26 C
Phnom Penh

លោក​​​ ហ៊ុន សែន លើក​​​ឡើង​​​ថា ​​​ទីលាន​​​​​​ប្រជា​​​ធិបតេយ្យ​​​ប្រហែល​​​ជា​​​ត្រូវ​​​រើ​​​​​​ទៅ​​​ភាគ​​​ខាង​​​ជើង​​​រាជ​​​ធានី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីម្សិលមិញថា ទីលានប្រជាធិបតេយ្យ ជាទីតាំងមួយនៅកណ្តាលរាជធានីភ្នំពេញដែលគេទុកសម្រាប់ការតវ៉ាសាធារណៈនោះ ប្រហែលជាត្រូវរើទីតាំងទៅកាន់តំបន់ជាយក្រុងភាគខាងជើងរាជធានី។ លោកបានបន្ថែមថា ជម្រើសនៃទីតាំងបច្ចុប្បន្នខុសតាំងពីដំបូងទីមកម្លេ៉ះ។

ទីតាំងថ្មីទៅថ្ងៃមុខ ដែលជាសួននៅតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវនោះ គឺព័ទ្ធជុំវិញដោយឃ្លាំងនៅភាគខាងជើង និងភាគខាងត្បូង និងទន្លេសាបនៅភាគខាងកើត។

លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងសាលពិព័រណ៍កោះពេជ្រដើម្បីប្រារព្ធពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ថា “ថ្ងៃមុន ខ្ញុំបានហៅទូរស័ព្ទទៅ ប៉ា សុជាតិវង្ស ដោយ សារឥឡូវហ្នឹងយើងប្រហែលជាមិនទុកទីលានប្រជាធិបតេយ្យនៅកណ្តាលក្រុងបង្កើតភាពរញ៉េរញ៉ៃនៅក្នុងហ្នឹងបានទៀតនោះទេ”។

លោកបានមានប្រសាសន៍ទាក់ទិននឹងទីតាំងបច្ចុប្បន្នដែលស្ថិតនៅចន្លោះវត្តភ្នំនិងអគារវឌ្ឍនៈថា “តំបន់នោះយើងធ្វើខុសហើយ។ តំបន់នេះទាក់ទងនឹងតំបន់ប្រវត្តិសាស្ត្រវត្តភ្នំ អ៊ីចឹងតែមានស្អីកន្លែងហ្នឹង អ្នកណាមកទេសចរវត្តភ្នំ”។

cam-photo-freedom-park-channaដោយលើកឡើងថា ការប្រគំតន្ត្រីតាមផ្លូវនឹងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកន្លែងនេះនោះ លោក ហ៊ុន សែន  ានថ្លែងថា “យើងយកកន្លែងនេះធ្វើជាសួនច្បារ ហើយអាចយកផ្នែកមួយឲ្យយុទ្ធជនពិការរបស់យើង ឲ្យជនពិការរបស់យើងសំដែងសិល្បៈនៅកន្លែងហ្នឹង”។ លោកបានលើកឡើងទៀតថា ការប្រមូលផ្តុំមិនមានអ្វីខុសប្លែកគ្នាទេ ប្រមូលផ្តុំនៅកន្លែងណាក៏បានដែរ ព្រោះគេមិនមែនមកមើលនៅកន្លែងប្រមូលផ្តុំទេ គឺគេមើលតាមហ្វេសប៊ុកហើយសម័យឥឡូវ។

លោកបាននិយាយបែបចំអកថា “បើមិនពេញចិត្តទេលើកយកទៅដាក់មុុខស្ថានទូតអាមេរិកតែម្តងទៅ ដោយសារតែអាមេរិកពូកែគាំទ្របាតុកម្មពេក”។

ស្ថានទូតសហរដ្ឋអាេមរិកមានទីតាំងនៅក្បែរវត្តភ្នំ ត្រឹមតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីទីលាននេះ។ មន្ត្រីមកពីស្ថានទូតនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។

អង្គការសិទ្ធិមនុស្សដែលប្រើប្រាស់ទីលាននេះម្តងម្កាលបានរិះគន់ចំពោះចំណាត់ការដែលបានស្នើឡើងនេះ។

លោកស្រី ចក់ សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា “វាទំនងថា នេះគឺជាចំណាត់ការថ្មីបំផុតនៅក្នុងចំណាត់ការបន្តបន្ទាប់មកនេះរបស់អាជ្ញាធរដែលមានបំណងបង្ក្រាបការសំដែងមតិដោយសន្តិវិធី ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។លោកស្រីបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋមានសិទ្ធិតវ៉ានៅទីសាធារណៈប្រសិនបើពួកគាត់ជូនដំណឹងដល់អាជ្ញាធរ។

គំនិតប្តូរទីតាំងទីលានប្រជាធិបតេយ្យនេះកើតចេញពីវេទិកាសាធារណៈកាលពីពេលថ្មីៗនេះ នេះបើយោងតាមលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានី។

លោកបានមានប្រសាសន៍ថា “ធនាគារដែលព័ទ្ធជុំវិញទីលានប្រជាធិបតេយ្យបានរអ៊ូរទាំថា វាប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេពេលមានមនុស្សប្រមូលផ្តុំគ្នាដើម្បីសំដែងមតិយោបល់នៅទីលាននេះ”។

លោកបានបន្តថា “ថ្ងៃនេះយើងនឹងផ្ញើលិខិតទៅកាន់ក្រសួងមហាផ្ទៃដើម្បីស្នើសុំការសម្រេចលើទីតាំងថ្មីនេះ”។ លោកបានបន្ថែមថា ក្រសួងនេះនឹងសម្រេចជ្រើសរើសចុងក្រោយលើពេលវេលា និងទីតាំងដែលត្រូវផ្លាស់ទៅ។

លោកស្រី ចក់ សុភាព បានលើកឡើងទៀតថា “រដ្ឋាភិបាលមានកំហុសធ្ងន់ប្រសិនបើជឿថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋអាចដោះស្រាយបានតាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រ ‘ឃ្លាតឆ្ងាយណាយចិត្ត’ នោះ” ។

លោកស្រីបានបន្ថែមថា “នេះមិនមែនជាការសំដែងមតិដែលបង្កភាពអនាធិបតេយ្យទេ តែផ្ទុយទៅវិញគេបានបង្ក្រាបតាមតែអំពើចិត្តលើសេរីភាពមូលដ្ឋាន”។

លោកស្រី ណាលី ពីឡូក អនុប្រធានផ្នែកតស៊ូមតិនៅអង្គការសិទ្ធិមនុស្សលីកាដូបានបន្ទរតាមលោកស្រី ចក់ សុភាព ។

លោកស្រីបានមានប្រសាសន៍ថា “ការសម្រចនាពេលកន្លងមកក្នុងការកំណត់ ដាក់កំហិត ហើយបន្ទាប់មកបញ្ឈប់ការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ គឺជាវិធីសាស្ត្រដើម្បីរឹតបន្តឹង និងបំបិទមាត់ប្រជាពលរដ្ឋកុំឲ្យលើកឡើងពីបញ្ហាដែលប៉ះពាល់ដល់ការរស់នៅប្រចាំឆ្នាំរបស់ពួកគាត់”។

ទីលានប្រជាធិបតេយ្យត្រូវបានបិទដោយមានលួសបន្លាហុ៊ំព័ទ្ធចាប់តាំងពីខែមករាឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋាភិបាលបានបោសសម្អាតទីតាំងនេះដោយប្រើអំពើហិង្សាក្រោយពេលមានមហាបាតុកម្មរៀបចំដោយគណបក្សប្រឆាំង។ ទីលាននេះបានបើកឡើងវិញនៅខែសីហា ក្នុងឆ្នាំដដែលនោះតែទោះជាយ៉ាងណា ចាប់តាំងពីពេលនោះមកអ្នកតវ៉ាត្រូវបានអនុញ្ញាត ឬហាមឃាត់តាមតែអំពើចិត្ត អាស្រ័យលើគោលបំណងនិងអ្នករៀបផែនការ។

លោកស្រី ណាលី ពីឡូក បានថ្លែងថា “ការ សម្រេចក្នុងពេលថ្មីៗនេះក្នុងការកំណត់ទីតាំងប្រមូលផ្តុំទៅកាន់កន្លែងផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ គឺជាឧទាហរណ៍មួយទៀតដែលបង្ហាញពីកង្វះការអត់ឱនពីរដ្ឋាភិបាលក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហានៅក្នុងប្រទេស និងសហគមន៍របស់ពួកគាត់”។

លោកស្រីបានបន្ថែមថា “ហេតុអ្វីបានជារដ្ឋាភិបាលខ្លាចក្នុងការស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋខ្លួនខ្លាំងយ៉ាងនេះ ប្រសិនបើអ្វីៗវាប្រសើរនៅក្នុងប្រទេសកម្ពុជានោះ?៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស