41.3 C
Phnom Penh

លោក សុ៊ុត​ ឌីណា អតីត​ឯកអគ្គរាជទូត​​​នៅ​កូរ៉េ​តវ៉ា​ថាខ្លួន​គ្មានទោស​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងដ៏អបយសបានបន្តធ្វើការតវ៉ាពីភាពគ្មានទោសរបស់លោកកាលពីម្សិលមិញនៅពេលរូបលោកត្រូវបាននាំចេញពីសាលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ  បន្ទាប់ពីត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទរំលោភអំណាច និងកេងយកប្រយោជន៍ដោយខុសច្បាប់ក្នុងតួនាទីរបស់លោក។

ជាអ្នកនយោបាយដែលហក់លោតរវាងចលនាគណបក្សប្រឆាំងនិងគណបក្សកាន់អំណាចនោះ លោក ស៊ុត ឌីណា បានបម្រើការនៅក្រសួងការបរទេស និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនពេលលោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំទីក្រុងសេអ៊ូលកាលពីឆ្នាំ២០១៤។

បន្ទាប់ពីបម្រើការងារបានរយៈពេល៣ឆ្នាំ មានភាពចម្រូងចម្រាស និងការចោទប្រកាន់ពីបទពុករលួយ ហើយលោកត្រូវបានដកចេញពីតួនាទី និងត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីខែមេសា។

លោក ស៊ុត ឌីណា អាយុ៤៥ឆ្នាំបានមានប្រសាសន៍ខណៈពេលលោកត្រូវបានក្រៀកចេញពីសាលសវនាការសាលាដំបូងរាជធានីភ្នំពេញថា “ខ្ញុំមិនអាចទទួលយកការផ្ដន្ទាទោសនេះបានទេ។ គ្មានភ័ស្តុតាងដាក់បន្ទុកលើខ្ញុំឡើយ”។

ការចោទប្រកាន់លើលោក ស៊ុត ឌីណា ចាប់តាំងពីលោកត្រូវបានចាប់ខ្លួន រួមទាំងការអះអាងដែលថា  លោកបានកិបកេងប្រាក់សគុណពីពលករចំណាកស្រុក  យកថ្លៃបង់ទិដ្ឋាការដាក់ក្នុងហោប៉ៅខ្លួនឯង និងខកខានមិនបានបង់ថ្លៃជួលអគារស្ថានទូត។ អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងពីការសង្ស័យជាសាធារណៈទៅលើទ្រព្យសម្បត្តិផ្ទាល់របស់លោកដែលកើនឡើងស្រឺតៗ ដែលគេរាយការណ៍ថា បានកើនឡើងរហូតដល់៣លានដុល្លារអំឡុងពេលលោកកាន់តំណែងក្នុងប្រទេសកូរ៉េខាងត្បូង។

ទោះជាយ៉ាងណា សវនាការរបស់លោកកាលពីខែមុនបានផ្ដោតទៅលើប្រាក់ចំណូលស្ថានទូតចំនួន១១៦.៩៩៥ដុល្លារដែលមិនបានផ្ទេរទាន់ពេលវេលាដល់ក្រសួងការបរទេស។

ករណីនេះត្រូវបានបង្ហាញភ័ស្តុតាងជាលាយលក្ខណ៍អក្សរពីមន្ត្រីបួននាក់គឺសុទ្ធតែជាមន្ត្រីស្ថានទូត ដែលលោក ស៊ុត ឌីណា ចោទថា បានសងសឹកនឹងរូបលោកដោយសារតែលោកបង្ក្រាបគម្រោងការសូកប៉ាន់របស់ពួកគេ។

កាលពីម្សិលមិញ លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានរកឃើញថា លោក ស៊ុត ឌីណា មានពិរុទ្ធភាពពីបទរំលោភអំណាច និងកេងយកប្រយោជន៍ដោយខុសច្បាប់ ហើយបន្ថែមពីលើការផ្ដន្ទាទោសជាប់ពន្ធនាគារនេះ លោកត្រូវបានពិន័យជាប្រាក់ចំនួន១០លានរៀល ប្រហែល២.៥០០ដុល្លារផងដែរ។ លោកបានមានប្រសាសន៍ថា លោក ស៊ុត ឌីណា មានសិទ្ធិប្ដឹងឧទ្ធរណ៍។

នគរបាលក្រៀកលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងចូលក្នុងសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នគរបាលក្រៀកលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងចូលក្នុងសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ហុក ផល្លា មេធាវីតំណាងលោក ស៊ុត ឌីណា បានមានប្រសាសន៍ថា រាល់សេចក្ដីសម្រេចផ្នែករដ្ឋបាលដែលអតីតឯកអគ្គរាជទូតរូបនេះបានធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូង គាត់តែងតែបានជម្រាបលោក ហោ ណាំហុង ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងការបរទេស ហើយមិនអាចត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចឡើយ។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា គ្មានអ្វីជាការដាក់បន្ទុកធ្ងន់ធ្ងរលើកូនក្ដីរបស់ខ្ញុំឡើយ”។

លោក ហ៊ីង សុខសាន្ត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាអគ្គលេខាធិការរងរដ្ឋសភាបានប្រមូលផ្ដុំគ្នាជាមួយលោក ស៊ុត ឌីណា ក្នុងនាមជាសមាជិកចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ជាក្រុមយុវជនប្រឆាំងរដ្ឋាភិបាលក្នុងចុងទសវត្សរ៍ឆ្នាំ១៩៩០។  លោកបានចាត់ទុកអតីតសហសេវិករបស់លោកថា ជា “មនុស្សងាករេ”។

លោក ហ៊ីង សុខសាន្ត មានប្រសាសន៍ថា “ខ្ញុំមិនទាន់ច្បាស់ថា តើគាត់បានប្រព្រឹត្តបទល្មើសនេះឬក៏អត់នោះឡើយ ប៉ុន្តែខ្ញុំស្នើឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យបានល្អិតល្អន់ដើម្បីចៀសសវាងការផ្ដន្ទាទោសខុសឆ្គង”។

លោកបានមានប្រសាសន៍ថា “ខ្ញុំស្គាល់តែស៊ុត ឌីណា ពីមុនប៉ុណ្ណោះ នៅពេលនោះគាត់ជាអ្នកជាតិនិយមមួយរូប ហើយបានតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលសម្ដេច ហ៊ុន សែន។គាត់ជាមនុស្សម្នាក់ដែលបានតវ៉ាប្រឆាំងការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយក្នុងសង្គម”។

លោក ស៊ុត ឌីណា មានភាពលេចធ្លោខណៈលោកជាសមាជិកចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ មុនពេលចាប់ផ្ដើមបង្កើតក្រុមរបស់ខ្លួន ក្រោយមានការថ្នាំងថ្នាក់ជាមួយថ្នាក់ដឹកនាំផ្សេងទៀត។ពេលនោះគាត់បានបង្កើត និងដឹកនាំគណបក្សរណសិរ្សជាតិខ្មែរមុនពេលផ្លាស់ប្តូរទៅជាគណបក្ស នរោត្តម រណឫទ្ធិ ក្នុងឆ្នាំ២០០៦។ ទីបំផុតគាត់បានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ២០០៩ ហើយមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការបរទេសមុនពេលត្រូវបានតែងតាំងជាប្រេសិតរបស់រដ្ឋាភិបាលប្រចាំប្រទេសកូរ៉េខាងត្បូង។

លោកស្រី ឡាយ ម៉ីសៀង អាយុ៣៣ឆ្នាំ ប្រធានសហជីពកម្មករកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងបានថ្លែងថា ជារឿយៗមន្ត្រីស្ថានទូតបង្កការលំបាកដល់ពលករកម្ពុជាអំឡុងពេលលោក ស៊ុត ឌីណា ជាឯកអគ្គរាជទូត។

លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមិនពេញចិត្តការដឹកនាំរបស់លោក ស៊ុត ឌីណា ទេ ពីព្រោះគាត់មិនបានយកចិត្តទុកដាក់ដល់ពលករកម្ពុជានៅកូរ៉េខាងត្បូងឡើយ”។

លោកស្រីថ្លែងថា ”នៅពេលគាត់បម្រើការងារ ការពន្យារទិដ្ឋាការមានការយឺតយ៉ាវណាស់។ លោកស្រីបានបន្ថែមថា អ្នកកាន់តំណែងបន្តពីគាត់គឺលោក ឡុង ឌីម៉ង់ បានពន្លឿនដំណើរការដ៏សំខាន់នេះរួចហើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស