38 C
Phnom Penh

ឯកអគ្គ​​​រាជ​​​ទូត​​​ធ្លាក់​​​​​​យស​​​​​​ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​៥​​​ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានផ្តន្ទាទោស ស៊ុត ឌីណា អតីតឯកអគ្គរាជទូតអាប់យសប្រចាំប្រទេសកូរ៉េខាងត្បូង ឲ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទរំលោភអំណាច និងការកេងយកប្រយោជន៍ដោយខុសច្បាប់ដែលប្រព្រឹត្តឡើងក្នុងអំឡុងពេលលោកធ្វើជាឯកអគ្គរាជទូត។

លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះបានអានសាលក្រមនៅព្រឹកនេះថា “តុលាការសម្រេចផ្តន្ទាទោស ស៊ុត ឌីណា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យ១០លានរៀលពីបទរំលោភអំណាច និងកេងយកប្រយោជន៍ដោយខុសច្បាប់” ជាទឹកប្រាក់ប្រហែល២៥០០ដុល្លារ។

ចៅក្រម វណ្ណី បាននិយាយថា បទល្មើសបានប្រព្រឹត្តដោយលោក ស៊ុត ឌីណា ក្នុងពេលលោកកាន់តំណែងនៅឯស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងពីឆ្នាំ២០១៤រហូតដល់ឆ្នាំនេះ។ លោកបាននិយាយបន្ថែមថា លោក ឌីណា មានសិទ្ធិប្តឹងឧទ្ធរណ៍។

ចាប់តាំងពីត្រូវចាប់ខ្លួនកាលពីខែមេសា លោក ឌីណា ត្រូវបានចោទថាបានកេបកេងប្រាក់សគុណពីកម្មករចំណាកស្រុក យកដាក់ចូលហោប៉ៅនូវថ្លៃបង់ទិដ្ឋាការ និងខកខានមិនបានបង់ថ្លៃជួលស្ថានទូតនៅក្នុងក្រុងសេអ៊ូល។ អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងពីការសង្ស័យជាសាធារណៈទៅលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនកើនឡើងស្រើតៗ ដែលខ្លួននិយាយថា បានកើនឡើងរហូតដល់៣លានដុល្លារ ក្នុងពេលលោកកាន់តំណែងរយៈពេល៣ឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូង។

សវនាការរបស់លោកកាលពីខែមុនបានផ្តោតទៅលើប្រាក់ចំណូលស្ថានទូតចំនួន១១៦.៩៩៥ដុល្លារដែលមិនបានផ្ទេរទាន់ពេលវេលាដល់ក្រសួងការបរទេស។ ករណីនេះត្រូវបានបង្ហាញភ័ស្តុតាងដោយឯកសារជាលាយលក្ខណ៍អក្សរពីសាក្សី៤នាក់គឺសុទ្ធតែជាមន្ត្រីស្ថានទូត ដែលលោក ឌីណា បានចោទថាសងសឹកនឹងរូបលោក ដោយសារតែលោកបង្ក្រាបគម្រោងការសូកប៉ាន់របស់ពួកគេ។

លោកបានបដិសេធថាមិនបានទទួលយកផលប្រយោជន៍ផ្ទាល់ខ្លួនពីមុខតំណែងរបស់លោកទេ៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស