31 C
Phnom Penh

មេឃុំ​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ ​​​ខណ​​​ៈ​​​កិច្ច​​​ព្រមព្រៀង​​​​​លោក កឹម សុខា ឆ្ពោះ​​​​​​ទៅមុខ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេឃុំមួយរូបដែលតុលាការទើបតែបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីបីថ្ងៃមុនទាក់ទិនរឿងអាស្រូវ “សញ្ចរកម្ម” ដែលបាញ់ឆ្ពោះទៅរកលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ទទួលបានព្រះរាជទានលើកលែងទោសកាលពីម្សិលមិញ ខណៈគណបក្ស សង្គ្រោះជាតិនិយាយថា មន្ត្រីសិទ្ធិមនុស្ស៤រូប និងមន្ត្រីគ.ជ.ប.មួយរូបដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងតែមួួយនឹងទទួលបានការដោះលែងក្នុងខែនេះ។

ព្រះរាជទានលើកលែងទោសដែលចុះកាលបរិច្ឆេទកាលពីម្សិលមិញ និងឡាយព្រះហស្តដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ខាងលើនេះបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំនៅក្នុងខេត្តកំពង់ចាម ដែលតុលាការផ្តន្ទាទោសនៅសប្តាហ៍នេះឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទផ្តល់ប្រាក់ចំនួន៥០០ដុល្លារឲ្យទៅម្តាយរបស់ស្រីកំណាន់លោក កឹម សុខា គួរតែត្រូវទទួលបានការដោះលែង។

ព្រះរាជក្រឹត្យនេះ “លើកលែងទោសអ្នកទោស ស៊ាង ចែត អាយុ៤៤ឆ្នាំ ដែលតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីបទសូកប៉ាន់សាក្សី” ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន “ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះ”។

ការលើកលែងទោសលោក ស៊ាង ចែត ធ្វើឡើងបន្ទាប់ពីលោក ហែម សុជាតិ មេធាវីរបស់លោកបានលើកឡើងកាលពីម្សិលមិញថា លោកបានដកបណ្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមផ្តន្ទាទោសនេះកាលពីថ្ងៃអង្គារបន្ទាប់ពីទទួលបានព័ត៌មានពីគណបក្សសង្គ្រោះ ជាតិថា គណបក្សបានសុំឲ្យលោក ហ៊ុន សែន ស្នើសុំព្រះរាជទានលើកលែងទោស។

អនាគតរបស់មន្ត្រីទាំង៤រូបមកពីអង្គការសិទ្ធិមនុស្សអាដហុក និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មិនសូវជាច្បាស់លាស់ទេកាលពីម្សិលមិញ នៅពេលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រាន់តែបញ្ជាក់ថា លោក ហ៊ុន សែន បានយល់ព្រមតាម “ដំណោះស្រាយ” សម្រាប់ពួកគាត់អំឡុងជំនួបជាមួយលោក កឹម សុខា ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋសភាបន្ទាប់ពីលោកជួបជាមួយលោក កឹម សុខា លោក ស ខេង ដែលជាប្រធានក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីបានព្រមព្រៀងតាមដំណោះស្រាយសម្រាប់បុគ្គលទាំង៦រូបនេះ។

លោកថ្លែងថា “តាមខ្ញុំដឹង ឯកឧត្តម កឹម សុខា បានជជែកជាមួយសម្តេចតេជោ ហើយប្រហែលជាមុនដំណាច់ឆ្នាំខែ១២នេះនឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្ស ហើយនឹងអគ្គលេធិការរង គ.ជ.ប.”។

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ និងត្រូវជាកូនស្រីបង្កើតរបស់លោក កឹម សុខា បានសរសេរតាមទ្វីតធ័រថា មនុស្ស៥នាក់ទៀតនឹងទទួលបានការដោះលែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ កញ្ញាបានសរសេរទៀតថា “មេឃុំគណបក្សប្រឆាំងដែលជាប់ឃុំ មន្ត្រីសិទ្ធិមនុស្ស៤រូប និងមន្ត្រីគ.ជ.ប. មួយរូបនឹងមានសេរីភាពនៅមុនដំណាច់ខែនេះ”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកមិនប្រាកដទេចំពោះកាលបរិច្ឆេទ។ លោកថ្លែងថា “គណបក្សទាំងពីរព្យាយាមធ្វើឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែពួកគាត់នឹងទទួលបានការដោះលែង ខ្ញុំគិតថាឆាប់ៗតាមដែលអាចធ្វើទៅបាន”។

បុគ្គលទាំង៦រូបនេះបានជាប់ពន្ធនាគារតាំងពីចុងខែមេសា បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវមួយដែលមជ្ឈដ្ឋានទូទៅចាត់ទុកជារឿងនយោបាយ។ពួកគាត់ត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ដើម្បីឲ្យនាងឆ្លើយបដិសេធស្នេហាលួចលាក់របស់ខ្លួនអំឡុងពេលសាកសួរដោយនគរបាល និងតុលាការប៉ុន្តែ ពួកគាត់អះអាងថា ខ្លួនគ្រាន់តែផ្តល់ការគាំទ្រផ្លូវច្បាប់ ឬហិរញ្ញវត្ថុប៉ុណ្ណោះ។

សេចក្តីសម្រេចនេះកើតមានឡើងបន្ទាប់ ពីព្រះមហាក្សត្រ នរោត្តម  សីហមុនី  ព្រះរាជ ទានលើកលែងទោសលោក កឹម សុខា តាមសំណើរបស់លោក ហ៊ុន សែន។

លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំងចាប់តាំងពីខែឧសភាមកម្លេ៉ះ ហើយត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែកាលពីខែកញ្ញា ពីបទបដិសេធក្នុងការចូលខ្លួនក្នុងនាមសាក្សីឆ្លើយបំភ្លឺក្នុងសំណុំរឿងដែលបានកើតចេញពីខ្សែអាត់សំឡេងសន្ទនាគ្នាតាមទូរស័ព្ទ ដោយលោក កឹម សុខា សន្ទនារឿងផ្លូវភេទជាមួយស្រីកំណាន់ម្នាក់។

ដំបូងឡើយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ អាយុ២៥ឆ្នាំដែលជាជាងធ្វើក្រចកបានបដិសេធថា នាងមិនមែនជាស្ត្រីនៅក្នុងខ្សែអាត់សំឡេងទាំងនោះឡើយ ហើយទទួលបានការគាំទ្រផ្លូវច្បាប់ពីអង្គការសិទ្ធិមនុស្សអាដហុក អំឡុងពេលសើុបអង្កេត។  ទោះជាយ៉ាងណា ក្រោយមកនាងបានកែ ប្រែរឿងរា៉វរបស់ខ្លួនក្រោមការសាកសួរហើយបានសារភាពថា នាងពិតជាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹមសុខា ប្រាកដមែន។

មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកទាំង៤រូប គឺលោកស្រី លឹម  មុនី លោក  ណៃ  វង់ដា  និងលោក យី សុខសាន្ត រួមជាមួយលោក  នី  ចរិយា មន្ត្រី គ.ជ.ប. និងជាអតីតមន្ត្រីអង្គការអាដហុកបានជាប់ពន្ធនាគាររយៈពេល២២៣ថ្ងៃគិតរហូតមកត្រឹមម្សិលមិញ។ យោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ បានឲ្យដឹងថា ពួកគាត់ស្ថិតក្នុងចំណោមអ្នកទោសនយោបាយ២៧រូបនៅក្នុងប្រទេស។

យុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលតវ៉ាឲ្យមានការដោះលែងក្រុមនេះបានចាប់ផ្តើមមិនយូរប៉ុន្មានបន្ទាប់ពីការដាក់ពន្ធនាគារពួកគាត់ ដែលបាននាំឲ្យសកម្មជនមួយចំនួនត្រូវចាប់ខ្លួនខណៈកំពុងតវ៉ាតាមដងផ្លូវ។

លោក សំ  ចាន់គា  អ្នកនាំពាក្យអង្គការអាដហុក បានស្វាគមន៍ព័ត៌មានស្តីពីការដោះលែងសហសេវិករបស់លោកដែលអាចកើតឡើងនេះ។ លោកគូសបញ្ជាក់ថា “យើងពិតជាសប្បាយចិត្តដែលបានឮព័ត៌មាននេះ។  មន្ត្រីអង្គការអាដហុក នឹងត្រឡប់មកធ្វើការវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។  ពួកគាត់បានធ្វើការងារនេះប្រកបដោយវិជ្ជា ជីវៈ ហើយមិនពាក់ព័ន្ធនិន្នាការនយោបាយឡើយ ដូច្នេះយើងក៏ស្នើសុំឲ្យរដ្ឋាភិបាលដកការចោទប្រកាន់ទាំងអស់”។

ថ្វីបើដំបូងឡើយអះអាងថា លោក ស៊ាង   ចែត ទទួលបានការដោះលែងកាលពីម្សិលមិញក្តី ក៏លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍កាលពីម្សិល មិញថា លោក ស៊ាង ចែត នឹងត្រូវស្ថិតនៅក្នុងពន្ធនាគារមួយយប់ទៀត។ លោកថ្លែងថា ”គាត់នឹងទទួលបានការដោះលែងពីពន្ធនា គារនៅថ្ងៃស្អែក ពីព្រោះឆ្មាំពន្ធនាគារមិនទាន់ឃើញព្រះរាជក្រឹត្យនៅឡើយ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស