32.9 C
Phnom Penh

បុគ្គលិក​​សុខាភិបាល​​​នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​​អំពើ​ហិង្សា​ក្នុងគ្រួសារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងកិច្ចប្រឹងប្រែងដោះស្រាយឲ្យបានកាន់តែប្រសើរនូវផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ បុគ្គលិកសុខាភិបាលទូទាំងប្រទេសកម្ពុជា នឹងទទួលបានការបណ្ដុះបណ្ដាលនៅឆ្នាំក្រោយដើម្បីជួយពួកគេបំពេញសេចក្ដីត្រូវការរបស់ស្ត្រី និងកុមារដែលស្ថិតក្នុងស្ថានភាពមិនល្អ។

មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានាទូទាំងប្រទេសតែងតែព្យាបាលអ្នកដែលរងរបួសដោយសារដៃគូ ឬសាច់ញាតិរបស់ពួកគេ ប៉ុន្តែជាញឹកញាប់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងឆ្មបគ្មានលទ្ធភាពអ្វីលើសពីការផ្ដល់ការថែទាំឡើយ នេះបើយោងតាមការលើកឡើងរបស់លោកស្រី តានយ៉ា បានហ្វៀល (Tanya Barnfield) នាយកកម្មវិធីអង្គការឃែរ (CARE) ប្រចាំកម្ពុជា។

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីថ្ងៃច័ន្ទថា “អ្នកផ្ដល់ការថែទាំងសុខភាពដែលអាចរកឃើញអំពើហិង្សា ផ្ដល់ការថែទាំមានគុណភាព ហើយបញ្ជូនឱ្យទៅទទួលសេវា នឹងជួយបញ្ចប់វដ្ដនៃអំពើហិង្សា”។

ការស្ទាបស្ទង់ប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជា (Cambodia Demographic and Health Survey) ប្រចាំឆ្នាំ២០១៤ បានរកឃើញថា ក្នុងចំណោមស្ត្រីកម្ពុជា ប្រាំនាក់អាយុចាប់ពី១៥ឆ្នាំដល់៤៩ឆ្នាំ មានលើសពីម្នាក់ដែលទទួលរងអំពើហិង្សារាងកាយ ឬផ្លូវភេទក្នុងឆាកជីវិតរបស់ពួកគេ ប៉ុន្តែជាងពាក់កណ្ដាលក្នុងចំណោមនោះមិនបានស្វែងរកជំនួយឡើយ។

លោកស្រី តានយ៉ា បានហ្វៀល ថ្លែងថា សមាសធាតុដ៏សំខាន់នៃកម្មវិធីបណ្ដុះបណ្ដាលនេះគឺការបង្រៀនបុគ្គលិកសុខាភិបាលឱ្យចេះពីរបៀបវាយតម្លៃសេចក្ដីត្រូវការ និងបញ្ជូនអ្នកជំងឺរបស់ខ្លួនឱ្យទទួលបានសេវាផ្លូវច្បាប់ និងសេវាគាំពារផ្នែកសង្គមដែលពាក់ពាក់ព័ន្ធ រួមមានដូចជាការប្រឹក្សាយោបល់ ការជ្រកកោន និងនគរបាលជាដើម។

អង្គការនានាដែលធ្វើការងារផ្នែកថែទាំសុខភាពដូចជាអង្គការឃែរ ជាដើម និងក្រសួងកិច្ចការនារី បានជួយក្រសួងសុខាភិបាលបង្កើតកម្មវិធីបណ្ដុះបណ្ដាលនេះឡើងដែលបានផ្ដល់ទៅដល់តំណាងមកពីនាយកដ្ឋានជាច្រើននៅក្នុងក្រសួងទាំងពីរកាលពីខែមុន។

លោកស្រី ខាធឺរីន ប្រ៊ីន កាមកុង (Catherine Breen Kamkong) តំណាងស្ដីទីនៃមូលនិធិប្រជាជនសហប្រជាជាតិបានលើកឡើងថា មន្ត្រីក្រសួងនឹងជួយបណ្ដុះបណ្ដាលសហការីនៅតាមបណ្តាខេត្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ហើយបន្ទាប់មកសហការីទាំងនោះនឹងត្រូវបង្រៀនបុគ្គលិកសុខាភិបាលនៅឆ្នាំក្រោយ។

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា “យើងសង្ឃឹមថា តាមរយៈការបណ្ដុះបណ្ដាលនេះ យើងនឹងអាចចាប់ផ្ដើមដំណើរការថែទាំដែលល្អប្រសើរសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សា។ មានការសង្ឃឹមទុកថា បុគ្គលិកសុខាភិបាលនឹងមានជំនាញបន្ថែមខ្លះដើម្បីផ្ដល់ការថែទាំ និងការគាំទ្របឋមដែលអ្នករស់រានមានជីវិតពីអំពើហិង្សាត្រូវការ និងមានសិទ្ធិទទួលបាន”។

លោកស្រីមានប្រសាសន៍ទៀតថា ជាដំបូង ការបណ្ដុះបណ្ដាលនេះផ្ដល់ទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៣០ភាគរយនៅក្នុង១៤ខេត្ត ដោយសង្ឃឹមថានឹងពង្រីកវាទៅដល់អ្នកផ្តល់ការថែទាំនៅក្នុងខេត្តចំនួន១១ដែលនៅសេសសល់ នៅពេលទទួលបានមូលនិធិបន្ថែម។

លោក ផុន ពុទ្ធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារីមិនបានឆ្លើយតបសំណើសុំការបំភ្លឺទេ ចំណែកឯលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបដិសេធមិនឆ្លើយបំភ្លឺតែម្ដង ដោយបង្វែរសំណួរទៅអ្នកផ្សេងទៀតដែលមិនអាចទាក់ទងបាន៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស