លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញថា ចាប់ពីពេលនេះទៅមន្ត្រីនគរបាលឃុំសង្កាត់នឹងត្រូវជ្រើសរើសចេញពីតាមតំបន់របស់ពួកគេតែម្តង ពីព្រោះពួកគេ “ដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ”។
ក្នុងពេលកន្លងមក មន្ត្រីជ្រើសរើសថ្មីដែលត្រូវបានចាត់តាំងទៅកាន់ឃុំសង្កាត់មិនធ្លាប់ស្គាល់ ជារឿយៗតែងតែរកលេសដូចជាថា នៅក្នុងគ្រួសារ មានអ្នកជំងឺជាដើម ដើម្បីឲ្យគេបញ្ជូនត្រឡប់មកផ្ទះវិញ។
លោកបានមានប្រសាសន៍ថា “វាជាការសំខាន់ណាស់ដែលយើងជ្រើសរើសកូនចៅប្រជាពលរដ្ឋនៅក្នុងតំបន់ ពីព្រោះបើយើងចាត់តាំងអ្នកនៅភ្នំពេញទៅធ្វើនៅប៉ុស្តិ៍នគរបាលឃុំសង្កាត់តាមជនបទនោះ ពួកគេនឹងមិនទៅធ្វើការនៅទីនោះទេ”។
លោក ស ខេង បានមានប្រសាសន៍បន្ថែមថា អ្នកមូលដ្ឋានក៏ដឹងច្បាស់ពីបញ្ហានៅក្នុងឃុំសង្កាត់របស់ខ្លួនផងដែរ។ ដោយកត់សម្គាល់ ថា យុវជនក៏អាចក្លាយជាមន្ត្រីឃុំសង្កាត់បានដែរបើទោះបីជាពួកគេប្រឡងធ្លាក់បាក់ឌុបក៏ដោយនោះ លោកបានថ្លែងថា “លែងខ្វះមនុស្សទៀតហើយ”។
មន្ត្រីមូលដ្ឋានទាំងអស់ដែលបានចូលរួមកិច្ចប្រជុំបានគាំទ្រសារាចរណែនាំរបស់លោក ស ខេង ។ លោក ចាន់ សារិន នាយប៉ុស្តិ៍នគរបាល ឃុំព្រៃពូន ក្នុងខេត្តព្រៃវែងបានមានប្រសាសន៍ថា មន្ត្រីទាំង៦នាក់ក្នុងប៉ុស្តិ៍របស់លោកសុទ្ធតែមកពីឃុំសង្កាត់របស់ខ្លួនដែលវាជា”រឿងដ៏ល្អ”។
លោក ចាន់ សារិន បានថ្លែងថា “ប្រសិនបើយើងជ្រើសរើសអ្នកមកពីឃុំសង្កាត់ផ្សេងពួកគេមិនដឹងអំពីស្ថានភាពនៅក្នុងឃុំសង្កាត់របស់យើងទេ”។

នៅឯកិច្ចប្រជុំ លោក ស ខេង ក៏បានណែនាំឲ្យមន្ត្រីចូលរួមទាំងអស់បន្តការហ្វឹកហាត់ និងរក្សាសន្តិសុខផងដែរ។ លោកបានថ្លែងថា “យើងនឹងខិតខំធានាសុវត្ថិភាពសម្រាប់ការបោះឆ្នោតដែលនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា”។
បទបញ្ជារបស់លោក ស ខេង ឲ្យដាក់មន្ត្រីនៅជិតស្រុកកំណើតរបស់ខ្លួននោះ ផ្ទុយទៅនឹងយុទ្ធសាស្ត្ររបស់កងរាជអាវុធហត្ថ។ អំឡុងសុន្ទរកថាមួយកាលពីឆ្នាំមុន ដែលក្នុងនោះលោកបានលើកឡើងអំពីការដើរតាមលំអានរបស់ អីុ ត្លែ នោះ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោកបានសម្រេចជាច្រើនឆ្នាំមកហើយថា កងកម្លាំងរបស់លោកត្រូវតែចល័តរៀងរាល់ពីរបីខែម្តង។
លោកបាននិយាយពីមន្ត្រី របស់ខ្លួនថា “ប្រសិនបើបើពួកគេនៅមួយកន្លែង អ្នកចាស់មួយចំនួននឹងសុំឲ្យពួកគេធ្វើជាអង្គរក្ស ឬអ្នកបើករថយន្ត។ ទី២ ប្រសិនបើពួកគេនៅមួយកន្លែងពួកគេនឹងខ្ជិលច្រអូស ហើយមិនទទួលបានការហ្វឹកហាត់ទេ ពីព្រោះពួកគេនៅក្មេងនៅឡើយ៕ សារុន