27 C
Phnom Penh

រដ្ឋសភា​​ចង់​បាន​ការ​ឆ្លើយ​បំភ្លឺ​​ពី​ការ​លក់​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ និង​ភាពមិន​ប្រក្រតី​ផ្សេង​ៗ​​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយប្រធានរដ្ឋសភាកាលពីម្សិលមិញលោក ម៉ម បុ៊នហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រហែលជាត្រូវមកឆ្លើយបំភ្លឺនៅរដ្ឋសភាឆាប់ៗនេះស្ដីពី “ភាពមិនប្រក្រតីមួយចំនួន” ចាប់ពីការលក់មន្ទីរពេទ្យរដ្ឋ ការមានឱសថក្លែងក្លាយ  និងករណីអនុវត្តមិនត្រឹមត្រូវកាលពីពេលថ្មីៗនេះ។

លិខិតនេះមានខ្លឹមសារដូច្នេះថា “សូមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្ដម ម៉ម ប៊ុនហេង មកឆ្លើយបំភ្លឺដោយផ្ទាល់ជាថ្មីម្ដងទៀតនៅរដ្ឋសភានៅថ្ងៃព្រហស្បតិ៍”។

ដោយត្រូវបានចុះហេត្ថលេខាដោយលោក ហេង សំរិន ប្រធានរដ្ឋសភា លិខិតនេះលើកឡើងពី “ភាពមិនប្រក្រតី” មួយចំនួនដែលត្រូវដោះស្រាយតាមរយៈការចោទសួរលោក ម៉ម ប៊ុនហេង។

cam-photo-mam-bunheng-channaនៅក្នុងបញ្ជីឈ្មោះលើគេបង្អស់គឺករណីសូកប៉ាន់ដ៏ធំដែលត្រូវបានអះអាងដោយអង្គការមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ក្នុងឆ្នាំ២០១៣ ដែលក្នុងនោះលោក ម៉ម ប៊ុនហេង ត្រូវបានកោះហៅឱ្យមកឆ្លើយបំភ្លឺនៅរដ្ឋសភាកាលពីឆ្នាំមុន។ចាប់តាំងពីពេលនោះមក មន្ត្រីសុខាភិបាលមួយចំនួនដែលបានលាឈប់ពីតួនាទីរបស់ខ្លួនត្រូវបានរកឃើញថា បានទទួលសំណូកក្នុងទឹកប្រាក់ជាង៤៥០.០០០ដុល្លារពីក្រុមហ៊ុនផ្គត់ផ្គង់មុងក្រៅប្រទេស ជាថ្នូរនឹងកិច្ចសន្យាដែលមានទឹកប្រាក់១២លានដុល្លារ។

ក្រោយមករដ្ឋាភិបាលបានលើកឡើងថា រដ្ឋាភិបាលបានសងប្រាក់ដែលលោក ឌួង សុជាតិ ប្រធានមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់បានយកនោះវិញ ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយអះអាងថា អង្គភាពមិនអាចចោទប្រកាន់លោក ឌួង សុជាតិ បានទេ ពីព្រោះករណីនេះហួសពីដែនសមត្ថកិច្ចរបស់ខ្លួន។

រដ្ឋសភាក៏នឹងចោទសួរលោក ម៉ម ប៊ុនហេង ផងដែរជុំវិញការលក់មន្ទីរពេទ្យរដ្ឋមួយចំនួនខណៈដែលវេជ្ជបណ្ឌិត និងអង្គការមិនមែនរដ្ឋាភិបាលនានាសម្ដែងការសោកស្ដាយជុំវិញការបាត់បង់មន្ទីរពេទ្យបង្អែកចំការមន ជាមន្ទីរពេទ្យរដ្ឋសម្រាប់ព្យាបាលជំងឺស្ត្រី និងកុមារដោយឥតគិតថ្លៃ ដែលបានបិទទ្វាររយៈពេល៣ឆ្នាំមកហើយ ហើយបានបើកឡើងវិញនៅឆ្នាំនេះជាធនាគារ។

ប្រធានបទផ្សេងទៀតដែលត្រូវលើកយកមកពិភាក្សារួមមានសំណើសុំឱ្យបង្កើនការត្រួតពិនិត្យលើវេជ្ជបណ្ឌិត ការហូរចូលឱសថក្លែងក្លាយ ឬឱសថដែលមានគុណភាពមិនល្អនៅលើទីផ្សារ ការគាំពារសុខភាពមិនដល់កម្រិត ការផ្គត់ផ្គង់ និងឧបករណ៍នៅតាមមណ្ឌលសុខភាពរដ្ឋជាដើម។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងមានប្រសាសន៍ថា លោកស្រីនឹងលើកឡើងពីករណីអនុវត្តមិនត្រឹមត្រូវទូទៅចំនួនបីនាពេលថ្មីៗនេះ រួមទាំងស្ត្រីម្នាក់ដែលបានស្លាប់បន្ទាប់ពីវះកាត់ពង្រីកសុដន់នៅគ្លីនិកដឺបូតេ ក្នុងរាជធានីភ្នំពេញ។ គេមិនអាចទាក់ទងលោក ម៉ម ប៊ុនហេង ដើម្បីសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា សម័យប្រជុំនេះសំខាន់ណាស់ ដោយសារស្ថានភាពធ្ងន់ធ្ងរនៅក្នុងវិស័យសេវាគាំពារសុខភាពក្នុងប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា ”ជាទូទៅ វិស័យសុខាភិបាលមិនទាន់ល្អនៅឡើយ ពីព្រោះវេជ្ជបណ្ឌិតមួយចំនួនភូតកុហកអ្នកជំងឺ ឬធ្វើឱ្យពួកគាត់មានអារម្មណ៍ភ័យខ្លាច។ការគ្រប់គ្រងគឺអសមត្ថភាព ហើយមានកំហុសដូចជាការផ្ដល់អាជ្ញាប័ណ្ណសម្រាប់ការលក់ថ្នាំពេទ្យ ឬអាជ្ញាប័ណ្ណសម្រាប់បើកសេវាព្យាបាលជំងឺជាដើម”។

លោក សុន ឆ័យ បានមានប្រសាសន៍ថា នៅពេលមានអំពើពុករលួយ លោក ម៉ម ប៊ុនហេង ត្រូវទទួលខុសត្រូវ ឬក៏ចាប់ផ្ដើមដាក់ទោសដល់វេជ្ជបណ្ឌិត ឬមន្ត្រីគាំពារសុខភាពដែលប្រព្រឹត្តល្មើស។ លោកបានសួរថា “ប្រសិនបើថ្នាក់ក្រោមរបស់លោកគឺជាអ្នកដែលដោះស្រាយរឿងនេះ ហេតុអ្វីបានជាពួកគេមិនទទួលបានការដាក់ទោសទណ្ឌ?”។

លោក ហ៊ុន សែន រូបលោកផ្ទាល់តែងតែធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាព ប៉ុន្តែលោកបានលើកឡើងកាលពីខែមករាថា លោកបានធ្វើដូច្នេះដោយសារតែវេជ្ជបណ្ឌិតក្នុងស្រុកខ្វះឧបករណ៍។

រឿងដាច់ដោយឡែកមួយទៀត លោក ម៉ម ប៊ុនហេង បានចុះអនុស្សរណៈនៃការយោគយល់កាលពីរសៀលម្សិលមិញជាមួយលោកស្រី លី ពិន (Li Bin) រដ្ឋមន្ត្រីនៃគណៈកម្មការជាតិសុខាភិបាល និងផែនការគ្រួសារនៃសាធារណរដ្ឋប្រជាមានិតចិនដោយព្រមព្រៀងសហការក្នុងវិស័យសុខាភិបាល គាំពារមាតា និងទារក ការបណ្ដុះបណ្ដាលបច្ចេកទេស ការផ្លាស់ប្ដូរការសិក្សា និងការស្រាវជ្រាវ និងបណ្ដុះបណ្ដាលជាដើម៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស