35 C
Phnom Penh

ការ​លើកលែងទោស​បន្ថែម​ទៀត​​ជាសញ្ញា​​ធូរស្រាល​​ផ្នែក​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីគណបក្សប្រឆាំងបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោតមួយរូបនឹងទទួលបានការលើកលែងទោស បន្ទាប់ពីសវនាការជំនុំជម្រះរឿងក្ដីរបស់ពួកគេបានបញ្ចប់។ នេះជាសញ្ញាថ្មីបំផុតនៃទំនាក់ទំនងនយោបាយល្អប្រសើរឡើងវិញក្នុងរយៈពេលដ៏ឆាប់ ដែលក៏បានឈានទៅដល់មានការដោះលែងមេឃុំម្នាក់ផងដែរកាលពីម្សិលមិញ។

ជាការឆ្លើយតបចំពោះសំណើរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលត្រូវបានលើកលែងទោសកាលពីសប្ដាហ៍មុនពាក់ព័ន្ធការចោទប្រកាន់ពីបទសូកប៉ាន់ដែលមជ្ឈដ្ឋានទូទៅមើលឃើញថាមានហេតុផលនយោបាយនោះ លោក ហ៊ុន សែន នឹងស្នើសុំឱ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់ព្រះរាជទានលើកលែងទោសដូចគ្នានេះដល់ចុងចោទប្រាំនាក់ផ្សេងទៀត នេះបើយោងតាមលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ។

លោក ស៊ាង ចែត មេឃុំគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងចាប់ដៃគ្នានៅខាងក្រៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ស៊ីវ ចាន់ណា
លោក ស៊ាង ចែត មេឃុំគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងចាប់ដៃគ្នានៅខាងក្រៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ស៊ីវ ចាន់ណា

លោកមានប្រសាសន៍ថា “នេះជាមធ្យោបាយតែមួយគត់ ព្រោះពួកគាត់ទាំងអស់សុទ្ធតែត្រូវបានផ្ដន្ទាទោសដោយតុលាការ។ ហេតុដូច្នេះ ដំណោះស្រាយគឺស្នើសុំឱ្យនាយករដ្ឋមន្ត្រីស្នើទៅកាន់ព្រះមហាក្សត្រឱ្យទ្រង់ព្រះរាជទានលើកលែងទោស”។

លោក អេង ឆៃអ៊ាង មិនបាននិយាយឡើយថា តើហេតុអ្វីបានជាលោក ហ៊ុន សែន រង់ចាំរហូតដល់សវនាការបញ្ចប់ទើបស្នើសុំឲ្យមានការលើកលែងទោសបុរសទាំងប្រាំរូបនេះ ដែលកំពុងមានសុខភាពទន់ខ្សោយនៅក្នុងពន្ធនាគារចាប់តាំងពីខែមេសាមក ខណៈអាជ្ញាធរបានស៊ើបអង្កេតបុរសទាំងនេះពីបទសូកប៉ាន់នារីវ័យក្មេងម្នាក់ឱ្យបដិសេធរឿងស្នេហាលួចលាក់ជាមួយលោក កឹម សុខា។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងកាលពីថ្ងៃពុធថា លោកសង្ឃឹមថានឹងមានដំណោះស្រាយនៅក្នុងសំណុំរឿងនេះនៅមុនដំណាច់ខែនេះ។

លោក ស៊ាង ចែត មេឃុំគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តកំពង់ចាមដែលត្រូវបានលើកលែងទោសពីបទពាក់ព័ន្ធនៅក្នុងសំណុំរឿងដដែលនេះកាលពីថ្ងៃពុធ បានបន្តបដិសេធការចោទប្រកាន់ ប៉ុន្តែលោកបានលើកឡើងថា លោកសប្បាយចិត្តដែលបានរួចខ្លួនវិញ។

មេឃុំរូបនេះបានមានប្រសាសន៍នៅក្រៅពន្ធនាគារព្រៃសថា “រស់នៅក្នុងពន្ធនាគារមានការលំបាកណាស់ ព្រោះមានឆ្លងរមាស់ពីអ្នកទោសមួយចំនួន”។

លោកបានបន្ថែមថា “ខ្ញុំមិនអាក់អន់ចិត្តអីទេ ទោះបីក៏ជាខ្ញុំត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំក៏ដោយ។ នយោបាយវាអ៊ីចឹងហើយ”។

ពេលថ្លែងនៅក្នុងពិធីមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ហ៊ុន សែន បានផ្ដល់យោបល់ទៅឱ្យគូប្រជែងនយោបាយរបស់លោក ដែលទំនងជានិយាយពីភាពខុសគ្នារវាងស្ទីលរបស់លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេស។

លោកបានមានប្រសាសន៍ថា គំនាបអន្តរជាតិ “អត់បានការទេ”។ លោកបានបន្តថា “បើអ្នកឯងគាប អញដេកធ្វើមិនដឹង”។

លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រើប្រាស់កន្លែងនិរទេសខ្លួនរបស់លោកនៅក្នុងប្រទេសបារាំងដើម្បីកៀងគរចំណាប់អារម្មណ៍របស់អន្តរជាតិឱ្យចាប់អារម្មណ៍មកលើភាពជាប់គាំងនៅកម្ពុជា។ អាជ្ញាធរបានរារាំងលោកមិនឱ្យចូលមកក្នុងប្រទេសវិញ ហើយលោក ហ៊ុន សែន បានមានប្រសាសន៍ថា លោក សម រង្ស៊ី គ្មានឱកាសទទួលបានការលើកលែងទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំនោះឡើយ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយសំដៅដល់ខ្លួនលោកផ្ទាល់ថា “មនុស្សម្នាក់នេះកុំគាបឱ្យសោះ តែគាបអត់បានទេ។ ប៉ុន្តែស្រាប់តែដល់សភាពការណ៍ស្ងាត់ៗ សកម្មភាពតែប៉ុន្មានម៉ោងចប់សេចក្ដី”។

លោកបន្តថា “កុំប្រើពាក្យ ‘International Pressure’ ម្សិលគេនិយាយគ្នាម៉ាស្រួល ហ៊ុន សែន មានចរិតខុសគេទាំងអស់ ចាំឱ្យច្បាស់”។

ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា សុទ្ធតែបានចំណាយពេលអស់ជាង២ទសវត្សរ៍នៅក្នុងការប្រឆាំងតទល់នឹងលោកនាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទី១ទេដែលមេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូបនេះបានឈានដល់រយៈពេលមួយដ៏ស្ងប់ស្ងាត់ជាមួយលោកនាយករដ្ឋមន្ត្រី។

នៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានឯកភាពគ្នាបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាស គណបក្សសង្គ្រោះជាតិបានព្រមព្រៀងបញ្ចប់ពហិការមិនចូលសភា ជាថ្នូរនឹងសម្បទានពីគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានដូចជាកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងការចាប់ផ្ដើម”វប្បធម៌សន្ទនា”ជាដើម។

នៅក្នុងខែបន្តបន្ទាប់មកទៀត លោក ហ៊ុន សែន មានភាពល្អូកល្អិនជាមួយលោក សម រង្ស៊ី ហើយបានរិះគន់លោក កឹម សុខា។ វប្បធម៌សន្ទនានេះបានបរាជ័យ ពេលរដ្ឋាភិបាលចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ពាក់ព័ន្ធសំណុំរឿងបរិហារកេរ្តិ៍ ហើយបន្ទាប់មកមានការចាប់ផ្ដើមចាប់ខ្លួនមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក មន្ត្រីគណបក្សប្រឆាំង សកម្មជននិងអ្នកផ្សេងៗទៀតជាបន្តបន្ទាប់។

លោក អ៊ូ វីរៈ ស្ថាបនិកវេទិកាអនាគតបានលើកឡើងថា ការលើកលែងទោសលោក កឹម សុខា ភ្លាមៗ គឺគ្រាន់តែជាចំណាត់ការថ្មីបំផុតនៃយុទ្ធសាស្ត្រនយោបាយចាស់ប៉ុណ្ណោះ។

លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំគិតថា វាគឺជាយុទ្ធសាស្ត្រនយោបាយ។ ទោះបីជាឥឡូវមានស្ថានភាពវិជ្ជមានក៏ដោយ ខ្ញុំជឿថា ការប្រកួតប្រជែងរវាងគណបក្សទាំងពីរនៅតែមានឧបសគ្គទៅថ្ងៃអនាគត”។

លោក អ៊ូ វីរៈ បានព្យាករថា ភាពស្ងប់ស្ងាត់នេះនឹងបន្តរហូតដល់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំក្រោយ មុនពេលមានការបង្ក្រាបផ្សេងទៀតនៅមុនការបោះឆ្នោតជាតិលើកក្រោយ។

លោកបានថ្លែងថា “ខ្ញុំគិតថា ស្ថានភាពនេះនឹងមានភាពស្ងប់ស្ងាត់តទៅមុខទៀត ប៉ុន្តែមុនការបោះឆ្នោតឆ្នាំ២០១៨ ស្ថានភាពនេះនឹងប្រែក្លាយជាតានតឹងឡើងវិញ ដោយមានទាំងភ្លៀងមានទាំងព្យុះ”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស