29 C
Phnom Penh

មន្ត្រី​និង​អ្នក​បើកបរ​រត់​ភៀស​ខ្លួន​បន្ទាប់ពី​បុក​ស្លាប់​ក្មេង​ប្រុស​ពេល​ឆ្លង​ផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយកាលពីថ្ងៃអង្គារថា អភិបាលរងខេត្តឧត្តរមានជ័យ និងអ្នកបើករថយន្តឡិចស៊ិស អេសយូវី របស់លោក បានគេចខ្លួនចេញពីកន្លែងកើតហេតុ បន្ទាប់ពីបុកស្លាប់ក្មេងប្រុសអាយុ៨ឆ្នាំកំពុងជិះកង់ឆ្លងផ្លូវ។

នគរបាលបាននិយាយថា លោក វ៉ាត ប៉ារ៉ាមីន អភិបាលរងខេត្ត ជាអ្នកដំណើរក្នុងរថយន្តដែលអ្នកបើកបររបស់លោកជាអ្នកបើក នៅពេលវាបុកក្មេងប្រុសនោះ ខណៈដែលវាឆ្លងផ្លូវជាតិលេខ៦៨ បន្ទាប់ពីទិញនំក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង។

លោក ធូ សុភា នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បាននិយាយថា “ក្រោយពីគ្រោះថ្នាក់ រថយន្តនោះត្រូវបានទុកចោលនៅកន្លែងកើតហេតុ”។ លោកបាននិយាយបន្ថែមថា អភិបាលរងរូបនេះជិះក្នុងរថយន្តនោះ នៅពេលការបុកបានកើតឡើងនៅម៉ោងប្រហែល៩និង៤០នាទីព្រឹកថ្ងៃអាទិត្យ។

លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បាននិយាយថា អភិបាលរងនឹងត្រូវទទួលខុសត្រូវទៅតាមច្បាប់។

លោកស្នងការ លី បាននិយាយថា “គ្មាននរណាអាចជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ទេ ប៉ុន្តែសំខាន់នោះ អ្នកត្រូវបង់សំណងរដ្ឋប្បវេណី ឬចរចាជាមួយគ្នា”។

ទោះដូចនេះក្តី លោក សុភា បាននិយាយថា នគរបាលបានដាក់ការទទួលខុសត្រូវចំពោះការស្លាប់ក្មេងប្រុស ណន ក្នុយ លើតៃកុងរបស់លោក ប៉ារ៉ាមីន ដែលគេកំពុងស្វែងរកចាប់ខ្លួន ទោះជាមិនដឹងអត្តសញ្ញាណរបស់គាត់ក៏ដោយ។

លោក សុភា បាននិយាយថា អភិបាលរងមិនទាន់ត្រូវបានសាកសួរក្នុងឧប្បត្តិហេតុនេះទេ ហើយក៏មិនត្រូវស្វះស្វែងរកមកសាកសួរដែរ។

លោកបាននិយាយថា “ជាធម្មតា អ្នកបើកបរប៉ុណ្ណោះត្រូវទទួលខុសត្រូវ”។

លោក សុភា បាននិយាយថា រថយន្តរបស់លោក ប៉ារ៉ាមីន ត្រូវបានឃាត់ទុកនៅស្នងការនគរបាលខេត្ត។

លោក ប៉ារ៉ាមីន មិនអាចទាក់ទងសុំការពន្យល់បានទេកាលពីថ្ងៃអង្គារ។

លោក សុភា បាននិយាយថា ពិធីបុណ្យសពក្មេងប្រុសបានបញ្ចប់កាលពីថ្ងៃអង្គារ។ គ្រួសាររបស់ក្មេងមិនបានដាក់ពាក្យបណ្តឹងទៅនគរបាលចំពោះការស្លាប់នេះទេ។

កាលពីខែកញ្ញា មន្ត្រីរដ្ឋបាលព្រៃឈើជាន់ខ្ពស់ស្រវឹងស្រាជោកជាំម្នាក់ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ បន្ទាប់ពីការស្លាប់សន្តិសុខម្នាក់ដោយសាររថយន្តឡិចស៊ិស អេសយូវី របស់គាត់ក្នុងខេត្តសៀមរាប។ គាត់បានបើកអូសសន្តិសុខនោះនិងម៉ូតូរបស់គាត់ក្រោមរថយន្ត ហើយបានបណ្តាលឲ្យក្រុមមន្ត្រីដេញតាមយ៉ាងលឿន។

យោងតាមលោក អៀ ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទោះបីជារំលោភច្បាប់ក៏ដោយ ក៏ការដោះលែងលោក យ៉ាន ស៊ីដេត អាយុ៤៨ឆ្នាំ គឺមិនជារឿងចម្លែកទេ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស