26 C
Phnom Penh

រឿង​​​ក្តី​​​លោក កឹម សុខា ​​​​​​​​​មេឃុំ​​​​​​​​​​​​​​គណ​​​បក្ស​​​​​​​​​សង្គ្រោះ​​​ជាតិ​​​​​​ជាប់​​​ពន្ធនាគាររយៈ​​​ពេល៥​​​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយមិនខ្វល់ពីការព្រះរាជទានលើកលែងទោសលោក កឹម សុខា កាលពីថ្ងៃសុក្រនោះ តុលាការក្រុងភ្្នំពេញកាលពីម្សិលមិញបានផ្តន្ទាទោសមេឃុំគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទសូកប៉ាន់ ទាក់ទិននឹងសំណុំរឿង “សញ្ចរកម្ម” របស់អនុប្រធានគណបក្សប្រឆាំង។

លោក ស៊ាង ចែត បានរងការចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក សុខា គឺកញ្ញា ខុម ចាន់តារាទី ឲ្យកុហកអំពីករណីដែលលោកបានឲ្យប្រាក់ម្តាយនាងចំនួន២លានរៀល ឬប្រហែល៥០០ដុល្លារ នៅផ្ទះរបស់គ្រួសារនេះ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក ស៊ាង ចែត បានអះអាងថា លោកគ្រាន់តែបានប្រគល់ប្រាក់ដែលប្រមូលដោយពលរដ្ឋខ្មែរនៅប្រទេសនូវែលសេឡង់ ដែលមានចិត្តអាណិតអាសូរចំពោះស្ថានភាពលំបាករបស់គ្រួសារកញ្ញា ចាន់តារាទី ហើយមិនបានប៉ុនប៉ងកែប្រែចម្លើយរបស់នាងក្រោមការសាកសួរពីសំណាក់ក្រុមមន្ត្រីនោះទេ។

cam-photo-front-channa-485x323យោងតាមក្រុមមន្ត្រី កញ្ញា ចាន់តារាទី ជាអ្នកកាត់សក់ធ្វើក្រចក វ័យ២៥ឆ្នាំ ដំបូងឡើយបានបដិសេធថាមិនមានស្នេហាលួចលាក់ជាមួយលោក សុខា ទេនៅពេលនគរបាលសាកសួរ ប៉ុន្តែបន្ទាប់មកបានសារភាពថាពិតជាមានស្នេហាលួចលាក់មែន នៅពេលសាកសួរក្នុងតុលាការ។

សំណុំរឿង ដែលមជ្ឈដ្ឋានទូទៅយល់ថាជាការវាយប្រហារនយោបាយលើបក្សប្រឆាំង នៅតែបន្តបើទោះជាគោលដៅសំខាន់ គឺលោក សុខា ត្រូវបានលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនក៏ដោយ។

កាលពីម្សិលមិញ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ មិនបានផ្តល់ការពន្យល់អំពីសាលក្រមទេ នៅពេលដែលលោកសម្រេចដាក់ទោសជាប់ពន្ធនាគារលើលោក ស៊ាង ចែត មេឃុំស្រក។

ប៉ុន្តែដោយការលើកលែងទោសត្រូវបានផ្តល់ឲ្យលោក សុខា លោក ស៊ាង ចែត និងអ្នកទាំងឡាយនៅជុំវិញគាត់ សុទ្ធតែយល់ឃើញថា នឹងមានការលើកលែងទោសថែមទៀត។

បន្ទាប់ពីការផ្តន្ទាទោសនេះ លោក ហែម សុជាតិ មេធាវីរបស់លោក ស៊ាង ចែត បាននិយាយថា “យើងនឹងស្នើសុំការលើកលែងទោសលោក ស៊ាង ចែត ពីព្រោះលោក ស៊ាង ចែត មិនបានសូកប៉ាន់សាក្សីទេ”។

អ្នកស្រី ស្រេង សុខឿន ភរិយារបស់លោក ស៊ាង ចែត បាននិយាយថា អ្នកស្រីសង្ឃឹមថា ប្តីរបស់អ្នកស្រីនឹងត្រូវគេដោះលែងវិញ។

អ្នកស្រី ស្រេង សុខឿន បាននិយាយថា “រន្ធត់ចិត្តណាស់ វាមិនសមទេ ហើយតុលាការគួរដោះលែងគាត់។ គ្មានភ័ស្តុតាងចោទប្រកាន់ប្តីរបស់ខ្ញុំទេ”។

អ្នកស្រីថ្លែងថា អ្នកស្រីចង់ឃើញប្តីរបស់អ្នកស្រីត្រូវបានលើកលែងទោសដូចលោក កឹម សុខា ដែរ ពីព្រោះវាជាករណីដូចគ្នា។

លោក ស៊ាង ចែត បានប្រាប់អ្នកយកព័ត៌មាននៅពេលគាត់ត្រូវគេនាំខ្លួនចូលរថយន្តពន្ធនាគារថា លោកគឺជាជនរងគ្រោះក្នុងរឿងនយោបាយ ហើយសង្ឃឹមថា ដំណោះស្រាយនយោបាយនឹងជួយឲ្យគាត់មានសេរីភាព។

លោក ស៊ាង ចែត បាននិយាយថា “ខ្ញុំសង្ឃឹមថា គណបក្សទាំងពីរនឹងចរចាគ្នា និងត្រូវរូវគ្នាក្នុងពេលឆាប់ៗ ហើយស្នើព្រះមហាក្សត្រលើកលែងទោសខ្ញុំ”។

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានឲ្យប្រាក់ទៅលោក ស៊ាង ចែត ដើម្បីប្រគល់ទៅឲ្យម្តាយរបស់កញ្ញា ចាន់តារាទី បានមានការប្រយ័ត្នប្រយែង នៅពេលគេសួរថាតើ គណបក្សនឹងមានវិធានការដើម្បីឲ្យលោក ស៊ាង ចែត បានចេញពីពន្ធនាគារដែរឬទេ។

លោក មុនីវណ្ណ បាននិយាយថា “យើងមិនចង់ធ្វើអត្ថាធិប្បាយច្រើនទេ ពីព្រោះស្ថានការណ៍នយោបាយកំពុងឈានទៅរកដំណោះស្រាយ”។

អ្នកសង្កេតការណ៍ជាច្រើនបានគិតប្រមាណថា ការព្រមព្រៀងនយោបាយរវាងលោក ហ៊ុន សែន និងលោក សុខា បានឈានដល់ការលើកលែងទោសអនុប្រធានបក្សប្រឆាំងរូបនេះ ក៏ប៉ុន្តែលោក សុខា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធថា គ្មានកិច្ចព្រមព្រៀងបែបនេះទេ។

លោក សុខា បានសម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សរបស់លោកចាប់តាំងពីខែឧសភាមក ដើម្បីគេចពីការចាប់ខ្លួនក្នុងករណីនេះ។ ខ្សែអាត់សំឡេងដែលជនអនាមិកបង្ហោះតាមហ្វេសប៊ុកបានបង្ហាញថា លោកជាប់ពាក់ព័ន្ធក្នុងការសាសងស្នេហាជាមួយកញ្ញា ចាន់តារាទី។ ដោយចាប់អារម្មណ៍លើការផ្តល់អំណោយឲ្យស្រីកំណាន់ដែលត្រូវគេសង្ស័យនេះ នគរបាលប្រឆាំងភេរវកម្មនិងតុលាការបានបង្កើតការចោទប្រកាន់ពីបទសញ្ចរកម្មលើនាង។ លោក សុខា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែពីបទមិនព្រមចូលខ្លួននៅតុលាការ។

មន្ត្រី៤រូបមកពីអង្គការសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ក៏ត្រូវជាប់ពន្ធនាគារដែរ បន្ទាប់ពីរងការចោទប្រកាន់ពីបទសូកកញ្ញា ចាន់តារាទី ឲ្យបដិសេធរឿងស្នេហាលួចលាក់ នៅពេលដែលពួកគេផ្តល់ប្រឹក្សាច្បាប់ដល់នាង៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស