ប្រសិនបើអ្នកប្រឆាំងនឹងលោកធ្លាប់ដឹងរឿងរ៉ាវក្នុងរយៈពេល២ទសវត្សរ៍មកនេះ ប្រាកដជាដឹងហើយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលអនុគ្រោះដល់នរណាឡើយ។ គាត់ជាអ្នកបង្កើតកិច្ចព្រមព្រៀង ហើយគាត់ក៏ជាអ្នកបំពានកិច្ចព្រមព្រៀងដែរ ពោលគឺគាត់លេងអុក។
ដូច្នេះនៅពេលគណបក្សកាន់អំណាច និងលោក កឹម សុខា ខ្លួនឯងលើកឡើងថា សំណើរបស់លោក ហ៊ុន សែន សុំឱ្យព្រះមហាក្សត្រព្រះរាជទានលើកលែងទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះតាមរយៈក្រឹត្យមួយចុះហត្ថលេខាកាលពីថ្ងៃសុក្រជាទង្វើសប្បុរសនោះ បណ្តាអ្នកវិភាគយល់ថាវាពិបាកឲ្យជឿ។
លោក លី ម័រហ្គេនបេស័រ (Lee Morgenbesser) ដែលកាលពីពេលថ្មីៗនេះបាននិពន្ធសៀវភៅមួយក្បាលស្ដីពីប្រជាធិបតេយ្យរបស់ជនផ្ដាច់ការនៅអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា “ប្រសិនបើលោក ហ៊ុន សែន មិនបន្ទន់ឥរិយាបថភ្លាមៗបន្ទាប់ពីកាន់អំណាចជាង៣ទសវត្សរ៍ទេនោះ មិនចាំបាច់ឆ្ងល់ឡើយថា វាប្រាកដជាមានហេតុផលនយោបាយនៅពីក្រោយការលើកលែងទោសនេះ។ ជាការពិត ប្រសិនបើគាត់បើកចំហទទួលយកសំណើបែបនេះ ការអំពាវនាវផ្សេងៗដើម្បីសុំឲ្យដោះលែងអ្នកទោសនយោបាយនៅកម្ពុជា នឹងមានលទ្ធផលដូចគ្នា”។
អង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា ចំនួនអ្នកទោសនយោបាយនៅក្នុងប្រទេសមាន២៧នាក់ ក្នុងនោះរួមមានទាំងមេឃុំគណបក្សសង្គ្រោះជាតិមួយរូបដែលត្រូវតុលាការផ្តន្ទាទោសកាលពីម្សិលមិញផងដែរ ខណៈលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងត្រូវសមត្ថកិច្ចតាមចាប់ខ្លួន និងដាក់បម្រាមមិនឱ្យត្រឡប់មកប្រទេសវិញ។
លោក លី ម័រហ្គេនបេស័រ បានថ្លែងថា ការដោះលែងលោក កឹម សុខា គឺជាការចាំបាច់ដើម្បីផ្ដល់ភាពស្របច្បាប់ដល់ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល៦ខែទៀត ប៉ុន្តែថា គណបក្សប្រជាជនកម្ពុជា ប្រាកដជាមិនគិតថា សមត្ថភាពរបស់គាត់ក្នុងការធ្វើយុទ្ធនាការទូទាំងប្រទេសនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។
លោកបានបន្តថា ”បើគ្មានការចូលរួមពីលោក កឹម សុខា ឬលោក សម រង្ស៊ី ការបោះឆ្នោតនេះនឹងងាយទទួលរងការរិះគន់ចំពោះកង្វះសេរីភាព និងភាពយុត្តិធម៌។ ប៉ុន្តែខ្ញុំមិនរំពឹងថា នេះជាបញ្ហាសម្រាប់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន នោះទេ។ ខ្ញុំប្រាកដថា ពួកគេបានគិតថា ពួកគេអាចគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោតថ្ងៃខាងមុខ ទោះបីជាមានការចូលរួមពីលោក កឹម សុខា ក្តី។ និយាយជារួម ភាពស្របច្បាប់វាសំខាន”។
ទោះជាយ៉ាងណា អ្នកផ្សេងទៀតបានចាត់ទុកការលើកលែងទោសនេះថាពាក់ព័ន្ធនឹងភាពស្របច្បប់តិចជាងការទប់ទល់សាធារណជនដែលវាយប្រហារលោកនាយករដ្ឋមន្ត្រី និងកូនប្រុសរបស់លោក បន្ទាប់ពីបែកធ្លាយការសន្ទនាជាមួយកញ្ញា ធី សុវណ្ណថា សកម្មជននយោបាយដែលគ្មានភាពស្មោះត្រង់។
លោកស្រី អាស្ទ្រីដ ណូរ៉េន នីលសុន (Astrid Noren-Nilsson) ជាអ្នកវិទ្យាសាស្ត្រនយោបាយដែលបានសរសេរសៀវភៅយ៉ាងទូលំទូលាយអំពីប្រទេសកម្ពុជា និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ Lund University នៅក្នុងប្រទេសស៊ុយអែតបានថ្លែងថា “ខ្ញុំយល់ថា យើងមិនត្រូវសម្លឹងមើលឆ្ងាយហួសពេកទេសម្រាប់ហេតុផលលើកលែងទោសនេះ។ ហេតុការណ៍ភ្លាមៗនេះទំនងជាដោយសារមានការបែកធ្លាយកាលពីពេលថ្មីៗនេះនូវការសន្ទនាគ្នារវាង ធី សុវណ្ណថា និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរួមទាំងលោក ហ៊ុន ម៉ានិត ផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់សុច្ចរិតភាពនៃបណ្តឹងតុលាការប្រឆាំងលោក កឹម សុខា”។
កញ្ញា ធី សុវណ្ណថា ដែលបានសាងភាពល្បីល្បាញតាមបណ្ដាញទំនាក់ទំនងសង្គមក្នុងនាមជាអ្នកដឹកនាំបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ បានបែរខ្នងដាក់គណបក្សនេះ បន្ទាប់ពីបែកធ្លាយតាមអុីនធឺណិតនូវខ្សែអាត់សំឡេងសន្ទនាគ្នាតាមទូរស័ព្ទរវាងលោក កឹម សុខា និងស្រីកំណាន់។ ចាប់តាំងពីពេលនោះមក កញ្ញាបានដឹកនាំយុទ្ធនាការឃោសនាទាមទារឲ្យប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិរូបនេះចុះចេញពីតំណែង។
កាលពីសប្ដាហ៍មុន ការសន្ទនាគ្នារាប់ខែតាមហ្វេសប៊ុករវាងឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត ប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទ និងកញ្ញា ធី សុវណ្ណថា បានបែកធ្លាយក្នុងវីដេអូយូធ្យូប។ ក្នុងចំណោមរឿងផ្សេងទៀត ពួកគេពិភាក្សាគ្នារកវិធីតវ៉ាប្រឆាំងលោក កឹម សុខា ហើយញុះញង់អ្នកគាំទ្ររបស់លោក។ ទាំងឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត និងកញ្ញា ធី សុវណ្ណថា សុទ្ធតែមិនបានឆ្លើយតបទៅនឹងការបែកធ្លាយលេចធ្លាយនេះជាសាធារណៈនោះទេ។
រដ្ឋាភិបាលលើកឡើងថា ខ្លួនគ្មានគម្រោង សើុបអង្កេតលើការសន្ទនាឆ្លើយឆ្លងគ្នាទី២ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា ដែលបង្ហាញរូបភាពផ្ទាំងស្គ្រីនស្តីពីការសន្ទនាមួយនៅលើកម្មវិធីឡាញ (Line) ដែលមានពាក្យចចាមអារ៉ាមថា រវាងលោក ហ៊ុន សែន និងសកម្មជនរូបនេះដែលគេសន្យាផ្តល់ប្រាក់១លានដុល្លារសម្រាប់គាំទ្រសកម្មភាពរបស់នាង។
លោកស្រី ណូរ៉េន នីលសុន (Noren-Nilsson) បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាក៏ដឹងផងដែរថា ការបណ្តោយឲ្យដំណោះស្រាយនយោបាយឈានទៅដល់នាទីចុងក្រោយគឺជាល្បែងដ៏គ្រោះថ្នាក់ បន្ទាប់ពីលោក សម រង្ស៊ី បានវិលត្រឡប់មកវិញមួយសប្តាហ៍មុនការបោះឆ្នោតជាតិឆ្នាំ២០១៣ ហើយជួយកៀរគរការគាំទ្ររបស់ប្រជាពលរដ្ឋបានយ៉ាងច្រើនដែលឈានទៅទទួលបានលទ្ធផលដ៏គួរឲ្យភ្ជាក់ផ្អើលអំឡុងការបោះឆ្នោត។
ដោយលោក កឹម សុខា នៅមានសេរីភាពនៅឡើយដោយរង់ចាំការបើកសវនាការលើបណ្តឹងសាទុក្ខដែលដាក់ប្តឹងទៅកាន់តុលាការកំពូល និងលោក ហ៊ុន សែន កំពុងតែស្វះស្វែងធ្វើឲ្យគេលែងចាប់អារម្មណ៍លើការសន្ទនាឆ្លើយឆ្លងគ្នាដែលបែកធ្លាយនោះ”នេះទំនងជាពេលវេលាដ៏ល្អ “សម្រាប់ការលើកលែងទោស។
លោកស្រីបានមានប្រសាសន៍ថា “ការសន្ទនាឆ្លើយឆ្លងគ្នាដែលបែកធ្លាយបង្ហាញថា ការធ្វើឲ្យមានភាពមិនចុះសម្រុងគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី គឺជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជាមុនការបោះឆ្នោតឆ្នាំ២០១៨ ហើយការដោះលែងលោក កឹម សុខា អាចធ្វើឲ្យគោលដៅនោះមានដំណើរការទៅមុខ។ វាបានបង្ហាញឲ្យយើងឃើញរួចមកហើយតាមរយៈការប្រៀបធៀបដ៏ច្រើនដែលធ្វើឡើងតាមអីុនធឺណិត និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរវាងការសម្រេចរបស់លោក កឹម សុខា ក្នុងការស្នាក់ក្នុងប្រទេសកម្ពុជា និងការសម្រេចរបស់លោក សម រង្ស៊ី ក្នុងការចាកចេញពីប្រទេស ពេលប្រឈមមុខនឹងតុលាការ”។
លោក សម រង្ស៊ី បានឆ្លើយតបដ៏ខ្លីកាលពីម្សិលមិញ ពេលសួរថា តើលោក ហ៊ុន សែន សង្ឃឹមថា នឹងទទួលបានអ្វីពីការលើកលែងទោសនេះ ហើយថា តើលោកមានការព្រួយបារម្ភដែរឬទេអំពីការមិនចុះសម្រុងគ្នាដែលគេដឹងថា កើតមាននៅក្នុងចំណោមថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ។
លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “ស្ថានភាពនេះស្មុគស្មាញជាងអ្វីដែល អ្នកអង្កេតការមួយចំនួនគិត ឬស្មាន។បងប្អូននឹងឃើញរឿងកាន់តែច្បាស់ពេលរឿងរ៉ាវ ‘ដ៏គួរឲ្យភ្ញាក់ផ្អើល’ ផ្សេងទៀតបន្តលេចចេញមកជាបណ្តើរៗ”។លោកបានបន្ថែមថា ហេតុផលស្នើសុំឲ្យមានការលើកលែងទោសរបស់លោក ហ៊ុន សែន “គួរឲ្យកោតសរសើរនៅក្នុងបរិបទដែលមានការវិវឌ្ឍទៅមុខជាលំដាប់”។
លោកបានថ្លែងថា “គ្មានលក្ខខណ្ឌភ្ជាប់ទៅនឹងការព្រះរាជទានលើកលែងទោសក្នុងពេលថ្មីៗនេះឡើយ”។ លោកបានបន្ថែម ថា វាក៏អាចទៅរួចដែរដែលថា លោក ហ៊ុនសែន កំពុងតែស្វះស្វែងបន្ធូរបន្ថយសម្ពាធដែលកំពុងតែកើនឡើងទាំងនៅក្នុងប្រទេស និងក្នុងចំណោមក្រុមអ្នកការទូត ខណៈរដ្ឋាភិបាលបង្កើនការព្យាយាមរបស់ខ្លួនដើម្បីខ្ទប់ដង្ហើមគណបក្សប្រឆាំង នេះបើយោងតាមលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ មួួយរូបដែលពីមុនជាទីប្រឹក្សារបស់លោក កឹម សុខា ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា គាត់ដាក់សម្ពាធលើលោក កឹម សុខា កាន់តែខ្លាំង លោក កឹម សុខា ទំនងជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើន”។ លោកបានបន្ថែមថា រដ្ឋាភិបាលបរទេសក៏បានបន្តដាក់សម្ពាធលើគណបក្សកាន់អំណាចដែរដើម្បីឲ្យមានការលើកលែងការចោទប្រកាន់លើអនុប្រធានគណបក្សប្រឆាំងរូបនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងកាលពីថ្ងៃសុក្រថា ខ្លួនសង្ឃឹមថា ការលើកលែងទោសនេះនឹងបើកផ្លូវសម្រាប់បរិយាកាសនយោបាយដ៏វិជ្ជមានបន្ថែមទៀត។ លោក ចន ឃើប៊ី (John Kirby) អ្នកនាំពាក្យក្រសួងនេះបានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនថា “យើងរំពឹងថា លោក កឹម សុខា និងគណបក្សនយោបាយរបស់លោកនឹងអាចចូលរួមដោយសេរី និងពេញលេញនៅក្នុងដំណើរការនយោបាយបន្តទៅមុខទៀត”។
លោក ឡៅ ម៉ុងហៃ បានលើកឡើងទៀតថា តែឥទ្ធិពលនៃការខិតខំរបស់គណបក្សកាន់អំណាចក្នុងការដាក់សម្ពាធលើអ្នករិះគន់កាលពីពីរឆ្នាំកន្លងមកនេះ ដែលក្នុងនោះមានមួយចំនួនធំកំពុងជាប់ពន្ធនាគារនៅឡើយនោះ ទំនងជាមិនថមថយភ្លាមៗនោះឡើយ ជាហេតុនាំឲ្យមានការសម្រាលវោហារសាស្រ្តក្នុងចំណោមសកម្មជននិងគណបក្សប្រឆាំង។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ចំពោះខ្ញុំរឿងរ៉ាវទាំងអស់សុទ្ធតែត្រូវបានរៀបចំឡើងដោយលោក ហ៊ុន សែន ដើម្បីបង្ក្រាបគណបក្សសង្គ្រោះជាតិ។ គណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សត្រូវមានការអត់ធ្មត់ច្រើន បើពុំដូច្នោះទេពួកគេនឹងត្រូវចាប់ដាក់ពន្ធនាគារដូចដែលយើងបានឃើញស្រាប់”៕ សុខុម និង សុយឈាង