28.4 C
Phnom Penh

ស្ត្រី​កម្ពុជា​​​​ស៊ីឈ្នួល​​ពពោះ​​​​​​ជំនួស​ក​្នុង​​​​​​តម្លៃ​​​​​​​​ខ​្ទង់​​​ម៉ឺន​​​ដុល្លារ ​ហើយ​ប្រគល់​​កូន​​ឱ្យ​គេ​ក្រោយ​សម្រាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី លី រស្មី បានចាកចេញពីផ្ទះរបស់ខ្លួនកាលពីខែមករា ឆ្ពោះមកមន្ទីរពេទ្យមួយស្ថិតនៅជាយរាជធានីភ្នំពេញ។ ស្ត្រីវ័យ៣៤ឆ្នាំរូបនេះបានស្នាក់នៅទីនោះប៉ុន្មានយប់ ក្នុងកន្លែងមួយដែលល្អជាង និងស្អាតជាងមន្ទីរពេទ្យដែលគាត់ធ្លាប់សម្រាកកាលពីមុន។

នៅពេលអ្នកស្រី លី រស្មី ដែលសុំមិនបញ្ចេញឈ្មោះពិតរបស់ខ្លួនដោយសារវាជារឿងផ្ទាល់ខ្លួនវិលត្រឡប់ទៅជួបជុំប្ដី និងកូនបីនាក់របស់គាត់នៅខេត្តព្រៃវែងវិញ គាត់មានទម្ងន់ពពោះកូនរបស់មនុស្សពីរនាក់ដែលគាត់មិនធ្លាប់បានជួប និងទំនងជាគ្មានឱកាសជួបជារៀងរហូត។

អំឡុងបទសម្ភាសន៍នៅហាងអាហារសម្រន់ KFC មួយកន្លែងដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីកាលពីចុងខែកញ្ញា ឆ្នាំមុន អ្នកស្រី លី រស្មី និយាយថា ឆ្នាំមុនមិនអំណោយផលទេសម្រាប់ដំណាំស្រូវ។ ជាការពិត រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនអំណោយផលឡើយសម្រាប់ប្រជាកសិករនៅក្នុងខេត្តភាគខាងត្បូងមួយនេះ។

អ្នកស្រីនិយាយថា “សព្វថ្ងៃស្រូវមិនសូវល្អទេ ទឹករីងស្ងួតអស់ហើយ យើងគ្មានស្រូវលក់ទៀតទេ គ្រួសារខ្ញុំ។ យើងធ្វើបានត្រឹមតែមួយស៊ីទេ។ ខ្ញុំលក់ជ្រូកពីរបីក្បាល មេជ្រូក និងកូនជ្រូក។ ពេលមានទឹក ទឹកបែរជាជន់លិចដីស្រែ ហើយបំផ្លាញដំណាំស្រូវ”។

អ្នកស្រីមានកូនផ្ទាល់ខ្លួនចំនួនបីនាក់ ហើយកូនច្បងបង្អស់អាយុ១២ឆ្នាំ។  អ្នកស្រីគ្មានគម្រោងយកកូនទៀតទេ ប៉ុន្តែនៅពេលសាច់ញាតិម្នាក់របស់គាត់ចាប់ផ្ដើមធ្វើការឲ្យ New Genetics Global ទីភ្នាក់ងារពពោះជំនួសមានមូលដ្ឋាននៅក្រុងបាងកក ហើយមកជួបគាត់ផ្ដល់ប្រាក់១០.០០០ដុល្លារសម្រាប់ការពពោះកូនរបស់ប្ដីប្រពន្ធជនជាតិបារាំង  អ្នកស្រីក៏ពិចារណា។

ពាក់អាវពណ៌ខៀវ ហើយដៃដាក់លើពោះមានទម្ងន់ អ្នកស្រីនិយាយថា “បើយើងគិតពីការងារនេះ វាជាការងារល្អសម្រាប់មនុស្ស។ យើងកំពុងជួយមនុស្សក្នុងពិភពលោកដែលគ្មានលទ្ធភាពមានកូន”។

អ្នកស្រី លី រស្មី រួមជាមួយម្ដាយពពោះជំនួសពីនាក់ទៀតរបស់ទីភ្នាក់ងារ New Genetics Global ដែលមានមានម្តាយពពោះជំនួសប្រហែលពី២០ទៅ៣០នាក់នៅពេលនោះ បានយល់ព្រមផ្ដល់បទសម្ភាសន៍កាលពីលើកទី១ប្រហែល២ខែមុន ហើយអ្នកស្រីកម្រនិយាយជាមួយអ្នកយកព័ត៌មានណាស់ចាប់តាំងពីពេលនោះមក។

តំណាងទីភ្នាក់ងារ New Genetics Global បានអមស្ត្រីរូបនេះអំឡុងបទសម្ភាសន៍ដំបូងដែលបានធ្វើឡើងបន្ទាប់ពីការពិនិត្យសុខភាពតាមទម្លាប់ធម្មតាសម្រាប់ពួកគាត់ទាំងបីនាក់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ពួកគាត់ស្ទាក់ស្ទើរមិនហ៊ាននិយាយ ឬប្រហែលជាស្ទាក់ស្ទើរមិនហ៊ាននិយាយនៅចំពោះមុខភ្នាក់ងារទាំងនោះ។ ក្នុងចំណោមពួកគាត់សុទ្ធតែមិនព្រមប្រាប់ឈ្មោះរបស់ខ្លួន។

ទោះបីជាការពពោះជំនួសមិនត្រូវបានហាមឃាត់ក្នុងប្រទេសនៅឡើយដែលសេចក្តីសម្រេចនោះត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រកាសកាលពីដើមខែវិច្ឆិកាក្ដី ក៏ពួកគាត់និយាយថា ខ្លួនមិនទាន់ប្រាប់អ្នកណាផ្សេងក្រៅពីគ្រួសារផ្ទាល់ដែលខ្លួនកំពុងពពោះឱ្យ ថាមិនមែនជាកូនរបស់ខ្លួនទេ។

អ្នកស្រី លី រស្មី និយាយថា “អស់លោកដឹងទេ អ្នកនៅជនបទខ្លះដឹង និងយល់ច្បាស់ ហើយអ្នកខ្លះមិនយល់ដឹងទេ”។

ដៃគូពីរនាក់ទៀតរបស់គាត់ក៏មានស្ថានភាពអត្តខាត់ដែរ។ ស្ត្រីម្នាក់ឈ្មោះ រុន រី ដែលនឹងសម្រាលកូននៅខែមេសា និយាយថា អ្នកស្រីជាកសិករធ្វើស្រែក្រីក្រនៅខេត្តពោធិ៍សាត់។ ស្ថិតក្នុងវ័យទើបតែ២១ឆ្នាំ និងមានកូនមួយអាយុ១៨ខែ ស្ត្រីរូបនេះនិយាយថា ការពពោះជំនួសគឺជាគំនិតរបស់ម្ដាយគាត់។

អ្នកស្រី សុខ ស្រីពៅ ដែលជាភ្នាក់ងារទី៣ ធ្លាប់បម្រើការងារនៅរោងចក្រកាត់ដេរ។ ប្ដីរបស់គាត់គឺជាអ្នកកាសែតដែលស្គាល់ភ្នាក់ងារពពោះជំនួស។ អ្នកស្រីនិយាយថា ការពពោះជំនួសរបស់គាត់គឺជាគំនិតរបស់ប្ដីគាត់។ មិនដូចម្តាយពពោះជំនួសពីរនាក់ទៀត អ្នកស្រីត្រូវគេឱ្យស្នាក់នៅកន្លែងមួយ “មានផាសុកភាព” ក្នុងរាជធានីភ្នំពេញ  សម្រាប់ការពពោះរបស់គាត់តាមការស្នើសុំរបស់ឪពុកម្ដាយនៃទារកភ្លោះដែលគាត់កំពុងពពោះ។

ពួកគាត់និយាយថា ទីភ្នាក់ងារខាងលើនេះយកថ្លៃសេវាពីឪពុកម្ដាយដែលចង់បានកូនក្នុងតម្លៃចន្លោះពី៣២.០០០ដុល្លារទៅ៤៥.០០០ដុល្លារអាស្រ័យលើការពពោះកូនភ្លោះ និងការស្នាក់នៅកន្លែងរបស់ទីភ្នាក់ងារ ឬដេកក៏ផ្ទះរបស់ខ្លួនឯង។ អ្នកស្រី លី រស្មី និងភ្នាក់ងារផ្សេងទៀតដែលអង្គុយជាមួយគាត់និយាយថា ម្ដាយពពោះជំនួសទទួលបានប្រាក់១០.០០០ដុល្លារជាដំណាក់កាល។ ដំណាក់កាលទី១គឺទទួលបាននៅពេលបេះដូងរបស់ទារកចាប់ផ្ដើមលោតជាលើកដំបូង ហើយដំណាក់កាលចុងក្រោយគឺនៅពេលឪពុកម្ដាយនាំកូនរបស់ខ្លួនទៅផ្ទះដោយជោគជ័យ។

អ្នកស្រី រុន រី ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ រហូតដល់សម្រាលកូនរួច គឺជាម្ដាយពពោះជំនួសតែម្នាក់គត់ដែលបានជួបជាមួយឪពុកម្ដាយនៃទារកដែលគាត់កំពុងពពោះ។

អ្នកស្រីនិយាយថា “ពួកគាត់ជាជនបរទេស ជនជាតិបារាំង។ ពួកគាត់បានមកភ្នំពេញ ហើយជួបខ្ញុំពីរដងនៅមន្ទីរពេទ្យ។ ពួកគាត់មានអ្នកបកប្រែ។ ពួកគាត់បានសួរពីអារម្មណ៍របស់ខ្ញុំ និងរាងកាយរបស់ខ្ញុំ។ ពួកគាត់សួរសំណួរជាច្រើន សួរពីសុខភាពរបស់ខ្ញុំ ហើយសួរថាជីវិតរបស់នៅរបស់ខ្ញុំយ៉ាងម៉េចដែរ។ ខ្ញុំមានអារម្មណ៍ធម្មតា ខ្ញុំនិយាយថា ខ្ញុំសប្បាយចិត្ត”។

ប៉ុន្តែ ពួកគេទាំងអស់សុទ្ធតែលើកឡើងថា ខ្លួនពេញចិត្តនឹងការធ្វើជាម្តាយស៊ីឈ្នួលពពោះជំនួស។

អ្នកស្រី រុន រី បាននិយាយថា “ហេតុអ្វីបានជាខ្ញុំធ្វើការនេះ?។ធ្វើអ៊ីចឹងវាស្រួល។ វាមិនមែនជាការងារពិបាកណាស់ណានោះទេ។ពេលខ្ញុំសម្រាកកូន ពីមុនខ្ញុំក៏បានទៅពិនិត្យសុខភាពមួយខែម្តងដែរ ប៉ុន្តែ វានៅមណ្ឌលសុខភាពខេត្តពោធិ៍សាត់។បើមានបញ្ហា ពួកគេពិតជាមិនអាចធ្វើអ្វីកើតទេនៅទីនោះហើយវាមានការលំបាកសម្រាប់ពួកគេក្នុងការដឹងថា តើបញ្ហានោះជាបញ្ហាអ្វី។ ឥឡូវខ្ញុំកំពុងតែទៅពិនិត្យសុខភាពមួយខែម្តងនៅមន្ទីរពេទ្យដ៏ល្អមួយ ដែលទីភ្នាក់ងារជាអ្នកចេញថ្លៃពិនិត្យឲ្យ”។

ត្រឹមតែមួយខែប៉ុណ្ណោះបន្ទាប់កិច្ចប្រជុំ នៅថ្ងៃទី២៤ខែតុលា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសដាក់ចេញបម្រាមបន្ទាន់មួយលើការពពោះជំនួសដោយធ្វើឲ្យទីភ្នាក់ងារប្រហែល៥០ និងស្ត្រីខ្មែរដែលកំពុងមានផ្ទៃពោះរាប់រយនាក់អន្ទះសាចង់បានចម្លើយ ដែលក្នុងនោះភាគច្រើននៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។

កាលពីថ្ងៃទី២៨ ខែតុលា អ្នកស្រី Tammy Davis-Charles គិលានុបដ្ឋាយិកាជនជាតិអូស្ត្រាលីដែលបង្កើតមន្ទីរសម្រាកព្យាបាល Fertility Solutions PGD ត្រូវបានចាប់ខ្លួនចោទប្រកាន់ និងបញ្ជូនទៅពន្ធនាគារពីបទភ្ជាប់ទំនាក់ទំនងអតិថិជនរបស់ខ្លួនជាមួយម្តាយដែលស៊ីឈ្នួលពពោះជំនួស។ អ្នកស្រីនៅជាប់ក្នុងពន្ធនាគារព្រៃសជាបណ្តោះអាសន្ននៅឡើយ។

ទោះបីជានគរបាលដំបូងឡើយបានផ្តល់ការធានាអំពីវាសនារបស់អ្នកស៊ីឈ្នួលពពោះជំនួស និងអតិថិជនដែលបានជួបគ្នាតាមរយៈអ្នកស្រី Tammy Davis-Charles ក៏ដោយក្តី តែរដ្ឋាភិបាលនៅតែមិនទាន់ផ្តល់ាពច្បាស់លាស់អំពីវាសនារបស់ម្តាយដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារផ្សេងៗទៀតនៅឡើយទេ។

វាមិនមានការទទួលខុសត្រូវសម្រាប់ម្តាយពពោះកូនឲ្យឪពុកដែលពួកគេមិនដែលបានជួបមុខនោះឡើយ នេះបើតាមការលើកឡើងរបស់អ្នកស្រី ជូ ប៊ុនអេងអគ្គលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទនៅក្រសួងមហាផ្ទៃ មិនយូរប៉ុន្មានបន្ទាប់ពីលោកស្រី Tammy Davis-Charles ត្រូវបានចាប់ខ្លួន។

លោកស្រីបានមានប្រសាសន៍ថា “យើងចង់ឲ្យស្ត្រីទាំងនោះចេញមក ហើយប្រាប់យើងថា តើពួកគេមានអ្វីនៅក្នុងពោះ។ ពួកគេមិនអាចធ្វេសប្រហែសបណ្តោយឲ្យកូនកើតមកមិនដឹងថា ឪពុកនៅឯណានោះបានឡើយ”។

លោកស្រីបានលើកឡើងតាមទូរស័ព្ទកាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះថា ក្រោយ មានការចេញបម្រាម អ្នកស៊ីឈ្នួលពពោះជំនួសជាច្រើនបានលាក់ខ្លួន ឬក៏ផ្លាស់ទីតាំងទៅកាន់ប្រទេសផ្សេងមួយទៀតជាបណ្តោះ អាសន្ន។ អ្នកដែលមានជាប់ទាក់ទងជាមួយទីភ្នាក់ងារដែលអ្នកស្រី លី រស្មី ក៏មានទំនាក់ទំនងដែរនោះ បានរត់ទៅប្រទេសថៃ។

ទោះជាយ៉ាងណា អ្នកស្រី លី រស្មី មានសំណាងល្អ។ អ្នកស្រីបានសម្រាលកូននៅ   ក្នុងមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃមុនពេលបម្រាមនេះចូលជាធរមាន ហើយបានត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ ចំពេលផុតរដូវប្រមូលផល។ អ្នកស្រីមិនព្រួយបារម្ភអំពីកូនដែលលោកស្រីស៊ីឈ្នួលពពោះជំនួសនោះឡើយ ប៉ុន្តែ អ្នកស្រីនៅតែ គិតដល់កូនម្នាក់នោះ។

អ្នកស្រី បាននិយាយថា “ឈាមរបស់យើងប្រឡាក់ពេញខ្លួនវា ហេតុដូច្នេះមិនឲ្យយើងមិននឹកម្តេចបាន?”។

ទូរស័ព្ទរបស់អ្នកស្រី រុន រី មានពេលខ្លះបិទនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយនៅតែមិនអាចទាក់ទងបាន។ ទីភ្នាក់ងារផ្តល់សេវាពពោះជំនួសមួយចំនួន និងអ្នកដែលនាំស្ត្រីទាំងបីរូបនេះទៅសម្ភាសជាមួយពួកគេនៅជំហានដំបូងនោះសុទ្ធតែមិនអាចទាក់ទងបាន។

ទោះបីជា នាយកប្រតិបត្តិក្រុមហ៊ុននេះបានលើកឡើងថា ក្រុមហ៊ុនរបស់ខ្លួនបានបង្កើតប្រតិបត្តិការមួយផ្សេងទៀតនៅក្នុងប្រទេសឡាវក្នុងពេលប៉ុន្មានខែកន្លងមកនេះក៏ដោយ តែនាយកប្រតិបត្តិរូបេនះបានបដិសេធមិននិយាយឡើយ ពាក់ព័ន្ធការវិវឌ្ឍនៃប្រតិបត្តិការនេះ ឬថាតើម្តាយស៊ីឈ្នួលពពោះជំនួសជនជាតិកម្ពុជាដែលមិនទាន់សម្រាលកូនបានផ្លាស់ទៅទីនោះហើយឬនៅ។

អ្នកស្រី លី រស្មី បានលើកឡើងកាលពីដើមសប្តាហ៍នេះថា អ្នកស្រីយល់ ហេតុអ្វីបានរដ្ឋាភិបាលហាមប្រតិបត្តិការនេះ។

អ្នកស្រីបាននិយាយថា “ប្រសិនបើយើងគិតអំពីបញ្ហានេះតាមផ្លូវត្រូវ គឺក្រុមហ៊ុនត្រូវតែរកស៊ីហើយ ប៉ុន្តែច្បាប់នេះការពារយើង ព្រោះវាអាចមានបញ្ហា”។

អ្នកស្រីបានបន្ថែមថា “ខ្ញុំមិនដឹងថា វាអាចមានបញ្ហាអ្វីនោះទេ។ខ្ញុំបានឮថាអាចមានច្រើនប៉ុន្តែ ខ្ញុំមិនបានគិតចង់សើុបអង្កេតតាមដានបញ្ហាណាមួយក្នុងបញ្ហានោះឡើយ”។

អ្នកស្រីបាននិយាយទៀតថា ប្រសិនបើច្បាប់អនុញ្ញាត អ្នកស្រីនឹងពិចារណាធ្វើបែបនេះម្តងទៀត ប៉ុន្តែ អ្នកស្រីគិតថា វាទំនងជាមិនអាចទេ។ អ្នកស្រីបារម្ភចំពោះអ្នកចង់បានកូនដែលរកកន្លែងអនុញ្ញាតឲ្យមានការពពោះ ជំនួសលែងបាន។ អាជីវកម្មនេះបានផ្លាស់មកកម្ពុជាយ៉ាងច្រើនដោយសារវាត្រូវបានហាមឃាត់នៅ ក្នុងប្រទេសថៃ។

អ្នកស្រី លី រស្មី បាននិយាយថា “ខ្ញុំមិនដឹងទេ។ ប្រហែលជាពួកគាត់មិនអាចមានលទ្ធភាពមានកូនទាល់តែសោះ។ ខ្ញុំមិនដឹងថា ពួកគាត់អាចទៅកន្លែងណាទៀតបានទេក្នុងពេលនេះ”។

ទីបំផុតអ្នកស្រីបានទទួលប្រាក់ទាំងអស់ដែលគេមិនទាន់ឲ្យមកគ្រប់។ អ្នកស្រីបាននិយាយថា “ផ្ទះរបស់ខ្ញុំកំពុងតែពុកផុយ ដូច្នេះខ្ញុំនឹងជួសជុលវាឡើងវិញ ហើយបន្ទាប់មកទៀតខ្ញុំនឹងទុកខ្លះសម្រាប់ឲ្យកូនខ្ញុំរៀនសូត្រ”។

ហើយជាចុងក្រោយ អ្នកស្រីបាននិយាយថា ភ្លៀងបានធ្លាក់មកដូចធម្មតាវិញហើយ។ “ឥឡូវនេះស្រូវដុះល្អហើយ ព្រោះយើងមានទឹកច្រើន។ វាពិបាកអស់ជាច្រើនឆ្នាំមកហើយ៕ សុខម និងស៊ុយឈាង

(រាយការណ៍បន្ថែមដោយ ផាន់ ស៊ូមី)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស