កាលពីថ្ងៃពុធ រដ្ឋាភិបាលបាននិយាយថា ខ្លួនមិនមានផែនការអង្កេតការចោទប្រកាន់តាមអីុនធឺណិត ដែលថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាផ្តល់ប្រាក់១លានដុល្លារដើម្បីគាំទ្រសកម្មភាពរបស់ ធី សុវណ្ណថា ជាជនល្បីឈ្មោះតាមបណ្តាញព័ត៌មានសង្គមម្នាក់ដែលល្បីថាជាអ្នកគាំទ្របក្សប្រឆាំង មុនពេលបត់ក្បាលកាលពីឆ្នាំមុន។
កញ្ញា សុវណ្ណថា បាននាំមុខយុទ្ធនាការវាយប្រហារលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទាក់ទិននឹងខ្សែអាត់សំឡេងជាច្រើនវគ្គដែលបានលេចធ្លាយតាមអីុនធឺណិតកាលពីខែមីនា ដែលតាមចោទថាបានបញ្ចេញឲ្យដឹងទំនាក់ទំនងស្នេហាលួចលាក់របស់លោកជាមួយស្រីធ្វើក្រចកវ័យ២៥ឆ្នាំ។
រូបជាច្រើនថតពីកញ្ចក់កុំព្យូទ័រដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់កញ្ញា សុវណ្ណថា កាលពីថ្ងៃអង្គារ ហើយបន្ទាប់មកបានលុបចោលទៅវិញ ប៉ុន្តែក្រោយពេលត្រូវបានផ្សព្វផ្សាយលើទំព័រផ្សេងតាមអីុនធឺណិតទៅហើយនោះ បង្ហាញការសន្ទនាមួយតាមកម្មវិធីស្មាតហ្វូនឡាញ (Line smartphone app) រវាងអ្នកប្រើដែលហៅគ្នាបែបស្រឡាញ់ស្និទ្ធស្នាល “តា” និង “ចៅ”។
ទោះបីជាសំដៅទៅលើព្រឹត្តិការណ៍និងបុគ្គលនានាដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី គឺលោក ហូ សុទ្ធី នាយខុទ្ទកាល័យរបស់លោកត្រូវបានគេនិយាយចំឈ្មោះ បានធ្វើឲ្យក្រុមអ្នកប្រើហ្វេសប៊ុកចោទថា សារទាំងនោះគឺរវាងលោក ហ៊ុន សែន និងកញ្ញា សុវណ្ណថា ក៏ដោយ ក៏ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា ពួកគេមិនមានការចាប់អារម្មណ៍ក្នុងការចង់ដឹង ថាតើការអះអាងនោះជាការពិតឬយ៉ាងណាទេ។
រដ្ឋាភិបាលឆាប់មានប្រតិកម្មណាស់ចំពោះការអះអាងដែលទំនងជាគ្មានភ័ស្តុតាងបញ្ជាក់ដែលធ្វើឡើងតាមហ្វេសប៊ុក ក្នុងនោះមានទាំងការអះអាងថា កូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់មន្ត្រីកុម្មុយនិស្តវៀតណាមម្នាក់ ហើយការនិយាយមួយទៀតថា លោកនាយករដ្ឋមន្ត្រីបានស្លាប់ ដែលបានឈានទៅដល់ការចាប់ខ្លួនស្ត្រីម្នាក់។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននិយាយថា ក្រុមមន្ត្រីរបស់លោកមិនទទួលខុសត្រូវចំពោះការស៊ើបអង្កេតការចោទប្រកាន់ទាំងនេះទេ។
ដោយមិនឆ្លើយនឹងអ្នកកាសែតម្នាក់នៅពេលសួរថាអង្គភាពណាគួរត្រូវទាក់ទងនោះ លោកបាននិយាយថា “ការងាររបស់យើងមិនមែនស៊ើបអង្កេតទេ សួរអ្នកដែលត្រូវស៊ើបអង្កេតទៅ។ ខ្ញុំមិនចង់បង្រៀនក្រពើឲ្យចេះហែលទឹកទេ”។
វាជាការឆ្លើយតបខុសគ្នាពីការឆ្លើយតបរបស់មន្ត្រីរដ្ឋាភិបាលដដែលរូបនេះ ដែលនិយាយដោយទទូចថា វាជាសិទ្ធិអំណាចរបស់គាត់ត្រូវបន្តដេញដោលឲ្យខ្លាំងលើលោក សុខា ទាក់ទិននឹងការសន្យា ដែលគេចោទថាគាត់នឹងទិញអំណោយឲ្យស្រីកំណាន់។
លោក យ៉ិនទៀង បានរៀបចំសន្និសីទកាសែតឲ្យអ្នកកាសែតដឹងអំពីព័ត៌មានថ្មី នៅពេលដែលការស៊ើបអង្កេតកំពុងបន្ត ថែមទាំងប្រើអ្នកជំនាញខាងសំឡេងក្នុងការព្យាយាមផ្ទៀងផ្ទាត់ថា គឺជាលោក សុខា ក្នុងខ្សែអាត់សំឡេងនោះ។
ការសន្ទនាដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់កញ្ញា សុវណ្ណថា មានការសន្យាច្រើនសម្បើមជាងការសន្យាអំពីការធ្វើដំណើរទៅក្រៅប្រទេស និងការសន្យាឲ្យផ្ទះល្វែង ដែលគេចោទថា បានធ្វើឡើងដោយលោក សុខា ទៅទៀត។
សារមួយដែលគេសង្ស័យថាមកពីកញ្ញា សុវណ្ណថា និយាយថា “កាលពីមុន ចៅចង់បំបែក សម រង្ស៊ី កឹម សុខា ក្រោយឆ្នាំ២០១៨ តែក្រោយពីតាទម្លាក់ កឹម សុខា ចៅមើលឃើញឱកាសច្រើនទៀតបំបែកគាត់ទាំងពីរ”។
ការឆ្លើយតបលើកឡើងថា “ពេលនេះឱកាសមានច្រើនជាងមុន។ ចៅអាចជំរុញការងារនេះមុនការកំណត់។ ដោយហេតុនេះ ទើបតាចង់ឲ្យចៅយកថវិកាទុកក្នុងដៃឲ្យហើយ”។
ទំនងជានិយាយសំដៅដល់នាយខុទ្ទកាល័យរបស់លោក ហ៊ុន សែន ការឆ្លើយតបនោះបន្តទៀតថា “តាផ្ញើតេលេក្រាមទៅអ៊ំ ហូ សុទ្ធី ឲ្យបើកជូនចៅ៦០០.០០០ដុល្លារទៀត។ សរុប ៤០០.០០០ដុល្លារ+៦០០.០០០ដុល្លារ=១.០០០.០០០ដុល្លារ +ចៅ”។
ទាំងកញ្ញា សុវណ្ណថា ទាំងលោក សុទ្ធី មិនអាចទាក់ទងសុំការអធិប្បាយបានទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា សារទាំងនោះមិនមែនជាកង្វល់សាធារណៈទេ។
លោកបាននិយាយថា “ជារឿងរបស់គេ។ ពេលនេះ ខ្ញុំមិនដឹងថា តើវាពិត ឬមិនពិតទេ។ ខ្ញុំជឿថា វាជារឿងឯកជន”។
លោកបាននិយាយបន្ថែមថា “រឿងគ្រាន់តែមានឡើងតាមហ្វេសប៊ុកប៉ុណ្ណោះ”។
ហ្វេសប៊ុកក៏ជាកន្លែងដែលខ្សែអាត់សំឡេងលោក សុខា បានបង្ហាញឡើងដែរ ក៏អនាមិកដែរ ហើយក៏គ្មានភ័ស្តុតាងថា បុរសក្នុងខ្សែអាត់នោះពិតជាអនុប្រធានបក្ស
ប្រឆាំងដែរ។ ហើយការស៊ើបអង្កេតទៀតសោតត្រូវបានធ្វើឡើងចូលរួមដោយ ACU ប៉ូលិសប្រឆាំងភេរវកម្ម និងតុលាការក្រុងភ្នំពេញ។
ក្នុងពេលនោះដែរ ក្រសួងការពារជាតិបានសម្រេចថា វីដេអូដែលបង្ហោះដោយអនាមិកនៅយូធូប ហើយបង្ហាញការសន្ទនារវាងកញ្ញា សុវណ្ណថា និងកូនប្រុសកណ្តាលរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ប្រធានអង្គភាពចារកម្មយោធា គឺមានតម្លៃស៊ើបអង្កេត។
វីដេអូរយៈពេល២០នាទី ដែលរំកិលចុះឡើងបង្ហាញការសន្ទនាតាមហ្វេសប៊ុក ទំនងជាបង្ហាញលោក ម៉ានិត និងកញ្ញា សុវណ្ណថា កំពុងពិភាក្សាអំពីផែនការតវ៉ាប្រឆាំងលោក សុខា។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ការស៊ើបអង្កេតនឹងត្រៀមធ្វើ ដោយសារតំណែងជាន់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ម៉ានិត និងបានទទួលស្គាល់ថា ការបែកធ្លាយនេះទំនងជា “ការធ្វេសប្រហែស” ប៉ុន្តែបាននិយាយថា លោកមិនព្រួយទេថា កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីនឹងអាចធ្វើឲ្យបែកធ្លាយការសម្ងាត់រដ្ឋដោយចៃដន្យនោះ។
ឧត្តមសេនីយ៍ សុជាតិ បាននិយាយថា “វាជាការសន្ទនាផ្ទាល់ខ្លួន ប៉ុន្តែគាត់ជាថ្នាក់ដឹកនាំរបស់យើងខាងចារកម្ម ហើយយើងទុកចិត្តគាត់លើបញ្ហាជាតិដែលមិនអាចលេចធ្លាយបានទេ”។
លោកបាននិយាយថា “ជាការធ្វេសប្រហែសដែរ ទោះបីជាការសន្ទនានោះមិនបានបែកធ្លាយរឿងសម្ងាត់ជាតិក៏ដោយ។ មានប្រទេសធំៗជាច្រើនលើពិភពលោក [ដែល] ត្រូវបានគេលួចព័ត៌មាន ដូច្នេះវាពិបាកទប់ស្កាត់ការលួចព័ត៌មានណាស់”៕ (រាយការណ៍បន្ថែមដោយ Janelle Retka)