ក្រសួងការងារនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់ថ្មីៗអំពីពលកម្មកុមារដ៏រាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋរបស់ប្រទេសនេះ ប៉ុន្តែអះអាងថា មិនទាន់បានរកឃើញភ័ស្តុតាងនៅឡើយទេ។
ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីការចេញរបាយការណ៍ថ្មីមួយដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលលើកឡើងនូវការប្រើពលកម្មកុមារដ៏រាលដាលនិងជាប្រព័ន្ធ និងពលកម្មដោះបំណុលដោយម្ចាស់សិប្បកម្មផលិតឥដ្ឋ។ ទង្វើទាំងពីរនេះគឺខុសច្បាប់តាមច្បាប់កម្ពុជា និងត្រូវមានទោសជាប់ពន្ធនាគារ ក្នុងករណីពលកម្មដោះបំណុល។
មុនបន្តការលើកសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលុបបំបាត់ពលកម្មកុមារ ក្រសួងបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា “ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈមានសេចក្តីសោកស្តាយជាខ្លាំងនៅពេលបានទទួលព័ត៌មានពីរបាយការណ៍របស់អង្គការលីកាដូ”។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា”ក្រសួងបានចាត់វិធានការចុះស៊ើបអង្កេតជាបន្ទាន់លើករណីនេះ។ ទន្ទឹមនឹងនេះ ក្រសួង សូមបញ្ជាក់ថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន ក្រុមអធិការកិច្ចការងាររបស់ក្រសួង និងគណៈកម្មការជាតិប្រឆាំងពលកម្មកុមារ… បានចុះផ្សព្វផ្សាយដើម្បីដកហូត ទប់ស្កាត់ពលកម្មកុមារ និងផាកពិន័យយ៉ាងធ្ងន់ធ្ងរ ដល់សហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលប្រើប្រាស់ ពលកម្មកុមារខុសច្បាប់”។
កាលពីម្សិលមិញ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់អ្នកកាសែតតាមរយៈសារជាអក្សរថា មន្ទីរការងារខេត្តទាំងអស់ក៏បានទទួលការណែនាំឲ្យបង្កើនអធិការកិច្ចនៅតាមសិប្បកម្មផលិតឥដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរ។
ក៏ប៉ុន្តែ លោកបាននិយាយថា គេមិនទាន់បានរកឃើញការរំលោភបំពានណាមួយនៅឡើយទេ។
លោកបាននិយាយថា “ទន្ទឹមនឹងនេះ ក្រសួង ក៏បានបង្កើតក្រុមការងារពិសេសដើម្បីអង្កេតករណីនេះនៅតាមបណ្តាសិប្បកម្មផលិតឥដ្ឋ តាមបណ្តោយផ្លូវជាតិលេខ៦អា [និង] ផ្លូវជាតិលេខ១ ជុំវិញរាជធានីភ្នំពេញផងដែរ។ ចំពោះមុខ ក្រសួងនៅមិនទាន់រកឃើញករណីដែលបានលើកឡើងដោយអង្គការលីកាដូនៅឡើយ”។
អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រសួង នឹង “ពិន័យយ៉ាងធ្ងន់ធ្ងរ” លើសិប្បកម្មដែលត្រូវរកឃើញថា កំពុងប្រើកុមារក្រោមអាយុ១៥ឆ្នាំ។
ទោះជាយ៉ាងនេះក្តី ទាំងសេចក្តីប្រកាសព័ត៌មាន ទាំងអ្នកនាំពាក្យ មិនបាននិយាយអ្វីទាក់ទិននឹងការពិន័យសិប្បកម្មដែលប្រើកុមារក្រោមអាយុ១៨ឆ្នាំ ដែលក៏ខុសច្បាប់ដែរក្នុងករណីនៃការងារប្រកបដោយគ្រោះថ្នាក់ (លីកាដូនិយាយថា សិប្បកម្មផលិតឥដ្ឋដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក៏គេរកឃើញករណីមួយចំនួន និងសេចក្តីរាយការណ៍ មួយចំនួនអំពីរបួសធ្ងន់ធ្ងរចំពោះមនុស្សពេញវ័យ និងកុមារដែរ)។
ក្រសួងក៏មិនបាននិយាយទាល់តែសោះអំពីពលកម្មដោះបំណុល ដែលអាចមានទោសជាប់ពន្ធនាគារដល់ទៅ២០ឆ្នាំ។
អង្គការលីកាដូបានរកឃើញពលកម្មកុមារនិងពលកម្មដោះបំណុលដ៏រាលដាលនៅទីតាំងផលិតឥដ្ឋ១១កន្លែង ដោយទីតាំងនីមួយៗមានសិប្បកម្មផលិតឥដ្ឋពី១ដល់៣៩ ដែលក្រុមអ្នកស្រាវជ្រាវរបស់ខ្លួនបានចុះទៅពិនិត្យនៅជុំវិញក្រុងភ្នំពេញ ពីខែមិថុនាដល់ខែសីហា។
អ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី ក៏មិនមានការលំបាកក្នុងការស្វែងរកករណីទាំងពីរនេះដែរកាលពីសប្តាហ៍មុន។
ឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ អ្នកស្រី ណាលី ពីឡូក នាយករងផ្នែកតស៊ូមតិនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បាននិយាយថា ការឆ្លើយតបហ្មត់ចត់និងម៉ឺងម៉ាត់ទៅនឹងបញ្ហានឹងតម្រូវឲ្យមានការចូលរួមពីក្រសួងផ្សេងទៀតដែរ។
អ្នកស្រីបាននិយាយកាលពីម្សិលមិញថា”នគរបាលនិងអាជ្ញាធរមូលដ្ឋានជារឿយៗតែងតែដឹងអ្វីដែលកើតឡើងក្នុងសិប្បកម្មទាំងនេះ ប៉ុន្តែពួកគេមិនចាត់វិធានការលើម្ចាស់សិប្បកម្មទេ”។
“ដូច្នេះហើយ ការឆ្លើយតបពីក្រសួងការងារគឺមិនគ្រប់គ្រាន់ទេ។ គឺក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ដែលមានការទទួលខុសត្រូវក្នុងការស៊ើបអង្កេតនិងផ្តន្ទាទោសម្ចាស់សិប្បកម្មនិងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងពលកម្មដោះបំណុលគ្រួសារនិងកុមារ”។
លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ បាននិយាយថា វាជាកំហុសធ្ងន់ដែលរដ្ឋាភិបាលពិនិត្យតែសិប្បកម្មនានារកក្មេងក្រោមអាយុ១៥ឆ្នាំ ហើយមិនអើពើចំពោះពលកម្មដោះបំណុល។
អង្គការលីកាដូបានរកឃើញថា ម្ចាស់សិប្បកម្មសឹងតែទាំងអស់បានផ្តល់ប្រាក់កម្ចីច្រើនដល់កម្មកររបស់ខ្លួន ដោយមានការសន្យាផ្តល់ពលកម្មថោករហូតដល់សងបំណុល អស់។ ដោយគ្រួសារទាំងនោះសងវិញជាឥដ្ឋ ក្នុងករណីមួយប្រហែល៧,៥០ដុល្លារក្នុង១០០.០០០ដុំ ពួកគេរងសម្ពាធមិនឲ្យកូនទៅសាលារៀន ដើម្បីទុកកូនជួយ។
លោក សំអាត បាននិយាយថា “ការបញ្ចាំខ្លួនដោះបំណុលនេះជារឿងហេតុដែលនាំឲ្យមានពលកម្មកុមារនៅក្នុងហ្នឹង។ បញ្ហាហ្នឹងត្រូវដោះស្រាយពីដើមឫសដើមគល់របស់វា ដើម្បីឈានទៅដល់ការដោះស្រាយនៃពលកម្មកុមារនោះបាទ”៕ និត (រាយការណ៍បន្ថែមដោយ Zsombor Peter)