32 C
Phnom Penh

ការ​​​សរសើរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មិន​​​បាន​​​ជួយ​​​សមាជិក​​​រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរ​​​ឲ្យ​​​រួច​​​ពី​​​ជាប់​​​ទោស​​​ទេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក១១នាក់នៃរណសិរ្សរំដោះជាតិខ្មែរ ដែលរដ្ឋាភិបាលហៅថាជាក្រុមភេរវកម្មត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ដល់៩ឆ្នាំនៅព្រឹកថ្ងៃពុធនេះពីបទចោទប្រកាន់អំពើក្បត់ ទោះបីពួកគេបានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធក្នុងសវនាការក៏ដោយ។

បុរសទាំងនេះត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៤ទាក់ទងនឹងផែនការដែលពួកគេបាននិយាយថាជាបាតុកម្មដោយសន្តិវិធីនៅមុខស្ថានទូតវៀតណាម ប៉ុន្តែអាជ្ញាធរបានអះអាងថា ការតវ៉ានោះមានបំណងបង្កអំពើហិង្សា និងភាពចលាចល។

ចៅក្រមជំនុំជម្រះ សាន សុផល ក៏បានចេញដីកាឲ្យចាប់ខ្លួនលោក សម សិរី ជាមេដឹកនាំ ដែលក្នុងពេលថ្មីៗនេះបានបង្កើតរដ្ឋាភិបាលនិរទេសមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក។

ចៅក្រម សុផាត បានអានសាលក្រមតុលាការក្រុងភ្នំពេញថា “តុលាការផ្តន្ទាទោស សម សិរី ឲ្យជាប់ពន្ធនាគារ៩ឆ្នាំពីបទផ្តើមគំនិតក្នុងអំពើក្បត់”។

ចៅក្រមបាននិយាយថា បុរស៧នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៦ឆ្នាំ ហើយ៣នាក់ទៀតត្រូវជាប់ពន្ធនាគារ៥ឆ្នាំពីបទចូលរួមអំពើក្បត់។

យោងតាមវិបសាយរបស់ក្រុមនេះ រណសិរ្សរំដោះជាតិខ្មែរតស៊ូមតិរំដោះ “ប្រជាពលរដ្ឋខ្មែរឲ្យរួចពីអាណានិគមថ្មីវៀតណាម និងរបបផ្តាច់ការ ហ៊ុន សែន”។

ក្រោយពីស្តាប់សាលក្រមកាលពីថ្ងៃពុធ ជនជាប់ចោទជាច្រើនបានលើកឡើងពីសក្ខីកម្មដែលពួកគេបានផ្តល់ក្នុងសវនាការកាលពីខែតុលា ដែលនៅពេលនោះពួកគេបានអះអាងថាបានចាញ់បោកលោក សិរី ឲ្យចូលរួមក្នុងរណសិរ្សរំដោះជាតិខ្មែរ ដោយបានបន្ទោសលោក សិរី និង លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង។ លោក រង្ស៊ី បានបដិសេធថាលោកមិនមានការជាប់ពាក់ព័ន្ធនឹងក្រុមនេះទេ។

ក្នុងសវនាការកាលពីខែតុលា ចុងចោទជាច្រើនបានកោតសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបាននិយាយថា ពួកគេបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេក៏បានសរសើរលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងដែលតុលាការបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ក្នុងករណីកេងប្រវ័ញ្ចទ្រង់ទ្រាយដ៏ធំមួយ ដោយសារបានជួយបង្ហាញពួកគេឲ្យមើលឃើញកំហុសខ្លួនឯង។

ចុងចោទ ឈុន ឆាត បាននិយាយនៅពេលនោះថា “គាត់បានផ្តល់ដំបូន្មានឲ្យខ្ញុំអំពីបញ្ហានយោបាយ ហើយជួយឲ្យខ្ញុំយល់ដឹងពីគោលនយោបាយ”របស់លោក ហ៊ុន សែន។ ក្រោយមក ខ្ញុំបានសរសេរលិខិតស្នើសុំចូលរួមបម្រើគណបក្សប្រជាជនកម្ពុជា”៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស