30 C
Phnom Penh

អាជ្ញាធរ​ស៊ើប​អង្កេត​លើក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ឈើខុស​ច្បាប់​ ក្រោយការ​ឆ្មក់ចូល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរលើកឡើងថា ពួកគេកំពុងតែសើុបអង្កេតលើក្រុមហ៊ុនមួយដែលត្រូវបានផ្តល់ការអនុញ្ញាតឲ្យកាប់ឈើក្នុងដីទំហំរាប់ពាន់ហិកតាដែលជាកម្មសិទ្ធិរបស់យោធានៅក្នុងខេត្តព្រះវិហារ បន្ទាប់ពីរកឃើញឈើកាប់ខុសច្បាប់អំឡុងការឆ្មក់ចូលមួយកាលពីថ្ងៃអាទិត្យ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានលើកឡើងថា មន្ត្រីកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានជាង២០០នាក់បានរឹបអូសឈើ៥០០ម៉ែត្រគូបអំឡុងការឆ្មក់ចូលទៅក្នុងដីមួយកន្លែងរបស់ក្រុមហ៊ុនមួយនៅក្នុងស្រុកជាំក្សាន្ត។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកឡើងថា ក្រុមហ៊ុននេះដែលក្រុមមន្ត្រីផ្សេងទៀតប្រាប់ថា ជាក្រុមហ៊ុនអភិវឌ្ឍន៍ ហុង សុភាព នោះ ត្រូវបានរកឃើញថាមានរក្សាឈើខុសច្បាប់ ប៉ុន្តែ បានបដិសេធមិនពន្យល់ថាតើឈើនេះខុសច្បាប់យ៉ាងម៉េចនោះទេ។

លោកបានមានប្រសាសន៍ថា “យើងកំពុងតែសាកសួរម្ចាស់ក្រុមហ៊ុននេះ និងអ្នកដែលពាក់ព័ន្ធនឹងករណីនេះ”។

លោក ឌួង សំនៀង មេបញ្ជាការកងពលអន្តរាគមន៍លេខ៧ដែលគ្រប់គ្រងដី នេះបានលើកឡើងថា ក្រុមហ៊ុន ហុង សុភាពទទួលបានការអនុញ្ញាតឲ្យកាប់ឈើក្នុងដីទំហំជាង៤.០០០ហិកតានៅក្នុងឃុំស្រអែម ប៉ុន្តែ បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះ វិហារបានមានប្រសាសន៍ថា ក្រុមហ៊ុនទំនងជាមានអាជ្ញាប័ណ្ណកែច្នៃឈើដែលទទួលបានពីក្រសួងកសិកម្មកាលពីឆ្នាំមុន។ លោកថ្លែងថា ”កងកម្លាំងពាក់ព័ន្ធកំពុងតែស៊ើបអង្កេត ដូច្នេះយើងមិនអាចចែករំលែកព័ត៌មានលម្អិតស្ដីពីវាបានទេ”។

ក្រុមហ៊ុននានាដែលមានដីសម្បទានឬអាជ្ញាប័ណ្ណរានដីសម្រាប់អភិវឌ្ឍកសិកម្មតែងតែរងការចោទប្រកាន់ថា ធ្វើសកម្មភាពកាប់ឈើនៅក្រៅព្រំប្រទល់របស់ខ្លួន។

លោក អាង ជាតិឡោម នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលពន្លឺខ្មែរ ដែលធ្វើការជាមួយជនជាតិដើមភាគតិចដើម្បីការពារសិទ្ធិដីធ្លីរបស់ពួកគេថ្លែងថា ក្រុមហ៊ុនបានធ្វើសកម្មភាពកាប់ឈើក្នុងតំបន់នោះយូរមកហើយ។ លោកបន្តថា “ខ្ញុំមើលឃើញក្រុមហ៊ុនកាប់ឈើជុំវិញតំបន់នោះតាំងពីមុនមកម្លេ៉ះ នៅពេលពួកគេគ្មានអាជ្ញាប័ណ្ណពីក្រសួងកសិកម្ម”។

យោងតាមមូលដ្ឋានទិន្នន័យរបស់អង្គការក្លូប៊ល វីតណេស ស្ដីពីក្រុមហ៊ុននានានៅកម្ពុជាបានបង្ហាញថា លោកស្រី សាយ សុភាព ជាម្ចាស់ក្រុមហ៊ុន ហុង សុភាព។ ទោះជាយ៉ាងណា ការទូរស័ព្ទទៅលេខទូរស័ព្ទរបស់ក្រុមហ៊ុនដែលចុះបញ្ជីគ្មានអ្នកទទួលនោះទេ។

លោក យន់ គា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក អុិត ភូមរ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានបដិសេធមិនឆ្លើយបំភ្លឺទេ៕ ស៊ុយឈាង និង សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស