28 C
Phnom Penh

ព្រះ​​​សង្ឃមានប្រជា​ប្រិយភាព​ សំ ប៊ុនធឿន​ ត្រូវ​​​​បូជា​​​ក្រោយ​​​ពី​​​សុគត​​​រយៈ​​​ពេល១៤ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាននិយាយថា ជិត១៤ឆ្នាំក្រោយពីព្រះអង្គត្រូវឃាតករបាញ់សម្លាប់នៅក្នុងទីក្រុងភ្នំពេញ ព្រះតេជគុណ សំ ប៊ុនធឿន ជាព្រះសង្ឃគួរឱ្យគោរពត្រូវបានបូជារយៈពេលបីថ្ងៃនៅសប្តាហ៍នេះនៅក្នុងខេត្តកណ្តាល ដោយមានអ្នកកាន់ទុក្ខរាប់ម៉ឺនអង្គនាក់ចូលរួម។

លោក ម៉ៃ លឹមហាវ ប្រធានការិយាល័យធម្មការនិងសាសនាស្រុកពញាឮបាននិយាយថា ពិធីបូជាសពបានប្រារព្វឡើងនៅឯពុទ្ធមណ្ឌលវិបស្សនាធុរៈក្នុងឃុំផ្សាដែក ហើយបានប្រារព្វធ្វើពីថ្ងៃព្រហស្បតិ៍ដល់រសៀលថ្ងៃអាទិត្យ។

លោក លឹមហាវ បានប៉ាន់ស្មានថាមានមនុស្សរាប់ម៉ឺននាក់ចូលរួមក្នុងពិធីនេះ ដោយបណ្តាលឱ្យកកស្ទះចរាចរណ៍កាលពីរសៀលថ្ងៃសៅរ៍។ លោកបាននិយាយថា “អ្នកចូលរួមមានក្តីអាណិតអាសូរ ហើយចូលរួមដោយទឹកចិត្តសប្បុរសនិងទឹកចិត្តជ្រះថ្លាតាមព្រះពុទ្ធសាសនា”។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៣ ព្រះសង្ឃ សំ ប៊ុនធឿនមានព្រះជន្ម៤៧ព្រះវស្សាត្រូវបានបាញ់សម្លាប់នៅក្រៅវត្តលង្កាដោយមនុស្សពីរនាក់ជិះម៉ូតូ។ព្រះតេជគុណត្រូវឃាតករបាញ់ពីរគ្រាប់ចំទ្រូង ហើយពីរថ្ងៃក្រោយមកបានសុគតនៅឯមន្ទីរពេទ្យកាល់ម៉ែត។ឃាតករមិនត្រូវបានគេបញ្ជាក់អត្តសញ្ញាណទេ ដោយធ្វើឲ្យឃាតកម្មនេះត្រូវគេសង្ស័យថាជាឃាតកម្មពាក់ព័ន្ធនឹងរឿងនយោបាយមួយក្នុងបណ្តាឃាតកម្មពាក់ព័ន្ធនឹងនយោបាយជាច្រើន ដែលនៅតែមិនទាន់ដោះស្រាយបាននៅឡើយ។

ព្រះសង្ឃ សំ ប៊ុនធឿន ដែលបានបង្កើត និងដឹកនាំពុទ្ធមណ្ឌលវិបស្សនាធុរៈភ្នំឧត្តុង្គ ជាព្រះសង្ឃមួយអង្គដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ពេលព្រះអង្គសុគត។ពុទ្ធបរិស័ទជិតស្និទ្ធនឹងព្រះតេជគុណបាននិយាយថា ព្រះអង្គមិនមែនជាអ្នកនយោបាយទេ ហើយក៏មិនដែលមានសត្រូវដែរ។

ទោះជាយ៉ាងនេះក្តី លោក ហ្គ្រាហាម វ៉ាតសុន (Graham Watson) សមាជិកសភាអ៊ឺរ៉ុបដើម្បីអ្នកប្រជាធិបតេយ្យសេរីរបស់ចក្រភពអង់គ្លេសបាននិយាយនៅឯសន្និសីទក្រុងភ្នំពេញនៅពេលនោះថា ការធ្វើគតនេះ”ប្រាកដជាការប៉ុនប៉ង ដើម្បីបំភិតបំភ័យព្រះសង្ឃមិនឲ្យចុះឈ្មោះបោះឆ្នោត”។

មន្ទិលសង្ស័យដែលថាការធ្វើគតនេះមានពាក់ព័ន្ធនឹងហេតុផលនយោបាយ ត្រូវបានបង្កឡើងបន្ថែមទៀតដោយការបញ្ជាពីព្រះសង្ឃរាជដែលលម្អៀងទៅបក្សប្រជាជនកម្ពុជាដោយហាមប្រាមព្រះសង្ឃមិនឱ្យមានមតិទាក់ទងនឹងឃាតកម្មនេះ។

ព្រះសង្ឃ សុខ ជា ព្រះជន្ម៣៥វស្សាគង់នៅពុទ្ធមណ្ឌលវិបស្សនាធុរៈបានមានសង្ឃដីកាកាលពីថ្ងៃអាទិត្យថា ទោះបីជាព្រះអង្គមិនដែលបានជួបព្រះតេជគុណ សំ ប៊ុនធឿន ក៏ដោយ ក៏ព្រះអង្គគោរពយ៉ាងខ្លាំងចំពោះព្រះតេជគុណ សំ ប៊ុនធឿនដែរ។

ព្រះតេជគុណ ជា បានមានសង្ឃដីកាថា “ព្រះតេជគុណ សំ ប៊ុនធឿន មានសង្ឃដីកាអំពីអ្វីដែលព្រះអង្គបានឃើញ។ប្រសិនបើរឿងហ្នឹងត្រូវ លោកថាត្រូវ តែបើលោកឃើញខុស លោក ថាខុស។ព្រះអង្គមានសង្ឃដីកាការពិត”។

ព្រះតេជគុណ ជា មានសង្ឃដីកាថា ព្រះអង្គមិនបានដឹងច្រើនអំពីរឿងឃាតកម្មទេ ប៉ុន្តែជឿជាក់ថា អាជ្ញាធរគ្មានឆន្ទៈគ្រប់គ្រាន់ ដើម្បីចាប់ខ្លួនអ្នកទទួលខុសត្រូវទាំងនោះទេ។

ព្រះអង្គបានបន្តថា “ប្រសិនបើគេ [អាជ្ញាធរ]បានខិតខំ អាជ្ញាធរអាចស្វែងរកឃើញជនទាំងនោះ ប៉ុន្តែប្រសិនបើគេមិនប្រឹងប្រែងទេ អាជ្ញាធរមិនអាចស្វែងរកពួកគេឃើញបានទេ”។

លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបាននិយាយថា លោកមិនបានជាប់ពាក់ព័ន្ធផ្ទាល់ក្នុងការស៊ើបអង្កេតករណីនេះទេ ហើយក៏មិនបានដឹងអំពីព័ត៌មានថ្មីដែរ ប៉ុន្តែលោកបានការពារការស៊ើបអង្កេតឥតបានផ្លែផ្កានេះ។

លោក សុខ ខេមរិន្ទ បាននិយាយថា “ការស៊ើបអង្កេតមិនលឿនដូចក្នុងកុនទេ។ ខ្លួនខ្ញុំផ្ទាល់និងថ្នាក់ដឹកនាំទាំងអស់ព្រមទាំងអាជ្ញាធរមូលដ្ឋានកំពុងតែប្រឹងប្រែងខ្លាំងណាស់”។

អ្នកស្រី សម គង្ស អាយុ៦៨ឆ្នាំ ជាបងស្រីព្រះសង្ឃ សំ ប៊ុនធឿន បាននិយាយថា អ្នកស្រីធូរស្រាលក្នុងចិត្តពេលនេះ ដែលប្អូនប្រុសអ្នកស្រីបានទៅកាន់សុគតិភព ហើយក៏បានអភ័យទោសដល់ឃាតករដែរ។

អ្នកស្រីបាននិយាយអំពីការស៊ើបអង្កេតករណីឃាតកម្មថា “ខ្ញុំមិនដែលគិតអំពីរឿងហ្នឹងទេ។ សូមឲ្យអ្នកធ្វើគតព្រះអង្គមានសេចក្តីសុខចុះ។ខ្ញុំមិនចង់ចងកម្មពៀរនឹងនរណាឡើយ”៕មាំ វិបុល

 

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស