកវិទ្យានេះនឹងមិនបាត់បង់ទេ ហើយថា ជាជាងការគំរាមកំហែង វាបង្ហាញពីសមត្ថភាពពិត និងសមត្ថភាពអនុវត្តប្រសិទ្ធភាពចំណាយ ដែលពួកគេអាចទទួលបានអត្ថប្រយោជន៍ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ កុំបង្កើតបច្ចេកវិទ្យាប្រភេទនេះឱ្យទៅជាការឃ្លាំមើលរបស់រដ្ឋាភិបាល ហើយការអនុវត្តសកម្មភាពវិស័យព្រៃឈើនឹងជាការធ្វេសប្រហែសនឹងភារកិច្ច”។ លោក Marcus Hardtke ដែលបាននិងកំពុងសើុបអង្កេតពីការជួញដូរឈើនៅក្នុងប្រទេស កម្ពុជារយៈពេលពីរទសវត្សរ៍កន្លងមកបានមានប្រសាសន៍ថា រដ្ឋាភិបាលក៏បានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការទទួលយកការស្រាវជ្រាវណាមួយ ទាំងមិនបានចូលរួម ឬមិនបានចុះហត្ថលេខា។
លោកបានថ្លែងថា”តាមធម្មតារដ្ឋាភិបាលព្យាយាមធ្វើមិនដឹងមិនឮនូវរាល់ទិន្នន័យទាំងអស់ដែលមិនត្រូវបានបង្កើតឡើង និងបានអនុម័តយល់ព្រមដោយទីភ្នាក់ងាររបស់ខ្លួន។ តាមពិតនេះគ្រាន់តែជាការដោះសារមិនយកចិត្តទុកដាក់នឹងភាពជាក់ស្តែង។ ប៉ុន្តែប្រព័ន្ធឃ្លាំមើលបែបនេះនឹងបន្តការដាក់សម្ពាធទៅលើពួកគេឱ្យចាត់វិធានការ”។
លោកបានបន្ថែមថា នេះគឺជាមូលហេតុដែលកម្មវិធីផ្តល់ដំណឹងរបស់ GLAD កុំឱ្យធ្លាក់ក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាល និងអាចរកបានសម្រាប់មនុស្សទាំងអស់។ក្តីសង្ឃឹមគឺថា អ្វីដែលបានរីកចម្រើនក្នុងភាពខ្មៅងងឹត អាចបង្ហាញកាន់តែលំបាកក្នុងការយកចិត្តទុកដាក់នៅពេលលេចឡើងជាចំហ។
លោក Hardtke បានមានប្រសាសន៍ថា “ការប្រយុទ្ធប្រឆាំងការកាប់ឈើខុសច្បាប់នៅកម្ពុជាយ៉ាងហោចណាស់ឱ្យបាន៥០ភាគរយនោះ មានន័យថា ជាការប្រយុទ្ធប្រឆាំងនឹងទីភ្នាក់ងាររដ្ឋាភិបាលដែលជួយជ្រោមជ្រែងបានក្នុងបទល្មើសបរិស្ថាន។ ក្នុងករណីភាគច្រើនអាជ្ញាធរបានដឹងច្បាស់ពីអ្វីដែលបន្តកើតមាននៅក្នុងដែនដីរបស់ពួកគេ”។
លោកបានបន្ថែមថា “ជាជាងការអនុវត្តច្បាប់ គេត្រូវស្វះស្វែងធ្វើសកម្មភាពខុសច្បាប់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬលុយសម្ងាត់។
អង្គការមិនមែនរដ្ឋាភិបាលផ្នែកអភិរក្សដែលត្រូវបានបង្កើតឡើងមិនត្រូវបានជឿទុកចិត្តពីរឿងនេះទេ ចាប់តាំងពីពួកគេមានគោលនយោបាយបញ្ចៀសបញ្ហានៅក្នុងតំបន់គម្រោងរបស់ខ្លួន។ ការបង្ហាញនិងកិច្ចការពិនិត្យពិច័យជាសាធារណៈដំណើរការបានល្អក្នុងផ្នែកបរិស្ថាន”។
លោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានមានប្រសាសន៍ថា លោកគាំទ្រពេញទំហឹងជាមួយកម្មវិធីផ្តល់ដំណឹងនេះ ហើយថា លោកទទួលបានការផ្តល់ដំណឹងជាទៀងទាត់រួចហើយពីអង្គការណាសាស្តីអំពីភ្លើងឆេះព្រៃ។
លោកបាននិយាយពីកម្មវិធីផ្តល់ដំណឹងថ្មីនេះថា ប្រសិនបើវាជាកម្មវិធីដោយឥតគិតថ្លៃវាជាការប្រសើរណាស់។ យើងចង់ឲ្យមានកម្មវិធីនេះ។ លោកបានថ្លែងថា លោកគ្មានការបារម្ភអំពីការមានកម្មវិធីផ្តល់ដំណឹងនេះនៅក្នុងវិស័យសាធារណៈឡើយ។ វាគ្មានអ្វីត្រូវលាក់បាំងទេ។ គ្មានអ្វីត្រូវភូតកុហកដល់ប្រជាពលរដ្ឋឡើយ”។
ប៉ុន្តែ ក្រសួងកសិកម្មបានបាត់បង់ដែនសមត្ថកិច្ចរបស់ខ្លួនភាគច្រើនជុំវិញព្រៃឈើក្នុងប្រទេសកម្ពុជាចាប់តាំងពីក្រសួងបានផ្ទេរការគ្រប់គ្រងតំបន់ការពាររបស់ខ្លួនទៅឲ្យក្រសួងបរិស្ថានកាលពីដើមឆ្នាំនេះ។អ្នកនាំពាក្យក្រសួងបរិស្ថានមិនអាចទាក់ទងបានទេ៕ ស៊ុយឈាង និង សារុន