38 C
Phnom Penh

ជនសង្ស័យ​​​ធ្វើទារុណកម្មកុមារ​ត្រូវបាន​ចាប់ខ្លួន​​នៅ​ប្រទេសវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសជនជាតិវៀតណាមអាយុ២៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសវៀតណាមកាលពីយប់ម្សិលមិញទាក់ទងទៅនឹងវីដេអូឃ្លីបមួយដែលបង្ហាញថា  បុរសរូបនេះបានធ្វើទារុណកម្មលើក្មេងប្រុសជនជាតិខ្មែរម្នាក់ នេះបើយោងតាមអ្នកស៊ើបអង្កេតម្នាក់ដែលបានចូលរួមក្នុងការតាមប្រមាញ់នេះ។

លោក James McCabe ប្រធានអង្គភាពការពារកុមារដែលចូលរួមក្នុងការស៊ើបអង្កេតនេះបានមានប្រសាសន៍ថា ង្វៀន ថាញ់ឌុង ត្រូវបានចាប់ខ្លួនមុនម៉ោង៩យប់បន្តិច មួយថ្ងៃកន្លះបន្ទាប់ពីវីដេអូឃ្លីបនេះបានបែកធ្លាយតាមប្រព័ន្ធអីុនធឺណិត។

cam-photo-torture-foloលោក McCabe បានមានប្រសាសន៍ថា “ខ្ញុំអាចបញ្ជាក់អះអាងថា សមាជិកក្រុមការងារពិសេសបានធ្វើការចាប់ខ្លួនជនជាតិវៀតណាមរូបនេះឈ្មោះ ង្វៀន ថាញ់ឌុង ក្នុងទីក្រុងសាយហ្កន”។ លោកបានបន្ថែមថា ក្រុមការងារពិសេសបានចូលរួមជាមួយអង្គភាពនគរបាលកម្ពុជា និងវៀតណាម។

លោកបានថ្លែងថា បុរសជនជាតិខ្មែរពីរនាក់ដែលត្រូវនគរបាលចាប់ខ្លួនកាលពីថ្ងៃអង្គារនោះ  ត្រូវបានដោះលែងវិញហើយដោយគ្មានការចោទប្រកាន់អ្វីទេ ហើយលោក Stafan Struik អាយុ៥៣ឆ្នាំ ជនជាតិហូឡង់ជាមិត្តប្រុសរបស់ជនសង្ស័យរូបនេះ បានសហការជាមួយអាជ្ញាធរដែលស៊ើបអង្កេតករណីនេះ។

នគរបាលបាននិយាយថា លោក Struik ដែលមានសញ្ជាតិខ្មែរ ជាម្ចាស់ចម្ការកាកាវ ហើយមានឃ្លាំងស្តុកស្ករត្នោតក្នុងប្រទេសកម្ពុជា នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ ចំពោះការខកខានមិនបានរាយការណ៍ពីការរំលោភបំពាននេះ។

នគរបាលបាននិយាយថា លោក Struik ត្រូវបានឃុំខ្លួននៅប៉ុស្តិ៍នគរបាលជាមួយបុរសជនជាតិខ្មែរដែលធ្វើការនៅចម្ការរបស់ជននេះ ក្នុងខេត្តកំពង់ចាម ប៉ុន្តែត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី កន្លែងដែលការរំលោភបំពានបានកើតឡើង។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា តាមការសាកសួររបស់នគរបាល លោក Struik “បាននិយាយថា គាត់មិនបានដឹងរឿងអ្វីទេ។ គាង់មិនបានធ្វើអ្វីខុសទេ។ គាត់បាននិយាយថា គាត់មិនមែនជាប្រុសស្នេហ៍អ្វីទេ ប៉ុន្តែគាត់បាននិយាយថា ពួកគេស្រឡាញ់គ្នាខ្លាំងណាស់”។

នគរបាលបានលើកឡើងថា ជនទាំងបីត្រូវបានសាកសួរជុំវិញការធ្វើទារុណកម្មលើក្មេងប្រុសរូបនេះ និងពាក្យបណ្ដឹងដាច់ដោយឡែកមួយទៀតដែលប្តឹងដោយឪពុកម្ដាយក្មេងប្រុសរូបនេះដែលបានលើកឡើងពីភ័ស្តុតាងជាក់ស្ដែងពីការរំលោភតាមរន្ធគូទ។ វីដេអូឃ្លីបក្នុងយូធ្យូបបង្ហាញពីការធ្វើទារុណកម្មដាច់ដោយឡែកពីគ្នាយ៉ាងតិចចំនួនពីរ ដែលជាប់ពាក់ព័ន្ធបុរសរូបនេះ និងក្មេងប្រុស ដែលទំនងជាគេថតតាមរយៈទូរស័ព្ទស្មាតហ្វូន។

ត្រង់ចំណុចមួយ បុរសនៅក្នុងវីដេអូនោះបានចងមុខក្មេងប្រុសរូបនេះ  និងបានចងស្លាបសេកទៀត ហើយបានយកកំាភ្លើងឆក់ឆក់ក្បាល ជើង ខ្នង និងប្រដាប់ភេទ ដែលធ្វើឱ្យក្មេងប្រុសរូបនេះស្រែកយំ។ ចំណុចមួយទៀត ជននេះបានទះកំផ្លៀងក្មេងប្រុសរូបនេះ ហើយបានប្រើម្រាមដៃ ឬវត្ថុផ្សេងទៀតរុកចូលក្នុងបំពង់កធ្វើឱ្យក្មេងប្រុសរូបនេះខក់ទៀតផង។

លោក សម្បត្តិ បានមានប្រសាសន៍ថា លោក Struik និងបុរសជនជាតិខ្មែរពីរនាក់បានប្រាប់នគរបាលថា ពួកគេទើបតែបានដឹងពីការរំលោភបំពាននេះប៉ុណ្ណោះ ដែលបានកើតឡើងនៅក្នុងចម្ការកាកាវរបស់បុរសឈ្មោះ Struik ក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីវីដេអូឃ្លីបត្រូវបានបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារ។

បុរសម្នាក់ក្នុងចំណោមជនជាតិខ្មែរបានប្រាប់នគរបាលថា គាត់ជឿថា វីដេអូឃ្លីបនេះត្រូវបានធ្វើឱ្យបែកធ្លាយតាមប្រព័ន្ធអុីនធឺណិតដោយបងប្អូនជីដូនមួយម្នាក់របស់ ង្វៀន ថាញ់ឌុង ដែលច្រណែនការដែលគាត់រកបានដៃគូមានទ្រព្យស្ដុកស្ដម្ភ។ ទោះជាយ៉ាងណា ស្ត្រីជនជាតិវៀតណាមរូបនេះដែលទំនងជាបានធ្វើឱ្យបែកធ្លាយវីដេអូឃ្លីបនេះបាននិយាយអមដោយសារជាអក្សរថា នាងបានបញ្ចេញការធ្វើទារុណកម្មនេះដោយសង្ឃឹមថា ជនដៃដល់នឹងត្រូវចាប់ខ្លួន។

លោក សូ សុវណ្ណ បានមានប្រសាសន៍បន្ថែមថា ក្មេងប្រុសនៅក្នុងវីដេអូឃ្លីបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែករបស់រដ្ឋក្នុងក្រុងសែនមនោរម្យដើម្បីធ្វើកោសល្យវិច័យ ហើយក្មេងប្រុសនេះស្ថិតក្នុងស្ថានភាពនឹងនរទេ។

លោក McCabe បានមានប្រសាសន៍ថា ក្មេងប្រុសរូបនេះនិងក្រុមគ្រួសាររបស់វា “នឹងត្រូវផ្ដល់ការឧបត្ថម្ភគាំទ្រ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស