មន្ត្រីរាជអាវុធហត្ថនិងមន្ត្រីព្រៃឈើសហការជាមួយអង្គការសម្ពន្ធភាពសត្វព្រៃបានរឹបអូសយកសាច់សត្វព្រៃជាង១០០គីឡូក្រាម មានទាំងសត្វត្រកួត រញី និងអណ្តើកព្រិចរស់ផង ដែលត្រូវបានគេដាក់លក់ជាចំហនៅទីផ្សារក្រុងស្ទឹងត្រែងកាលពីថ្ងៃពុធ។
លោក ថេង គុណឆាយ សមាជិកនៃក្រុមឆ្លើយតបនិងសង្គ្រោះរហ័សរបស់អង្គការសម្ពន្ធភាពសត្វព្រៃ បាននិយាយថា “យើងបានចែកកម្លាំងរបស់យើងដើម្បីដើរពេញផ្សារ។ នៅពេលយើងទៅជិត នារីៗដែលទិញសាច់និងអ្នកលក់ស្គាល់មុខរបស់យើងហើយបានរត់”។
លោកបាននិយាយបន្ថែមថា តូបបីកន្លែងកំពុងលក់ក្នុងផ្សារនេះ តូបទាំងនោះហើយដែលក្រុមរបស់យើងបានប្រមូលសាច់ជ្រូកព្រៃនិងសាច់ឈ្លុស និងសត្វរស់ដែរ។
សំដៅដល់សត្វរាត្រីចរតូចៗ លោក គុណឆាយ បាននិយាយថា “រញី គេប្រើវាធ្វើថ្នាំសម្រាប់ព្យាបាលឆ្អឹងបាក់ សម្រាប់ជួយបុរស ឬស្ត្រីបន្ទាប់ពីពួកគេឆ្លងទន្លេ”។
ជំពូកសត្វទាំងនេះត្រូវចាត់ថ្នាក់ថាជា “សត្វងាយរងគ្រោះ” ដោយសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ។
លោក គុណឆាយ បាននិយាយថា ការរឹបយកសត្វព្រៃនេះគឺជាលើកទី១០ហើយក្នុងផ្សារដ៏ធំរបស់ក្រុងនេះក្នុងឆ្នាំនេះ។ លោកបាននិយាយបន្ថែមថា កាលពីលើកមុន អ្នកលក់សាច់ម្នាក់បានចោលកាំបិតសំដៅលើលោក តែគេចផុត។
ខេត្តនេះត្រូវគេមើលឃើញជាទូទៅថាជាទីផ្សារធំបំផុតរបស់ប្រទេសនេះសម្រាប់លក់សាច់ព្រៃខុសច្បាប់។
លោកបាននិយាយថា “មានអ្នកលក់ជាប្រចាំនៅទីនោះ ហើយវាជាកន្លែងប្រមូលផ្តុំតាក់ស៊ី”។
លោក គុណឆាយ បាននិយាយបន្ថែមថា ការធ្វើផ្លូវថ្នល់សម្រាប់គម្រោងទំនប់បានធ្វើឲ្យស្ថានភាពកាន់តែងាយស្រួលសម្រាប់អ្នកលួចប្រមាញ់។ “ពេលណាមានផ្លូវថ្នល់ គេអាចចូលព្រៃបាន”។
លោក សៀក មេគង្គ ប្រធានសហគមន៍ស្រែគក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បាននិយាយថា សត្វព្រៃជិតវិនាសអស់ក្នុងអាងដែលមានការកាប់ឈើច្រើន ដែលនឹងក្លាយជាអាងសម្រាប់ទំនប់សេសានក្រោម២។
លោកបាននិយាយថា “យើងជិតអស់សត្វព្រៃរបស់យើងនៅទីនេះហើយ”។
លោកបាននិយាយថា លោកមិនបន្ទោសអ្នកស្រុកសហគមន៍របស់លោកទេ ទោះបីជាលោកបានដឹងថា យូរៗម្តងមានអ្នកខ្លះដាក់អន្ទាក់ក្នុងព្រៃក៏ដោយ។
លោកបាននិយាយថា “អ្នកដែលមានអំណាចបំផ្លាញវាមុនគេ។ មនុស្សនៅតំបន់នេះធ្វើក្រោយពួកគេទេ”៕ និត