32 C
Phnom Penh

លោក​ កឹម សុខា ក្លាយ​ជា​ប្រធាន​​​ក្រុម​​​សំឡេង​​​​​ភាគតិច​​ ពេល​លោក សម រង្ស៊ី មិន​នៅ​ក្នុង​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងចំណាត់ការមួយដែលបន្តចាត់ទុកលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមិនសូវសំខាន់ និងគំរាមកំហែងធ្វើឱ្យភាពប្រេះឆានៅក្នុងគណបក្សនេះធ្លាក់ចូលក្នុងស្ថានភាពមួយកាន់តែធ្ងន់ធ្ងរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹងជំនួសលោក សម រង្ស៊ី ក្នុងនាមជាដៃគូសន្ទនារបស់លោកនៅក្នុងគណបក្សប្រឆាំង។

ការប្រកាសនេះដែលកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់ព្រះរាជទានលើកលែងទោសលោក កឹម សុខា នៅក្នុងសំណុំរឿង “សញ្ចរកម្ម” តាមសំណើរបស់លោក ហ៊ុន សែន នោះ ផ្ទុយពីសារតាមគេហទំព័រទ្វីតធ័ររបស់លោក សម រង្ស៊ី កាលពីថ្ងៃច័ន្ទ ដែលលើកឡើងថា លោកនឹងនៅតែជាប្រធានក្រុមសំឡេងភាគតិច។

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចាកចេញពីរដ្ឋសភានៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ព្រីង សំរាំង / Reuters
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចាកចេញពីរដ្ឋសភានៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ព្រីង សំរាំង / Reuters

លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា ការផ្លាស់ប្ដូរឋានានុក្រមកើតចេញពីសំណើរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទ ដែលស្នើសុំឱ្យលោក កឹម សុខា ជំនួសលោក សម រង្ស៊ី ជាប្រធាន “ក្រុមសំឡេងភាគតិច” នៅក្នុងសភា។

ដោយដកស្រង់មាត្រា៤៨នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ប្រធានក្រុមសំឡេងភាគតិចរូបនេះ គឺជាដៃគូសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលសម្រាប់កិច្ចការងារប្រទេសជាតិ។ ប្រធានក្រុមសំឡេងភាគតិចមានឋានៈស្មើនាយករដ្ឋមន្ត្រី”។

លោក កឹម សុខា ដែលមានទឹកមុខញញឹមបានលើកឡើងថា លោកសង្ឃឹមថា នឹងមានការពិភាក្សាដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាមួយបុរសដែលថ្មីៗនេះ បានគំរាមចាប់លោកដាក់ពន្ធនាគារ  ”អស់មួយជីវិត” ពីបទចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា  មានហេតុផលនយោបាយ ហើយលោកក៏បាននិយាយសម្រាលសារៈសំខាន់នៃតួនាទីថ្មីរបស់លោកជាប្រធានក្រុមសំឡេងភាគតិចផងដែរ។

នៅក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីអំឡុងពេលព្រឹក លោក កឹម សុខា បានលើកឡើងថា ពួកលោកទាំងពីរ “បានព្រមព្រៀងគ្នាលើបញ្ហាមួយចំនួនដូចជា ការបង្រួបបង្រួមជាតិដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ និងពលរដ្ឋរបស់យើងជាដើម”។

លោកបានមានប្រសាសន៍បន្ថែមថា “ថ្ងៃនេះយើងមកទីនេះដើម្បីធ្វើដំណើរឆ្ពោះទៅកាន់គោលដៅដែលយើងមិនទាន់សម្រេចបាន។ អ្វីដែលយើងត្រូវធ្វើបន្ទាប់ គឺស្វែងរកឯកភាពជាតិដើម្បីធ្វើឱ្យប្រទេសជាតិរបស់យើងកាន់តែប្រសើរឡើង”។ លោកបន្ថែមថា លោកស្វាគមន៍ “ការរិះគន់ស្ថាបនាដោយមានគោលដៅបង្កើនការអភិវឌ្ឍរបស់យើង” ប៉ុន្តែមិនមែនការប្រមាថ ឬពាក្យឡកឡាយដែលអាចធ្វើឱ្យ “សង្គមបែកបាក់” នោះឡើយ។

លោក សម រង្ស៊ី ដែលបដិសេធមិនឆ្លើយសំណួរពាក់ព័ន្ធការអះអាងពីមុនរបស់លោកដែលថា លោកនឹងនៅតែជាប្រធានសំឡេងភាគតិចនោះ បានលើកឡើងថា លោកមិនខ្វាយខ្វល់ចំពោះចំណាត់ការនេះឡើយ។

លោកបានលើកឡើងតាមរយៈអុីម៉េលមួយថា “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូររបស់យើងម្នាក់ៗ។ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ឱ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង”។

ដោយលើកឡើងថា លោកត្រូវបានគេទាត់ចេញពីសភា ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ហើយថ្មីៗនេះត្រូវបានរារាំងមិនឱ្យចូលក្នុងប្រទេសទៀតនោះ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាកំពុងតែបកស្រាយច្បាប់ តែទោះជាយ៉ាងណាគណបក្សរបស់លោកទទួលយកដោយការពេញចិត្ត។

លោកបានមានប្រសាសន៍ថា ”ប៉ុន្តែភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរនៅតែស្មោះត្រង់ជានិច្ចរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ”។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោក សម រង្ស៊ី បានចូលរួមនៅក្នុងការបោះឆ្នោតរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៅក្នុងគណបក្សតាមរយៈ Skype ដែលក្នុងនោះលោកបានគាំទ្រសេចក្ដីសម្រេចឱ្យលោក កឹម សុខា ដឹកនាំតំណាងរាស្ត្រគណបក្សប្រឆាំង និងតំណាងពួកគេក្នុងការពិភាក្សាជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកស្រីបានមានប្រសាសន៍ថា “គ្មានការបែកបាក់នៅក្នុងគណបក្សទេ។ លោក សម រង្ស៊ី នៅតែជាបុគ្គលដែលពិភាក្សាជាមួយលោក ហ៊ុន សែន”។

ទោះជាយ៉ាងណា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកដ៏លេចធ្លោនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិបានទទួលស្គាល់ថា គណបក្សនេះប្រហែលជាគ្មានជម្រើសទេនៅក្នុងបញ្ហានេះ។

ព្រះអង្គម្ចាស់បានមានបន្ទូលថា “បើនាយករដ្ឋមន្ត្រីនិយាយថា កឹម សុខា គឺជាដៃគូរបស់លោកទៅហើយ អ៊ីចឹងខ្ញុំគិតថា គ្មានអ្វីត្រូវនិយាយទៀតទេ”។

លោក កឹម សុខា អនុប្រធានបក្សប្រឆាំង រាក់ទាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ នៅសភាជាតិក្នុងក្រុងភ្នំពេញ។ (Fresh News)
លោក កឹម សុខា អនុប្រធានបក្សប្រឆាំង រាក់ទាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ នៅសភាជាតិក្នុងក្រុងភ្នំពេញ។ (Fresh News)

ដោយសារលោក ហ៊ុន សែន ចូលចិត្តបំបែកបំបាក់មេដឹកនាំគណបក្សប្រឆាំង ការព្យាករអំពីការរួបរួមសាមគ្គីគ្នារវាងមេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូបនេះមិនធានាថា ទំនាក់ទំនងនៅតែមានភាពសុខដុមរមនានោះឡើយ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលទៀតថា “យើងកំពុងរងការវាយប្រហារពីគណបក្សប្រជាជនកម្ពុជាម្ដងទៀតហើយ”។ ព្រះអង្គម្ចាស់បានបន្តថា ការវាយប្រហារនេះអាចបន្តធ្វើឱ្យមានការខ្វែងគំនិតគ្នាក្នុងបក្ស ប្រសិនបើមិនដោះស្រាយ។ “ខ្ញុំនៅតែខ្លាចថា យើងប្រហែលជាត្រូវគេបំបែកបំបាក់”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា មេដឹកនាំគណបក្ស “មិនផ្ដោតលើតំណែងនៅលើក្រដាស “នោះឡើយ។

ប៉ុន្តែលោកបានជំទាស់ ពេលសួរថា ហេតុអ្វីបានជាលោក សម រង្ស៊ី សង្កត់ធ្ងន់ពីតំណែងរបស់លោកប៉ុន្មានថ្ងៃមុននេះ។

លោកបានមានប្រសាសន៍ថា “អ្នកទាំងអស់គ្នាអាចឃើញហើយថា នយោបាយគឺវាស្មុគស្មាញណាស់”។

ភាពស្មុគស្មាញទាំងនោះអាចគំរាមកំហែងធ្វើឱ្យបុគ្គលទាំងពីរនេះដែលសម្ពន្ធភាពដ៏ប្រេះស្រាំរបស់ពួកគាត់បានជួយឱ្យគណបក្សសង្គ្រោះជាតិរួបរួមគ្នានោះ បែកបាក់គ្នា នេះបើ យោងតាមលោក អៀ សុផល អ្នកនិពន្ធសៀវ  ភៅមានចំណងជើងថា ”ការពឹងផ្អែកលើ ជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឱ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ”។

លោកបានសរសេរនៅក្នុងអុីម៉េលមួយថា “យើងជិតឃើញហើយ ថាតើគណបក្សសង្គ្រោះជាតិនៅរស់រានឬយ៉ាងណា មែនទេ?។ ខ្ញុំគិតថា លោក សម រង្ស៊ី គ្មានជម្រើសនោះឡើយ។ តើគាត់នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ហើយតស៊ូដើម្បីរក្សាតំណែងរបស់លោកជាមេគេឬ?  ការប្ដូរតំណែងជាមួយលោក កឹម សុខា គឺវាប្រសើរជាងត្រូវបានបណ្ដេញចេញទាំងស្រុង”។

លោក កឹម សុខា “មានឆន្ទៈចង់បានអំណាចខ្លាំង” ហេតុច្នេះហើយលោកប្រហែលចេះសម្របខ្លួនជាងលោក សម រង្ស៊ី ដើម្បីបានចូលទៅក្នុងរដ្ឋាភិបាលដែលមានការឯកភាពគ្នាជាមួយលោក ហ៊ុន សែន ទៅថ្ងៃអនាគត នេះបើយោងតាមលោក Markus Karbaum អ្នកវិទ្យាសាស្ត្រនយោបាយអាល្លឺម៉ង់ដែលផ្ដោតលើប្រទេសកម្ពុជា។

លោកបានលើកឡើងតាមរយៈអុីម៉េលមួយថា “នេះទំនងក្លាយជាជម្លោះដ៏ធំនៅក្នុងគណបក្សប្រឆាំងក្នុងរយៈពេល១ឆ្នាំកន្លះក្រោយ។ ខណៈលទ្ធផលរបស់ខ្លួនពិបាកនឹងព្យាករនៅក្នុងថ្ងៃនេះ វាពិតជាទិសដៅដែលលោក ហ៊ុន សែន ចង់បាន”។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ ដែលជាប្រធានអង្គការសិក្សាស្រាវជ្រាវនយោបាយនៅក្នុងរាជធានីភ្នំពេញ បានព្យាករថា លោកនាយករដ្ឋមន្ត្រីនឹង “អង្គុយចាំសើច” នៅពេលឃើញមានជម្លោះនៅក្នុងគណបក្សនេះ។

លោកបានមានប្រសាសន៍ថា ដើម្បីជម្នះបញ្ហានេះ និងការសាកល្បងសាមគ្តីភាពទៅថ្ងៃអនាគតនោះ គណបក្សសង្គ្រោះជាតិ “ចាំបាច់ត្រូវតែធ្វើឱ្យគណបក្សហ្នឹង កាន់តែមានលក្ខណៈសមជាគណបក្សមួយ ហើយកាត់បន្ថយការបង្ហាញថាមានបុគ្គលសំខាន់តែពីររូប”។ លោកបន្ថែមថា “ខ្ញុំមានមន្ទិលថា លោក សម រង្ស៊ី នឹងមិនអាចទប់អារម្មណ៍របស់លោកបានឡើយ ហើយលោកនឹងធ្វើការសម្រេចចិត្តមិនបានល្អដោយសារបញ្ហានេះ”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស