26 C
Phnom Penh

គណបក្ស​​​សង្គ្រោះជាតិ​​​ថា មន្ត្រី​​​អាដហុក មន្ត្រី​​​បោះ​​​ឆ្នោត​​​និង​​​មេឃុំ​​​នឹង​​​ត្រូវ​​​ដោះ​​​លែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិនិយាយនៅថ្ងៃពុធថា មន្ត្រីសិទ្ធិមនុស្សបួនរូប មន្ត្រីបោះឆ្នោតមួយរូប និងមេឃុំមួយរូបដែលកំពុងជាប់ពន្ធនាគារទាក់ទងនឹងរឿងក្តីសញ្ចារកម្មដែលផ្តោតលើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនឹងត្រូវដោះលែងនៅខែនេះ ប៉ុន្តែលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនច្បាស់អំពីបញ្ហានេះ។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយនៅព្រឹកមិញនេះរវាងលោក សុខា ប្រធានមតិភាគតិចក្នុងសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯសភាជាតិ។

អ្នកទោស៦នាក់ត្រូវបានចោទថាសមគំនិតសូកប៉ាន់ស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់លោក សុខា ដើម្បីឲ្យនាងបដិសេធស្នេហាលួចលាក់ ក្នុងអំឡុងពេលសាកសួរដោយនគរបាលនិងតុលាការ ទោះបីពួកគេនិយាយថា ពួកគេគ្រាន់តែផ្តល់ជំនួយផ្លូវច្បាប់ ឬថវិកាហើយថា បទចោទប្រកាន់មានលក្ខណៈជានយោបាយក៏ដោយ។

លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានសន្តិសុខបក្សបាននិយាយថា លោក ស៊ាង ចែត ជាមេឃុំដែលត្រូវតុលាការផ្តន្ទាទោសនៅសប្តាហ៍នេះឲ្យជាប់ពន្ធនាគារ៥ឆ្នាំដោយសារឲ្យលុយ៥០០ដុល្លារដល់ម្តាយរបស់ស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់ នឹងត្រូវដោះលែងនៅថ្ងៃពុធនេះ។

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈបក្សសង្គ្រោះជាតិ និងជាកូនស្រីលោក សុខា បានសរសេរធ្វីតថា មន្ត្រី៥នាក់ផ្សេងទៀតក៏នឹងត្រូវដោះលែងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះដែរ។

អនុប្រធានកិច្ចការសាធារណៈបក្សសង្គ្រោះជាតិរូបនេះបានសរសេរថា “មេឃុំបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ មន្ត្រីសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីបោះឆ្នោតម្នាក់ នឹងមានសេរីភាព មុនដំណាច់ខែនេះ”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យបក្សសង្គ្រោះជាតិបាននិយាយថា លោកមិនដឹងច្បាស់ពីពេលវេលាទេ។

លោកបាននិយាយថា “គណបក្សទាំងពីរព្យាយាមធ្វើឲ្យអស់លទ្ធភាព ប៉ុន្តែខ្ញុំមិនអាចប្រាប់ថាថ្ងៃណាពួកគេនឹងត្រូវដោះលែងទេ។ ប៉ុន្តែពួកគេនឹងត្រូវដោះលែង ខ្ញុំគិតថាអាចឆាប់ៗ”។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅរដ្ឋសភា ក្រោយពីការប្រជុំរបស់លោកជាមួយលោក សុខា លោក ខេង ជាប្រធានក្រុមតំណាងរាស្ត្របក្សកាន់អំណាចបានបញ្ជាក់ថា លោក ហ៊ុន សែន បានយល់ព្រមដោះស្រាយសម្រាប់អ្នកទាំង៦នាក់។

លោក ខេង បានមានប្រសាសន៍សំដៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា “ឯកឧត្តម កឹម សុខា ជជែកជាមួយសម្តេចតេជោ [លោក ហ៊ុន សែន] តាមខ្ញុំដឹង មុនដំណាច់ខែ១២នេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប”។

លោកបានមានប្រសាសន៍ថា ការដោះលែងលោក ចែត ជាមេឃុំបានព្រមព្រៀងរួចហើយ។

មន្ត្រីអាដហុកបួនរូបគឺ អ្នកស្រី លឹម មុន្នី លោក ណៃ វង់ដា លោក នី សុខា និងលោក យី សុខសាន្ត រួមជាមួយលោក នី ចរិយា មន្ត្រីរៀបចំការបោះឆ្នោតកំពុងជាប់ពន្ធនាគារអស់រយៈពេល២២៣ថ្ងៃហើយមកដល់ថ្ងៃពុធនេះ។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូ ពួកគេស្ថិតក្នុងចំណោមអ្នកទោសនយោបាយ២៧នាក់នៅក្នុងប្រទេស។

លោក សុវណ្ណ បានមានប្រសាសន៍ថា អ្នកផ្សេងទៀតដែលកំពុងជាប់ពន្ធនាគារ ដែលរួមមានមន្ត្រីបក្សប្រឆាំង ឬសកម្មជនជាង១០នាក់ នឹងដោះស្រាយពេលក្រោយទៀត។

លោកបាននិយាយថា “មួយជំហានម្តង មួយជំហានម្តង”៕(រាយការណ៍បន្ថែមដោយ Colin Meyn)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស