33 C
Phnom Penh

អ្នក​ភូមិ​បិទផ្លូវជាតិ​​​ក្នុង​​​ពេលដែល​រដ្ឋ​ចាប់​ផ្តើម​បណ្តេញ​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមប្រជាពលរដ្ឋ មានអ្នកភូមិប្រហែល៥០នាក់ដែលកំពុងរស់នៅលើដីរដ្ឋជិតរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយក្នុងខេត្តព្រះសីហនុបានដុតកង់ឡាន និងបិទផ្លូវជាតិលេខ៤បីម៉ោងកាលពីថ្ងៃអាទិត្យ ដោយតវ៉ាការបណ្តេញចេញដែលចាប់ផ្តើមកាលពីសប្តាហ៍មុន។

លោក សាយ វណ្ណា អាយុ៣៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅលើដីនេះតាំងពីឆ្នាំ២០០២បានរៀបរាប់ពីការបណ្តេញចេញថា “ផ្ទះដែលអាជ្ញាធរមិនឃើញមានមនុស្សនៅខាងក្នុង អាជ្ញាធរបានចូលមកកម្ទេចចោលភ្លាមៗ”។

អ្នកភូមិរូបនេះបាននិយាយអំពីអ្នកជិតខាងគាត់ថា “គ្រួសារខ្លះបានទៅផ្សារ ហើយពេលត្រឡប់មកវិញ ក៏ឃើញផ្ទះសំបែងរបស់គេត្រូវបំផ្លាញខ្ទេចអស់”។

លោក វណ្ណា បាននិយាយថា មន្រ្តីចម្រុះប្រហែល១០០នាក់រួមមានទាហាន កងរាជអាវុធហត្ថ និងមន្រ្តីសាលាខេត្តបានប្រើត្រាក់ទ័រមួយគ្រឿងបង្ខំឲ្យគ្រួសារទាំងនោះចាកចេញ។លោកបាននិយាយបន្តថា “យើងពិតជាឈឺចាប់ណាស់”។

ការបណ្តេញចេញនេះបានធ្វើឡើង ក្រោយពីការចរចារគ្នារវាងក្រុមមន្រ្តីសាលាខេត្ត និងគ្រួសាររាប់ពាន់នាក់ដែលរស់នៅជិតតំបន់ទឹកធ្លាក់ក្បាលឆាយ ដែលជាអាងប្រភពទឹកដ៏សំខាន់សម្រាប់ក្រុងព្រះសីហនុ។

កាលពីចុងខែមុន អភិបាលខេត្តព្រះសីហនុបានពន្យារពេលការផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង១.០០០គ្រួសារ ដោយសន្យាថា ប្រជាពលរដ្ឋសរុប ៣.០០០គ្រួសារអាចទទួលបានចំណែកដីក្នុងដីទំហំ៦៨២ហិកតា។

ទោះជាយ៉ាងនេះក្តី គ្រួសារខ្លះបានទទួលដំណឹងថា គេនឹងត្រូវដោះដូរដីពេលបច្ចុប្បន្នជាមួយដីផ្សេងទៀតដែលរដ្ឋបានជ្រើសរើសឲ្យពួកគេ។ ដោយសង្ស័យថាចាញ់បោកគេ គ្រួសារខ្លះនៅក្រាញននៀលមិនព្រមរើចេញ។

លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តបានអះអាងថា អាជ្ញាធរបានចាប់ផ្តើមឱ្យគ្រួសាររើចេញកាលពីសប្តាហ៍មុនចេញពីដី៥៥ហិកតា។

លោកបាននិយាយថា “យើងមិនអាចអនុញ្ញាតឱ្យប្រជាជនបន្តរំលោភដីរដ្ឋទៀតទេ”។

លោក ស្រ៊ន់ បាននិយាយថា ក្រុមមន្រ្តីខេត្តបានរើផ្ទះ១៦ខ្នងហើយរហូតមកដល់ពេលនេះដោយហៅថា “ស្ម័គ្រចិត្ត” ក្នុងចំណោម១០០គ្រួសារ ឬច្រើនជាងនេះនៅលើដីនោះ។ លោកបាននិយាយបន្តថា គ្រួសារដែលព្រមរើចេញនឹងទទួលបានដីមួយប្លង់ទំហំ៥គុណនឹង២០ម៉ែត្រមានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីដីចាស់។

លោក ស៊្រុន បាននិយាយថា “យើងគ្រាន់តែអាចផ្តល់ដីឲ្យពួកគេទំហំប៉ុនគ្នាប៉ុណ្ណោះ ដូចអ្វីដែលគាត់មាន ព្រោះដីយើងមានកំណត់”៕មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស