29 C
Phnom Penh

សំណុំរឿង​​អ្នកស្រី អុឹម ចែម បញ្ជូន​​ទៅ​ចៅក្រម​​​​នៅ​សាលាក្ដី​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្លូវត្រូវបានត្រួសត្រាយសម្រាប់សហ ចៅក្រមស៊ើបសួររបស់សាលាក្ដីខ្មែរក្រហម ដើម្បីចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះ ឬច្រានចោលសំណុំរឿងប្រឆាំងអ្នកស្រី អុឹម ចែម លេខាស្រុកនៃរបបនេះ បន្ទាប់ពីព្រះរាជអាជ្ញាដាក់ដីកាសន្និដ្ឋានស្ថាពររបស់ខ្លួន។

ទោះជាយ៉ាងណា ព្រះរាជអាជ្ញាកម្ពុជា និងព្រះរាជអាជ្ញាអន្តរជាតិបានទាញសេចក្តីសន្និដ្ឋានផ្ទុយគ្នានៅក្នុងដីកាសន្និដ្ឋានរបស់ខ្លួន ដោយព្រះរាជអាជ្ញាកម្ពុជា សុំឱ្យច្រានចោលសំណុំរឿងរបស់អតីតលេខាស្រុកខ្មែរក្រហមរូបនេះ ចំណែកឯព្រះរាជអាជ្ញាអន្តរជាតិសុំឱ្យបញ្ជូនទៅជំនុំជម្រះ។

សាលាក្ដីបានប្រកាសកាលពីម្សិលមិញថាការស៊ើបអង្កេតក្នុងសំណុំរឿងនេះបានបញ្ចប់កាលពីចុងឆ្នាំមុន ហើយត្រូវបានបញ្ជូនបន្តទៅឱ្យសហព្រះរាជអាជ្ញាដែលបានដាក់អនុសាសន៍របស់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា។

សេចក្ដីថ្លែងការណ៍មួយចេញកាលពីម្សិលមិញបកស្រាយថា ខណៈលោក នីកូឡាស គំជៀន (Nicholas Koumjian) ទទួលស្គាល់ថា អ្នកស្រី អុឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ លោកចាត់ទុកស្ត្រីរូបនេះថាស្ថិតក្នុងចំណោមអ្នក ”ទទួលខុសត្រូវច្រើនបំផុត” សម្រាប់បទឧក្រិដ្ឋនានា។

cam-photo-im-chaemសេចក្ដីថ្លែងការណ៍ដដែលមានខ្លឹមសារដូច្នេះថា “នៅក្នុងទស្សនៈរបស់គាត់ តាមរយៈមុខតំណែងដឹកនាំរបស់ខ្លួននៅថ្នាក់ស្រុក និងកម្រិតវិស័យទាំងនៅភូមិភាគនិរតី និងភូមិភាគពាយព្យដែលបានផ្ដល់សិទ្ធិអំណាចឱ្យគាត់គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធជាច្រើន និងអាយុជីវិតជនស៊ីវិលរាប់ម៉ឺននាក់ អ្នកស្រី អុឹម ចែម បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រព្រឹត្តបទឧក្រិដ្ឋដែលបានបណ្ដាលឱ្យមនុស្សស្លាប់ជាច្រើនពាន់នាក់”។

ម្យ៉ាងវិញទៀត លោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជា បានលើកឡើងថា គ្មានមូលដ្ឋានសម្រាប់ចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងអ្នកស្រី អុឹម ចែម នោះទេ ពីព្រោះគាត់មិនមែនជាសមាជិកជាន់ខ្ពស់នៃរបបនេះ។ អ្នកស្រីហាក់ធ្វើតាមបញ្ជារបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ហើយថ្លែងថា ការកាត់ទោសគួរតែបញ្ចប់ត្រឹមសំណុំរឿងបច្ចុប្បន្នប្រឆាំងមេដឹកនាំខ្មែរក្រហម នួន ជា និង ខៀវ សំផន។

យោងតាមសេចក្ដីថ្លែងការណ៍ដដែលឲ្យដឹងថា លោកស្រីបានទាញទឡ្ហីករណ៍ថា “មានតែជនជាប់ចោទស្រាប់” នៅសាលាក្ដីប៉ុណ្ណោះដែលជាមេដឹកនាំជាន់ខ្ពស់ ហេតុដូច្នេះហើយអ្នកទាំងអស់នោះជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ ”ដូច្នេះអាទិភាពគួរតែផ្ដល់ទៅលើការកាត់ទោសជនជាប់ចោទទាំងនេះដើម្បីបំពេញអាណត្តិរបស់តុលាការ”។

លោកស្រី ហាយ៉ាត អាប៊ូសាឡេះ (Hayat Abu-Saleh) មន្ត្រីទំនាក់ទំនងសាធារណៈនៅសាលាក្ដីបានមានប្រសាសន៍ថា សេចក្ដីសម្រេចពីចៅក្រមស៊ើបសួរថាតើត្រូវកាត់ទោសឬយ៉ាងណានោះ ត្រូវបានរំពឹងទុកថានឹងធ្វើឡើងក្នុងត្រីមាសដំបូងនៃឆ្នាំក្រោយ។

កាលពីខែមីនា ឆ្នាំ២០១៥ អ្នកស្រី អុឹម ចែម ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរួមមានការកាប់សម្លាប់ អំពើទាសភាព ការឃុំឃាំង និងទង្វើអមនុស្សធម៌ផ្សេងទៀតដែលបានប្រព្រឹត្តនៅតាមតំបន់ានាទូទាំងភូមិភាគពាយព្យ។

ក្រោយត្រូវបានចោទប្រកាន់ អ្នកស្រី អុឹម ចែម បានប្រាប់អ្នកយកព័ត៌មានពីផ្ទះរបស់គាត់នៅអន្លង់វែង  ដែលធ្លាប់ជាមូលដ្ឋានរឹងមាំរបស់ខ្មែរក្រហមថា អ្នកស្រី “មិនបានធ្វើអ្វីខុសទេ” ហើយបានអំពាវនាវឱ្យចាប់ដាក់ពន្ធនាគារចំពោះអ្នកដែលចោទប្រកាន់មកលើរូបគាត់។

រដ្ឋាភិបាលបានប្រឆាំងជំទាស់សំណុំរឿង០០៣ និង០០៤យ៉ាងដាច់អហង្ការ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា សំណុំរឿងបន្ថែមទៀតអាចនឹងទាញប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលឡើងវិញ។ សាលាក្ដីនេះបានបន្តរងការរិះគន់ពាក់ព័ន្ធការជ្រៀតជ្រែកផ្នែកនយោបាយ ដោយអង្គការសហប្រជាជាតិរងការចោទប្រកាន់ថាសមគំនិតសម្រាប់ការចៀសវាងបញ្ហានេះ។

លោក សាត សាម៉េត ក្មួយប្រុសរបស់អ្នកស្រី អុឹម ចែម និយាយថា អ៊ុំស្រីរបស់គាត់ឈប់ប្រើប្រាស់ទូរស័ព្ទយូរហើយ ហើយមិនចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយទាក់ទងទៅគាត់ទៀតឡើយ។ មេធាវីរបស់អ្នកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយ ឬមិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺនោះទេ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស