27 C
Phnom Penh

វីដេអូ​ធ្វើ​ទារុណកម្ម​កុមារ​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​បី​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា ជនជាតិហុលឡង់ម្នាក់និងខ្មែរពីរនាក់ត្រូវបានឃាត់ខ្លួនក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញ ទាក់ទិននឹងវីដេអូដែលផ្សព្វផ្សាយតាមហ្វេសប៊ុក ដែលបង្ហាញការធ្វើបាបលើរាងកាយកូនក្មេងអាក្រាតម្នាក់ ក្នុងនោះមានទាំងការធ្វើទារុណកម្មដោយប្រើឧបករណ៍ឆក់ផង។

លោក ហេង សម្បត្តិ ស្នងការរងនគរបាលខេត្តកំពង់ចាម បាននិយាយថា ជនទាំងនេះត្រូវសង្ស័យថាពាក់ព័ន្ធក្នុងការធ្វើទារុណកម្មនិងការរំលោភកុមារ។ លោកបាននិយាយថា ជនជាតិកម្ពុជាឈ្មោះ រ៉េត សុធី អាយុ២៨ឆ្នាំ និង អឿ ណាត អាយុ២៥ឆ្នាំ ធ្វើការឲ្យបុរសហុលឡង់ ដែលជាម្ចាស់ចម្ការមួយក្នុងខេត្តមណ្ឌលគិរី។

លោក សម្បត្តិ បាននិយាយថា ម្ចាស់ចម្ការនេះអាយុ៥៣ឆ្នាំ ហើយប្រើឈ្មោះខ្មែរ លី ហេង។ តាមរូបថតរបស់បុរសម្នាក់ក្នុងកន្លែងប៉ូលិស ត្រូវគ្នានឹងរូបថតតាមអីុនធឺណិតរបស់ ស្តេហ្វាន ស្ត្រូក (Stefan Struik) ជានាយកប្រតិបត្តិក្រុមហ៊ុន កាំកាវ ជាក្រុមហ៊ុនមានចម្ការកាកាវនៅខេត្តមណ្ឌលគិរី និងចម្ការអំពៅក្នុងខេត្តកំពង់ចាម។

ជនទី៤ ដែលលោក សម្បត្តិ ប្រាប់ថាជាជនជាតិវៀតណាមឈ្មោះ ង្វៀន ថាញ់ បានរត់គេចខ្លួន។ ទំព័រហ្វេសប៊ុករបស់អ្នកប្រើម្នាក់ឈ្មោះ យ៉ុង ថាញ់ បង្ហាញរូបថតជាច្រើនរបស់គាត់ឈរថតជាមួយលោក ស្ត្រូក។ ក្នុងវីដេអូយូធូប បុរសហុលឡង់នេះណែនាំឲ្យស្គាល់បុរសដដែលនេះជាមិត្តប្រុសរបស់គាត់ និងហៅឈ្មោះគាត់ថា ង្វៀន យ៉ុង។

cam-photo-child-tortureលោក សម្បត្តិ បាននិយាយថា បុរសទាំងបីនាក់នៅកន្លែងឃុំឃាំងកំពុងត្រូវសួរដេញដោលទាក់ទិននឹងរូបវីដេអូនៃការរំលោភបំពាន ពាក្យបណ្តឹងពីឪពុកម្តាយរបស់ក្មេងអាយុពីរឆ្នាំថា វាត្រូវបានរំលោភ ហើយកំពុងខិតខំតាមចាប់ជនសង្ស័យទី៤។

លោកបាននិយាយអំពីលោក ង្វៀន ថា “យើងមិនទាន់បានចាប់ខ្លួនជននេះនៅឡើយទេ”។

វីដេអូដំបូងជាច្រើនដែលបង្ហោះតាមហ្វេសប៊ុកត្រូវបានដកចេញក្នុងរយៈពេលមួយថ្ងៃ ក្នុងនោះមានទាំងការបង្ហោះមួយដែលស្ត្រីវៀតណាមម្នាក់បានសរសេរថា នាងមានអារម្មណ៍ត្រូវបង្ខំចិត្តចែកចាយវីដេអូនេះ ដោយសង្ឃឹមថា ជនប្រព្រឹត្តត្រូវចាប់ខ្លួន។

យ៉ាងហោចណាស់វីដេអូមួយនៅសល់តាមអីុនធឺណិតនៅល្ងាចថ្ងៃអង្គារ ដោយបង្ហាញបុរសម្នាក់ប្រើឧបករណ៍ឆក់លើខ្លួនរបស់ក្មេងជាច្រើនកន្លែង ខណៈដែលក្មេងនោះស្រែកថ្ងូរដោយឈឺចាប់។

លោក ចេម ម៉ាកខេប៊ី (James McCabe) ប្រធានអង្គការការពារកុមារ (Child Protection Unit) ជាអង្គការសប្បុរសដែលធ្វើការលើករណីនេះ បាននិយាយថា កុមាររូបនេះស្ថិតក្នុងការថែរក្សារបស់អង្គការនេះ។ លោកបាននិយាយថា “បុរស”ម្នាក់កំពុងជួយក្នុងការស៊ើបអង្កេតនេះ ប៉ុន្តែបានបដិសេធមិនផ្តល់សេចក្តីលម្អិតបន្ថែម ឬនិយាយថាតើមានក្មេងផ្សេងទៀតប្រហែលត្រូវបានគេរំលោភបំពានដែរនោះទេ។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការរំលោភបំពាននេះបានកើតឡើងនៅចម្ការក្នុងខេត្តនេះ និងបាននិយាយថា ជនរងគ្រោះជាកុមារខ្មែរ ដែលឪពុកម្តាយរបស់ក្មេងនេះធ្វើការឲ្យម្ចាស់ជនជាតិហុលឡង់នេះ។

លោក សុវណ្ណ បាននិយាយថា គេជឿថា លោក ង្វៀន ជាមនុស្សក្នុងវីដេអូដែលធ្វើបាបក្មេងនោះ។ គេគិតថាគាត់បានភៀសខ្លួនទៅប្រទេសវៀតណាមហើយ ទោះជាយ៉ាងនេះក្តី លោកបាននិយាយថា នគរបាលខ្មែរនិងវៀតណាមកំពុងសហការគ្នាតាមចាប់គាត់។

លោក សុវណ្ណ បាននិយាយថា “បុរសហុលឡង់នេះជាម្ចាស់ចម្ការ ហើយបុរសវៀតណាមជាចុងភៅដែលគាត់ជួល”។ លោកបាននិយាយបន្ថែមថា លោកមិនបានដឹង ថាតើពួកគេមានទំនាក់ទំនងស្នេហានឹងគ្នាឬយ៉ាងណាទេ។

លោកស្នងការរងបាននិយាយថា “ពួកគេរស់នៅក្នុងចម្ការនេះជាមួយគ្នា ហើយម្តាយ[របស់ក្មេងប្រុស]ជាកម្មករនៅទីនោះ”។ លោកបាននិយាយបន្ថែមទៀតថា ដំបូងឡើយឪពុកម្តាយមិនបានដឹងអំពីការរំលោភបំពាននេះទេ ពីព្រោះក្មេងនេះមិនមានស្នាមជាំ ឬ របួសមើលឃើញនោះទេ។

លោកបាននិយាយថា “ម្តាយមិនបានដឹងទេ។ គាត់មិនដឹងថាវាបានកើតឡើងនៅពេលណាទេ។ មិនមានសម្លាក ឬស្នាមអ្វីឡើយ”។

ទោះជាយ៉ាងនេះក្តី របាយការណ៍ប៉ូលិសដែលផ្តល់ដោយលោក សម្បត្តិ និយាយថា មានភ័ស្តុតាងលើខ្លួនជាក់ស្តែងថា ក្មេងប្រុសនេះត្រូវបានគេរំលោភតាមរន្ធគូទ។

លោក ទូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគីរី បាននិយាយថា លោកបានដឹងអំពីករណីនេះពីវីដេអូដែលបង្ហោះតាមអីុនធឺណិត ដែលបង្ហាញបុរសម្នាក់និយាយភាសាវៀតណាមធ្វើទារុណកម្មក្មេងប្រុសស្រាតម្នាក់ ដែលទំនងជាមានអាយុប្រហែលពីរឆ្នាំ ដោយលោកអះអាងថា ការរំលោភនេះបានកើតឡើងក្នុងខេត្តនេះ។

លោកបាននិយាយថា “ខ្ញុំក៏បានដឹងរឿងនេះតាមហ្វេសប៊ុកដែរ”។

នគរបាលក្នុងខេត្តកំពង់ចាមបាននិយាយថា ពួកគេបានទទួលព័ត៌មានអំពីករណីនេះពីនគរបាលនៅខេត្តមណ្ឌលគិរី៕ និត (រាយការណ៍បន្ថែមដោយ Colin Meyn)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស